សាលារាជធានីភ្នំពេញនៅសប្តាហ៍នេះបានប្រកាសពិន័យប្រាក់ចន្លោះពី១លានរៀលទៅ៥លានរៀលចំពោះបុគ្គលណាដែលបំពានលើវិធានការសុខាភិបាលទប់ស្កាត់ជំងឺកូវីដ១៩នៅចំពេលកម្មករនិយោជិតឬអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍មិនដកថយពីការធ្វើកូដកម្ម។
គិតចាប់តាំងពីថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នំា២០២២នេះបុគ្គលិកឬអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍រាប់សិបនាក់បានចាប់ផ្តើមធ្វើកូដកម្មជាថ្មីក៏ប៉ុន្តែពួកគេត្រូវបានបង្ក្រាបផ្ទួនៗដោយអាជ្ញាធរមានសមត្ថកិច្ចរាជធានីដែលបានចាប់បញ្ជូនកូដករទៅធ្វើចត្តាឡីស័កជាបន្តបន្ទាប់និងបង្គាប់ឲ្យក្រុមកូដករឈប់ប្រមូលផ្តុំគ្នាដោយខុសច្បាប់។យ៉ាងណាក៏ដោយកូដករនៅបន្តធ្វើកូដកម្មកាលពីថ្ងៃពុធ។
បើតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២២ ខែកុម្ភៈ សាលារាជធានីភ្នំពេញបានលើកឡើងថា ទោះបីជារដ្ឋបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាវយ៉ាងទទូចដល់ក្រុមបាតុករឲ្យបញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់យ៉ាងណាក៏ដោយក៏ក្រុមបាតុករទាំងនេះនៅតែបំពានធ្វើសកម្មភាពបាតុកម្មខុសច្បាប់ក្រោមលេសធ្វើកូដកម្មដោះស្រាយវិវាទការងារដោយប្រកាសបង្ហាញឆន្ទៈយ៉ាងចំហកៀរគរតាមរយៈបណ្តាញសង្គមនិងមធ្យោបាយផ្សេងៗទៀតឲ្យមកចូលរួមប្រមូលផ្តុំដោយមិនខ្វល់ពីវិធានសុខាភិបាលនៅពេលដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ប្រភេទបំប្លែងថ្មីអូមីក្រុងក្នុងសហគមន៍។
ឆ្លើយតបទៅនឹងភាពរឹងរូសរបស់កូដករ សាលារាជធានីប្រកាសក្នុងន័យដើមថា៖ «សម្រេចចិត្តលែងធ្វើការអប់រំតទៅទៀតហើយអនុវត្តវិធានការច្បាប់ដោយពិន័យអន្តរការណ៍ជាប្រាក់ចាប់ពី១លានដល់៥លានរៀល» ដែលស្របតាមវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ដើម្បីឲ្យមានការរាងចាល។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ពន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ លោក ឃុន ថារ៉ូហៅវិធានការសុខាភិបាលរបស់អាជ្ញាធររាជធានីថា មានស្តង់ដាពីរចំពោះការប្រមូលផ្តុំរបស់ក្រុមកូដករណាហ្គាវើលដ៍ និងក្រុមឯកជនផ្សេងទៀត។ លោកបន្ថែមថាអាជ្ញាធររាជធានីកំពុងបង្ហាញចេតនាមិនឲ្យកូដករចេញតវ៉ានិងថាការអូសបន្លាយពេលមិនដោះស្រាយវិវាទការងារនេះនឹងធ្វើឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញខូចឈ្មោះលើឆាកអន្តរជាតិក្នុងវិស័យការងារនេះ។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍យ៉ាងដូច្នេះ៖ «បើសិនជាមានការអូសបន្លាយកាន់តែយូរខ្ញុំគិតថាករណីវិវាទការងារនេះវានឹងឈានទៅដល់ចំណុចមួយដែលវាប៉ះពាល់ទៅដល់មុខមាត់កិត្តិយសរដ្ឋាភិបាលនៅក្នុងឆាកអន្តរជាតិ។ ហើយករណីវិវាទនេះក៏វាមិនអាចបញ្ចប់នៅត្រឹមការចោទប្រកាន់ការចាប់ខ្លួនការដាក់សម្ពាធការធ្វើទុក្ខបុកម្នេញទេវានឹងអាចមាននៅការចាត់ថ្នាក់នៅក្នុងករណីនៃការរំលោភសិទ្ធិការងារធ្ងន់ធ្ងរនៅក្នុងយន្តការអន្តរជាតិជាពិសេសគឺយន្តការរបស់អង្គការពលកម្មអន្តរជាតិហ្នឹង»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តីប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃព្រហស្បតិ៍ថាសាលារាជធានីមិនបានអនុវត្តវិធានការស្តង់ដាពីរទៅលើក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ទេ ដោយលោកបានលើកឡើងតាមន័យថា៖ «សូមកុំយល់ច្រឡំឬចោទប្រកាន់។ ច្បាប់ត្រូវបានអនុវត្តគ្រប់គ្នាដូចគ្នា»។
លោកបានបន្ថែមថា៖«វិធានការនឹងដាក់ចេញបន្តបន្ទាប់ទៀតប្រសិនបើអ្នកប្រព្រឹត្តល្មើសនៅមិនរាងចាល»។
កម្មករនិយោជិតឬអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍រាប់រយនាក់បានចេញធ្វើកូដកម្មនៅមុខទីតាំងប្រតិបត្តិការល្បែងស៊ីសងឬកាស៊ីណូរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ចំនួនពីរក្នុងទីក្រុងភ្នំពេញបន្ទាប់ពីក្រុមហ៊ុនដែលជាសាខារបស់ក្រុមហ៊ុនNagaCorpនៅទីក្រុងហុងកុងត្រូវបានអ្នកសហជីពចោទថាបានបណ្តេញបុគ្គលិកជាង១.៣០០នាក់ទាំងបង្ខំចេញពីការងារក្រោមហេតុផលខាតបង់ចំណូលដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩។
ប៉ុន្តែក្នុងចំណោមបុគ្គលិកជាង១.៣០០នាក់នោះមានបុគ្គលិកចំនួនប្រមាណ៣៦៥នាក់ដែលរួមមានថ្នាក់ដឹកនាំសមាជិក និងសកម្មជនសហជីពមិនព្រមទទួលយកការបណ្តេញចេញនោះទេ។ ក្រុមបុគ្គលិកដែលបដិសេធមិនទទួលការបញ្ឈប់នោះចោទក្រុមហ៊ុនថា បានរំលោភសិទ្ធិការងារដោយមិនបានទូទាត់សំណងត្រឹមត្រូវចំពោះអតីតភាពការងារនិងមានចេតនាបំបិទសំឡេងសហជីពនៅក្នុងក្រុមហ៊ុន។
ក្រោយការចេញធ្វើកូដកម្មរបស់កម្មករនិយោជិតឬអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍តាំងពីពាក់កណ្តាលខែធ្នូឆ្នាំ២០២១ មកនោះមានថ្នាក់ដឹកនាំសកម្មជននិងសមាជិករបស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍យ៉ាងហោចណាស់១១នាក់ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ឃុំខ្លួនក្រោមបទញុះញង់និងបំពានវិធានការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩៕