មន្ត្រីសង្គមស៊ីវិលដែលធ្វើការក្នុងវិស័យសិទ្ធិមនុស្សនិងការងារបានបន្តតាមដានសំណុំរឿងកូដកម្មនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលរហូតមកដល់ពេលនេះមិនមានភាពចម្រើនទៅមុខក្នុងការដោះស្រាយវិវាទរវាងក្រុមហ៊ុននិងអតីតបុគ្គលិកឬបុគ្គលិកក្រុមហ៊ុនទេហើយមានការចាប់ខ្លួននិងនាំខ្លួនកូដករទៅសាកសួរពីសំណាក់មន្ត្រីនគរបាល និងតុលាការ។
កាលពីដើមខែកុម្ភៈកូដករ៣នាក់គឺលោកសេង វណ្ណារិទ្ធលោកជួបចាន់ណាតនិងលោកសៅ សម្បត្តិត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនក្រោមហេតុផលរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩ហើយនៅថ្ងៃសុក្រនេះកូដករជាស្ត្រី៤នាក់ត្រូវទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពាក់ព័ន្ធនឹងការបំពានវិធានការទប់ស្កាត់ដដែលនោះ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោកអំ សំអាតប្រាប់វីអូអេនៅថ្ងៃសុក្រថាអាជ្ញាធរពាក់ព័ន្ធក្នុងវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍បានខកខានមិនបានរកដំណោះស្រាយដល់ក្រុមកូដករហើយក្រុមកូដករបែរជារងការចាប់ខ្លួនទៅវិញ។
«ដំណោះស្រាយនៃវិវាទការងារហ្នឹងហាក់ដូចជាមិនឃើញមានការវិវឌ្ឍឬភាពវិជ្ជមានប៉ុន្តែទៅជាវិវឌ្ឍនឹងភាពវិជ្ជមានទាក់ទងនឹងការចាប់និងការឃុំខ្លួនហើយអនុវត្តវិធានការសុខាភិបាល។ ជាការណ៍ពិតរឿងវិធានការសុខាភិបាលដើម្បីសុខភាពសាធារណៈក៏ប៉ុន្តែបើសិនជាការដោះស្រាយវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍និងអតីតឬក៏បុគ្គលិកណាហ្គាវើលដ៍ដែលធ្វើកូដកម្មហ្នឹងឲ្យបានឆាប់ប្រហែលជាមិនមានវិធានការសុខាភិបាលហ្នឹងទេ។ អាហ្នឹងគឺជាចំណុចឆកល្វែងនៃអាជ្ញាធរពាក់ព័ន្ធដែលមិនបានសម្របសម្រួលដោះស្រាយបញ្ហាវិវាទការងារហ្នឹង»។
បើតាមដីកាកោះឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោកសេង ហៀងចុះថ្ងៃទី៦ខែកុម្ភៈកូដករជាស្ត្រី៤នាក់ដែលរួមមានអ្នកស្រីខេង ចិន្តាអ្នកស្រីអ៊ុកសុភ័ក្រម៉ូលីកាអ្នកនាងអេង ស្រីបូនិងកញ្ញាម៉េងកាន់នីកាត្រូវបានហៅឲ្យទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញពាក់ព័ន្ធនឹងការរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩។ពួកគេត្រូវតម្រូវឲ្យចូលខ្លួនឲ្យបានមុនថ្ងៃទី១៩ខែកុម្ភៈ។
ប៉ុន្តែកូដករជាស្ត្រីទាំង៤រូបនោះបានបដិសេធថាពួកគេមិនបានបំពានវិធានការនោះទេហើយពួកគេក៏គ្មានតួនាទីណាទៅបង្គាប់បញ្ជាឲ្យកូដករផ្សេងទៀតមិនគោរពតាមវិធានការទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នោះដែរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍។
សេចក្តីជូនដំណឹងរបស់សហជីពបានរៀបរាប់ថាអំឡុងថ្ងៃទី៤ខែកុម្ភៈ កូដករត្រូវបានមន្ត្រីក្រសួងសុខាភិបាលអំពាវនាវឲ្យទៅផ្តល់សំណាកធ្វើតេស្តរកវីរុសដែលបង្កជំងឺកូវីដ១៩នៅកោះពេជ្រ ប៉ុន្តែកូដករបានស្នើឲ្យមន្ត្រីក្រសួងមកយកសំណាកនៅកន្លែងកូដកម្ម។
កាលពីថ្ងៃទី៤ខែកុម្ភៈនោះដោយសារការរៀបចំសម្ភារៈពីគ្រូពេទ្យបានអូសបន្លាយពេលដល់ពេលល្ងាច កូដករក៏ស្នើឲ្យមានការយកសំណាកថ្ងៃបន្ទាប់ហើយនៅថ្ងៃបន្ទាប់នោះគឺថ្ងៃទី៥ខែកុម្ភៈកូដករ៣នាក់ដែលត្រូវតុលាការចេញដីកាកោះហៅបានសហការជាមួយមន្ត្រីសុខាភិបាលក្នុងបង្ការការឆ្លងជំងឺកូវីដដោយការផ្តល់សំណាកតេស្តរកជំងឺកូវីដ១៩។ ដោយឡែកកូដករមួយរូបទៀតគឺអ្នកនាងអេងស្រីបូមានធុរៈរៀបចំពិធីភ្ជាប់ពាក្យហើយក៏មិនបានចូលរួមកូដកម្មចាប់តាំងពីថ្ងៃទី៣ខែមករាឆ្នាំ២០២២មកម្ល៉េះ។
សេចក្តីជូនដំណឹងចុះនៅថ្ងៃទី១៨ខែកុម្ភៈនោះផ្តល់សេចក្តីពន្យល់ក្នុងន័យដើមថា៖«ដូច្នេះការដែលលើកឡើងថា កូដករទាំង៤នាក់នេះរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩គឺមិនពិតទេជាក់ស្តែងយើងខ្ញុំទាំងអស់គ្នាទៅយកសំណាកគ្រប់ៗគ្នាតាមពេលវេលាកំណត់ព្រមទាំងធ្វើការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលរួមទាំងធ្វើចត្តាឡីស័ក១០ថ្ងៃបន្ទាប់ពីធ្វើសំណាករួចមក»។
សេចក្តីជូនដំណឹងដដែលបានលើកឡើងទៀតថា៖«យើងខ្ញុំជាកូដករដែលកំពុងមានវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍សូមទទូចដល់ព្រះរាជអាជ្ញាមេត្តាធ្វើការត្រួតពិនិត្យដោយសុភវិនិច្ឆ័យសុចរិតសច្ចភាពយុត្តិធម៌ចំពោះកូដករដែលកំពុងធ្វើការទាមទារសិទ្ធិសហជីពដើម្បីឲ្យមានវត្តមានសហជីពនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍»។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់លោកឃុន ថារ៉ូ យល់ថាការនាំខ្លួនឬការចោទប្រកាន់លើក្រុមកូដករនៅក្រុមហ៊ុនណាហ្គាវើលដ៍អាចនឹងកើតឡើងបន្តបន្ទាប់ទៀតដែលញាំងឲ្យសង្គមស៊ីវិលបន្តឃ្លាំមើលសំណុំរឿងកូដកម្មនេះបន្តទៀតខណៈមិនទាន់មានដំណោះស្រាយជូនដល់ក្រុមកូដករនៅឡើយ។
សំណុំរឿងកូដកម្មនៅក្រុមហ៊ុនណាហ្គាវើលដ៍បានស្ថិតក្រោមការឃ្លាំមើលពីក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដែលកាលពីពេលថ្មីៗនេះបានរិះគន់រដ្ឋាភិបាលកម្ពុជាចំពោះវិធានការមិនស៊ីគ្នារវាងពលរដ្ឋសាមញ្ញនិងក្រុមកូដករក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។
បើតាមសេចក្តីប្រកាសមួយធ្វើនៅទីក្រុងហ្សឺណែវប្រទេសស្វីសកាលពីថ្ងៃទី១៦ខែកុម្ភៈ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិបានលើកឡើងថា៖«យើងឃើញមានភាពមិនស៊ីសង្វាក់គ្នាជារួមនិងកង្វះតម្លាភាពក្នុងវិធានការគ្រប់គ្រងជំងឺកូវីដ១៩របស់កម្ពុជា»។
អ្នកជំនាញក៏បានបន្តថា៖«ក្នុងករណីនេះអាជ្ញាធរហាក់ដូចជាប្រឹងប្រែងរារាំងសកម្មភាពការងារដោយសន្តិវិធីនិងស្របច្បាប់ដោយសំអាងលើវិធានការសុខភាពសាធារណៈ។អាជ្ញាធរមិនគួរប្រើប្រាស់វិធានមួយសម្រាប់អនុវត្តជាមួយក្រុមកូដករ និងវិធានមួយទៀតសម្រាប់សាធារណជនទូទៅនោះទេ»។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបង្ហាញកង្វល់ផងដែរថាជាងមួយសប្តាហ៍បន្ទាប់ពីការបង្ខំធ្វើតេស្តរកជំងឺកូវីដ១៩កូដកររាប់រយនាក់ត្រូវបានរាយការណ៍ថាមិនទាន់បានដឹងពីលទ្ធផលឬភាពច្បាស់លាស់ថាពេលណាដែលពួកគេអាចត្រូវបានអនុញ្ញាតឲ្យចាកចេញពីស្ថានភាពនៃការធ្វើចត្តាឡីស័ក។
ប៉ុន្តែស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវបានច្រានចោលការអត្ថាធិប្បាយរបស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិដោយបានលើកឡើងថាអ្នកជំនាញពឹងផ្អែកទាំងស្រុងទៅលើប្រភពព័ត៌មានតែមួយជ្រុងនិងពុំបានផ្ទៀងផ្ទាត់ត្រឹមត្រូវនោះទេពាក់ព័ន្ធនឹងការធ្វើតេស្តរកជំងឺកូវីដ១៩ក្នុងចំណោមក្រុមកូដករនិងការចោទប្រកាន់អំពីការរឹតត្បិតសិទ្ធិធ្វើកូដកម្មរបស់ពលរដ្ឋ។
សេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបានលើកឡើងក្នុងន័យដើមថា៖« អាជ្ញាធរកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍វិជ្ជាជីវៈនិងមិនធ្វើនយោបាយនូបនីយកម្មលើការឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈមិនដូចក្រុមមួយចំនួនដែលប្រើប្រាស់សិទ្ធិមនុស្សជាអាវុធវាយប្រហារនោះឡើយ»។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបន្ថែមថាការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសពាក់ព័ន្ធនឹងលទ្ធ ផលមេរោគកូវីដ១៩បង្កការភាន់ច្រឡំពោលការណ៍ពិតនោះគឺយ៉ាងហោចណាស់បាតុករចំនួន៥៨នាក់បានធ្វើតេស្តរកឃើញវិជ្ជមានចាប់តាំងពីថ្ងៃទី២៨ខែមករាឆ្នាំ២០២២មកម្ល៉េះ។
យ៉ាងណាក៏ដោយមន្ត្រីសង្គមស៊ីវិលបញ្ជាក់ថាកូដករ៤នាក់ដែលតុលាការកោះហៅបានចូលខ្លួនបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនារសៀលថ្ងៃសុក្រនេះប៉ុន្តែមន្ត្រីនគរបាលថាផុតដែនសមត្ថកិច្ចរបស់ខ្លួនហើយថាការសាកសួរនឹងត្រូវធ្វើឡើងដោយចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។
លោកឃុន ថារ៉ូ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ថ្លែងថា៖«ពេលដែលគាត់ចូលទៅស្នងការហ្នឹងខាងស្នងការបញ្ជាក់មកវិញថា វាផុតដែនសមត្ថកិច្ចរបស់ខាងស្នងការហើយ ហើយឥឡូវវាស្ថិតនៅក្នុងនីតិវិធីរបស់ចៅក្រមស៊ើប។អ៊ីចឹងមានន័យថាគេរុញរឿងហ្នឹងទៅខាងចៅក្រមស៊ើបវិញ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការងារលោកហេង សួរបានទេនៅថ្ងៃសុក្រនេះ ។ ចំណែកលោកអ៊ី រិន្ទអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញប្រាប់វីអូអេថា ចៅក្រមស៊ើបសួរកំពុងបន្តចាត់ការសំណុំរឿងរបស់កូដករទាំង៤រូបខាងលើទៅតាមនីតិវិធី។
វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានផ្ទុះឡើងតាំងពីខែមេសាឆ្នាំ២០២១បានជាប់គាំងមិនអាចដោះស្រាយរួចដោយសារខាងភាគីកូដករទាមទារចំណុចស្នូលមួយគឺឲ្យមានវត្តមានអង្គការសហជីពនៅក្នុងក្រុមហ៊ុនដែលកូដករមួយចំនួនលើកឡើងថាមិនសូវគោរពសិទ្ធិការងារនិងជាញឹកញាប់បង្កជម្លោះជាមួយអ្នកសហជីព។
ក្រុមអង្គការសង្គមស៊ីវិលបានដាក់ញត្តិជាបន្តបន្ទាប់ដោយស្នើសុំអន្តរាគមន៍ពីសភានិងក្រសួងមហាផ្ទៃឲ្យមានការដោះលែងថ្នាក់ដឹកនាំនិងសកម្មជនសហជីពដែលកំពុងជាប់ឃុំ ប៉ុន្តែគេមិនទាន់ឃើញមានចំណាត់ការយ៉ាងណានៅឡើយទេពីស្ថាប័នទាំងនោះ៕