ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល ស្នើឲ្យ​អាជ្ញាធរ​បើក​ទូលាយ​ការអនុវត្ត​សិទ្ធិ​មូលដ្ឋាន ដើម្បីបញ្ចៀស​ហិង្សា​លើ​ក្រុម​អ្នកតវ៉ា​ណាហ្គាវើលដ៍


រូបឯកសារ៖ កូដករ​កំពុង​ឈរ​ធ្វើ​កូដកម្ម​ លើ​វិថី​រដ្ឋសភា​ជាតិ ​រាជធានី​ភ្នំពេញ ​​ទាមទារ​ដំណោះស្រាយ​ក្នុង​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និងទាមទារឱ្យមានការដោះលែងតំណាងរបស់ពួកគេទាំង៨​រូប ​​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ កូដករ​កំពុង​ឈរ​ធ្វើ​កូដកម្ម​ លើ​វិថី​រដ្ឋសភា​ជាតិ ​រាជធានី​ភ្នំពេញ ​​ទាមទារ​ដំណោះស្រាយ​ក្នុង​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និងទាមទារឱ្យមានការដោះលែងតំណាងរបស់ពួកគេទាំង៨​រូប ​​នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

ក្រុម​អង្គការ​សង្គម​ស៊ីវិល ​រិះគន់​វិធានការ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ដោយពួក​គេ​បានលើក​ឡើង​ពី​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ និង​បៀត​បៀន​ផ្លូវភេទ​ពីសំណាក់អាជ្ញាធរ​មានសមត្ថកិច្ច​ មក​លើ​កូដករ​ណាហ្គាវើលដ៍ និងស្នើ​សុំ​ឲ្យ​បញ្ចប់​នូវទង្វើ​បែប​នេះ​។

ក្រុមអង្គការ​សង្គមស៊ីវិល​ និងសហគមន៍​ចំនួន​ ៥១ កន្លែង​ និង​ស្ថាប័ន ​បាន​ចោទ​ប្រកាន់​អាជ្ញាធរ​រាជធានី​ក្នុង​សេចក្តីថ្លែង​ការណ៍រួម​មួយ​ចុះ​ថ្ងៃទី​២៤​ កុម្ភៈ ថា​ បាន​ប្រើប្រាស់​កម្លាំងរុញច្រាន​កូដករ​ជាស្ត្រី​ជា​បន្តបន្ទាប់​ នៅ​ពេល​ពួក​គេ​ចេញតវ៉ា​ជាថ្មី​ក្នុងសប្តាហ៍នេះ​ ដើម្បីទាមទារ​ឲ្យក្រុមហ៊ុន​ណាហ្គាវើលដ៍​ដោះស្រាយ​ជម្លោះ​ការងារ​ ដែល​ផ្តើម​ចេញ​ពីការ​បណ្តេញ​បុគ្គលិកដោយ​បង្ខំ​ កាលពី​ខែមេសា​ ឆ្នាំ​២០២១។​

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​អង្គការ​លីកាដូ លោក អំ សំអាត ចាត់​ទុក​ការ​ប្រើប្រាស់​ហិង្សា​ចាប់បញ្ជូន​ខ្លួន​ដាក់​រថយន្តក្រុង​ និង​ការ​បៀតបៀន​ផ្លូវភេទ​មក​លើ​កូដករ​ណាហ្គាវើលដ៍​កាល​ពី​ពេល​ថ្មីៗ​នេះ ថា​ជា​«រឿងមិន​អាច​ទទួល​យក​បាន​» និងបង្ក​ការ​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​ដែល​កំពុង​អនុវត្តលទ្ធិ​ប្រជាធិបតេយ្យ​។

លោក​ប្រាប់​វីអូអេ​នៅថ្ងៃសុ​ក្រថា​៖ «រូបភាព​ទាំង​ឡាយ​ថ្មីៗ​នេះ​ យើង​ឃើញ​ថា វា​ប្រែ​ក្លាយ​ជា​រឿង​មួយ​ ដែល​មាន​ការ​រិះគន់​ និង​ការ​ថ្កោលទោស​ជា​ច្រើន​ទាំង​សហគមន៍​ជាតិ​ និង​អន្តរជាតិ ដែល​ជា​ទង្វើ​មួយ​ដែល​វា​មិន​ល្អ​ទេ សម្រាប់​កម្ពុជា​ ក្នុង​នាម​ជា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ហ្នឹង»។

​ដំណាល​គ្នា​នេះ​ដែរ លោក​ អំ សំអាត​ ស្នើ​សុំ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ព្យាយាម​ដោះ​ស្រាយ​ជម្លោះ​ការងារ​នេះ ដើម្បី​បញ្ចៀសការ​ប្រឈម​មុខ​ដាក់គ្នា​ដូចនេះ​រវាង​ក្រុម​អាជ្ញាធរ​ និង​កូដករ។ លោក​ក៏​បាន​សង្កត់​ធ្ងន់​ផងដែរថា ដរាប​ណា​ ឫសគល់​នៃ​ជម្លោះ​ការងារ​នេះ​ មិនត្រូវ​បាន​ដោះស្រាយ​បញ្ចប់​នោះ​ទេ ជម្លោះ​នេះ​នឹង​នៅ​តែ​បន្ត​ជាប់​គាំង ហើយ​កូដករ​ នឹងមិន​បោះបង់​ចោលការ​តវ៉ា​ទាមទារ​នោះ​ទេ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញផ្សាយ​ជាសាធារណៈកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​សហគមន៍ដីធ្លី បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ហេតុការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​ពួកគេ​លើក​ឡើង​ថា មាន​អំពើហិង្សា​ដែល​បង្ក​ឡើង​ដោយ​អាជ្ញាធរ​រដ្ឋ​ ដែល​រួម​មាន​ ការ​បៀតប្រៀន​ផ្លូវភេទ​លើ​ស្ត្រីជា​កូដករ​ណាហ្គា​វើលដ៍​មួយ​ចំនួន ដែល​បាន​ចូលរួម​ក្នុង​ការ​ជួបជុំ​ និង​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី។

សេចក្តី​ថ្លែងការណ៍​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ ​អាជ្ញាធរ​បាន​ចាប់​រុញ​ ទាញ ​និង​សែង កូដករ​អហិង្សា​ទាំង​នោះ​ ដោយ​បង្ខំ​ឲ្យ​ចូល​ទៅ​ក្នុង​រថយន្ត​ក្រុង មុន​ពេល​បញ្ជូន​ពួកគេ​ទៅ​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​ជំងឺ​កូវីដ១៩។ ហើយ​សមត្ថកិច្ច​ជា​បុរស​ម្នាក់​ «បាន​ចាប់​និង​ច្របាច់​ដោះស្រ្តី​ម្នាក់»​ ខណៈពេល​ដែល​នាង​ត្រូវ​បាន​បង្ខំ​ឲ្យ​ចូល​ទៅ​ក្នុង​រថយន្ត​ក្រុង។

សេចក្តី​ថ្លែងការណ៍​បាន​បន្ត​ថា ស្រដៀង​គ្នា​នេះ​ដែរ កាលពី​ថ្ងៃ​ទី២៩ ខែ​ធ្នូ ឆ្នាំ​២០២១ អាជ្ញាធរ​រដ្ឋ​ បាន​ប្រើ​ភាសា​អាសគ្រាម​បំពារបំពាន​ផ្លូវភេទ​មិន​សមរម្យ​ទៅ​លើ​កូដករ​ផង​ដែរ។

អតីត​បុគ្គលិក​មើល​ការ​ខុស​ត្រូវ​ផ្នែក​អាហារ​ និង​ភេសជ្ជៈ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ អ្នកស្រី​ ណុប ទិត្យ​បូរ៉ាវី ​អាយុ​៣៩​ឆ្នាំ ​បាន​បញ្ជាក់​ពី​ការ​បៀតបៀន​ផ្លូវ​ភេទ​ពីសំណាក់​អាជ្ញាធរ​មក​លើ​ស្រ្តី​ជា​កូដករ​ណាហ្គាវើលដ៍កាល​ពេល​ថ្មីៗ​នេះ​ក្នុង​សម្តី​ដើម​ថា៖

«រូបភាព​ដែល​បៀតបៀន​ហ្នឹង​គឺ​ដោយសារ​ខាង​ពួកគាត់​ហ្នឹង​ចាប់សែង ហើយ​មាន​អាជ្ញាធរ​មួយ​ទៀត​ស្លៀក​ឯក​សណ្ឋាន​ជា​គ្រូ​ពេទ្យ​។ ចេតនារបស់​គាត់​មិនមែន​ចាប់​តែ​លើកក្រៀក​ត្រឹម​កន្លែង​គន្លាក់ស្មា​របស់​គេ​ប៉ុណ្ណោះ​ទេ ចេតនា​គាត់ គឺ​ដៃ​ទាំងពីរ​របស់​គាត់​ គឺ​ចាប់​លើ​ដោះ​របស់​គេ​តែ​ម្តង»។

អ្នកស្រី​បាន​បន្ត​ថា ក្រុម​កូដករ​គ្រោង​នឹង​ផ្អាក​ការ​ប្រមូល​ផ្តុំ​ធ្វើ​កូដកម្ម​ពីរ​ទៅ​បី​ថ្ងៃ​សិន ដោយសារ​កូដករ​មួយ​ចំនួន​មានកូន​តូច​ក្នុង​បន្ទុក ហើយ​កូដករ​មួយ​ចំនួន​ទៀត​បាន​ធ្លាក់​ខ្លួន​ឈឺ​នៅ​ពេល​ត្រូវ​សម្រាក​ទទួល​ដំណេក​នៅ​ទីវាល​យប់អធ្រាត្រ​ បន្ទាប់​ពី​ត្រូវ​បាន​បញ្ជូនទៅ​មណ្ឌល​ចត្តាឡីស័ក។ ​

រូបឯកសារ៖ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​ថ្ងៃទី​១៧ ទាមទារ​ឲ្យ​ដោះ​លែង​សហជីព​របស់​ខ្លួន និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះ​ស្រាយ​វិវាទ​ការងារ​ទៅ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២២។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​ថ្ងៃទី​១៧ ទាមទារ​ឲ្យ​ដោះ​លែង​សហជីព​របស់​ខ្លួន និង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោះ​ស្រាយ​វិវាទ​ការងារ​ទៅ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០២២។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

ដោយឡែក​ នាយករង​ទទួល​បន្ទុក​ផ្នែក​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch លោក​ Phil Robertson បាន​លើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​នៅ​ថ្ងៃ​សុក្រ​នេះ ​ក្នុង​ន័យ​ដើម​ថា៖

«ជា​រឿង​គួរ​ឲ្យ​ខឹងសម្បា​ និង​មិនទទួល​យក​បាន​ដែល​អាជ្ញាធរ​កម្ពុជា ​បាន​រំលោភបំពាន​ដោយ​ប្រើប្រាស់​វិធានការ​សុខាភិបាល​ដើម្បីរឹតត្បិត​កូដកម្ម​ដោយ​សន្តិវិធី​របស់​ក្រុម​សហជីព។ ការ​បន្ត​បៀតបៀន​ប្រឆាំង​នឹង​កូដករ​ ដែល​គ្រាន់​តែ​បញ្ចេញ​សិទ្ធិ​របស់ខ្លួន គឺ​ជាការ​ប៉ុនប៉ង​យ៉ាង​ច្បាស់​ក្រឡែត​មួយ ដើម្បីបំបិទ​សំឡេង​កូដករ​ដ៏​ក្លាហាន​ទាំង​នោះ និង​ធ្វើឲ្យ​ចលនា​សហជីព​នៅ​កម្ពុជា​ចុះ​ខ្សោយ»។​

លោកបាន​បន្ត​ថា៖ «​ក្រុម​ការងារ​អ.ស.ប​. ប្រចាំ​នៅ​កម្ពុជា អង្គការ​អន្តរជាតិ​ខាង​ការងារ និង​រដ្ឋាភិបាល​បរទេស​នានា គួរ​តែ​ថ្កោលទោសជា​សាធារណៈ​មក​លើ​ទង្វើ​ទាំង​នេះ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​កម្មករ ដោយ​ចាប់ផ្តើម​ជាមួយ​នឹង​ការ​ដោះលែង​ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ​ចំពោះ​សហជីព​ជា​កូដករ​ដែល​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​មណ្ឌល​ចត្តាឡីស័ក»។

វីអូអេ​មិនអាច​សុំ​ការ​អធិប្បាយ​ពី​អ្នកនាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​លោក ​សាន សុខសីហា​បាន​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។

អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ម៉េត​ មាសភក្តី​ មិនផ្តល់​ការ​អធិប្បាយ​ទៅនឹង​សំណួរ​របស់​សំឡេង​សហរដ្ឋ​អាមេរិក​ដែល​បាន​ផ្ញើតាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡក្រាមនៅថ្ងៃ​សុក្រនេះ​ តែមន្ត្រី​ជាន់ខ្ពស់​សាលា​រាជធានី​រូបនេះ​ បាន​ផ្តល់​ឲ្យ​នូវ​សេចក្តី​ប្រកាស​មួយចុះថ្ងៃទី​២៤​ ខែ​កុម្ភៈ ច្រាន​ចោល​ការ​ចោទប្រកាន់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នានា​ដែលចេញ​សេចក្តី​ថ្លែង​ការណ៍​ ឬ​សេចក្តី​រាយការណ៍​ព័ត៌មាន​ដែល​ខ្វះតុល្យភាព ពណ៌នា​អំពីការ​ប្រើប្រាស់​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​មកលើក្រុម​កូដករ​ណាហ្គាវើលដ៍​។

សេចក្តី​ប្រកាស​បាន​ផ្តល់​សេចក្តី​ពន្យល់​ថា​ អាជ្ញាធរ​ខិតខំអប់រំ ណែនាំ​កូដករ​ឲ្យ​បញ្ឈប់​ការធ្វើ​កូដកម្ម​ខុសច្បាប់ ប៉ុន្តែ​ពួកគេ​នៅ​តែ​មិន​ស្តាប់​តាម​ ហើយ​ពួកគេ​ចំនួន​ថែម​ទាំង​ត្រូវបាន​រកឃើញ​វិជ្ជមានជំងឺកូវីដ​១៩​។

សេចក្តី​ប្រកាស​របស់​សាលា​រាជធានី​ដដែល​បានផ្តល់​ការ​អត្ថាធិប្បាយ​តាម​ន័យ​ដើមថា៖ «រឿង​ដែល​គួរ​ឲ្យ​ហួស​ចិត្ត​បំផុត​នោះ​ គឺការ​ខិត​ខំបញ្ចេញ​ព័ត៌មាន​ និងសេចក្តី​ថ្លែង​ការណ៍​នានា​ចោទ​ប្រកាន់​មកលើ​អាជ្ញាធរ​ថា​បាន​ប្រើ​អំពើ​ហិង្សា​រួម​នឹងការ​បៀត​បៀន​ផ្លូវ​ភេទ​ទៅលើស្រ្តី​ជា​ក្រុម​បាតុករ»។

សាលា​រាជធានី​បាន​ចោទ​សួរថា៖ «តើវា​អាច​ទៅរួច​ដែរ​ឬទេ​ដែល​ថា​អាជ្ញាធរ​អាច​ប្រព្រឹត្ត​នូវ​ទង្វើ​អសីលធម៌​ដូច​ការ​ចោទ​ប្រកាន់​ នៅ​ចំពោះ​មនុស្ស​ម្នា​ អាជីវករ ​អ្នក​ធ្វើដំណើរ​ នៅទី​ប្រជុំជន​ជាច្រើន​នាក់​ដែល​មាន​កាមេរ៉ា​ទូរសព្ទ​គ្រប់ ​ក៏ដូច​ជា​សមត្ថកិច្ច​ដទៃ​ទៀត​ ដែល​កំពុង​ភារកិច្ច​នៅតាម​ទីសាធារណៈ​នោះ?»។

​សាលា​រាជធានី​ភ្នំពេញ​បាន​លើក​ឡើងថា​ ករណីនេះ​ ត្រូវ​តែមាន​ភស្តុតាង​ច្បាស់​លាស់​ ដើម្បី​មាន​មូលដ្ឋាន​ចាត់​វិធានការ​ចំពោះ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ខុស​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខច្បាប់​។

បន្ថែម​លើនោះ ​អាជ្ញាធរ​បាន​បន្ត​អត់ធ្មត់​គ្រប់​បែបយ៉ាង​ ដោយ​គ្មាន​ការ​តប​ត​ ទោះបី​ក្រុមបាតុករ​បាន​ប្រើប្រាស់​ពាក្យ​សម្តី​មិនគួរ​គប្បី​ អកប្បកិរិយា​មិនសម​រម្យ​ ថត​រូបភាព​ខុស​ពីការពិត​បង្ហោះ​ចោទ​ប្រកាន់​មក​លើ​អាជ្ញាធរ​ក៏ដោយ។ ​នេះ ​បើតាម​ការ​អះអាង​របស់​សាលា​រាជធានី​ភ្នំពេញ។

គួររំឭកផងដែរ​ថា កម្មករ​និយោជិត​ ឬ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​រាប់រយ​នាក់​ បាន​ចេញ​ធ្វើ​កូដកម្ម​នៅមុខ​ទីតាំង​ប្រតិបត្តិការ​ល្បែង​ស៊ីសង​ ឬកាស៊ីណូ​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន​ពីរ​ក្នុង​ទីក្រុង​ភ្នំពេញ ​បន្ទាប់​ពី​ក្រុមហ៊ុន​ដែល​ជា​សាខា​របស់​ក្រុមហ៊ុន ​Naga​Corp​ នៅ​ទីក្រុង​ហុងកុង​ ត្រូវ​បាន​អ្នក​សហជីព​ចោទ​ថា​ បាន​បណ្តេញ​បុគ្គលិក​ជាង​ ១.៣០០​ នាក់​ទាំង​បង្ខំ​ចេញ​ពី​ការងារ​ក្រោម​ហេតុផល​ខាតបង់​ចំណូល​ដោយ​សារ​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ​១៩។​

ក្រោយ​ការ​ចេញ​ធ្វើ​កូដកម្ម​របស់​កម្មករ​និយោជិត​ ឬ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​តាំងពី​ពាក់កណ្តាល​ខែធ្នូ​ ឆ្នាំ​២០២១ មក​នោះ​ មាន​ថ្នាក់​ដឹកនាំ​សកម្មជន​ និង​សមាជិក​របស់​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​យ៉ាង​ហោច​ណាស់​១១នាក់ ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​ក្រោម​បទញុះញង់​ និង​បំពាន​វិធានការ​ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺកូវីដ​១៩៕

XS
SM
MD
LG