ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​កូដករ​ណាហ្គាវើលដ៍​ស្នើ​សមាជិក​ព្រឹទ្ធសភា​ថ្មី​ជួយ​ដោះស្រាយ​វិវាទ


កូដករណាហ្គាវើលដ៍ឈរលើកបដាតវ៉ានៅពីមុខក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នំា២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
កូដករណាហ្គាវើលដ៍ឈរលើកបដាតវ៉ានៅពីមុខក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នំា២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ក្រោយការបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី ៥ ​បាន​បញ្ចប់​ កូដករ​សហជីពក្រុម​ហ៊ុន​ណាហ្គាវើលដ៍ ស្នើឱ្យ​សមាជិក​ព្រឹទ្ធសភា​ថ្មី​ជួយ​ដោះស្រាយ​វិវាទ​ការងារ​របស់​ពួកគេ ​ដែលបន្ត​តវ៉ា​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ។

ក្រុម​កូដករ​ប្រមាណ​ជា​ ២០ នាក់ ​បាន​កាន់​បដា​និង​ស្រែកតវ៉ា​នៅ​មុខ​ក្រុម​ហ៊ុន​កាស៊ីណូណាហ្គាវើលដ៍​ទាមទារ​រក​ដំណោះ​ស្រាយ​ជុំវិញ​វិវាទ​ការងារ​របស់​ពួកគេ​ជា​មួយម្ចាស់​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ កាល​ពី​រសៀលថ្ងៃ​អាទិត្យ ទី​ ២៥ ខែ​កុម្ភៈ ឆ្នាំ​ ២០២៤ ដែល​ជា​ថ្ងៃបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភាអាណត្តិ​ទី ​៥។

អ្នកស្រី​ ម៉ម សុវឌ្ឍិន កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ម្នាក់​ប្រាប់​វីអូអេ​ទាំង​ដៃ​កំពុង​កាន់​មេក្រូ​ថា វិវាទ​ការងារ​របស់​ក្រុម​កូដករ​មក​ដល់​ពេល​នេះ ហាក់បី​មិន​មាន​ភាគី​ក្រសួង​ពាក់ព័ន្ធ​ណា​មួយ​ចេញ​មុខ​ដោះស្រាយ​នោះទេ។ អ្នកស្រី​ថា បន្ទាប់​ពី​ការបោះឆ្នោត​ជ្រើសរើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​រួច​ អ្នកស្រី​ជំរុញ​ឱ្យ​សមាជិក​ព្រឹទ្ធសភា​ដែល​ជាប់​ឆ្នោត​ ជួយ​គិត​គូ​ដោះស្រាយ​វិវាទ​ការងារ​របស់​ពួកគេ​។

អ្នកស្រី​លើក​ឡើង​ថា​៖ «សំណូមពរ​ឱ្យ​គាត់​ [សមាជិក​ព្រឹទ្ធសភា​ជាប់ឆ្នោត] ជួយ​រក​ដំណោះស្រាយ​ឱ្យ​មាន​ច្រក​ចេញ​សម្រាប់​កម្មករ​កុំ​ឱ្យ​នៅ​ជាប់​គាំង ទៅ​មុខ​ក៏​ទៅ​មិន​រួច ទៅ​ក្រោយ​ក៏​មិនរួច។ សព្វ​ថ្ងៃ​នេះ​ កម្មករ​ហាក់បី​ដូច​ជា​តែលតោល​អត់​មាន​ក្រសួង​ពាក់ព័ន្ធ​ណា​ចេញ​មុខ​ដោះស្រាយ​បាន​»។

អ្នកស្រី​បន្ថែមថា៖ «បើសិន​ជា​ខាង​បោះឆ្នោត​ថ្ងៃ​ហ្នឹង​អ្នក​ដែល​ជាប់​ឆ្នោត​អាច​ងាក​មក​ដោះស្រាយ​បញ្ហា​នៅ​ណាហ្គាវើលដ៍​នេះ​បាន ក៏​ជា​មុខមាត់​សម្រាប់​ប្រទេស​ផង ​ហើយ​គេ​ហៅ​ថា​ ជា​អ្នក​ជួយ​សង្គ្រោះ​ពេល​ដែល​កម្មករ​ត្រូវ​ការផង​ដែរ​»។

កូដករ​ម្នាក់​ទៀត​ កញ្ញា​ សុខ ថាវុធ អាយុ ​៣៦ ឆ្នាំ​ ប្រាប់​វីអូអេដែរ​ថា រដ្ឋាភិបាល និង​សមាជិក​ព្រឹទ្ធសភា​ដែល​ជាប់​ឆ្នោត ​គួរ​តែ​ដោះស្រាយ​វិវាទ​ការងារ​របស់​ពួកគេ​ឱ្យ​បាន​ឆាប់។

កញ្ញានិយាយ​ទាំង​ដៃ​កំពុង​កាន់បដា​ថា​៖ «និយាយ​ទៅ​ខ្ញុំ​ សុំ​ដល់​រដ្ឋាភិបាល​ចង់​ឱ្យ​គាត់​ជំរុញ ដោះស្រាយ​វិវាទ​ហ្នឹង​ឱ្យ​បាន​ឆាប់ៗ​ ព្រោះ​កម្មករ​កាន់​តែ ​[លំបាក] ចំពោះ​ខ្ញុំ​ផ្ទាល់​កាន់​តែ​ដាច់​មែន​ទែន​ហើយ​ តែ​ពួកខ្ញុំ​នៅ​តែ​តស៊ូ​អ៊ីចឹង ដើម្បី​រក​ដំណោះស្រាយ​ហើយ​ជា​ពិសេស​ខាង​រដ្ឋ​សភា ព្រោះ​ការបោះឆ្នោត​រួច​ហើយ។ ខ្ញុំ​សង្ឃឹម​ថា គាត់​នឹង​បាន​ជួយ​មើល​ឃើញ​វិវាទ​ហ្នឹង ព្រោះ​ជាក់​ស្តែង​ថៅកែ​រំលោភ​សិទ្ធិ​កម្មករ​គាត់​អត់​គោរព​ច្បាប់​នៅ​ស្រុក​ខ្មែរ​ទេ​»។

កញ្ញា​បន្ថែម​ថា​ កញ្ញា​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ បើ​ទោះបី​ត្រូវ​ប្រឈម​នឹងបញ្ហា​ជីវភាព​ក៏​ដោយ។

កញ្ញា ​សុខ ថាវុធ ​បញ្ជាក់​ថា​៖ «ចំពោះ​ជីវភាព​វិញ យើង​មាន​ការលំបាក​ណាស់​ ប៉ុន្តែ​យើង​ត្រូវ​តែ​តស៊ូ​ ដើម្បី​សិទ្ធិ​ ព្រោះ​ថៅកែ​គាត់​ជា​ថៅកែ​បរទេស​ហើយ​មក​រំលោភ​សិទ្ធិ​កម្មករ​ខ្មែរ​នៅ​ស្រុក​ខ្មែរ វា​ជា​រឿង​ដែល​អយុត្តិធម៌ សម្រាប់​ខ្ញុំ​ជាកម្មករ​ដែល​ធ្វើ​ការ​នៅ​ក្នុង​ស្រុក​ខ្មែរ​ខ្លួន​ឯង​ទាំង​គ្មាន​អ្នក​ណា​អើពើ​អ៊ីចឹង។ ទោះបី​ជីវភាព​បង​មាន​ការលំបាក​យ៉ាង​ណា​ក៏​ដោយ​ក៏​បង​នៅ​តែ​តស៊ូ​រក​ថរិកាដើម្បី​យក​មក​ធ្វើ​កូដកម្មក​អ៊ីចឹង​ទៀត»។

កូដករ​រូប​នេះ​អះអាង​ថា បន្ទាប់​ពី​ម្ចាស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចាស់​បាន​ស្លាប់​ទៅ ម្ចាស់​ក្រុមហ៊ុន​ថ្មី​ក៏​មិន​មាន​ការអើពើ​លើ​បញ្ហា​ដែល​កូដករ​បាន​ជួប​ប្រឈម​ឡើយ។ ចំណែក​ឯ​ញត្តិ​ធ្លាប់​ដាក់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ក៏​គ្មាន​ដំណោះ​ស្រាយ​ទៀត។

កូដករណាហ្គាវើលដ៍ឈរលើកបដាតវ៉ានៅពីមុខក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នំា២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
កូដករណាហ្គាវើលដ៍ឈរលើកបដាតវ៉ានៅពីមុខក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នំា២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ក្រុម​កូដករ​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ធ្វើ​កូដកម្មអស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ ពាក់ព័ន្ធ​នឹង​វិវាទ​ការងារ​ដែលពួកគេចោទ​ក្រុម​ហ៊ុនថា​ បាន​បញ្ឈប់​បុគ្គលិក​ជាង​មួយពាន់​នាក់ និង​ការ​មិន​ទូទាត់​សំណង​សម​ស្រប​តាម​ច្បាប់​ការងារ។ ក្រុម​កូដករ​តែង​ប្រមូល​ផ្តុំ​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​ស្ទើ​រ​រៀង​រាល់​ថ្ងៃ​ ដោយ​ថ្ងៃ​ខ្លះ​មាន​ការ​តុបតែង​ខ្លួន​ និង​អំពាវនាវ​ប្លែកៗ​ ទៅ​តាមពេល​វេលា​ និង​ព្រឹត្តិការណ៍ផ្សេងៗ។

អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​ លោក ម៉ម ប៊ុននាង ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទ​នេះ​ថា ពាក់ព័ន្ធ​នឹង​ការស្នើសុំ​របស់​ក្រុមកូដករ​ណាហ្គាវើលដ៍​ឱ្យ​ជួយ​ដោះស្រាយ​រឿង​វិវាទ​ការងារ​របស់​ពួកគេ​នោះ លោក​ថា​ព្រឹទ្ធសភា​នឹង​ពិនិត្យ​បន្ថែម​ បន្ទាប់​ពី​ការប្រកាស​លទ្ធផល​បេក្ខជន​ជាប់​ជា​ផ្លូវ​ការណ៍​ក្រោយ​បោះឆ្នោត​រួច។

លោក​ថ្លែងថា​៖ «បន្ទាប់​ពី​ប្រកាស​សុពលភាព​ហើយ​បាន​ទៅ ​សមាជិក​ព្រឹទ្ធសភា​ទាំង​អស់​ដែល​ជាប់​ឆ្នោត​ថ្មី​ហ្នឹង​ទៅ​ចូល​ផឹក​ទឹក​សម្បថ​ ចូល​កាន់​តំណែង​នោះ​បាន​យើង​មាន​ត្រូវ​ ធ្វើ​យ៉ាង​ម៉េច​បាន​យើង​ដឹង​ថា តើ​ការស្នើ​ហ្នឹង​យ៉ាង​ម៉េច​យើង​នឹង​យក​មក​ពិនិត្យ​បាន​ តែ​ក្នុង​ឥឡូវ​នេះ​គឺ​ទើប​តែ​ប្រកាស​លទ្ធផល​មិន​ទាន់​ផ្លូវការ»។

លោក​ថា ជុំវិញ​បញ្ហា​នេះ​ព្រឹទ្ធសភា​មាន​តួនាទី​ត្រឹម​តែ​ពិនិត្យ​ និង​តាម​ដាន​ ផ្តល់​ជា​អនុសាសន៍​ខ្លះ​ ដើម្បី​ឱ្យ​ដំណើរការ​នៃ​ការដោះស្រាយ​នោះ​ស្រប​ទៅ​តាម​យុត្តិធម៌ និង​ត្រឹមត្រូវ។ លោក​បន្ថែម​ថា ក្រសួង​ការងារ​ និង​អាជ្ញាធរ​ដែន​ដី​បាន​ចូល​រួម​ពិភាក្សា​គ្នាដោះស្រាយ​បាន​ជា​បន្ត​បន្ទាប់​ខ្លះ​ហើយ​ពាក់​ព័ន្ធ​នឹង​វិវាទនោះ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ លោក កត្តា អន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះថា ក្រសួងនៅ​តែ​យក​ចិត្តទុក​ដាក់​នៅ​ក្នុង​ការ​ដោះស្រាយ​វិវាទ​មួយនេះ បើសិន​ភាគី​ទាំង​ពីរ​មាន​ចេតនា​ចង់​បញ្ចប់​ជម្លោះ​។

លោក​បញ្ជាក់​ថា​៖ «សុំ​ជម្រាប​ថា ក្រសួង​ការងារ​នៅ​តែ​បើក​ទ្វារ​ចំហ​ដល់​អតីត​បុគ្គលិក​ណាហ្គាវើលដ៍​យើង​ ប្រសិន​បើ​បងប្អូន​យើង​មាន​ចេតនា​ចង់​ដោះស្រាយ​វិវាទ​នេះ បងប្អូន​មាន​ចេតនា​ចង់​បញ្ចប់​បញ្ហា​នេះ​ ឬ​មួយ​មាន​វឌ្ឍនភាព​ក្នុង​ការដោះស្រាយ​បញ្ហា​ សូម​ដាក់​ពាក្យ​ស្នើ​មក​គណៈកម្មការ​ ដោះស្រាយ​បាតុកម្ម កូដកម្ម ដោយ​សន្តិវិធី។ គណៈកម្មការ​នៅ​តែ​បន្ត​ធ្វើ​ការសម្របសម្រួល​ដោះស្រាយ​បញ្ហា​ជូន​បងប្អូន។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ យើង​មិន​ទាន់​បាន​ទទួល​យក​សំណើរ​ណា​មួយ​នៅ​ឡើយ​ទេ។ ដូច្នេះ​សូម​បងប្អូន​ណាហ្គាវើលដ៍​ ពិចារណា​ធ្វើ​យ៉ាង​ណា​បញ្ចប់​ជម្លោះ​នេះ​ដោយ​សន្តិវិធី»។

ថ្នាក់ដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍យ៉ាង​ហោច​ណាស់​៩នាក់​ ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ ពាក់ព័ន្ធ​នឹង​ការធ្វើ​កូដកម្ម​ ចាប់​តាំង​ពី​ខែធ្នូ ឆ្នាំ​ ២០២១។ រីឯ​ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំ​សហជីព​ ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោសឱ្យ​ជាប់​ពន្ធនាគារ​ ២ ឆ្នាំ ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ហើយ​សមាជិក​សហជីព​ចំនួន៨​នាក់ ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចន្លោះ​ពី ១ ​ឆ្នាំទៅ ១ ឆ្នាំ​កន្លះ​ ពី​បទល្មើស​ដូចគ្នា​ ដោយ​ខ្លះ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការត្រួត​ពិនិត្យ​របស់​តុលាការ​ និង​ខ្លះ​ត្រូវ​បាន​ព្យួរ​ទោស​៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG