មេដឹកនាំសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ ចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍ដោយតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ថាជារឿងអយុត្តិធម៌ ខណៈពួកគេ ប្តេជ្ញាបន្តស្វែងរកយុត្តិធម៌ បើទោះបរាជ័យនៅសាលាឧទ្ធរណ៍។
នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍ បានបើកសវនាការជំនុំជម្រះលើបណ្តឹងទាស់របស់ក្រុមមេដឹកនាំសហជីពនៃអតីតក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៨នាក់ ដែលរួមមានកញ្ញា ឈឹម ស៊ីថរ ដែលប្តឹងមិនសុខចិត្តនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែលផ្តន្ទាទោសពួកគេឱ្យជាប់ពន្ធនាគារម្នាក់ៗចន្លោះពី១ឆ្នាំ ទៅ២ឆ្នាំ ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
សវនាការនេះ ធ្វើឡើងពេញមួយថ្ងៃ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោងជាង៥រសៀល។ ក្រោយបញ្ចប់សវនាការ លោក យន់ ណារុង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងជាចៅក្រមនៃសាលាឧទ្ធរណ៍បានប្រកាសថា សាលាឧទ្ធរណ៍សម្រេច «តម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ» និង «បន្តឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ»។
ខណៈមន្រ្តីពន្ធនាគារកំពុងបណ្តើរ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ចេញពីបន្ទប់សវនាការ កញ្ញានិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា«អយុត្តិធម៌នៅតែបន្ត»។
មិនមែនមានតែស៊ីថរទេ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) ដែលត្រូវបានចោទប្រកាន់ និងកាត់ទោសផ្សេងទៀត ក៏លើកឡើងដូចគ្នាផងដែរ។
អ្នកស្រី ឃ្លាំង សុបិន្ត ថ្នាក់ដឹកនាំសហជីពមួយរូបដែលបានប្តឹងទាស់នឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែរនោះ ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សវនាការថា ក្រុមសហជីពដែលត្រូវបានសាលាដំបូង ចោទពីបទ «ញុះញង់» នឹងបន្តស្វែងរកយុត្តិធម៌ បើទោះបីជាក្តីសង្ឃឹមមានតិចតួចក្តី។
អ្នកស្រីថា៖ «អយុត្តិធម៌ គឺនៅតែមាន។ អ៊ីចឹងពួកបងនៅតែបន្តស្វែងរកយុត្តិធម៌សម្រាប់ខ្លួនបង។ ដូចបងនិយាយអ៊ីចឹង ដរាបណាអត់ទាន់បានយុត្តិធម៌ ពួកបងនៅតែបន្តឱ្យតែថាក្នុងច្បាប់គេតម្រូវឱ្យយើងប្តឹងដល់ណា គឺយើងបន្តរហូត ព្រោះយើងអត់ចង់ធ្វើអ្វីខុសច្បាប់ប្រទេសទេ។ ច្បាប់ប្រទេសមានចែងថាឱ្យយើងត្រូវធ្វើអី គឺយើងធ្វើហ្នឹងម៉ង»។
អ្នកស្រីបន្ថែមថា៖ «បើទោះបីក្នុងច្បាប់ចែងថាពលរដ្ឋមានសិទ្ធិ ប៉ុន្តែការអនុវត្តសិទ្ធិរបស់យើងវាស្ថិតនៅមានកម្រិត នៅគេវាស់វែងឱ្យយើងប្រើ។ ហើយប្រើបានប៉ុន្មានចង្អាម ប៉ុន្មានម៉ែត្រ ១ម៉ែត្រ២តឹក ឬកន្លះម៉ែត្រអីអាហ្នឹង នៅតែគេអ្នកវាស់ឱ្យយើងដដែលទេ។ ប៉ុន្តែចង់និយាយថា សម្រាប់យុត្តិធម៌មួយ វាមិនងាយស្រួលក្នុងការស្វែងរកទេ ពីព្រោះអ្នកដែលយកយុត្តិធម៌ហ្នឹងទៅលាក់ទុកហ្នឹង ក៏គេមានកន្លែងលាក់របស់គេ វាឆ្ងាយ ហើយពិបាក»។
ក្នុងសវនាការនាថ្ងៃព្រហស្បតិ៍នោះ ក្រុមប្រឹក្សាជំនុំជម្រះ ព្រះរាជអាជ្ញា និងមេធាវីការពារទាំង៥រូបដែលការពារសិទ្ធិ បានសួរដេញដោលច្រើនពាក់ព័ន្ធនឹងការប្រជុំរបស់សមាជិកសហជីពតាមប្រព័ន្ធ Zoom កាលពីចុងឆ្នាំ២០២១ អំពីការធ្វើកូដកម្ម និងលើកឡើងអំពី «ការវាយឆ្នាំងបាយឱ្យបែក» «ការត្រៀមខ្លួនឱ្យអាជ្ញាធរចាប់» និងសួរដេញដោលអំពីលុយជំនួយដែលក្រុមសហជីពទទួលបានពីអង្គការចំនួន៣ជាដើម។
ភស្តុតាងដាក់បន្ទុកក្នុងសវនាការនោះ ត្រូវបានយកចេញពីកុំព្យូទ័រដែលសមត្ថកិច្ច រឹបអូសវត្ថុតាងពីការិយាល័យសហជីពរបស់ពួកគេ នៅពេលចុះចាប់ខ្លួនពួកគេ កាលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) កញ្ញា ឈឹម ស៊ីថរ កញ្ញា ឈឹម សុខន អ្នកស្រី សុន ស្រីពេជ្រ អ្នកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត និងកញ្ញា ទូច សេរីមាស ដែលកំពុងឈរក្នុងរង្វង់ក្រចកសេះ បានឆ្លើយម្តងម្នាក់ថា លុយជំនួយទាំងនោះ គឺជាជំនួយមនុស្សធម៌ ដើម្បីទិញស្បៀងចែកដល់សមាជិកដែលខ្វះខាតក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ១៩តែប៉ុណ្ណោះ ដោយមិនពាក់ព័ន្ធសកម្មភាពកូដកម្មនោះទេ។ ចំណែកមនុស្ស២នាក់ ក្នុងចំណោម៨នាក់ គឺអវត្តមាន។
ពួកគេបញ្ជាក់ក្នុងសវនាការថា ដើមហេតុដែលឈានដល់ការធ្វើកូដកម្មនាចុងឆ្នាំ២០២១នោះ គឺដោយសារការដោះស្រាយវិវាទការងារមិនទទួលបានជោគជ័យ ទាំងដោះស្រាយនៅក្រសួងការងារ ជាមួយក្រុមហ៊ុន និងនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ទើបសមាជិកសហជីពសម្រេចចិត្តបោះឆ្នោតធ្វើកូដកម្មដោយសន្តិវិធី និងស្របតាមច្បាប់ដែលមានចែង រហូតទទួលបានសំឡេងគាំទ្រជាង៩០% និងបានជូនដំណឹងទៅអាជ្ញាធរពាក់ព័ន្ធទាំងអស់ អំពីការធ្វើកូដកម្មនោះ។
កញ្ញា ឈឹម ស៊ីថរ ការពារខ្លួនថា ការធ្វើកូដកម្ម មិនមែនការញុះញង់ទេ ព្រោះមូលហេតុដែលឈានដល់ការធ្វើកូដកម្មនេះ កើតឡើងដោយសារការរើសអើងសហជីព ពីសំណាក់ក្រុមហ៊ុនល្បែងស៊ីសងណាហ្គាវើលដ៏ ដែលបានបញ្ឈប់មេដឹកនាំសហជីព និងកម្មកររាប់ពាន់នាក់ ដែលសុទ្ធតែមានអតីតភាពការងារល្អ ដែលជាការផ្ទុយនឹងច្បាប់ការងារ។
កញ្ញា អះអាងថា កូដករដែលចូលរួមធ្វើកូដកម្ម សុទ្ធតែជាសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍(LRSU) ដោយលើកបដា ស្រែកទាមទារនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ឱ្យថៅកែក្រុមហ៊ុនគោរពសិទ្ធិការងារតែប៉ុណ្ណោះ មិនមែនជាជម្លោះជាមួយអាជ្ញាធរ និងរដ្ឋាភិបាលនោះទេ។
ចំណែក លោក អ៊ឹម សុផាន ព្រះរាជអាជ្ញានៃសាលាឧទ្ធរណ៍ភ្នំពេញ បានលើកឡើងថា ការប្រជុំតាមZoom ដែលមានផែនការនានា ជាពិសេសការនិយាយពីការចាប់ខ្លួនពីសំណាក់អាជ្ញាធរក្តី គឺមានចេតនាផ្សព្វផ្សាយរូបភាពអាក្រក់ពីកម្ពុជា ដែលប៉ះពាល់ដល់ការវិនិយោគ និងរិះគន់ពីសិទ្ធិមនុស្សកម្ពុជា។ លោកថា ការសម្រេចរបស់សាលាដំបូងជារឿងត្រឹមត្រូវ ដោយស្នើឱ្យក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ជាអ្នកសម្រេច។
ក្រោយស្តាប់ចម្លើយរបស់ជនជាប់ចោទ និងសេចក្តីសន្និដ្ឋានរបស់មេធាវីការពារក្តី និងតំណាងអយ្យការ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក យន់ ណារុង បានបញ្ជាក់ថា ការសម្តែងមតិជាសាធារណៈ គឺស្ថិតក្រោមរូបភាពញុះញង់ ដោយយកកូដកម្មមកបិទបាំង និងបានប្រកាសតម្កល់សាលក្រមរបស់តុលាការរាជធានីភ្នំពេញទុកជាបានការ និងបន្តឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ ក្នុងពន្ធនាគារ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលបានឃ្លាំមើលដំណើរការសវនាការនោះ ប្រាប់អ្នកសារព័ត៌មានថា ការសម្រេចរបស់តុលាការ ជាការរឹតត្បិតសិទ្ធិធ្វើកូដកម្មដោយស្របច្បាប់។
លោកថ្លែងថា៖ «ការផ្តន្ទាទោសនេះ គឺវាជាការរឹតត្បិត សេរីភាពរបស់សហជីពនៅក្នុងការធ្វើកូដកម្ម ដោយសន្តិវិធី តាមច្បាប់ការងារ។ ហើយជាការរំលោភបំពាន ទៅលើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិ ដែលកម្ពុជាបានទទួលស្គាល់»។
លោក Phil Robertson នាយករងផ្នែកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ទម្លាក់បទចោទប្រកាន់លើក្រុមសហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៍ និងដោះលែង ស៊ីថរ ជាបន្ទាន់ និងស្នើឱ្យប្រទេសលោកសេរី ដាក់លក្ខខណ្ឌលើការពង្រីកពាណិជ្ជកម្មជាមួយកម្ពុជា ដោយគោរពសិទ្ធិកម្មករ។
លោក Phil Robertson លើកឡើងថា៖ «ដៃគូពាណិជ្ជកម្មរបស់កម្ពុជាគួរតែដាក់លក្ខខណ្ឌលើការពង្រីកពាណិជ្ជកម្ម ដោយការគោរពសិទ្ធិកម្មករ ដោយចាប់ផ្តើមពីសហភាពអឺរ៉ុប ដែលគួរតែដកមួយចំណែកបន្ថែមនៃប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មEBA ដែលបានផ្តល់ដល់ទីក្រុងភ្នំពេញ។ សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងប្រទេសផ្សេងទៀត ក៏គួរតែចូលរួមជាមួយគ្នាផងដែរ ដោយទាមទារឱ្យរដ្ឋាភិបាលកម្ពុជាថ្មី កុំដើរតាមកន្លងនៃការអនុវត្តចាស់ ដោយត្រូវទម្លាក់ចោលបទចោទប្រកាន់លើ ស៊ីថរ និងសហការីរបស់នាង និងដោះលែងពួកគេជាបន្ទាន់»។
លោក សំ ចំរើន សហមេធាវីការពារក្តី ឱ្យមេដឹកនាំសហជីពទាំងនោះ ប្រាប់វីអូអេថា លោកនឹងពិភាក្សាជាមួយ កញ្ញា ឈឹម ស៊ីថរ អំពីការប្ដឹងទាស់ទៅតុលាការកំពូលបន្ត។
គួរបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ កាលពីឧសភា ឆ្នាំ២០២៣ បានផ្តន្ទាទោសកញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ចំណែកសមាជិកសហជីពចំនួន៨នាក់ផ្សេងទៀត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចន្លោះពី១ ទៅ១ឆ្នាំកន្លះ ពីបទល្មើសដូចគ្នា។ ក្នុងនោះមនុស្ស ៥នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន១ឆ្នាំកន្លះ តែមិនឃុំក្នុងពន្ធនាគារ ដោយដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និង៣នាក់ទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១ឆ្នាំ តែទោសត្រូវបានព្យួរ៕