ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​ណាហ្គាវើលដ៍​តវ៉ា​ជំទាស់​នឹង​ការ​បញ្ឈប់​បុគ្គលិក​ជាង​៧០​នាក់​កាល​ពី​ចុង​ខែ​វិច្ឆិកា


ក្រុមកូដករណាហ្គាវើល៍៤នាក់ ដែលត្រូវបានបញ្ឈប់ការងារកាលពីពេលថ្មីៗនេះ។(ស៊ឹម ចាន់សំណាង/វីអូអេ)
ក្រុមកូដករណាហ្គាវើល៍៤នាក់ ដែលត្រូវបានបញ្ឈប់ការងារកាលពីពេលថ្មីៗនេះ។(ស៊ឹម ចាន់សំណាង/វីអូអេ)

បុគ្គលិក​ក្រុម​ណាហ្គាវើលដ៍​៤​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ បាន​ចេញ​មុខ​តវ៉ា ដោយ​ចាត់​ទុក​ការ​បញ្ឈប់​ពួក​គេ និង​បុគ្គលិក​ប្រមាណ​៧០​នាក់​ទៀត កាល​ពីចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៣​នេះ ជា​រឿង​អយុត្តិធម៌។ ពួកគេ​អះអាង​ថា​បុគ្គលិក​ប្រមាណ​៧០​នាក់​កាល​ពីពេល​ថ្មីៗនេះ ជា​រូបភាព​បង្ខំ​ឱ្យ​ចុះ​ហត្ថលេខា​លា​ឈប់​ពី​ការងារ។

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ អ្នក​តវ៉ា​ជំទាស់​នឹង​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​មួយ​ចំនួន​បាន​ចេញ​មុខ​តវ៉ា​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ទទួល​យក​ពួកគេ​ចូល​ធ្វើ​ការ​វិញ ក្រោយ​មាន​ការ​សម្រប​សម្រួល​ពី​ខាង​ស្នង​ការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​ជា​មួយក្រុម​ហ៊ុនដែល​បាន​សម្រេច​ថា ចំពោះ​បុគ្គលិក​ណា​ដែល​មិន​ទាន់​បាន​ចុះ​ហត្ថលេខា​លើ​ការ​បញ្ឈប់​ពី​ការងារ​ អាច​ចូល​ធ្វើ​ការ​វិញ។ នេះ​បើ​តាម​អ្នក​តវ៉ា។ ប៉ុន្តែ​ជាក់​ស្តែង​ ពួកគេ​ទាំង​៤​នាក់​មិន​ត្រូវ​បាន​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ទទួល​យក​ពួក​គេ​ចូល​ធ្វើ​ការ​នោះ​ទេ នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។

កញ្ញា ប៉ុន ស្រីចិន្តា អាយុ៣១ឆ្នាំ កូដករណាហ្គាវើល៍ ដែលបានក្រុមហ៊ុនណាហ្គាវើល៍បង្ខាំបញ្ចប់កិច្ចសន្យាការងារកាលពីពេលថ្មីៗនេះ។ (មាស ដា/វីអូអេ)
កញ្ញា ប៉ុន ស្រីចិន្តា អាយុ៣១ឆ្នាំ កូដករណាហ្គាវើល៍ ដែលបានក្រុមហ៊ុនណាហ្គាវើល៍បង្ខាំបញ្ចប់កិច្ចសន្យាការងារកាលពីពេលថ្មីៗនេះ។ (មាស ដា/វីអូអេ)

កញ្ញា ប៉ុន ស្រីចិន្តា អាយុ​៣១​ឆ្នាំ បុគ្គលិក​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ដែល​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​កាល​ពី​ពេល​ថ្មីៗ​នេះ ប្រាប់​វីអូអេ​ថា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា​ ខណៈ​ពួកគេ​កំពុង​តែ​ធ្វើការ​ដូច​សព្វ​ដង​ ស្រាប់​តែ​ក្រុម​ហ៊ុន​បាន​ប្រាប់​ពួកគេ​ថា​ខាង​ក្រុម​ហ៊ុន​នឹង​បញ្ចប់​កិច្ចសន្យា​របស់​ពួកគេ​ ដោយ​គ្រាន់​តែ​លើក​ឡើង​ថា​«ក្រុម​ហ៊ុន​មិន​ត្រូវ​ការ​ពួកគេ​ទៀត​នោះ​ទេ»។ កញ្ញា​ចាត់​ទុក​ការ​បញ្ឈប់គេ​ពី​ការងារ​នេះ ជា​រឿង​អយុត្តិធម៌​សម្រាប់​កម្មករ ដោយ​អះអាង​ថា​ពួកគេ​មាន​សមត្ថភាព​ធ្វើការ និង​មិន​បាន​ធ្វើ​អ្វី​ខុស​ទៅ​គោល​ការណ៍​ឬ​បទ​បញ្ជា​របស់​ក្រុម​ហ៊ុន​ឡើយ។

កញ្ញា​ថ្លែងថា​៖ «និយាយ​ទៅ​វា​គឺ​ជា​រឿង​អយុត្តិធម៌​ខ្លាំង​បំផុត​ដែល​សម្រាប់​ថា​ ពួក​ខ្ញុំ​នៅ​មាន​សមត្ថភាព​ធ្វើការ​ ហើយ​ពួក​ខ្ញុំ​អត់​មាន​កំហុស​អី​ទាំង​អស់។ ហើយ​ច្បាប់​បទ​បញ្ជា​ផ្ទៃ​ក្នុង​អី​គឺ​ពួក​ខ្ញុំ​អត់​មាន​ប្រព្រឹត្ត​ខុស​ទាំង​អស់។ អ៊ីចឹង​គឺ​គាត់​បញ្ឈប់​មួយ​គឺ​ហេតុ​ផល​របស់​គាត់​ ដែល​ខ្ញុំ​សួរ​ទៅ​គឺ​គាត់​ប្រាប់​ថា​ក្រុម​ហ៊ុន​លែង​ត្រូវ​ពួក​ខ្ញុំ។ ហើយ​បង្ខំ​ឱ្យ​ពួកខ្ញុំ​ស៊ីញ៉េ​បញ្ចប់​កុងត្រា​ភ្លាមៗ​នៅ​ថ្ងៃ​ទី​១៧​ ហ្នឹង​តែ​ម្តង»។

កញ្ញា​បន្ថែម​ថា​ការ​បញ្ឈប់​ពួក​គាត់​ពី​ការងារ​នេះ ក៏​អាច​បណ្តាល​មក​ពី​កញ្ញា​និង​បុគ្គលិក​ដែល​ត្រូវ​បាន​គេ​បញ្ឈប់​ទាំង​អស់​នោះ ធ្លាប់​បាន​ចូល​រួម​ក្នុង​ការ​តវ៉ា​ជា​មួយ​នឹង​ក្រុម​កូដករ​សហជីព កាល​ពីឆ្នាំ​២០២១។

កញ្ញា​បញ្ជាក់​ថា​បើ​សិន​មិន​មាន​ដំណោះ​ស្រាយ​ឱ្យ​ពួក​គេ​ចូល​ធ្វើ​ការ​វិញ​ទេ កញ្ញា​នឹង​បន្ត​តវ៉ា​ទៀត។

កញ្ញា​បញ្ជាក់​ថា​៖ «​ខ្ញុំ​នៅ​តែ​តវ៉ា​ព្យាយាម​ចង់​ចូល​ធ្វើ​ការវិញ​រហូត​ទល់​តែ​ពួកគាត់​ព្រម​ទទួល​យក​ពួកខ្ញុំ​ចូល​ធ្វើការ​វិញ​។ និយាយ​ទៅ​ស្នើសុំ​ទៅ​ខាង​ក្រសួង​ការងារ ក្រសួង​ពាក់ព័ន្ធ​ ខាង​ផេក​ស្នងការ​ដែល​គាត់​បាន​ទទួល​ការស្រាយ​បំភ្លឺ​ពី​ខាង​ក្រុម​ហ៊ុន​ហ្នឹង​ឱ្យ​គាត់​ជួយ​អន្តរាគមន៍​ផង»។

កញ្ញា សៀក កញ្ញា អាយុ៣៧ឆ្នាំ កូដករណាហ្គាវើល៍ ដែលបានក្រុមហ៊ុនណាហ្គាវើល៍បង្ខាំបញ្ចប់កិច្ចសន្យាការងារកាលពីពេលថ្មីៗនេះ
កញ្ញា សៀក កញ្ញា អាយុ៣៧ឆ្នាំ កូដករណាហ្គាវើល៍ ដែលបានក្រុមហ៊ុនណាហ្គាវើល៍បង្ខាំបញ្ចប់កិច្ចសន្យាការងារកាលពីពេលថ្មីៗនេះ

កញ្ញា សៀក កញ្ញា អាយុ​៣៧​ឆ្នាំ បុគ្គលិក​ណាហ្គា​វើល៍​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​បញ្ឈប់​កាល​ពី​ពេល​ថ្មីៗ​នេះ លើក​ឡើង​ថាក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​បាន​សម្រេច​បញ្ចប់​ការងារ​របស់​កញ្ញា ដោយ​មិន​បាន​ផ្តល់​ហេតុ​ផល​ជាក់​លាក់​ណា​មួយ​នោះ​ទេ។ កញ្ញា​បន្ត​ថា​ក្រោយ​ពី​មាន​ការ​អន្តរាគមន៍​ពី​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី​២២ ខែ​វិច្ឆិកា ជាមួយ​ភាគី​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​ មាន​ការ​បញ្ជាក់​ពី​ខាង​នគរ​បាល​ថា​ចំពោះ​បុគ្គលិក​ណា​ដែល​មិន​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ស្នាម​បញ្ចប់​ការងារ​នឹង​ត្រូវ​ចូល​ធ្វើ​ការ​វិញ​ជា​ធម្មតា។

កញ្ញា​ថ្លែង​ថា៖ «ពេល​ឃើញ​ក្រុម​ហ៊ុន​ស្រាយ​បំភ្លឺ​ជាមួយ​ស្នង​ការ​ថា​អ្នក​ដែល​អត់​ព្រម​បញ្ចប់​ស៊ីញ៉េ​ហ្នឹង​អាច​ចូល​ធ្វើ​ការ​វិញ​បាន​ខ្ញុំ​សប្បាយ​ចិត្ត។ ដល់​ពេល​ឥឡូវ​មក​មុន​នឹង​ខ្ញុំ​ទៅ​អគារ​Academy គឺ​ខាង​អគារ​Academy ចាក់​សោ ​ហើយ​ខ្ញុំ​ក៏​បាន​សួរ​បងៗ​សន្តិសុខ​នៅ​ហ្នឹង​ដែរ​ថា​ខ្ញុំ​ទៅ​ធ្វើ​ម៉េច​ដើម្បី​បាន​Check in [ម៉ោង​ចូល​ធ្វើការ] វិញ»។

កញ្ញា ជឹម រដ្ឋា អាយុ២៥ឆ្នាំ កូដករណាហ្គាវើល៍ ដែលបានក្រុមហ៊ុនណាហ្គាវើល៍បង្ខាំបញ្ចប់កិច្ចសន្យាការងារកាលពីពេលថ្មីៗនេះ។(ស៊ឹម ចាន់សំណាង/វីអូអេ)
កញ្ញា ជឹម រដ្ឋា អាយុ២៥ឆ្នាំ កូដករណាហ្គាវើល៍ ដែលបានក្រុមហ៊ុនណាហ្គាវើល៍បង្ខាំបញ្ចប់កិច្ចសន្យាការងារកាលពីពេលថ្មីៗនេះ។(ស៊ឹម ចាន់សំណាង/វីអូអេ)

ចំណែក​បុគ្គលិក​ម្នាក់​ទៀត កញ្ញា ជឹម រដ្ឋា អាយុ​២៥​ឆ្នាំ បញ្ជាក់​ក្នុង​អំឡុង​ពេល​តវ៉ា​នៅ​មុខអគារ​ណាហ្គា​វើលដ៍​ថា​ក្រុម​ហ៊ុន​បាន​បង្ខំ​ឱ្យ​កញ្ញា​ចុះ​ហត្ថលេខា​បញ្ចប់​កិច្ច​សន្យា​ការងារ ទាំង​ដែល​កញ្ញា​មិន​បាន​ព្រម​ព្រៀង​ក្នុង​ការ​ចុះ​ហត្ថលេខា​នោះ​ទេ ហើយ​បាន​ដក​ហូត​កាត​ការងារ និង​ថត​វីដេអូ ដើម្បី​បញ្ជាក់​ថា​កញ្ញា​បាន​សម្រេច​បញ្ចប់​ការងារ​ជាមួយ​ក្រុមហ៊ុន។

កញ្ញា​ថ្លែង​ថា៖ «ខ្ញុំ​ទាំង​៤​នាក់​ជា​កម្មករ​ដែល​រង​គ្រោះ​ ហើយ​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ស៊ីញ៉េ​បញ្ចប់​កិច្ច​សន្យា​ ខ្ញុំ​អត់​ព្រម​ស៊ីញ៉េ​ គេ​ដក​កាត​ការងារ​បណេ្តញ​ខ្ញុំ​ចេញ​ គេ​បង្ខំ​ខ្ញុំ​ឱ្យ​ថត​វីដេអូ ដើម្បី​ធ្វើ​ជា​ភស្តុតាង​សម្រាប់​ក្រុម​ហ៊ុន​គេ ខ្ញុំ​អត់​ដឹង​ទេ»។

កញ្ញា ជឹម រដ្ឋា បន្ត​ថា​កញ្ញា​ស្នើ​ឱ្យ​ស្នង​ការ​នគរ​បាល​រាជធានី​ភ្នំពេញ​ត្រួត​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​បក​ស្រាយ​ ដោយ​ឱ្យ​បុគ្គលិក​ដែល​មាន​មិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​បញ្ចប់​ការងារ​អាច​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​ជា​ធម្មតា ឬ​យ៉ាង​ណា។

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​ អ្នកនាំ​ពាក្យ​ស្នងការ​រាជធានី​ភ្នំពេញ​លោក សំ វិច្ឆិកា និង​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​បាន​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា​កាល​ពី​ឆ្នាំ​២០២១ ក្រុមហ៊ុន​កាស៊ី​ណូ​ណាហ្គា​វើលដ៍​បាន​បញ្ឈប់​កម្មករ​និយោជិត​ប្រមាណ​១.៣០០​នាក់​ពី​ការងារ។ ការ​បញ្ឈប់​នេះ​នាំឱ្យមាន​ការ​តវ៉ា​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ពី​សំណាក់​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ ការ​បញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​នេះ​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​ចេតនា​ក្នុង​ការ​បំបាត់​សហជីព​ឯក​រាជ្យ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG