ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​សិទ្ធិ​ការងារ​និង​ពិធី​ឯក​ជន​របស់​អភិបាល​រាជ​ធានី៖ ការ​អនុវត្ត​វិធាន​ការ​កូវីដ​ខុស​គ្នា​នៅ​ភ្នំពេញ​រង​ការ​រិះគន់


រូបភាពរបស់ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៏ នៅមណ្ឌលចត្តាឡីស័កក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។ (រូបថតផ្តល់ដោយ សួន ជីវ៉ា)

លោក ឃួង ស្រេង បាន​រៀប​ចំ​ពិធី​ជួប​ជុំ​ឯក​ជន​មួយ​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បី​ទទួល​ការ​ចូល​ចែចូវ​កូនស្រីរបស់​លោក ពី​សំណាក់​កូន​កម្លោះ​ជា​កូន​ប្រុស​លោក អ៊ាង សុផល្លែត ជំនួយ​ការ​ផ្ទាល់​លោក ហ៊ុន សែន និង​ជា​ចៅ​លោក ជា សុផារ៉ា។​

ពិធី​នៅ​ផ្ទះ​លោក​អភិបាល​រាជ​ធានី​ត្រូវ​បាន​ធ្វើ​ក្នុង​ទី​ម្លប់​បិទ​ជិត ហើយ​បើ​តាម​រូប​ថតជា​ច្រើន​សន្លឹក​ដែល​ត្រូវ​បាន​បង្ហោះ​ចែក​ចាយ​តាម​បណ្ដាញ​សង្គម​បាន​បង្ហាញ​ពី​ការ​រៀប​ចំ​យ៉ាង​ប្រណីត​ ហើយ​ក្នុង​ចំណោម​អ្នក​ចូល​រួម​រាប់​សិប​នាក់​ដែល​មាន​កម្រិត​រដ្ឋមន្ត្រី ឧប​នាយក​រដ្ឋមន្ត្រី និង​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ផង​នោះ គេ​ឃើញ​មាន​ការ​ពាក់​ម៉ាស​ខ្លះអត់​ខ្លះ​និង​មានរក្សា​គន្លាត​សុវត្ថិភាពតិច​តួច​ប៉ុណ្ណោះ។ រូប​ថត​មួយ​ដែល​បង្ហាញ​ពី​ការ​រៀប​ចំ​តុ​ទទួល​ទាន​អាហារ​គឺ​មាន​ជា​តុ​រាង​ទ្រ​វែង​ មាន​រៀបកៅ​អី​ជាប់ៗ​គ្នា​ពីរ​ជួរ​ហើយ​អង្គុយ​ទល់​មុខ​គ្នា។

ថ្ងៃ​ស្អែក​ឡើង​ពោល​គឺ​ថ្ងៃ​ចន្ទ​ទី០៧​ខែ​មីនា​ម្សិល​មិញ ​ការ​ជួប​ជុំ​មួយ​បែប​ផ្សេង​នៅ​ទី​វាល​លម្ហ​សាធារណៈ​ដោយ​ក្រុម​កូដករ​ដែល​មាន​ទាំង​បុគ្គលិក​និង​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​បាន​ចេញ​តវ៉ា​ទាម​ទារ​ដំណោះស្រាយ​លើ​វិវាទ​ការ​ងារ​របស់​ខ្លួន​ជាមួយ​ក្រុម​ហ៊ុន​នោះ ដូច​សព្វ​មួយ​ដង​ដែរ​ត្រូវ​បាន​កង​កម្លាំង​សន្ដិសុខ​ ដែល​ស្ថិត​ក្រោម​បង្គាប់​សាលា​រាជ​ធានី​ភ្នំពេញ​ដែល​មាន​លោក ឃួង ស្រេង ជា​ប្រមុខ​ដឹកនាំ​ បាន​បំបែក​ចាប់​ឃាត់​ខ្លួន​ញាត់​ឡាន​ក្រោម​មូលហេតុ​បញ្ចៀស​ការ​ជួប​ជុំ​អំឡុង​ការ​ឆ្លង​កូវីដ១៩​ប្រភេទ​អូមីក្រុង​ក្នុង​សហគមន៍​។

ក្រុម​កូដ​ករ​ និង​សង្គម​ស៊ីវិល​ ​បាន​ចោទ​សួរ​អំពី​ការ​អនុវត្ត​នូវ​ស្តង់​ដា​ផ្ទុយ​គ្នា ឬ​ស្តង់​ដា​២ រវាង​ការ​រៀប​ចំ​កម្មវិធី​ជួបជុំ​ផ្សេងៗ ជា​ពិសេស​កម្មវិធី​ជួប​ជុំ​ឯក​ជន​នៅ​គេហដ្ឋាន លោក ឃួង ស្រេង​ អភិបាល​រាជ​ធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី​០៦ ខែ​មីនា​នេះ ​និង​ការ​ជួប​ជុំ​សម្ដែង​កង្វល់​របស់​ក្រុម​សហជីព។

​អ្នក​ស្រី ​ឈិន ​ឧសភា ​អាយុ​៣២​ឆ្នាំ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ដាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​ច្រាន​ចោល​អំពី​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​លើ​ក្រុម​កូដ​ករ​ថាខុស​ច្បាប់ និង​ខុសវិធាន​សុខាភិបាល​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ ដោយ​ចាត់​ទុកការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​នេះ ជា​រឿង​អយុត្តិ​ធម៌​ណាស់ ខណៈ​ការ​ជួបជុំ​ផ្សេង​ៗ​ បែរជា​មិន​មា​ន​ការ​រឹ​ត​ត្បិត​ដូច​ក្រុមកូដ​ករ​បែប​នេះ​។ អ្នក​ស្រី​សង្ស័យ​ថា​ការ​អនុវត្ត​ច្បាប់ ឬ​វិធានការ​សុខាភិបាល​លើ​ក្រុម​កូដ​ករ គឺ​ជា​ការ​បំបែក​សម្លេង​កុំ​ឲ្យ​មាន​ការ​តវ៉ា ឬ​ទាម​ទារ​ឲ្យរក​ដំណោះ​ស្រាយ​វិវាទ​ការ​ងារ​នេះ។ ​

អ្នកស្រី ​ស្នើ​ឲ្យ​អាជ្ញាធរ និង​ក្រសួង​សុខាភិបាល ​អនុវត្ត​ស្តង់​ដានិង​វិធានការតែ​មួយ​ ដូច​ទៅ​នឹង​ប្រជា​ពល​រដ្ឋ​ទូទៅ​ដែរ​។ ​

​អ្នក​ស្រី​ថ្លែង​ថា៖

«ឥឡូវ​ហ្នឹង​អ្វី​ដែល​ពួកខ្ញុំ​ កំពុង​តែ​គិត​ ហើយ​មាន​ការ​សង្ស័យ​ខ្លាំង​ទៅ​កាន់​ក្រសួង​សុខា​ភិបាល​[នូវ]​អ្វីដែល​គាត់​អំពាវ​នា​វ​មកថា ពួក​គាត់​បារម្ភ​ពី​សុខុមាលភាព​របស់កូដ​ករ​ ថាជារឿង​ពិតទេ?​ ឬគ្រាន់​តែ​ជា​លេស​ក្នុង​ការ​បំបែក​សំឡេង​របស់​កូដ​ករ​ អត់ឲ្យ​ចេញ​ទៅ​តវ៉ា​នៅ​មុខ​ណាហ្គាបន្ត​ទៀត​»។

អ្នកស្រី ​ក៏​ស្នើ​ឲ្យអាជ្ញាធរ​បញ្ជាក់​ឲ្យបាន​ច្បាស់​អំពីការ​ចាប់ខ្លួន​ក្រុម​កូដ​ករ​យកទៅធ្វើ​តេស្ត​ឬ​សំណាក ​ប្រសិនបើ​អវិជ្ជ​មាន​ តើ​ប៉ុន្មាន​ថ្ងៃ​ពួក​គាត់​អាច​ចេញ​ធ្វើការ​តវ៉ា​ដោយ​សន្តិវិធី​ អំពី​វិវាទ​ការងារ​នេះ។

រូបភាពរបស់ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៏ នៅមណ្ឌលចត្តាឡីស័កក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។ (រូបថតផ្តល់ដោយ សួន ជីវ៉ា)
រូបភាពរបស់ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៏ នៅមណ្ឌលចត្តាឡីស័កក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។ (រូបថតផ្តល់ដោយ សួន ជីវ៉ា)

កញ្ញា ​សួន ជីវ៉ា អាយុ​៣១​ឆ្នាំ ជា​កូដ​ករ​ម្នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ទៅ​មណ្ឌលធ្វើ​ចត្តាឡីស័ក​ខណ្ឌ​ព្រែកព្នៅ​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃអង្គារ​នេះថា ​ការ​អនុវត្ត​វិធាន​សុខា​ភិបាល​ គឺមិន​សម​ស្រប​នោះ​ទេ​ចំពោះ​ក្រុម​កូដ​ករ​ ខណៈ​កា​រ​ជួប​ជុំ​ផ្សេង​ៗ​ ​មាន​មនុស្ស​ច្រើ​នជាង​នេះ មិន​ត្រូវ​បានអនុវត្ត​នូវ​វិធាន​ការ​សុខា​ភិបាល ដោយ​ចាប់​យក​មក​ធ្វើ​តេស្ត និង​ធ្វើចត្តា​ឡី​ស័កដូ​ច​ក្រុម​កូដករ​បែប​នេះ។

កញ្ញាបញ្ជាក់​ថា ៖

«ពួក​បង​ជា​កូដ​ករ​បាន​រក្សា​គម្លាត ហើយ​ចត្តា​ឡីស័ក​ ធ្វើ​តេស្ត​រៀង​ៗ​ខ្លួន​ គោរពអស់​ហើយ​។ ហើយ​ពួក​យើង​បន្ត​មក​ធ្វើ​កូដ​កម្ម​ រក្សា​គម្លាត​ទៀត ហេតុ​អ្វី​នៅតែចោទ​យើងថាប្រមូលផ្តុំ ​ចោទ​ពួក​យើង​ថា​ជា​ក្រុម​ដែល​មាន​វិជ្ជមាន​កូវីដ​ទៅវិញ​។ ហេតុ​អ្វី​មិន​អនុវត្ត​ទាំង​ស្រុង​ ប្រជាពលរដ្ឋ​ទាំង​អស់​ទៅ? ហេតុ​អ្វី​បាន​ជា​ចោទ​តែកូដ​ករ​ ថាមិនអនុវត្ត​វិធាន​សុខាភិបាល​អ៊ីចឹង​?»។

កញ្ញា ​មិន​ពេញ​ចិត្ត​ចំពោះ​ចំណាត់​ការ​ ឬ​វិធាន​ការរបស់​អាជ្ញាធរ​មក​លើ​ក្រុម​កូដ​ករ​ទេ​ ដោយស្នើទៅ​អាជ្ញាធរ​ដោះ​លែង​តំណាង​កូដ​ករ​ដែល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ និ​ងត្រូវជំរុញ​ភាគី​ក្រុម​ហ៊ុន​ចេញ​មុខ​មកដោះ​ស្រាយ​បញ្ចប់​វិវាទការ​ងារ​នេះ​ ដើម្បី​ការ​ពារ​សិទ្ធិ​របស់​ពល​រដ្ឋ​ខ្មែរ​។

ដោយ​ឡែក​អ្នក​នាំ​ពាក្យ​របស់​សមាគម​ការពារ​សិទិ្ធ​មនុស្ស​អាដហុក​ លោក​ ស៊ឹង សែន​ករុណា​ កត់សម្គាល់​ថា​ ​ការ​ជួប​ជុំ​រវាង​ក្រុម​កូដ​ករ​ និង​កម្មវិធី​ជួបជុំ​ផ្សេង​ៗ ​ដូចជា​កម្ម​វិធី​ឯក​ជន​លោក ឃួង ស្រេង គឺ​ជា​ការ​អនុវត្ត​វិធាន​ការ​សុខាភិបាល​មាន​ស្តង់​ដា​ពីរ ដូច្នេះគួរ​តែ​អនុវត្ត​ទូទៅ​ឲ្យស្មើភាព​គ្នា ​ដើម្បី​កុំ​ឲ្យ​ទទួល​រងការ​រិះគន់​នូវ​ទង្វើ​របស់​អាជ្ញាធរ​។ ​

លោក​ថ្លែង​ថា៖ ​

«​អ្វីដែល​យើង​មើល​ឃើញ មិន​មែន​តែ​កម្ម​វិធី​កូនចៅ របស់​អ្នក​ដឹក​នាំ​បែ​បនេះ​ទេ គឺ​យើង​ឃើញ​ថា មើល​ជាទូទៅ​មា​នកម្មវិធីជួបជុំ​ផ្សេង​ៗ ទៀត​ដែល​មិ​នគោរព​តាម​វិធានការ​ ហើយ​ក៏​អត់មាន​ចំណាត់​កា​រ​ណាមួយ​ដូច​ដែល​ធ្វើ​ឡើង​ទៅ​លើ​ក្រុម​កូដ​ករ​ ណាហ្គាវើលដ៍​នេះ​ទេ។ នេះ​កាន់តែ​បញ្ជាក់​ឲ្យច្បាស់​ហើយ​ថា​ការ​អនុវត្ត​ច្បាប់ទៅ​លើកូដ​ករ​ក្រុមហ៊ុន​ណាហ្គាវើលដ៏ ​ជាការ​ធ្វើ​ឡើង​ក្នុង​ន័យ​រឹតត្បិតសិទ្ធិ​សេរីភាព​នៃការ​ជួប​ជុំ​ ធ្វើ​កូដ​កម្មដោយ​សន្តិវិធី​ហ្នឹង​ហើយ​»។

​ចំណែក​មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់​ត្រាល់​គឺ​ លោក​ ឃុន ថារ៉ូ ​យល់​ថា​វិធាន​ការ​សុខា​ភិបាល ឬ​គោលការណ៍​ផ្សេង​ៗ​ដែល​អាជ្ញាធ​រ​អនុវត្ត​លើក្រុម​កូដ​ករ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៏​ គឺ​មានចេតនា​ទប់ស្កាត់​មិនឲ្យ​កូដ​ករធ្វើ​កូដ​កម្មទាមទារ​ដោះ​ស្រាយ​វិវាទ​ការងារ​មួយ​នេះ​។

​លោក​ថ្លែង​ថា​៖

​«ការ​អនុវត្ត​វិធាន​បែប​នេះ គឺវាឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់ ដែល​ថាជាការ​អនុវត្ត​ច្បាប់​ដែល​មាន​លក្ខណៈ​ស្តង់​ដាពី​រ​។ អ៊ីចឹង​កាល​ដែល​ប្រើប្រាស់​វិធានការ​កូវីដ​នេះ វាជា​ការ​គំរាម​កំហែង​ ទៅ​ដល់សិទ្ធិ​ជា​មូល​ដ្ឋាន​របស់​កម្មករ​និយោជិក របស់​ក្រុម​ឬក៏​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ងារ​ ជំរុញ​ឲ្យមាន​លំហរ​សេរីភាព សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ ការ​លើក​កម្ពស់​សិទ្ធិ​ការ​ងារ​ ជាពិសេស​សិទ្ធិក្នុង​ការ​ធ្វើ​កូដ​កម្មជំរុញ​ឲ្យមាន​នូវ​ដំណោះ​ស្រាយ​ឲ្យ​និយោជក​គោរព​ច្បាប់ ឲ្យ​និយោជក​គោរព​នូវ​គោល​ការណ៍វិជ្ជាជីវៈ ក្នុង​នាម​ជា​ភាគី​ថៅកែ​ក្នុង​ការ​អនុវត្ត​ច្បាប់​ស្តី​ពីការ​ងារ​ បញ្ហា​សុខ​ភាព សុវត្ថិ​ភាព​ជាដើម»។

​វីអូអេ​បាន​ទាក់ទង​ទៅ​លោកវេជ្ជបណ្ឌិត​ ងី មានហេង ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី ​ប៉ុន្តែ​លោកបដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​ខាង​លើ​ ដោយ​បង្វែរ​ឲ្យទៅ​សួរអ្នកនាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​វិញ។

វីអូអេមិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពីលោក​ ឃួង​ ស្រេង​ អភិបាល​រាជ​ធានី​ភ្នំពេញ លោក ​កើត ឆែ ​អភិបាល​រង​រាជធានី​ភ្នំពេញ ​និង​លោក ​ម៉េត មាសភក្តី​ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​នៅ​ឡើយ​ទេ​ គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​នេះ ដើម្បី​បំភ្លឺ​អំពី​ភាព​ខុស​គ្នា​រវាង​ការ​ជួប​ជុំ​ឯក​ជន​របស់​លោក​អភិបាល​និង​ការ​ជួប​ជុំ​របស់​ក្រុម​បុគ្គលិក​ណាហ្គាវើលដ៍ និង​បំភ្លឺ​ថា​តើ​មាន​ការ​តាម​ដាន​រក​សំណាក​កូវីដ១៩លើ​អ្នក​ចូលរួម​ក្នុង​ការ​ជួប​ជុំ​គ្រប់​ទម្រង់​ផ្សេង​ទៀត​នៅ​រាជ​ធានី​ភ្នំពេញដូច​នឹង​ការ​ជួប​ជុំ​របស់​បុគ្គលិក​ណាហ្គាវើលដ៍​ដែរ​ឬទេ​ រួម​ទាំង​ពិធី​ជួប​ជុំ​ឯក​ជន​របស់​លោក​ ឃួង ស្រេង ផង។

គួរ​បញ្ជាក់​ថា ​ក្រុម​អតីត​កម្មករ​និយោជិត​ ឬ​បុគ្គលិក​នៅក្រុម​ហ៊ុនណាហ្គាវើលដ៍​បាន​ចេញ​តវ៉ា តាំង​ពី​ពាក់​កណ្តាល​ខែធ្នូ​ ឆ្នាំ​២០២១​ ដើម្បី​ជំទាស់​នឹងអ្វី​ដែល​ពួកគេ​ហៅថា​ ជាការ​រំលោភ​សិទ្ធិការងារ​ពី​សំណាក់​ថៅកែ​ក្រុមហ៊ុន​ ពាក់​ព័ន្ធ​នឹងការ​បណ្តេញ​បុគ្គលិក​ចំនួន​ជាង​១៣០០នាក់​ចេញ​ពីការងារ​ទាំង​បង្ខំ​កាល​ឆ្នាំ២០២១​៕

XS
SM
MD
LG