ផ្នែកផ្សាយជាភាសាភូមានៃវីអូអេបានរាយការណ៍ថា គណៈកម្មការបោះឆ្នោតជាតិនៃប្រទេសភូមាបានបដិសេធគំនាបសង្កត់អន្តរជាតិនៅក្រោយការព្រមានមួយដោយមេដឹកនាំពីគណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភាស.រ.អា.ដែលថា ការធ្វើឱ្យមានភាពភាពប្រក្រតីថែមទៀតនៅក្នុងទំនាក់ទំនងទ្វេភាគីជាមួយស.រ.អា.នឹងមាន«ការពិបាកជាងមុន»ប្រសិនបើការបោះឆ្នោតនៅក្នុងរដូវស្លឹកឈើជ្រុះនេះមិនឆ្លុះបញ្ចាំងឆន្ទៈរបស់ប្រជារាស្ត្រភូមាទេនោះ។
នៅក្នុងសន្និសីទកាសែតមួយក្នុងក្រុង Rangon កាលពីថ្ងៃចន្ទ លោក Tin Aye ប្រធានគណៈកម្មការបោះឆ្នោតរបស់សហភាភូមា បាននិយាយប្រាប់ពួកអ្នកសារព័ត៌មានថា ប្រទេសភូមានឹងមិនធ្វើតាមការគាបសង្កត់ណាមួយពីនរណាម្នាក់ដែលមានបំណងគាំទ្រគណបក្សនយោបាយណាមួយឬបុគ្គលណាម្នាក់ឡើយ។ លោកបាននិយាយបន្ថែមថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅតាមឆន្ទៈរបស់ប្រជារាស្ត្រហើយប្រទេសភូមានឹងងើបឈរប្រឆាំងនឹងគំនាបសង្កត់ណាមួយ«ទោះណាជាមានការដាក់ទណ្ឌកម្ម១០០ដងថែមទៀតក៏ដោយ»។
ថ្លែងនៅក្នុងព្រឹទ្ធសភាស.រ.អា.កាលពីសប្តាហ៍មុន សមាជិកព្រឹទ្ធសភាស.រ.អា.McConnell បានមានប្រសាសន៍ថា ការបោះឆ្នោតដែលមានការខុសឆ្គងនឹងរារាំងការពង្រឹងចំណងទាក់ទងខាងសេដ្ឋកិច្ច លទ្ធភាពនៃការមិនដកពន្ធដារសម្រាប់ប្រទេសភូមានិងការទាក់ទងគ្នារវាងពួកយោធានៃប្រទេសទាំងពីរដែលមានតិចតួចហើយតែត្រូវបានជំទាស់ដោយសមាជិកខ្លះនៃសភាស.រ.អា.៕