និស្សិតមីយ៉ាន់ម៉ារាប់រយនាក់បានដើរតាមផ្លូវនានាក្នុងទីក្រុងរ៉ង់ហ្គូន (Yangon) ក្នងរយៈពេលបួនថ្ងៃជាប់ៗគ្នាដើម្បីធ្វើបាតុកម្មប្រឆាំងនឹងច្បាប់អប់រំជាតិដែលពួកគេថានឹងរិតត្បិតសេរីភាពនៃការសិក្សា។
និស្សិតដែលបានធ្វើបាតុកម្មដោយសន្តិភាពកាលពីថ្ងៃច័ន្ទទី១៧ ខែវិច្ឆិកាកន្លងទៅនេះ មិនមានការសប្បាយចិត្តនឹងច្បាប់ថ្មី ដែលនឹងធ្វើមជ្ឈការឬក្តោបក្តាប់ការគ្រប់គ្រងបណ្តាសាកលវិទ្យាល័យនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលត្រូវគេស្គាល់ផងដែរថាជាប្រទេសភូមានោះ។
មន្ត្រីមកពីក្រសួងអប់រំបានជួបជាមួយមេដឹកនាំនិស្សិតកាលពីថ្ងៃអាទិត្យ ប៉ុន្តែការចរចាបញ្ចប់ដោយមិនសម្រេចបានអ្វីទាំងអស់។
លោក Zaw Htay អគ្គនាយកនៃនាយកដ្ឋានឧត្តមសិក្សាថ្លែងប្រាប់ VOA ភាសាភូមាថា អាជ្ញាធរមានឆន្ទៈធ្វើការជាមួយនិស្សិតដើម្បីដោះស្រាយបញ្ហាជាក្តីបារម្ភរបស់ពួកគេ។
លោកថ្លែងថា៖ «ប្រសិនបើការទាមទារជាសេចក្តីប្រាថ្នាពិតប្រាកដរបស់ក្រុមនិស្សិត នោះវាមានផ្លូវអាចដោះស្រាយបាន។ យើងត្រូវធ្វើការចរចាជាមួយគ្នា។ប្រសិនបើពួកគេមានសេចក្តីប្រាថ្នាពិតមែននោះ យើងគួរអង្គុយចុះ និងរកដំណោះស្រាយដើម្បីអនុវត្តការទាមទាររបស់ពួកគេ។ យើងមិនធ្វើអ្វីប្រឆាំងទៅនឹងសេចក្តីប្រាថ្នារបស់ពួកគេទេ»។
កាលពីថ្ងៃច័ន្ទនិស្សិតបានជំរុញឲ្យអាជ្ញាធរធ្វើតាមការទាមទាររបស់ពួកគេក្នុងរយៈពេល៦០ថ្ងៃ។ ក្រុមនិស្សិតបាននិយាយថា ពួកគេបានផ្តល់អនុសាសន៍នៅមុនការចាប់ធ្វើសេចក្តីព្រាងច្បាប់អប់រំជាតិ ប៉ុន្តែអនុសាសន៍ទាំងនោះមិនត្រូវបានគេអើពើទេ។
Phyo Phuo Oo អគ្គលេខាធិការនៃអង្គការសហព័ន្ធនិស្សិតភូមា All Burma Federation of Student Unions និយាយថា និស្សិតត្រៀម នឹងបន្តការតវ៉ារហូតបានសម្រេច។
«យើងនឹងមិនបញ្ឈប់ការធ្វើពហិការរបស់យើងប្រឆាំងនឹងច្បាប់អប់រំទេ។ យើងនឹងបន្តទាមទារ។ ហើយយើងនឹងពន្លឿនសកម្មភាពរបស់យើង ប្រសិនបើពួកគេមិនធ្វើតាមការទាមទាររបស់យើងទេនោះ។
ការតវ៉ាបានចាប់ផ្តើមនៅថ្ងៃសុក្រ ខណៈពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) ជួបប្រជុំជាមួយនិស្សិតនៅសាកលវិទ្យាល័យ Yangon៕
សេចក្តីរាយការណ៍នេះត្រូវបានផលិតដោយមានការសហការជាមួយក្រុមផ្សាយវីអូអេភាសាភូមា
ប្រែសម្រួលដោយ ផន បុផ្ផា