ក្រសួងការងារនៃប្រទេសមីយ៉ាន់ម៉ា (ភូមា) ព្រមានដល់កម្មកររោងចក្ររាប់ពាន់នាក់ថាបើពួកគេមិនចូលធ្វើការវិញទេ នោះអាជ្ញាធរនឹងចាត់វិធានការលើពួកគេ។
ក្នុងសេចក្តីប្រកាសតាមទូរទស្សន៍ជាតិ ក្រសួងការងារបានចាត់ទុកសកម្មភាពកម្មករថាហិង្សាហើយថាបានប៉ះពាល់ដល់ប្រយោជន៍ជាតិ ខូចកេរ្តិ៍ឈ្មោះជាតិ និងអាចបណ្តេញអ្នកវិនិយោគទុនបរទេសចេញពីប្រទេស។
Moh Moh Lwin អាយុ ១៨ឆ្នាំ ជាកម្មកររបស់រោងចក្រ E-Land ដែលធ្វើបាតុកម្ម។ នាងផ្ញើប្រាក់ ១៥ដុល្លារ ទៅ ២០ដុល្លារឲ្យគ្រួសារនាងរាល់ខែ។
នាងនិយាយថា៖ «រដ្ឋាភិបាលមិនគាំទ្រយើងទាល់តែសោះ។ គេការពារម្ចាស់ក្រុមហ៊ុន។ មានតែប្រជាពលរដ្ឋសាមញ្ញដែលគាំទ្រយើង។ សូម្បីតែអាជ្ញាធរមូលដ្ឋានក៏គាំទ្រម្ចាស់ក្រុមហ៊ុនដែរ។ យើងបានឮថា ក្រុមហ៊ុនបានសូកប៉ាន់ប៉ូលិសមូលដ្ឋានឲ្យវាយប្រហារលើយើង»។
ក្រោយអំពើហិង្សា និងការចាប់ខ្លួន មានកម្មករជាច្រើនបានប្រមូលផ្តុំគ្នា ខ្លះខឹងសម្បា ខ្លះភ័យខ្លាច និងមានមន្ទិលសង្ស័យ។ កម្មករច្រើននាក់មិនចង់និយាយជាមួយនឹងអ្នកយកព័ត៌មានទេ ដោយជឿថាពួកគេមកយកការណ៍ឲ្យរដ្ឋាភិបាល។
នៅក្នុងតំបន់ឧស្សាហកម្មដ៏ទុ្រឌទ្រោមនេះ ជាទូទៅរោងចក្របានផ្តល់ការងារឲ្យស្ត្រីជំទង់ ដោយផ្តល់ប្រាក់ចំណូល១ដុល្លារកន្លះក្នុងមួយថ្ងៃ។ ស្រ្តីទាំងនេះកំពុងតែទាមទារឲ្យដំឡើងប្រាក់ខែពួកគេដល់៣០ដុល្លារ ក្នុងមួយខែ។
របងទ្វាររោងចក្រ E-Land បានបើកសារជាថ្មីកាលពីថ្ងៃអាទិត្យ ប៉ុន្តែអ្នកគ្រប់គ្រង ថា ក្រុមហ៊ុននឹងពិចារណាលើការដំឡើងប្រាក់ខែ នៅពេលដែលកម្មករត្រឡប់មកធ្វើការវិញ។
ប៉ុន្តែ សន្តិសុខយាមរោងចក្រថា គ្មានកម្មករណាម្នាក់មកធ្វើការទេ។ ហើយអ្នកតំណាងក្រុមហ៊ុនមិនមានពេលនិយាយពីរឿងនេះទេ។
នៅក្បែរតំបន់ឧស្សាហកម្ម Hlaing Tha Yar ការតវ៉ាត្រូវបានសម្រួល។ កម្មកររោងចក្រស្បែកជើង Tai Yi បានទទួលយកប្រាក់ខែ៥០ដុល្លារក្នុងខែ ហើយពួកគេបានចូលធ្វើការវិញកាលពីថ្ងៃអង្គារមុននេះ។
ក្រោយពេលនយោបាយមីយ៉ាន់ម៉ាបើកចំហរឡើងវិញ មានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគទុនបរទេស។ នាង Ma Moe Wai កម្មករស្បែកជើង Tai Yi ថា ពួកគេនៅតែស្វាគមន៍អ្នកវិនិយោគទុន ឲ្យតែពួកគេទទួលបានសំណងស្មើភាព និងសិទ្ធិការងារ។
នាងឲ្យដឹងថា៖ «កម្មករនៅប្រទេសយើងរកចំណូលបានតិចតួចណាស់ យើងមិនមានឱកាសរកការងារល្អច្រើនទេ។ រោងចក្រភាគច្រើនផ្តល់ប្រាក់បៀវត្សរ៍ដូចគ្នា ដោយសារតែរដ្ឋាភិបាលមិនទាន់បានកំណត់ប្រាក់បៀវត្សរ៍អប្បបរិមា»។
កាលពីពីរឆ្នាំមុន រដ្ឋសភាមីយ៉ាន់ម៉ាបានអនុម័តច្បាប់ប្រាក់បៀវត្សរ៍អប្បបរិមា។
ប៉ុន្តែ ក្រសួងការងារបានធ្វើការយឺតយ៉ាវក្នុងការកំណត់អត្រាប្រាក់បៀវត្សរ៍នេះ ដោយនិយាយថា ខ្លួនត្រូវធ្វើការស្រាវជ្រាវបន្ថែម ដែលបង្ហាញឲ្យឃើញនូវការជំទាស់គ្នារវាងម្ចាស់ក្រុមហ៊ុន និងកម្មករ៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត