ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ភូមា​កែទម្រង់​តែ​ក្រុម​យោធា​នៅ​កាន់កាប់​ស្ថាប័ន​សំខាន់ៗ


លោក ថេន សេន មេដឹកនាំ​​ប្រទេស​មីញ៉ាន់​ម៉ា ឬ ភូមា។

មាន​ការ​កែប្រែខ្លះ​កាល​ពី​ពីរ​បី​ឆ្នាំ​មុន​នេះ​នៅ​ក្នុងប្រទេស​មីញ៉ាន់​ម៉ា​ (Myanmar) ​ដែល​គេស្គាល់​ថា​ជា​ប្រទេស​ភូមា​ដែរ​នោះ។ ​ការ​ត្រួតពិនិត្យ​ដោយ​រដ្ឋ​បាន​ត្រូវ​បន្ធូរ ​ពួក​អ្នកទោស​នយោបាយ​បាន​ត្រូវ​ដោះលែង ​ហើយ​វិនិយោគ​បរទេស​ក៏​បាន​ហូរ​ចូល​ច្រើន​ជាង​មុន។​ ក៏ប៉ុន្តែ​សម្រាប់​ពួក​យោធា​មាន​អំណាច​ខ្លាំង​របស់​ប្រទេស​ អ្វីៗ​ជាច្រើន​នៅ​តែ​ដដែល។

គេ​ឃើញ​មាន​ការ​កែប្រែ​ខ្លះ​នៅ​ក្នុង​សេដ្ឋកិច្ច​នៃ​ប្រទេស​ភូមា​ដែល​ធ្លាប់​មាន​បញ្ហាច្រើន​គឺ​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​លើ​សេដ្ឋកិច្ច​បាន​ត្រូវ​បន្ធូរបន្ថយ ​មាន​ប្រព័ន្ធ​ធនាគារ​ថ្មី ​មាន​គោលនយោបាយ​ថ្មី​អំពី​ដី​ធ្លី​និង​មាន​រូបិយបណ្ណ​មួយ​ដែលតម្លៃ​បាន​ត្រូវ​កំណត់​ដោយ​ទីផ្សារ​មិនមែន​ដោយ​រដ្ឋាភិបាល​ទេ។​

វិធានការ​ទាំង​នេះ​បាន​ជួយ​ទាក់ទាញវិនិយោគ​បរទេស​ប្រមាណ​៩​ពាន់លាន​ដុលា្លរ​ចាប់តាំង​ពី​ឆ្នាំ២០១១​មក។​

ក៏​ប៉ុន្តែ​អ្នកសេដ្ឋសាស្ត្រ​ Sean Turnell ​និយាយ​ថា​ទោះណា​ជា​ការ​កែប្រែ​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មាន​ដំណើរ​ការ​ល្អ​ជាង​មុន​ក៏​ដោយ​ក៏​ការ​កែប្រែ​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​តែ​បន្តិចបន្តួច​ក្នុង​មុខនាទី​ដ៏​លប់​លើ​របស់​ពួក​យោធា​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​និង​វិស័យ​នយោបាយ។​

«នៅ​ក្នុង​ចលនា​មួយ​ឆ្ពោះ​ទៅ​កាន់​កំណែ​ទម្រង់​ថ្មីៗ​ខ្លះ​របស់​រដ្ឋាភិបាល​នៅ​ក្រោយ​ឆ្នាំ២០១៥ ​មាន​បញ្ហា​ពួក​យោធា​និង​មុខនាទី​របស់​ពួក​គេ ​តើ​ពួក​យោធា​ជា​អ្នកបំពេញ​មុខនាទី​សំខាន់​ឬទេ? តើ​ពួក​យោធា​នឹង​ដក​ថយ​ក្នុងវិធី​មាន​ន័យ​ល្អ​ដូច​ដែល​គួរ​នឹង​កើត​មាន​ឬទេ?​ នេះ​ជា​សំណួរ​ធំមួយ»។

ជា​ពិសេស ​ពួក​យោធា​នៅ​តែ​ត្រួតត្រា​មហា​ក្រុម​ហ៊ុន​ជំនួញ​ពហុផលិតផល​និង​ភាគ​ច្រើន​នៃ​វិស័យ​សេដ្ឋកិច្ច​សំខាន់ៗ​របស់​ប្រទេស​ដូចជា​ការ​ខួង​យក​ឧស្ម័ន​ធម្មជាតិ​និង​ការ​រក​រ៉ែត្បូងជា​ដើម។​

ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ពួក​យោធា​នៅ​ក្នុង​ប្រទេស​ភូមា​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំណាច​នយោបាយ​របស់​ពួក​គេ។ ​មួយ​ភាគ​បួននៃ​អាសនៈ​ក្នុង​សភា​បាន​ត្រូវ​រក្សា​ទុក​ឱ្យ​ពួក​យោធា​ដែល​បាន​ត្រូវ​តែងតាំង​ដោយ​ផ្តល់​ឱ្យ​ពួក​គេនូវ​អំណាច​បោះឆ្នោត​វ៉េតូ​ជំទាស់​អំពី​ការ​កែប្រែ​ទាំង​អស់​ក្នុង​រដ្ឋធម្មនុញ្ញ។ ការណ៍​នេះ​មាន​ន័យ​ថា​មាន​ការ​ទទួល​ខុស​ត្រូវ​តែ​បន្តិចបន្តួច​នៅ​ពេល​កងកម្លាំង​យោធា​បាន​ត្រូវ​ចោទប្រកាន់ពី​ការរំលោភ​លើ​សិទ្ធិមនុស្ស។​

កាល​ពី​ខែ​មុន​ អង្គការ​ International Human Rights Clinic ​នៃ​សាកលវិទ្យាល័​យ​

Havard ​បានចេញ​ផ្សាយ​សេចក្តី​រាយការណ៍​មួយ​ចោទ​ប្រកាន់​មន្ត្រី​យោធា​ជាន់ខ្ពស់​បួន​នាក់​ ដោយ​មា​ន​រួម​បញ្ចូល​ទាំង​ឧត្តមសេនីយ៍ទោ​ Ko Ko ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ផង​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​កាល​ពី​ឆ្នាំ២០០៥​និង​ឆ្នាំ២០០៦។​

លោក Matthew Bugher ​អ្នក​ស្រាវជ្រាវ​ផ្នែក​យុត្តិធម៌​សាកល​របស់​សាកលវិទ្យាល័យ​ Harvard ​និយាយ​ថា​មានភ័ស្តុតាងគ្រប់គ្រាន់​រួច​ស្រេច​ហើយ​ដើម្បី​ចេញ​ដីកា​ចាប់ខ្លួន ​ក៏​ប៉ុន្តែ​គ្មាន​ការ​ចោទ​ប្រកាន់​ក្នុង​តុលាការ​ទេ។លោក​ថ្លែង​ថា​លុះ​ត្រា​តែ​មាន​ពួក​មន្ត្រី​យោធា​ជាន់​ខ្ពស់​បាន​ត្រូវ​ធ្វើឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ដោយ​ប្រព័ន្ធ​យុត្តិធ៌ម​មួយ​ត្រួតត្រា​ដោយ​ពួក​ជន​ស៊ីវិល​ទើប​ពួក​យោធា​នឹង​មិន​បន្តធ្វើ​សកម្មភាព​ខុស​ឆ្គង​ដោយ​គា្មន​ទោសពៃរ៍។​

«ពួក​យោធា​បាន​ពង្រឹង​អំណាច​ហើយ​ ហើយ​បាន​និយាយ​ថា​ពួក​គេ​មិន​ចង់​ដោះស្រាយ​បញ្ហា​គំនិត​មារយាទ​ពួក​គេ​ទេ​ហើយ​ពួក​គេ​បាន​គំរាម​កំហែង​ពួក​ជន​ទាំង​ទ្បាយ​ណា​ដែល​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ។ យើង​យល់​ថា​ពួក​អ្នកកែ​ទម្រង់​នៅ​ក្នុង​រដ្ឋាភិបាល​និង​ពួក​អ្នកនយោបាយ​ប្រឆាំង​ដែល​ប្រហែល​ជាចង់​ដោះស្រាយ​បញ្ហា​ទាំង​នេះ​មិន​បាន​ប្រកាន់​គោលជំហរ​មួយ​ដើម្បី​ដោះស្រាយ​ការ​រំលោភ​លើ​សិទ្ធិមនុស្ស​និង​បញ្ហា​គំនិត​មារយាទ​របស់​ពួក​យោធា​ទេ។​យើង​យល់​ឃើញ​ដែរ​ថា​ពួក​យោធា​កំពុង​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​ពួក​អ្នក​រំលោភលើ​សិទ្ធិ​មនុស្ស​ឱ្យ​កាន់តំណែង​ជា​មេបញ្ជាការ​និង​តំណែង​ធំ​ឯទៀតៗ»។

ពួក​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ភូមា​ដែល​មិន​បានត្រូវផ្តល់​សារៈសំខាន់ឱ្យ​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ បាន​ទទួល​អាសនៈ​នៅ​ក្នុង​សភា​ក៏​ប៉ុន្តែ​នៅ​តែ​មិន​អាច​ប្រែក្រទ្បះការគ្រប់​គ្រង​របស់​ពួក​យោធា​បាន​ទេ។​

ជា​ពិសេស​ ពួក​អ្នករិះគន់​បាននិយាយ​ថា​លោកស្រី​អោងសានស៊ូជី​ មេដឹកនាំ​ក្រុម​ប្រឆាំង​ គ្មាន​ជោគជ័យទេ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់។​អ្នករិះគន់​លោកស្រី​ខ្លះ​មាន​ជំនឿថា​លោកស្រី​បាន​ចៀសវៀង​មិន​ប្រឈមមុខ​នឹង​ពួក​យោធា​ក្នុង​សេចក្តី​សង្ឃឹម​ថា​ការ​ធ្វើដូច្នេះ​នឹង​ធ្វើ​ឱ្យមានលទ្ធភាព​ល្អ​ជាង​មុន​សម្រាប់​ឱ្យ​លោកស្រី​បាន​កាន់តំណែង​ជា​ប្រធានាធិបតី។​

ចំពោះ​ការ​រិះគន់​ទាំង​អស់​ប្រឆាំង​នឹង​ពួក​យោធា​ ពួក​ឧត្តមសេនីយ៍​ភូមា​បាន​ការពារ​ឥទ្ធិពលរបស់​ពួក​គេ​ដែល​មាន​ត​ទៅ​ទៀត​ដោយ​ចង្អុល​បង្ហាញ​អំពី​ការ​បះបោរ​យូរយា​មក​ហើយ​ដោយ​ពួក​យុទ្ធជន​នៃ​ក្រុម​ជន​អំបូរភាគ​តិចនៅ​ក្នុង​ផ្នែក​ខ្លះ​របស់​ប្រទេស។​ដោយសារ​ពួក​យោធា​មាន​សំទ្បេង​ខ្លាំង​នៅ​ក្នុង​សភា​ ប្រទេស​ភូមា​ចំណាយ​២៣,២ភាគ​រយនៃ​ថវិកា​ជាតិ​សម្រាប់​វិស័យ​យោធា​ដែល​ជាចំណាយ​ខាង​យោធា​ខ្ពស់​បំផុត​នៅ​ក្នុង​តំបន់ ​ជា​ផ្នែក ដើម្បី​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ក្រុម​ទាំង​ទ្បាយ​ណា​ដែល​ច្រាន​ចោល​អំណាច​របស់​រដ្ឋាភិបាល។​ក្រុមប្រឹក្សា​ការពារ​ជាតិ​និង​សន្តិសុខ​ជាតិ​ដែល​គ្រប់គ្រង​ដោយ​ពួក​យោធា​ជា​អ្នកកំណត់​ថវិកា។

ក៏​ប៉ុន្តែ​ពួក​អ្នក​សង្កេតការណ៍​នៅ​ក្រៅប្រទេស​និយាយ​ថា​ផល​ប្រយោជន៍​ជំនួញ​របស់​ពួក​យោធា​បាន​ត្រូវ​បន្ទោស ​ដោយ​ផ្នែក​ ចំពោះ​ការ​បះបោរ​ដែល​កំពុង​មាន​ត​ទៅទៀត។​

លោក Matthew Bugher​ នៃ​សាកលវិទ្យាល័យ​ Harvard ​និយាយ​ថា​ផលប្រយោជន៍​សេដ្ឋកិច្ចរបស់​ពួក​យោធា​នៅ​ក្នុង​ប្រភព​ធនធាន​ធម្មជាតិ​ឋិត​នៅ​ក្នុង​តំបន់​មាន​ជម្លោះ​បាន​ពន្យា​ពេល​ដំណើរ​ការ​សន្តិភាព​និង​បាន​កាត់​បន្ថយ​ការ​ទុកចិត្ត​លើ​រដ្ឋាភិបាល​និង​ពួក​យោធា។​កាល​ពី​ខែ​មុន​ ពួក​ទាហាន​រដ្ឋាភិបាល​បានបាញ់​ផ្តក់​លើ​កន្លែង​ហ្វឹកហ្វឺនមួយ​របស់ពួក​ទាហាន​នៃ​ក្រុម​ជន​អំបូរ​ភាគតិច​

បណ្តាល​ឱ្យ​ទាហាន​២៧​នាក់​ស្លាប់​ ក្នុង​ពេល​តែ​មួយ​ថ្ងៃក្រោយ​ពីកិច្ច​ចរ​ចា​សន្តិភាព​មួយ​ជុំ​បាន​ចប់។​

«អ្វី​ដែលយើង​កំពុង​ឃើញគឺ​ថា​នៅក្នុង​តំបន់​ខ្លះ​នៃ​ប្រទេស​ភូមា​ដែល​មាន​ឧស្សាហកម្ម​និស្សារណកម្មនិង​ប្រភព​ធន​ធាន​ធម្ម​ជាតិ​ ការ​ត្រួតត្រា​របស់​ពួក​យោធា​លើ​ផ្នែក​រដ្ឋបាល​របស់​រដ្ឋាភិបាល​មាន​ភាព​ខ្លាំង​ក្លា​ណាស់​ដូច​ជា​នៅ​ក្នុង​តំបន់​ Hpakant ​ដែល​មាន​ការរក​រ៉ែថ្មយក់ ​ពួក​យោធា​ហាក់​ដូច​ជា​មាន​ឥទ្ធិពល​លើ​ពួក​មន្ត្រី​រដ្ឋាភិបាល​ក្នុង​មូលដ្ឋាន​និង​ប្រព័ន្ធ​យុត្តិធ៌ម​ហើយ​បាន​ប្រើ​ប្រាស់​មន្ត្រី ទាំងនេះ​ឱ្យ​ការពារ​ផល​ប្រយោជន៍​ពួក​គេ​ផ្ទាល់​ជាជាង​ការ​ពារអភិបាល​កិច្ច​ល្អ​និង​វិធាន​នៃ​ច្បាប់»។

រដ្ឋាភិបាល​ របស់​លោក​Thein Sein ​ចង់​ឱ្យ​មាន​ការចុះហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ឈប់បាញ់​គ្នា​នៅ​ទូទាំង​ប្រទេស​នៅ​មុន​ការ​បោះឆ្នោត​ដែល​មាន​កំណត់​នឹង​ប្រព្រឹត្ត​ទៅនៅចុង​ឆ្នាំ២០១៥។

នឹង​អាច​តម្រូវ​ឱ្យមានការ​កែប្រែ​មួយ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​ភូមា​ដើម្បីកាត់​បន្ថយ​មុខ​នាទី​របស់​ពួក​យោធា​នៅ​ក្នុង​រដ្ឋាភិបាល។ ​នៅ​ក្នុង​ការ​ជជែក​ដេញដោល​គ្នា​មួយ​ក្នុង​សភា​កាល​ពី​ខែ​មុន​ ពួក​អ្នកតំណាង​ក្រុមយោធា​បាន​និយាយ​ច្បាស់លាស់​អំពី​បំណង​របស់​ពួក​គេ​មិន​ចង់​កែ​ប្រែ​រដ្ឋធម្មនុញ្ញ​ទេ​នៅ​មុន​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ២០១៥។

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG