ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​មីយ៉ានម៉ា ចាប់ផ្តើម​ធ្វើ​កូដកម្ម​នៅក្នុង​ការតវ៉ា​ប្រឆាំង​នឹង​ការគ្រប់គ្រង​យោធា


ក្រុមអ្នកតវ៉ា​ប្រឆាំង​រដ្ឋប្រហារ បាន​បើក​បំពង់​ពន្លត់​អគ្គីភ័យ​ដើម្បី​ទប់ទល់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ដែល​បាន​បាញ់​ដោយ​ប៉ូលិស​ក្នុង​អំឡុងពេល​បាតុកម្ម​មួយ​នៅ​ទីក្រុង​ណៃពិដោរ​នៃ​ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១។
ក្រុមអ្នកតវ៉ា​ប្រឆាំង​រដ្ឋប្រហារ បាន​បើក​បំពង់​ពន្លត់​អគ្គីភ័យ​ដើម្បី​ទប់ទល់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ដែល​បាន​បាញ់​ដោយ​ប៉ូលិស​ក្នុង​អំឡុងពេល​បាតុកម្ម​មួយ​នៅ​ទីក្រុង​ណៃពិដោរ​នៃ​ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១។

ហាង​លក់ទំនិញ រោងចក្រ​ និង​ធនាគារនានា ​បាន​បិទ​ទ្វារ​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ដែល​ជា​ទីក្រុង​ដ៏​សំខាន់​ជាង​គេរបស់​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​ចន្ទ​នេះ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ងើប​តវ៉ា​អំពាវនាវ​ដោយ​ក្រុម​សហជីពឲ្យប្រឆាំង​មេដឹកនាំ​យោធា។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ហ្វូង​មនុស្ស​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋ​ប្រហារ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​និង​ទីក្រុង​ម៉ាន់ដាឡេ​ដែល​ជាទីក្រុង​ធំ​ទី២​ ​និង​ទីក្រុង​ជា​ច្រើន​ទៀត។ នេះ​តាម​វីដេអូ​ដែល​ត្រូវ​បានបង្ហោះនៅ​លើ​បណ្តាញសង្គម Facebook។ ក្រុម​បាតុករ​នៅ​ក្នុង​ទីក្រុង Dawei ដែលជាទី​ក្រុង​ជាប់​មាត់​សមុទ្រ​នៅ​ក្នុង​តំបន់​ខាង​ត្បូង បាន​ត្រូវ​ការពារ​ដោយ​សហភាព​ជាតិ​ការ៉ែន​ជា​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​ភាគតិច ​ដែល​បានធ្វើ​សង្គ្រាម​ជា​យូរ​ណាស់​មក​ហើយ​ជាមួយ​ក្រុម​យោធា។

ក្រុម​បាតុករ​បាន​គ្រវី​ទង់​ដែល​ធ្វើ​ពី​សារ៉ុង​នៅ​ក្នុង​ទីកន្លែង​ខ្លះ​ ឬបាន​ដាក់​ព្យួរ​ទង់​សារ៉ុង​នេះ ​នៅពី​លើដងផ្លូវ​ដើម្បី​កត់​សម្គាល់​ទិវា​នារី​អន្តរជាតិ ខណៈ​ដែល​ប្រកាស​ប្រឆាំង​នឹង​យោធា។ ការ​ដើរ​នៅ​ក្រោមសារ៉ុងរបស់​ស្ត្រី​ ត្រូវ​បាន​គេ​ចាត់​ទុក​តាម​ប្រពៃណី​ថា សំណាង​អាក្រក់​សម្រាប់​បុរស​ ហើយ​នេះ ​បាន​ជួយ​ដើម្បី​បន្ថយ​ល្បឿន​ប៉ូលិស​និង​ទាហាន។

បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ថា កងកម្លាំង​សន្តិសុខត្រូវ​បាន​ពង្រាយ​នៅ​តាមមន្ទីរពេទ្យ​និង​សាកល​វិទ្យាល័យ​ ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រឹងប្រែង​ពង្រឹង​ច្បាប់។

សហជីព​យ៉ាង​តិច​ណាស់​ក៏​៩ ដែរ​ ដែល​គ្រប​ដណ្តប់​វិស័យ​នានា​រួម​ទាំង​សំណង់ កសិកម្ម​និង​ផលិតកម្ម បាន​អំពាវនាវ​ឲ្យ​«ពលរដ្ឋ​មីយ៉ាន់ម៉ា​ទាំង​អស់»​ឈប់​ធ្វើ​ការងារ​ដើម្បី​ប្រែក្រឡាស់​រដ្ឋប្រហារ ​ហើយ​នឹង​ធ្វើ​ឲ្យ​មាន​ឡើង​វិញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី Aung San Suu Kyi។ ​

សេចក្តី​ថ្លែងការណ៍​របស់​សហជីព​បាន​បញ្ជាក់​ថា ការ​អនុញ្ញាត​ឲ្យ​បន្ត​សកម្មភាព​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច នឹង​ជួយ​ក្រុម​យោធា «ខណៈ​ពួកគេ​បង្ក្រាប​កម្លាំង​របស់​ពលរដ្ឋ​មីយ៉ាន់ម៉ា»។​

​អង្គការ​សហប្រជាជាតិ ​បាន​បញ្ជាក់​កាល​ពី​សប្តាហ៍​មុន​ថា ប៉ូលិស​និង​យោធា​មីយ៉ាន់ម៉ា​បាន​សម្លាប់​មនុស្ស​ជាង​៥០​នាក់​ហើយ ដើម្បី​បង្ក្រាប​បាតុកម្ម​និង​កូដកម្ម​ជារៀង​រាល់ថ្ងៃ​ប្រឆាំង​នឹង​រដ្ឋប្រហារ​ថ្ងៃ​ទី១ ខែ​កុម្ភៈ។

Reuters បាន​រាយការណ៍​ថា បាតុករ​ពីរ​នាក់​ត្រូវ​គេ​បាញ់​ស្លាប់​នៅ​ថ្ងៃ​ចន្ទ​នេះ។ រូបថត​នៅ​តាមបណ្តាញសង្គម Facebook បាន​បង្ហាញ​សាកសព​បុរស​២នាក់​ដែល​ដេក​សន្ធឹង​នៅ​តាម​ផ្លូវ​នៅ​ក្នុង​ទីក្រុង Myitkyina ភាគ​ខាង​ជើង​ប្រទេស។ អ្នក​ឃើញហេតុការណ៍​ផ្ទាល់​នឹង​ភ្នែក បាន​និយាយ​ប្រាប់ Reuters ​ថា ពួក​គេ​បាន​ចូលរួម​នៅ​ក្នុង​ការតវ៉ា​ប្រឆាំង​នៅ​ពេល​ដែល​ប៉ូលិស​ បាន​បាញ់​គ្រាប់បែក​ធ្វើ​ឲ្យ​ងងីងងើ​និង​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក។ បន្ទាប់​មក​មនុស្ស​ជាច្រើនបាន​ត្រូវ​គ្រាប់​ដែលបាញ់​ចេញ​ពី​អគារ​នៅ​ក្បែរ​នោះ៕

XS
SM
MD
LG