ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកកាសែត​៦​នាក់​ដែល​យក​ព័ត៌មាន​អំពី​ភាព​ចលាចល​នៅ​មីយ៉ាន់ម៉ា​ត្រូវ​បាន​ចាប់​ខ្លួន


បាតុករ​ប្រឆាំង​រដ្ឋប្រហារ​យោធា និង​អ្នកកាសែត​ម្នាក់​នាំ​គ្នា​រត់ ខណៈ​ដែល​ប៉ូលិស​បង្ក្រាប​បាតុករ​រត់ដេញ​តាម​ពួកគេ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅ​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។
បាតុករ​ប្រឆាំង​រដ្ឋប្រហារ​យោធា និង​អ្នកកាសែត​ម្នាក់​នាំ​គ្នា​រត់ ខណៈ​ដែល​ប៉ូលិស​បង្ក្រាប​បាតុករ​រត់ដេញ​តាម​ពួកគេ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅ​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នក​កាសែត​៦​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ចំពោះ​ការ​ផ្សាយ​អំពី​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​យោធា។ ​

អ្នក​យក​ព័ត៌មាន​ម្នាក់​ក្នុង​ចំណោម​នោះ​គឺ​លោក​ Thein Zaw ​ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។ មេធាវី​ម្នាក់​របស់​លោក​ Thein Zaw និយាយ​ថា​ លោកThein Zaw និង​អ្នក​កាសែត​៥​នាក់​ផ្សេងទៀត​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ច្បាប់​មួយ ដែល​ហាម​ឃាត់​មិន​ឱ្យជន​ណា​ម្នាក់​បង្ក​ការ​ភ័យខ្លាច​ ចែករំលែក​ព័ត៌មាន​មិន​ពិត​ឬ​បង្ក​ការ​ជ្រួលច្របល់​ដោយ​ផ្ទាល់​ឬ​ដោយ​ប្រយោល​ប្រឆាំង​នឹង​បុគ្គលិក​រដ្ឋាភិបាល​នោះ​ទេ។​

អ្នក​កាសែត​ទាំង​៦​នាក់​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​រយៈពេល​៣​ឆ្នាំ​ ប្រសិន​បើ​ត្រូវ​បាន​ផ្តន្ទាទោស។ របប​យោធា​បាន​ធ្វើ​វិសោធន​កម្ម​ច្បាប់​នេះ​កាលពី​ខែមុន​ដើម្បី​បង្កើន​ការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អតិបរមា​ពី​២​ឆ្នាំ​ ទៅ​ជា ​៣ ​ឆ្នាំ​វិញ។​

ទីភ្នាក់ងារ​ព័ត៌មាន ​Associated Press​ បាន​ឲ្យ​ដឹង​ថា​ លោក Thein Zaw ​ត្រូវ​បាន​ចាប់​ឃុំខ្លួន​នៅ​ថ្ងៃ​សៅរ៍​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ​ខណៈ​ពេល​ដែល​លោក​កំពុង​យក​ព័ត៌មាន​អំពី​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​មីយ៉ាន់ម៉ា។​ លោក​ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ជាប់ឃុំឃាំង​ក្នុង​ពន្ធនាគារ ​Insein ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​អាក្រក់​នៅ​ក្នុង​ទីក្រុង​ដែល​បាន​ឃុំឃាំង​អ្នក​ទោស​នយោបាយ​ជាច្រើន​ក្នុង​អំឡុង​ពេល​នៃ​ការគ្រប់គ្រង​ដោយ​របប​យោធា​ពី​មុន។

អ្នកកាសែត​៤​នាក់​ក្នុង​ចំណោម​អ្នកកាសែត​៥​នាក់​ទៀត​ធ្វើការ​ឱ្យ​បណ្ដាញ​ព័ត៌មាន Myanmar Now ​ទីភ្នាក់ងារ​ព័ត៌មាន Myanmar Photo Agency បណ្ដាញ​ព័ត៌មាន​ 7Day News ​និង​បណ្ដាញ​ព័ត៌មាន​ Zee Kwet ​ដែល​ជា​បណ្តាញ​ព័ត៌មាន​តាម​អ៊ីនធឺណិត​ រីឯ​អ្នក​ទី​៥​គឺ​ជា​អ្នក​កាសែត​ឯករាជ្យ។ ​លោក​ Ian Phillips ​អនុ​ប្រធាន​ទីភ្នាក់ងារ​ព័ត៌មាន Associated Press​ ​ទទួល​បន្ទុក​ព័ត៌មាន​អន្តរជាតិ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែង​លោក​ Thein Zaw ​ជា​បន្ទាន់៕

XS
SM
MD
LG