ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​មីយ៉ាន់ម៉ា​បំបែក​ការតវ៉ា​ប្រឆាំង​ម្តងទៀត មួយថ្ងៃ​បន្ទាប់ពី​អ.ស.ប.​ថា មនុស្ស​៣៨នាក់​​​បានត្រូវ​សម្លាប់​កាលពី​ថ្ងៃពុធ


នាង Angel ជាអ្នកតវ៉ា​ម្នាក់​អាយុ១៩ឆ្នាំ ដែល​ត្រូវបាន​គេស្គាល់​ផងដែរ​ថា​ឈ្មោះ Kyal Sin បានដួល​ មុនពេល​ដែល​នាង​ត្រូវបាន​គេ​បាញ់​ចំក្បាល នៅពេលដែល​កងកម្លាំង​មីយ៉ាន់ម៉ា បានចាប់ផ្តើម​បាញ់​ដើម្បី​បំបែក​ហ្វូងបាតុករ​ប្រឆាំង​រដ្ឋប្រហារ​នៅ​ទីក្រុង Mandalay កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។
នាង Angel ជាអ្នកតវ៉ា​ម្នាក់​អាយុ១៩ឆ្នាំ ដែល​ត្រូវបាន​គេស្គាល់​ផងដែរ​ថា​ឈ្មោះ Kyal Sin បានដួល​ មុនពេល​ដែល​នាង​ត្រូវបាន​គេ​បាញ់​ចំក្បាល នៅពេលដែល​កងកម្លាំង​មីយ៉ាន់ម៉ា បានចាប់ផ្តើម​បាញ់​ដើម្បី​បំបែក​ហ្វូងបាតុករ​ប្រឆាំង​រដ្ឋប្រហារ​នៅ​ទីក្រុង Mandalay កាលពី​ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។

ប៉ូលិស​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ បាន​បំបែក​បាតុកម្ម​នៅ​ក្នុង​ទី​កន្លែង​ជា​ច្រើន​ដោយ​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ និង​កាំភ្លើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក៏ប៉ុន្តែ​មិន​មាន​សេចក្តី​រាយការណ៍​ភ្លាមៗ​ពី​មនុស្ស​ស្លាប់​និង​របួស​ទេ នៅមួយ​ថ្ងៃ​បន្ទាប់​ពី​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា ​មនុស្ស​៣៨​នាក់​ បាន​ត្រូវ​សម្លាប់​នៅ​ថ្ងៃ​ដ៏​បង្ហូរ​ឈាមបំផុត​ចាប់តាំង​ពី​រដ្ឋប្រហារ​កាល​ពី​ខែ​មុន​មក។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ដោយ​គ្មាន​ការ​ញញើត​នឹង​ការ​បង្ក្រាប ក្រុម​សកម្មជន​និយាយ​ថា ពួកគេ​បាន​បដិសេធ​មិន​ទទួល​យក​ការ​គ្រប់គ្រង​របស់​យោធា​ ហើយ​បាន​សម្រេច​ដាក់​គំនាប​ឲ្យ​ដោះលែង​អ្នកស្រី Aung San Suu Kyi មេដឹកនាំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ និង​ទទួល​ស្គាល់​ជ័យជម្នះ​របស់​អ្នកស្រី​នៅ​ក្នុង​ការ​បោះឆ្នោត​ខែ​វិច្ឆិកា​ឆ្នាំ​មុន។

ហ្វូង​មនុស្ស​ដ៏​ធំ ​ក៏​បាន​ប្រមូល​ផ្តុំ​គ្នា​ដោយ​សន្តិវិធី​ដើម្បី​ធ្វើ​បាតុកម្ម​នៅ​ទីកន្លែង​ផ្សេង​ទៀត រួម​មាន​នៅ​ទីក្រុង​ Mandalay ​ដែល​ជាទី​ក្រុង​ធំទី២​ និង​នៅ​ក្នុង​ទីក្រុង​ប្រវត្តិសាស្ត្រ Bagan ​ដែលមាន​មនុស្ស​រាប់រយ​នាក់​ បាន​ដើរ​ដោយកាន់​រូបថត​របស់​អ្នកស្រី Suu Kyi ហើយ​នឹង​បដា​ដោយ​សរសេរ​ថា «ដោះលែង​មេដឹកនាំ​របស់​យើង»។

បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់ប្រទេស​មីយ៉ាន់ម៉ា បាន​និយាយ​ថា​ មនុស្ស​យ៉ាង​តិច​ណាស់​ក៏​៣៨​នាក់​ដែរ​ បាន​ត្រូវ​គេ​សម្លាប់​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ពុធ ក្នុង​អំឡុង​ពេល​នៃ​បាតុកម្ម​មួយ​ថ្ងៃ​ទៀត​ប្រឆាំង​នឹង​របប​យោធា។

អ្នកស្រី Christine Schraner Burgener បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​តាម​វីដេអូ​ពី​ប្រទេស​ស្វ៊ីស​ថា៖ «ថ្ងៃ​[ពុធ]​នេះ វាជា​ថ្ងៃ​បង្ហូរ​ឈាម​បំផុត​ចាប់​តាំង​ពី​រដ្ឋប្រហារ​បាន​កើត​មាន​ឡើង​នៅ​ថ្ងៃ​ទី១ ខែ​កុម្ភៈ​មក»។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា ការ​ស្លាប់​ចុង​ក្រោយ​នេះ ​នាំ​ឱ្យចំនួន​ការ​ស្លាប់​សរុប​បាន​កើន​ដល់​ជាង​៥០​នាក់ ​នៅ​ពេល​ដែលយោធា​ព្យាយាម​ដាក់​អំណាច​គ្រប់គ្រង។

Reuters ​ក៏​បាន​រាយការណ៍​ដែរ​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ យន្តហោះ​ចម្បាំង​៥ គ្រឿង​បាន​ហោះ​ទាបៗ​កាត់​ទីក្រុង​ Mandalay។ នេះ​បើ​តាមអ្នក​ស្រុក នៅ​ក្នុង​អ្វីដែល​ទំនង​ជា​ការ​បង្ហាញ​កម្លាំង​សាច់ដុំយោធា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG