ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​យោធា​មីយ៉ាន់ម៉ា​ប្រើ Tik Tok គំរាមកំហែង​ក្រុម​បាតុករ​ថា៖ «យើង​នឹង​បាញ់​​នរណា​ដែល​​យើង​ឃើញ»


ទូរស័ព្ទ​ដៃ​មួយ​បង្ហាញ​ពី​រូប​របស់​បុរស​មីយ៉ាន់ម៉ា​ម្នាក់​ពាក់​អាវ​យឺត​ទាហាន គំរាម​បាញ់​បាតុករ​ដែល​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
ទូរស័ព្ទ​ដៃ​មួយ​បង្ហាញ​ពី​រូប​របស់​បុរស​មីយ៉ាន់ម៉ា​ម្នាក់​ពាក់​អាវ​យឺត​ទាហាន គំរាម​បាញ់​បាតុករ​ដែល​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

ទាហាន​និង​ប៉ូលិស​មីយ៉ាន់ម៉ា​ប្រដាប់​ដោយ​អាវុធ​កំពុង​ប្រើប្រាស់ TikTok ដើម្បី​គំរាមកំហែង​សម្លាប់​ដល់​ក្រុម​បាតុករ​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា។ TikTok ជា​កម្មវិធី app​ នាំមុខមួយ​របស់​ចិន ដែល​អាច​ចែក​រំលែក​វីដេអូ​បាន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នក​ស្រាវជ្រាវ ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

TikTok បាន​ប្រកាស​ថា ខ្លួន​បាន​ដកចេញ​នូវ​ខ្លឹមសារ​ដែល​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ចេញ។

អង្គការ​ឃ្លាំមើល​សិទ្ធិ​លើ​ឌីជីថល​មីយ៉ាន់ម៉ា​សម្រាប់​ការអភិវឌ្ឍ (MIDO) បាន​បញ្ជាក់​ថា ខ្លួន​បាន​រក​ឃើញ​វីដេអូ​ដែល​គាំទ្រ​ពួក​យោធា​ជាង ​៨០០ ដែល​បាន​គំរាមកំហែង​ក្រុម​បាតុករ​នៅ​ពេល​ដែល​មាន​ការ​កើន​ឡើង​នូវ​ការ​បង្ហូរ​ឈាម​ ដោយ​បាតុករ​ ៣៨ ​នាក់​ត្រូវ​បាន​គេ​សម្លាប់​កាលពី​ថ្ងៃ​ពុធ។ នេះ​បើ​យោង​តាម​អង្គការ​សហប្រជាជាតិ។

លោក Htaike Htaike Aung នាយក​ប្រតិបត្តិ​អង្គការ MIDO បាន​និយាយ​ថា៖ «វា​គ្រាន់​តែ​ជា​ផ្នែក​តូច​មួយតែ​ប៉ុណ្ណោះ»។ លោក​បាន​និយាយ​ទៀត​ថា មាន​វីដេអូ​រាប់​រយ​របស់​ពួក​ទាហាន​និង​ប៉ូលិស​ដែល​គំរាម​កំហែង​នៅ​លើបណ្ដាញ​សង្គម [Tik Tok]»។ ​

វីដេអូ​មួយ​កាល​ពី​ចុង​ខែ​កុម្ភៈ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​មើល បង្ហាញ​ពី​បុរស​ម្នាក់​ក្នុង​សម្លៀកបំពាក់​ទាហាន​ ភ្ជង់​កាំភ្លើង​ដាក់​កញ្ចក់​កាមេរ៉ា ហើយ​និយាយ​សំដៅ​ទៅ​កាន់​ក្រុម​បាតុករ​ថា៖ «យើង​នឹង​បាញ់​ចំ​មុខ​របស់​ពួក​ឯង... ហើយ​យើង​នឹង​ប្រើ​គ្រាប់​កាំភ្លើង​ពិត»។

បុរស​ម្នាក់​នោះ​បាន​ថ្លែង​ទៀត​ថា៖ «យើង​នឹង​យាម​ល្បាត​ទីក្រុង​នេះ​ទាំង​មូល​នៅ​យប់​នេះ ហើយ​យើង​នឹង​បាញ់​នរណា​ដែល​យើង​ឃើញ...»។

អ្នក​នាំ​ពាក្យ​កងទ័ព​និង​ក្រុម​ប្រឹក្សា​យោធា​មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ទេ។

ក្រុមហ៊ុន Facebook របស់​សហរដ្ឋ​អាមេរិក ឥឡូវ​នេះ​បាន​បិទ​ទំព័រ Facebook ទាំង​អស់ ​ដែល​ជាប់​ទាក់​ទិន​ជាមួយ​យោធា​មីយ៉ាន់ម៉ា។

ក្រុមហ៊ុន TikTok បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «យើង​មាន​គោលការណ៍​សហគមន៍​ច្បាស់​លាស់​ដែល​ចែង​ថា យើង​មិន​អនុញ្ញាត​ឲ្យ​មាន​ខ្លឹមសារ​ដែល​អុជអាល​ឲ្យ​មាន​អំពើ​ហិង្សា ឬ​ព័ត៌មាន​មិន​ពិត​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​នោះ​ទេ។ នៅ​ពេល​ដែល​មាន​ព័ត៌មាន​ណា​ទាក់ទិន​នឹង​ប្រទេស​មីយ៉ាន់ម៉ា យើង​បាន​បន្ត​ដកចេញនូវ​ខ្លឹមសារ​ណា​ដែល​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា ​និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំងនោះ»៕

XS
SM
MD
LG