ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មីយ៉ាន់ម៉ា​នឹង​រើស​បុគ្គលិក​៤០.០០០​នាក់​សម្រាប់​ជួយ​រក្សា​សន្តិសុខ​ពេល​បោះឆ្នោត


លោក​ប្រធានាធិបតី​មីយ៉ាន់ម៉ា Thein Sein (រូប​ស្តាំ) ធ្វើ​ការ​បោះឆ្នោត​នៅ​ក្នុង​ក្រុង​ Naypyitaw កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ២០១៤។

ប្រទេស​មីយ៉ាន់ម៉ា​បាន​ចាប់​ផ្តើម​ជ្រើសរើស​អ្នក​ធ្វើ​ការ​បណ្តោះអាសន្ន​ចំនួន​៤០.០០០ដើម្បី​ជួយ​អាជ្ញាធរ​ប៉ូលិស​ក្នុង​ការ​រក្សា​សន្តិសុខក្នុង​អំឡុង​ការ​បោះ​ឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

លោក Maung Maung Soe វរសេនីយ​ឯក​នៃកង​កម្លាំង​ប៉ូលិស​ថ្លែង​ថា គេ​នឹង​ផ្តល់​អាទិភាព​ដល់​អ្នក​ស្រុក​មូលដ្ឋាន​ដើម្បី​ក្លាយ​ជា​អ្នក​ជួយ​ថែរក្សា​សន្តិសុខ​នៅ​តាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ​នៅ​ក្នុង​ប្រទេស​នេះ។

«យើង​នឹង​បណ្តុះបណ្តាល​ពួកគេ​ឲ្យមាន​ចំណេះ​ និង​ការ​ណែនាំ​គ្រប់គ្រាន់​ដើម្បី​អាច​ដឹង​ពី​កិច្ចការ​របស់​ប៉ូលិស។ ពួកគេ​ត្រូវ​ស្តាប់​តាម​បង្គាប់​របស់​កងកម្លាំង​ប៉ូលិស​មីយ៉ាន់ម៉ា។ យើង​កំពុង​រៀបរៀង​កម្មវិធី​បង្រៀនរយៈពេល​២​សប្ដាហ៍​នេះ ដែល​នៅ​ក្នុងកម្មវិធី​នេះ​នឹង​មាននិយាយ​ពី​ចំណុច​ដែល​ពួក​គេ​អាច​ធ្វើ​បាន ​និង​មិន​អាច​ធ្វើ​បាន​ ក៏​ដូចជាអំពី​ភារកិច្ច​ការងារ​ជា​ទូទៅ​របស់​ពួកគេ»។

ក្នុង​ពេល​កន្លង​មក ស្ថាប័ន​ប៉ូលិស​មីយ៉ាន់ម៉ា​ត្រូវ​បាន​គេ​ដឹង​ថា​ បាន​ប្រើ​ក្រុម​មនុស្ស​ស៊ីវិល​ដើម្បី​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ក្រុម​បាតុករ។ ប៉ុន្តែ​នៅ​ពេល​ត្រូវ​ VOA សាកសួរ​អំពីអតីតកាល​នេះ លោក Maung Maung Soe ថ្លែង​ថា មាន​តែ​អ្នក​ស្រុក​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​នៅ​ក្នុង​សហគមន៍​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​ជ្រើសរើស​ឲ្យ​ជួយរក្សា​សន្តិសុខក្នុង​ពេល​បោះឆ្នោត។

មន្ត្រី​ប៉ូលិស​នោះ​បាន​បន្ថែម​ថា អ្នក​ធ្វើការ​ដែល​នឹង​ត្រូវ​ជ្រើសរើស​ថ្មី​នោះ នឹង​ទទួល​បាន​ប្រាក់​បៀវត្សន៍​ចំនួន​១២០​ដុល្លារ​ក្នុង​ខែ​ ដែល​នេះ​មាន​ចំនួន​ស្មើ​នឹង​ប្រាក់ខែ​របស់មន្ត្រី​ប៉ូលិស​ម្នាក់។ ថវិកា​សម្រាប់​ប្រាក់ខែ​នេះនឹងមាន​ប្រភព​ពី​ជំនួយ​បរទេស​ រួម​ទាំង​ពី​សហគមន៍​អឺរ៉ុប​ផង។

លោក​ប្រធានាធិបតី Thein Sein នៃ​ប្រទេស​មីយ៉ាន់ម៉ា​បាន​សន្យា​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​ដែល​លោក​អាច​ធ្វើ​បាន​ដើម្បី​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌។ នៅ​ក្នុង​សុន្ទរកថា​តាម​វិទ្យុ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក Thein Sein ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​ព្យាយាម​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​មួយ​ជាមួយ​ក្រុម​ជនជាតិ​ភាគ​តិច​ប្រដាប់​អាវុធ​ នៅ​មុន​ការ​បោះឆ្នោតជាតិ​នៅ​ឆ្នាំ​២០១៥​នេះ។

ការ​បោះឆ្នោត​ជាតិ​នេះ​នឹង​គ្រោង​ធ្វើ​នៅ​ក្នុង​ថ្ងៃ​ទី​៨​ខែ​វិច្ឆិកា​ខាង​មុខ៕

ប្រែសម្រួល​ដោយ សឹង សុផាត

XS
SM
MD
LG