ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អោង​សាន​ស៊ូជី​ព្រមាន​ថា​អស្ថិរភាព​នឹង​អាច​ពន្យារពេល​ការ​បោះឆ្នោត​នៅ​ភូមា


លោកស្រី​អោង​សាន​ស៊ូជី (Aung San Suu Kyi) ​មេដឹកនាំ​ក្រុម​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ភូមា (រូប​ស្តាំ) ថ្លែង​សុន្ទរកថា​កំឡុង​កិច្ច​ប្រជុំ​មួយ​របស់​គណៈកម្មាធិការ​កណ្តាល​របស់​បក្ស​នៅ​ភោជនីយដ្ឋាន​ Rose ក្នុង​ក្រុង​រ៉ុងហ្គូន​ ប្រទេស​ភូមា កាលពី​ថ្ងៃ​សៅរ៍​ ទី២០ ខែមិថុនា ឆ្នាំ២០១៥។
លោកស្រី​អោង​សាន​ស៊ូជី (Aung San Suu Kyi) ​មេដឹកនាំ​ក្រុម​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ភូមា (រូប​ស្តាំ) ថ្លែង​សុន្ទរកថា​កំឡុង​កិច្ច​ប្រជុំ​មួយ​របស់​គណៈកម្មាធិការ​កណ្តាល​របស់​បក្ស​នៅ​ភោជនីយដ្ឋាន​ Rose ក្នុង​ក្រុង​រ៉ុងហ្គូន​ ប្រទេស​ភូមា កាលពី​ថ្ងៃ​សៅរ៍​ ទី២០ ខែមិថុនា ឆ្នាំ២០១៥។

ទីភ្នាក់ងារ​ព័ត៌មាន​ AP ​បាន​រាយការណ៍​ពី​ក្រុង​រ៉ង់ហ្គូន (Rangoon) ​ប្រទេស​ភូមា​ថា​ លោកស្រី​អោង​សាន​ស៊ូជី (Aung San Suu Kyi) ​មេដឹកនាំ​ក្រុម​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ភូមា​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​មេដឹកនាំ​ជាន់​ខ្ពស់​របស់​គណបក្ស​លោកស្រី​ កាល​ពី​ថ្ងៃ​សៅរ៍​ថា​ការ​បោះឆ្នោត​ទូទៅ​នៅ​ឆ្នាំ​នេះ​អាច​ត្រូវពន្យារពេល​លើក​ទៅ​ធ្វើ​នៅ​ពេល​ក្រោយ​ប្រសិន​បើ​មាន​អស្ថិរភាព​នៅ​ក្នុង​ប្រទេស។

អតីត​ជ័យ​លាភី​រង្វាន់​ណូបែល​រូប​នេះ​មិន​បាន​និយាយ​ចំៗ​ទេ​ ក៏ប៉ុន្តែ​គេ​បាន​ឃើញ​មាន​អំពើ​ហិង្សា​ដ៏​ប្រល័យ​មួយ​ចំនួន​រវាង​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ និង​អ្នក​គោរព​សាសនា​អ៊ីស្លាម ​កាល​ពីរ​បី​ឆ្នាំ​មុន​នេះ​នៅ​ពេល​មាន​កំណើន​អារម្មណ៍​ជាតិ​និយម​របស់​ក្រុម​ពុទ្ធ​សាសនិក​ជន។ នៅ​ចុង​សប្តាហ៍​នេះ​ ចលនា​មួយ​នៃ​ក្រុម​ព្រះ​សង្ឃ​ព្រះ​ពុទ្ធ​សាសនា​ជាតិ​និយម​កំពុង​ធ្វើ​សន្និសីទ​មួយ​ដែល​មាន​ការ​ឃ្លាំមើល​យ៉ាង​ខ្លាំងក្លា។​

លោកស្រី​អោង​សាន​ស៊ូជី​បាន​មាន​ប្រសាសន៍​នៅ​ពេល​បើក​សន្និបាត​ពីរ​ថ្ងៃ​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​លោក​ស្រី​ ដែលគេ​រំពឹង​ថា​នឹង​ធ្វើ​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រឆាំង​នឹង​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​គាំទ្រ​ដោយ​ពួក​យោធា។

នៅ​ក្នុង​សុន្ទរកថា​របស់​លោកស្រី​នៅ​ក្នុង​ការ​ប្រជុំ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​នៃ​សមាជិក​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ លោកស្រី​អោង​សាន​ស៊ូជី​បាន​មាន​ប្រសាសន៍​ថា​ ស្ថិរភាព​នៅ​មុន​ការ​បោះឆ្នោត​ «មាន​សារៈសំខាន់​ណាស់» ពីព្រោះ​លោក​ស្រី​ចង់​ឱ្យ​មាន​ការ​បោះឆ្នោត​តាម​ពេល​កំណត់៕

XS
SM
MD
LG