ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី​ អង់សាន ស៊ូជី​ នៃ​ប្រទេស​មីយ៉ាន់ម៉ា​នឹង​ទទួល​បាន​តំណែង​ថ្មី​មួយ


ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ ចូលរួម​ពិធី​ប្រគល់​តំណែង​ដល់​លោក​ប្រធានាធិបតីថ្មី Htin Kyaw ចេញ​ពី​ប្រធានាធិបតី​ចាស់ គឺ​លោក Thein Sein កាល​ពី​សប្តាហ៍​មុន។
ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​មីយ៉ាន់ម៉ា​ ចូលរួម​ពិធី​ប្រគល់​តំណែង​ដល់​លោក​ប្រធានាធិបតីថ្មី Htin Kyaw ចេញ​ពី​ប្រធានាធិបតី​ចាស់ គឺ​លោក Thein Sein កាល​ពី​សប្តាហ៍​មុន។

សភា​នៃ​ប្រទេស​ភូមា​បាន​បង្កើត​មុខ​នាទី​ថ្មី​មួយ​ជូន​លោកស្រី អង់​សាន ស៊ូជី ដែល​ជា​ប្រធាន​នៃ​គណបក្ស​គ្រប់គ្រងប្រទេស​ជាប់ឆ្នោត​កាលពី​ពេល​ថ្មីៗនេះ។​

កាល​ពី​ថ្ងៃអង្គារ​ ពួក​សមាជិក​សភា​បាន​បោះឆ្នោត​បង្កើត​តំណែង​ទី​ប្រឹក្សារដ្ឋ​ដែល​នាំ​ឱ្យ​មាន​ការ​ប្រឆាំង​ពី​ពួក​អ្នក​តំណាង​ក្រុម​យោធា​នៅ​ក្នុង​សភា។

វិធានការ​នេះធ្វើ​ឱ្យ​លោក​ស្រី​ អង់សាន ស៊ូជី​ ក្លាយ​ទៅ​ជា​មេដឹកនាំ​កំពូល​របស់​ប្រទេស​តាម​ព្រឹត្តន័យ ដែល​គំនិត​ផ្តួច​ផ្ដើម​នេះ​ត្រូវ​បាន​លើក​ឡើង​កាលពី​សប្តាហ៍​មុន​ ហើយ​វា​ជា​បទ​នីតិបញ្ញត្តិ​លើកទី​មួយ​របស់​សភា​ថ្មី​នេះ។

លោកស្រី​ អង់សាន ស៊ូជី​ ធ្លាប់​បាន​មាន​ប្រសាសន៍​នៅ​ក្នុងពេល​ធ្វើការ​ឃោសនា​បោះឆ្នោត​ថា​ លោកស្រី​នឹង​កាន់​តំណែង​មួយ​ «ខ្ពស់​ជាង​ប្រធានាធិបតី»។ នៅ​ពេល​នេះ​លោក​ស្រី​ក៏​ជា​រដ្ឋមន្ត្រី​ការបរទេស​និង​រដ្ឋមន្ត្រី​ប្រចាំ​ការិយាល័យ​ប្រធានាធិបតី​ផងដែរ។

ដោយសារ​កូន​របស់​លោកស្រី​ជា​ពលរដ្ឋ​បរទេស​ លោកស្រី​ អង់សាន ស៊ូជី​ជី​ បាន​ត្រូវ​រារាំង​តាម​រយៈរដ្ឋធម្មនុញ្ញ​មិន​ឱ្យ​កាន់តំណែង​ប្រធានាធិបតី​នៃ​ប្រទេស​ភូមា​ទេ។

ពួក​អ្នកតំណាង​ក្រុមយោធា ដែល​កាន់​កាប់​២៥ភាគ​រយ​នៃអាសនៈ​ក្នុងសភា​តាម​រយៈ​រដ្ឋធម្មនុញ្ញ​ដែលត្រូវ​បាន​ព្រាង​ដោយ​អតីត​រដ្ឋាភិបាល​យោធា​ និយាយ​ថា​តំណែង​ថ្មី​នេះ​មិនត្រឹម​ត្រូវ​តាម​រដ្ឋធម្មនុញ្ញ​ទេ។ ​ក៏​ប៉ុន្តែ​សេចក្តី​ព្រាងច្បាប់​នេះ​បាន​ត្រូវ​អនុម័ត​ដោយ​ងាយ​ពីព្រោះ​សមាជិក​ភាគ​ច្រើន​នៃ​សភា​ជា​សមាជិក​នៃ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​ ដែល​បាន​ទទួល​ជ័យជម្នះ​នៅ​ក្នុងការ​បោះឆ្នោត​កាល​ពី​ខែវិច្ឆិកា​មុន។

នៅ​ពេល​នេះ​សេចក្តីព្រាង​ច្បាប់​នេះ​ត្រូវ​ចុះហត្តលេខា​ឱ្យ​ក្លាយ​ទៅ​ជា​ច្បាប់​ដោយ​លោក​ប្រធានាធិបតី Htin Kyaw​ ដែល​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​របស់​លោក​ស្រី​ស៊ូជី។

កាល​ពី​ថ្ងៃ​អង្គារ​នោះដែរ​ លោកស្រី ​អង់សាន ស៊ូជី​ បាន​ជួប​ជាមួយ​លោក​ Wang Yi​ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ ដែល​បាន​សរសើរ​ប្រទេស​នេះ​ដែល​បាន​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​ថ្មី​មួយ​ហើយ​បានសន្យា​ថា​ ប្រទេស​ចិននឹង​បន្ត​ធ្វើគម្រោងការ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ៕

XS
SM
MD
LG