ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​មីយ៉ាន់ម៉ា​មិនសូវ​មាន​គេ​ស្គាល់


ប្រធានាធិបតីថ្មី​របស់​ប្រទេស​មីយ៉ាន់ម៉ា លោក Htin Kyaw នៅ​ខណៈ​លោក​ចេញពី​រដ្ឋសភា​មីយ៉ាន់ម៉ា កាល​ពីថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ២០១៦។
ប្រធានាធិបតីថ្មី​របស់​ប្រទេស​មីយ៉ាន់ម៉ា លោក Htin Kyaw នៅ​ខណៈ​លោក​ចេញពី​រដ្ឋសភា​មីយ៉ាន់ម៉ា កាល​ពីថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ២០១៦។

សភាជាតិ​មីយ៉ាន់ម៉ា​ បាន​បោះឆ្នោត​ជ្រើសរើស​លោក ​ធីន ច​ ( Htin Kyaw)​ ជា​ប្រធានាធិបតី​ថ្មីរបស់​ប្រទេស​មីយ៉ាន់ម៉ា។

អ្នក​ការិយា​ធិបតេយ្យ​ដែល​ចូល​និវត្តន៍ ​មក​ពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ​(NLD) ​រូប​នេះ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​ ៣៦០ សំឡេង​ ក្នុង​ចំណោម​សំឡេង​ឆ្នោត​សរុប​ទាំង​អស់​ ៦៥២​ សំឡេង ​នៅ​ក្នុង​សម័យ​ប្រជុំ​រួម​របស់​រដ្ឋសភា​មីយ៉ាន់ម៉ា ឬ​ដែល​គេ​ធ្លាប់​ហៅ​ថា ​ភូមា​នោះ។

តំណាង​រាស្ត្រ​ថ្មី​ម្នាក់​ខាង​គណបក្ស​ NLD​ ឈ្មោះ​ និន តេត ​(Hnin Htet)​ ដែល​ត្រូវ​ជា​កូន​ស្រី​របស់​អតីត​អ្នកទោស​នយោបាយ​ម្នាក់​ បាន​និយាយ​ទាំង​ក្តី​រំភើប​ចិត្ត​ នៅ​ក្រោយ​ពេល​បោះឆ្នោត​រួច​ថា៖ «ខ្ញុំសប្បាយចិត្ត​ខ្លាំង​ណាស់​សម្រាប់​គាត់ ​សម្រាប់​គណ​បក្ស​របស់​យើង ​សម្រាប់​ប្រជាជន​របស់​យើង ​និង​សម្រាប់​ប្រទេស​របស់​យើង»។

លោក ​ធីន ច ​មិនមែន​ជា​សមាជិក​សភា​នោះ​ទេ ប៉ុន្តែ​លោក​គឺ​ជា​មនុស្ស​ជំនិត​ម្នាក់​របស់​ប្រធាន​គណបក្ស​ NLD​ គឺ​លោកស្រី ​អង់សាន​ ស៊ូជី (Aung San Suu Kyi)​ ដែល​ជា​មនុស្ស​ដំបូង​គេ​ម្នាក់​ដែល​បាន​បោះឆ្នោត​ នៅ​ក្នុង​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នៅ​ថ្ងៃ​អង្គារ​នេះ។

លោកស្រី ​អង់សាន ​ស៊ូជី​ មិន​បាន​ផ្តល់​ការ​អត្ថាធិប្បាយ​ដល់​អ្នកយកព័ត៌មាន​ទេ នៅ​ពេល​ដែល​លោកស្រី​ចូល​និង​ចេញពី​សភា។

ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​រូបនេះ ​គឺ​ជា​មនុស្ស​ដែល​ពលរដ្ឋ​មីយ៉ាន់ម៉ា​ភាគ​ច្រើន​ស្រលាញ់​ចូលចិត្ត​ជាង​គេ​យ៉ាង​ច្បាស់​ក្រឡែត នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ឬ​ដែល​គេ​ធ្លាប់​ហៅ​ថា​ភូមា។

ប៉ុន្តែ ​លោកស្រី​ ត្រូវ​បាន​រដ្ឋធម្មនុញ្ញ​រារាំង​មិន​ឲ្យ​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​ប្រទេស​នេះ​ទេ ដោយសារ​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​លោក​ស្រី មាន​សញ្ជាតិ​បរទេស។

មន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​ម្នាក់​បាន​និយាយ​ថា៖ «យើង​នៅ​តែ​បារម្ភ​អំពី​បញ្ញត្តិមួយ​ចំនួន​នៅក្នុង​រដ្ឋធម្មនុញ្ញ​ភូមា​ ដែល​ផ្ទុយ​នឹងគោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ជា​សារវន្ត ហើយ​បញ្ញត្តិ​ទាំង​នោះ​រារាំង​ប្រជាជន​ភូមា ​មិន​ឲ្យ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំដែល​ពួកគេ​ចង់​បាន»។

មន្ត្រី​ដដែល​បាន​បន្ត​ទៀត​ថា៖ «ពលរដ្ឋ​ភូមា​គួរ​តែ​អាច​សម្រេច​ចិត្ត​ថា​តើ​នឹង​ត្រូវ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​ឬយ៉ាង​ណា ​ហើយ​នៅ​ពេល​ណា​ ដើម្បី​កែប្រែ​បញ្ញត្តិ​ទាំង​នេះ»។

លោកស្រី អង់សាន ស៊ូជី បាន​ប្រកាស​ថា ​លោកស្រី​នឹង​រក្សា​អំណាច​កំពូល​លើ​ប្រធានាធិបតី​ ដែល​លោកស្រី​ជ្រើសរើស​ដោយ​ផ្ទាល់ ហើយ​ដែល​លោកស្រី​បាន​ស្គាល់​តាំង​ពី​រៀន​នៅ​ថ្នាក់​បឋមសិក្សា​ជាមួយ​គ្នា​មក​ម្លេះ។

ក្រុម​យោធា​នឹង​នៅ​តែ​មាន​អំណាច​នៅក្នុង​រដ្ឋាភិបាល​ថ្មី ដោយសារ​យោធា​ទទួល​បាន​អាសនៈ​សភា​១ភាគ​បី​ដោយ​ស្វ័យប្រវត្តិ ហើយ​នឹង​គ្រប់គ្រង​ក្រសួង​សំខាន់ៗ​ជាច្រើន៕

XS
SM
MD
LG