ប្រទេសមីយ៉ាន់ម៉ា មានប្រមុខរដ្ឋស៊ីវិលជាលើកដំបូងហើយ ក្នុងរយៈពេលជាង៥០ឆ្នាំកន្លងមកនេះ។
លោក ធីន ច (Htin Kyaw) អាយុ៧០ឆ្នាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីនៃប្រទេសនេះ កាលពីថ្ងៃអង្គារ ក្នុងពិធីខ្លីមួយមុនសម័យប្រជុំសភារួម។ លោកបានសច្ចាថានឹង«ស្មោះត្រង់ចំពោះសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា»។
អនុប្រធានាធិបតីពីររូបរបស់ប្រទេសនេះ គឺ Myint Swe និងHenry Van Tio ក៏បានធ្វើពិធីសច្ចាប្រណិធានចូលកាន់តំណែងអមជាមួយលោក ធីន ច ដែរ។
ការស្បថចូលកាន់តំណែងរបស់លោក ធីន ច នេះ បានកំណត់ជាផ្លូវការនូវការបញ្ចប់ការគ្រប់គ្រងមួយផ្នែកឬទាំងស្រុងរបស់ក្រុមយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ១៩៦២មក។
លោក ធីន ច បន្តតំណែងពីលោក ថេន សេន ជាអតីតឧត្ដមសេនីយ៍ម្នាក់ដែលបានឡើងកាន់តំណែងកាលពីឆ្នាំ២០១១ នៅពេលដែលក្រុមយោធាបានប្រគល់ការគ្រប់គ្រងប្រទេសទៅឲ្យរដ្ឋាភិបាលបែបស៊ីវិលវិញ ហើយបានធ្វើកំណែទម្រង់នយោបាយនិងសេដ្ឋកិច្ចរបស់ប្រទេសនេះ។
នៅក្នុងសុន្ទរកថាចាប់ផ្តើមតំណែងថ្មីរបស់លោក ប្រធានាធិបតីថ្មីរបស់មីយ៉ាន់ម៉ា រូបនេះបានប្តេជ្ញាថានឹងកែរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ទៅជារដ្ឋធម្មនុញ្ញមួយ ដែលស្របតាមបទដ្ឋានប្រជាធិបតេយ្យពេញលេញ។
រដ្ឋធម្មនុញ្ញបច្ចុប្បន្ន ដែលសរសេរដោយក្រុមយោធាមុនពេលដែលក្រុមនេះប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលបែបស៊ីវិលនោះ បានធានារក្សាអាសនៈសភាចំនួន២៥ភាគរយ ព្រមទាំងមុខតំណែងនៅតាមក្រសួងសំខាន់ៗដូចជាក្រសួងមហាផ្ទៃនិងការពារជាតិជាដើម សម្រាប់ក្រុមយោធា។
រដ្ឋធម្មនុញ្ញបច្ចុប្បន្ននេះ ក៏បានរារាំងមេដឹកនាំប្រជាធិបតេយ្យ គឺលោកស្រី អង់សាន ស៊ូជី មិនឲ្យក្លាយជាប្រធានាធិបតីរបស់ប្រទេសមីយ៉ាន់ម៉ា ដែរ ដោយសារបញ្ញត្តិមួយ ដែលហាមប្រាមនរណាក៏ដោយដែលមានប្តីប្រពន្ធឬកូនកើតនៅបរទេស មិនឲ្យកាន់តំណែងកំពូលនេះបានទេ។
ប្តីរបស់លោកស្រី អង់សាន ស៊ូជី ដែលបានស្លាប់ទៅហើយ និងកូនប្រុសពីរនាក់របស់លោកស្រី មានសញ្ជាតិអង់គ្លេស។
ប៉ុន្តែ ជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះ បានប្តេជ្ញាថាលោកស្រីនឹងគ្រប់គ្រងប្រទេសមីយ៉ាន់ម៉ា តាមរយៈលោក ធីន ច ដែលជាមិត្តភ័ក្ដិតាំងពីតូចនិងជាមនុស្សជំនិតដ៏យូរអង្វែងម្នាក់របស់លោកស្រី។
លោកស្រី ស៊ូជី ក៏នឹងធ្វើជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំង១៨រូបក្នុងគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីថ្មី។ លោកស្រីក៏ត្រូវគេរំពឹងថា នឹងកាន់កាប់ក្រសួងការបរទេស អប់រំ ថាមពល និងខុទ្ទកាល័យប្រធានាធិបតីក្នុងពេលតែមួយផងដែរ៕