ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​លោក​ស្រី Aung San Suu Kyi ថា​លោកស្រី​នឿយ​ហត់​ហើយ​សុំ​កាត់​បន្ថយ​សវនាការ​នៅ​តុលាការ​​ដោយសារ​បញ្ហា​សុខភាព


រូបឯកសារ៖ លោក​ស្រី Aung San Suu Kyi ទីប្រឹក្សា​រដ្ឋ​មីយ៉ាន់ម៉ា​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី១០​នៅទីក្រុង​បាងកក កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (AFP)
រូបឯកសារ៖ លោក​ស្រី Aung San Suu Kyi ទីប្រឹក្សា​រដ្ឋ​មីយ៉ាន់ម៉ា​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី១០​នៅទីក្រុង​បាងកក កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ (AFP)

ទីភ្នាក់ងារ​ព័ត៌មាន Reuters រាយការណ៍​ថា​លោក​ស្រី Aung San Suu Kyi អតីត​មេដឹកនាំ​ដែល​ជាប់​ឃុំ​ឃាំង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃ​ចន្ទ បាន​សុំ​ឲ្យ​ចៅក្រម​កាត់បន្ថយ​ការធ្វើ​សវនាការនៅ​តុលាការរបស់​លោក​ស្រី​ដោយ​មូលហេតុ​សុខភាព។ នេះ​បើតាម​មេធាវី​របស់​លោក​ស្រី ក៏ប៉ុន្តែ​មេធាវី​រូប​នេះ​បញ្ជាក់​ថា​លោក​ស្រី​ពុំ​មាន​បញ្ហា​សុខភាព​ទេ។

លោក​ស្រី Suu Kyi ដែល​កំពុង​ត្រូវ​តុលាការ​វិនិច្ឆ័យ​ទោស​និង​ចូលរួម​សវនាការ​តុលា​ក្នុង​រឿងក្តី​ជាច្រើន​ចាប់តាំង​ពី​លោក​ស្រី​ត្រូវ​បាន​ទម្លាក់​ចេញពី​តំណែង​នៅ​ក្នុង​រដ្ឋប្រហារ​ថ្ងៃទី១ ខែ​កុម្ភៈ​មក​បាន​ស្នើ​សុំថា សវនាការ​នៅ​ក្នុង​រឿង​ក្តី​នីមួយៗ​ត្រូវ​តែ​ធ្វើ​ឡើង​ជា​រៀង​រាល់​២សប្តាហ៍​ម្តង មិន​មែន​ជា​រៀងរាល់​សប្តាហ៍​ទេ។ នេះ​បើ​តាម​សម្តី​លោក Khin Maug Zaw ដែល​ជា​មេធាវី​របស់​លោក​ស្រី​ប្រាប់​បណ្តាញ​ព័ត៌មាន។

នៅ​ពេល​ដែល​ទីភ្នាក់ងារ​ព័ត៌មាន Reuters សួរ​អំពី​សុខភាព​របស់​លោក​ស្រី លោក​បាន​និយាយ​ថា លោក​ស្រីSuu Kyi ដែល​មាន​អាយុ៧៦ឆ្នាំ មាន​ការ​នឿយ​ហត់ ដោយសារ​ការ​រវល់​ហើយ​មិន​មាន​រោគសញ្ញា​នៃ​ជំងឺអ្វី​ទេ។

លោក Khin Maung Zaw បាន​និយាយ​តាម​ទូរស័ព្ទ​ថា «លោក​ស្រី​នឿយហត់។ ដោយ​សារ​អាយុ​របស់​លោក​ស្រី ​លោកស្រី​មិន​ងាយ​អង្គុយ​ស្តាប់​សវនាការ​រាល់​ថ្ងៃ​ ពេញមួយ​សប្តាហ៍​ទេ»។

សុខភាព​របស់​ជ័យលាភី​ណូបែល​សន្តិភាព ត្រូវ​បាន​គេ​តាមដាន​យ៉ាង​ដិតដល់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​នៅ​ទីនោះ​លោក​ស្រី​បាន​ជាប់​ឃុំឃាំង​អស់​ជាច្រើន​ឆ្នាំ​ដោយសារ​ការ​ប្រឆាំង​នឹង​ពួក​មេដឹកនាំ​យោធា។

លោក​ស្រី​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ដដែល​ៗ រួម​មាន​ការ​រំលោភ​ច្បាប់​វីរុស​កូរ៉ូណា ការ​នាំ​ចូល​វិទ្យុ​ទាក់ទង​ Walkie Talkie ២គ្រឿង​ខុសច្បាប់ ការញុះញង់​បណ្តាញ​ឲ្យ​សាធារណជន​ភ្ញាក់​ផ្អើល​និង​ការ​រំលោភ​ច្បាប់​សម្ងាត់​ផ្លូវការ។

លោក​ស្រី Suu Kyi បាន​រង​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​តុលាការ​ដោយ​អតីត​អ្នក​នយោបាយ​ម្នាក់ពី​ការ​ទទួល​សំណូក​ដ៏​ធំ​មួយ​និង​មាស​ជា​ការចោទប្រកាន់​ដែល​លោក​ស្រី​កាលពី​ថ្ងៃ​ចន្ទ បាន​ប្រាប់​តុលាការ​ថា ជា«ការ​មិន​សម​ហេតុ​ផល​ទាល់​តែ​សោះ»។ នេះ​បើតាម​មេធាវី​របស់​លោក ស្រី។

លោក​ស្រី Suu Kyi កាលពី​ខែ​មុន​មិន​អាច​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​តុលាការ ដោយ​បាន​ត្អូញត្អែរ​ថា​វិលមុខ​និង​មាន​សុខភាព​មិន​ល្អ ដែល​ក្រុម​មេធាវី​របស់​លោក​ស្រី បាន​និយាយថា​មិនមែន​ជា​រោគសញ្ញា​នៃ​ជំងឺ​ទេ៕

XS
SM
MD
LG