ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ប្រកាស​ផ្ញើ​ជំនួយ​ឱ្យ​របប​សឹក​ភូមា​ប្រឆាំង​កូវីដ​១៩ នាំ​ឲ្យ​មាន​ការ​រិះគន់


រូប​ឯកសារ៖ នាយ​ឧត្តមសេនីយ៍ Min Aung Hlaing មេបញ្ជាការ​របប​យោធាភូ​មា​ ចូល​រួម​សន្និសីទ​មួយ​នៅ​ទី​ក្រុង​មូស្គូ​ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១។
រូប​ឯកសារ៖ នាយ​ឧត្តមសេនីយ៍ Min Aung Hlaing មេបញ្ជាការ​របប​យោធាភូ​មា​ ចូល​រួម​សន្និសីទ​មួយ​នៅ​ទី​ក្រុង​មូស្គូ​ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១។

រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ប្រកាស​ផ្ដល់​ជំនួយ​២០ម៉ឺន​ដុល្លារ​អាមេរិក និងកញ្ចប់​បរិក្ខារ​ពេទ្យ​ដល់​របប​សឹក​ភូមា ដើម្បី​ប្រយុទ្ធ​នឹង​កូវីដ១៩។ ប៉ុន្តែ​ការ​សម្រេច​ផ្តល់​ជំនួយ​នេះនាំ​ឲ្យ​មានការរិះ​គន់​ថា​អាច​នឹង​បង្ហាញ​ជា​រូបភាព​នៃ​ការ​គាំទ្រ​ក្រុម​យោធា​ដែល​ឆ្មក់យក​អំណាច​តាមរដ្ឋប្រហារ​ចាប់​តាំង​ពី​ខែ​កុម្ភៈ​មក។

ក្នុងលិខិត​មួយ​ផ្ញើ​ជូន​នាយ​ឧត្តមសេនីយ៍ Min Aung Hlaing លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ហៅ​មេដឹកនាំ​រដ្ឋ​ប្រហារ​ភូមា​ថា​«ឯកឧត្តម» និង​«ប្រធាន​ក្រុមប្រឹក្សារដ្ឋ​បាលរដ្ឋ» ហើយថា​កញ្ចប់​ជំនួយ​នេះធ្វើ​ឡើង​«ក្នុង​ស្មារតី​មិត្តភាព និង​សាមគ្គី​ភាពរវាង​ប្រទេស​យើងទាំង​ពីរ»។

ជំនួយ​នោះ​រួមមាន​ទឹកប្រាក់​២០ម៉ឺន​ដុល្លារ​អាមេរិក ម៉ាស់​៣លាន​ម៉ាស់ ឧបករណ៍​ធ្វើតេស្ដ​រហ័ស​ចំនួន​៥០ម៉ឺន​សម្លៀក​បំពាក់​សុវត្ថិភាព​២​ពាន់​ឈុត ម៉ាស៊ីន​ស្វ័យ​ប្រវត្តិផលិត​ខ្យល់អុកស៊ីហ្ស៊ែន​២០០​គ្រឿង ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម​២០គ្រឿង និង​ម៉ាស៊ីន​តាមដាន​សញ្ញា​ជីវិត​២០​គ្រឿង។

លោក ហ៊ុន សែន បន្ថែមនៅ​ក្នុង​លិខិត​នោះ​ថា​កម្ពុជា​ក៏​ចូលរួម​ទឹក​ប្រាក់​១០ម៉ឺន​ដុល្លារ​ដាច់​ដោយ​ឡែក​ថែម​ទៀតដល់​កញ្ចប់​ជំនួយ​រួម​របស់​អាស៊ាន ដើម្បី​ជួយ​កិច្ចការ​ប្រយុទ្ធ​នឹង​កូវីដ​នៅ​ភូមា។

រូប​ឯកសារ៖ ពលរដ្ឋ​ភូមា​ពាក់​ម៉ាស់​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ខណៈជិះ​សាឡាង​នៅ​ផែមួយ​ក្នុង​ទី​ក្រុង​រ៉ង់ហ្គូន ប្រទេស​ភូមា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១។
រូប​ឯកសារ៖ ពលរដ្ឋ​ភូមា​ពាក់​ម៉ាស់​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ខណៈជិះ​សាឡាង​នៅ​ផែមួយ​ក្នុង​ទី​ក្រុង​រ៉ង់ហ្គូន ប្រទេស​ភូមា កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១។

ហើយកាកបាទ​ក្រហម​កម្ពុជា​ក៏ប្រកាស​ផ្ដល់​ជំនួយ​១០ម៉ឺនដុល្លារ​ផ្សេង​ទៀត​ដល់​កាក​បាទ​ក្រហម​ភូមា​ផងដែរ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលរបស់​កម្ពុជា នឹង​ដឹកនាំ​គណៈ​ប្រភិភូនាំ​យក​ជំនួយ​ទាំង​នេះ​ទៅ​ឱ្យ​របប​សឹក​ភូមា​ដោយ​ផ្ទាល់​ដល់​រដ្ឋធានី​ណៃពិដោ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​សីហា ឆ្នាំ​២០​២១។ នេះ​បើតាម​លិខិតរបស់​លោក ហ៊ុន សែន និង​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុកស្និទ្ធនឹងរដ្ឋាភិបាល។

ប្រទេស​ភូមា​ដែល​ត្រូវ​បាន​ស្ថាប័ន​យោធា Tamadaw ដឹកនាំ​ដោយ​នាយ​ឧត្ដមសេនីយ៍ Min Aung Hlaing ក្រសោប​យក​អំណាច​រដ្ឋ​ទៅ​គ្រប់គ្រង ក្នុងរដ្ឋប្រហារ​ខែ​កុម្ភៈ​មក កំពុង​រួត​រឹត​ដោយវិនាសកម្ម​កូវីដ១៩ ចំ​ពេល​មាន​ការ​បង្ក្រាប​នយោបាយ និង​ប្រព័ន្ធសុខាភិបាល​ទន់​ខ្សោយ។

បើ​តាម​ស្ថិតិ​ផ្លូវការ​របស់ក្រសួង​សុខាភិបាល​ភូមា ដែល​គ្រប់គ្រង​ដោយ​របប​សឹក គិត​ត្រឹម​ថ្ងៃ​អង្គារ​ភូមារក​ឃើញការ​ឆ្លងកូវីដ​សរុប​ប្រមាណ៣៦ម៉ឺន​នាក់ និងមាន​អ្នក​ស្លាប់ចំនួន​១៣.៦២៣នាក់។

អ្នកស្រី មូរ សុខហួរ មេដឹកនាំ​បក្ស​ជំទាស់​របស់​កម្ពុជា​នៅ​ក្រៅ​ប្រទេស បាន​លើក​ឡើង​ថា​ការផ្ដល់​ជំនួយទ្វេភាគី​ដោយ​ផ្ទាល់ពី​រដ្ឋាភិបាល​កម្ពុជា​ទៅ​របប​សឹក​ភូមា ដាច់​ដោយ​ឡែក​ពី​យន្តការ​ជំនួយ​រួម​របស់អាស៊ាន ជា​ប្រការ​«គួរ​ឱ្យ​ភ្ញាក់​ផ្អើល»។

អ្នកនយោបាយ​រូបនេះ​បាន​ប្រាប់​វីអូអេ​ពី​ក្រៅ​ប្រទេស​មក​ថា៖ «យើង​អត់​ជំទាស់​នឹង​គោលការណ៍​មនុស្សធម៌​ទេ ក៏​ប៉ុន្តែ​ប្រទេស​ភូមា យើង​ត្រូវ​តែ​រួម​គ្នា​ថ្កោល​ទោស នៅ​លើ​ការណ៍​ដែល​នេះ​មិន​មែន​ជា​«រដ្ឋា​ភិបាល»​ទេ សព្វ​ថ្ងៃ​ហ្នឹង​គឺ​ជា«យោធា»​មេយោធាដែល​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ ប្លន់​យក​អ្វី​ដែល​ជា​លទ្ធផល​នៃ​ការបោះឆ្នោតដោយ​ត្រឹម​ត្រូវ​ពី​ពលរដ្ឋ លើស​ពី​នេះ​ទៀត​មេ​យោធា​នេះ កំពុង​តែ​សម្លាប់​ពលរដ្ឋក្នុង​កម្រិតគួរ​ឱ្យ​ព្រួយ​បារម្ភ​ដែល​អាច​ឈាន​ចូល​ទៅ​ដល់​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ»។

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញ​មក​ដល់​កន្លែង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ចំនួន ៦ សែន​ដូស​ពី​ប្រទេស​ចិន នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អញ្ជើញ​មក​ដល់​កន្លែង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ចំនួន ៦ សែន​ដូស​ពី​ប្រទេស​ចិន នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកស្រី មូរ សុខហួរ បារម្ភ​ថាការ​បោះដៃ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ទៅ​មេដឹកនាំ​របប​សឹកភូមា នាំឱ្យ​មាន​ចំណោទ​អំពី​ជំហរ​កម្ពុជា​លើ​បញ្ហា​ភូមា អំឡុង​ពេលកម្ពុជា​ដឹកនាំ​ធ្វើ​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ។

អ្នកស្រី​បញ្ជាក់​ថា៖ «យើង​ឃើញ​ថា​វា​ជា​ការណ៍​មួយ​បញ្ជាក់​ថា​គាត់​[លោក​ហ៊ុនសែន]​នៅ​ជាមួយនឹង​យោធា​និយម»។​

ចំណែក​អ្នកស្រី អ៊ូ ទេពផល្លីន ប្រធាន​សហព័ន្ធសហជីពកម្មករចំណីអាហារ​និងសេវាកម្ម​កម្ពុជា និយាយ​ថា​មិនមាន​អ្វី​ខុសឆ្គង​ទេ​ចំពោះ​ជំនួយ​មនុស្សធម៌ តែ​អ្វី​ដែល​ខ្លួន​បារម្ភ​គឺ​វា​ហាក់​បង្ហាញ​«ការ​គាំ​ទ្រ»​របស់​ទីក្រុង​ភ្នំពេញ​ទៅ​ដល់​របប​សឹក​ភូមា​ដែល​ខ្វះ​ភាព​ស្រប​ច្បាប់ និង​មិន​មាន​ការ​ទុក​ចិត្ត​ពី​ពល​រដ្ឋ​ភូមា​ខ្លួន​ឯង​នោះ​ទេ។

អ្នកស្រី​អ៊ូ ទេពផល្លីន​ធ្លាប់​ចូលរួម​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារដោយ​យោធា​នៅ​ខាង​មុខស្ថានទូត​មីយ៉ាន់ម៉ា​នៅ​ភ្នំពេញ​កាលពី​ខែកុម្ភៈ​កន្លង​ទៅ។

អ្នកស្រី​ថ្លែង​ថា៖ «ការ​ផ្ដល់​ឱ្យ​បែប​នេះ​យើង​មើល​ឃើញ​ថាការ​ផ្ដល់​ឱ្យ​ជា​ទំនាក់​ទំនង​បែប​ការ​ទូត ដើម្បី​ជាប្រយោជន៍ក្នុង​កា​រការពារ​អ្នក​ដឹកនាំ​ដែល​មាន​ចរិ​ត​ប្រហាក់​ប្រហែល​គ្នា បើ​យើង​មើល​ទៅ ​មាន​ចរិត​និង​មហិច្ឆតា​ប្រហាក់​ប្រហែលគ្នា គឺ​គេ​ព្យាយាម​ចងសម្ព័ន្ធភាព​រវាង​គ្នា​នឹង​គ្នា ដើម្បី​ជួយ​គ្នាទៅ​វិញទៅ​មក ដើម្បី​ការពារ​អំណាច​និង​ការ​ដឹកនាំ​របស់​ខ្លួន​ទៅ​ថ្ងៃ​អនាគត»។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រាប់​វីអូអេ​ថា​ការ​ផ្ដល់​ជំនួយ​ទ្វេ​ភាគី​ដោយផ្ទាល់​ទៅ​របប​សឹកភូមា​នេះ ដោយ​សារ​តែ​យន្តការ​ផ្ដល់​ជំនួយតាម​រយៈ​អាស៊ាន​មិន​ទាន់​មាន​ការ​រៀប​ចំដំណើរ​ការ​រលូន​ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា​នៅ​ឡើយ​ទៅ​នឹង​ស្ថានភាព​បន្ទាន់​នៃ​កូវីដ។

លោក​ថ្លែង​ថា៖ «ជំនួយ​របស់​យើង​ហ្នឹង​គឺទប់​ស្កាត់ប្រឆាំង​នឹង​កូវីដ១៩ មិនមែន​ជា​ជំនួយ​នយោបាយ​ណា​មួយដើម្បីពង្រឹង​ឥទ្ធិពល​ក្រុម​ណា​មួយ​នោះ​ទេ គឺ​សំដៅ​ទៅ​តែ​ប្រជាពលរដ្ឋ​តែ​ម្ដង»។

លោក ផៃ ស៊ីផាន បន្ថែម​ថា៖ «ហើយ​មនុស្ស​ចេះតែ​ស្លាប់​បន្តបន្ទាប់គ្នា​ចំពោះ​មេរោគ​កូវីដ១៩​នេះ តើ​រង់ចាំ​ថែម​មួយ​ថ្ងៃ មាន​ជីវិត​មនុស្ស​ប៉ុន្មាន​នាក់​ដែលត្រូវស្លាប់ក្នុ​ង​ជំងឺ​ហ្នឹង? ដូច្នេះ​ពេលនេះ​ជា​ការ​ជួយ ជា​ការសង្គ្រោះ​បន្ទាន់​ដែល​មិន​មាន​និន្នាការ​នយោបាយ​ណា គ្រាន់​តែ​ជា​មនុស្សធម៌​សុទ្ធ​សាធ»។

រូប​ឯកសារ៖ បាតុករភូមា​ម្នាក់លើក​រូប​ថត​អ្នកស្រី Aung San Suu Kyi មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ភូមា​ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង ក្នុង​អំឡុង​នៃ​បាតុកម្ម​មួយ​ប្រឆាំង​នឹង​របប​យោធា​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២១។
រូប​ឯកសារ៖ បាតុករភូមា​ម្នាក់លើក​រូប​ថត​អ្នកស្រី Aung San Suu Kyi មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ភូមា​ដែល​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង ក្នុង​អំឡុង​នៃ​បាតុកម្ម​មួយ​ប្រឆាំង​នឹង​របប​យោធា​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២១។

វីអូអេ​បាន​ផ្ញើសំណួរ​ស្នើសុំ​សម្ភាស តែ​មិន​ទាន់​ទទួល​បាន​ការឆ្លើ​យតប​នៅ​ឡើយ​ពី​ក្រុម​«រដ្ឋាភិបាលរួបរួម​ជាតិ» (NUG) ដែល​ជាអង្គការ​ចាត់តាំង​នយោបាយស្រមោល មាន​ភក្ដីភាព​នឹងបក្សសម្ព័ន្ធភាព​ជាតិ​ដើម្បីលទ្ធិ​ប្រជាធិបតេយ្យ NLD របស់​អ្នកស្រី Aung San Suu Kyi ដែល​ខ្ទាត​ចេញ​ពី​អំណាច​និង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​ចាប់​តាំងពីរដ្ឋប្រហារ​ខែកុម្ភៈ​មក។

យ៉ាងណាក៏​ដោយ លោក Salai Maung Taing San ឬ​ហៅ​ក្រៅ «វេជ្ជបណ្ឌិត Sasa» អ្នក​នាំ​ពាក្យ NUG បាន​ឱ្យដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពីថ្ងៃអង្គារ​ថា លោក​ស្វាគមន៍​ជំនួយ​ពីបរទេស​ដល់​ប្រជាជន​ភូមា ក្នុង​ការ​វាយ​ប្រយុទ្ធ​កូវីដ តែ​បារម្ភ​ខ្លាច​មិន​ទៅ​ដល់​ដៃ​ប្រជាជន។

លោក​បញ្ជាក់​ថា៖ «បេសកជន​ពិសេស​របស់​អាស៊ាន​ត្រូវធ្វើ​ឱ្យ​ប្រាកដថា​ជំនួយ​ឆ្លើយ​តប​នឹង​វិបត្តិ​កូវីដ១៩ មានចរិត​អព្យា​ក្រឹត សម្រាប់​ជន​ភូមា​គ្រប់​រូប និង​មិន​ត្រូវ​បាន​ប្រើ​ប្រាស់ជា​ឧបករណ៍​ដើម្បី​ការ​គៃបន្លំ​ផ្នែកនយោបាយ​និង​អំពើហិង្សា​នោះ​ឡើយ»។

នៅ​ភ្នំពេញ មន្ត្រី​ស្ថាន​ទូតភូមា​ដែល​ស្ថិតនៅ​ខាង​ក្រុម​យោធា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថាឯក​អគ្គរដ្ឋ​ទូត Thit Linn Ohn រវល់ជួប​ភ្ញៀវ​មិន​អាច​ផ្ដល់​បទសម្ភាសន៍បាន​ទេ។

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា យ៉ាង​ហោច​មាន​មនុស្ស១.០០០នាក់​ហើយ បានស្លាប់​ដោយ​អំពើ​ហិង្សា​នយោបាយក្នុង​ប្រទេស​ភូមា​ចាប់​តាំង​ពី​រដ្ឋប្រហារកាល​ពី​ដើម​ខែ​កុម្ភៈ​មក៕

XS
SM
MD
LG