ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ស្រមោល​របស់​មីយ៉ាន់ម៉ា​ស្វាគមន៍​សំណើ​របស់​អាស៊ាន​ក្នុង​ការ​បញ្ចប់​អំពើ​ហិង្សា


នៅ​ក្នុង​រូបថត​ដែល​ផ្សព្វផ្សាយ​ដោយ​វិមាន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​នេះ បង្ហាញ​ពី​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo ថ្លែង​សុន្ទរកថា​ បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​សៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១។
នៅ​ក្នុង​រូបថត​ដែល​ផ្សព្វផ្សាយ​ដោយ​វិមាន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​នេះ បង្ហាញ​ពី​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo ថ្លែង​សុន្ទរកថា​ បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​សៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១។

រដ្ឋាភិបាល​ស្រមោល​នៃ​តំណាងរាស្ត្រ​ដែល​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​របស់​មីយ៉ាន់ម៉ា​ បាន​ស្វាគមន៍​សំណើ​មួយ​របស់​បណ្ដា​មេដឹកនាំ​អាស៊ាន​ឲ្យ​បញ្ចប់​«អំពើ​ហិង្សា​របស់​យោធា» ​បន្ទាប់​ពី​បណ្ដា​មេដឹកនាំ​ទាំង​នោះ​បាន​បញ្ចប់​កិច្ច​ពិភាក្សា​គ្នា​ជាមួយ​នឹង​មេ​ដឹកនាំ​យោធា​លោក​ Min Aung Hlaing ​ក្នុង​ទីក្រុង​ហ្សាការតា ​ប្រទេស​ឥណ្ឌូណេស៊ី​អំពី​វិបត្តិ​នៅមីយ៉ាន់ម៉ា។​

លោក ​Min Aung Hlaing ​អគ្គ​មេបញ្ជាការ​យោធា​មីយ៉ាន់ម៉ា ​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​កាល​ពី​ថ្ងៃ​សៅរ៍ ​ជាមួយ​នឹង​បណ្ដា​មេដឹកនាំ​ទាំង​១០​ប្រទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​ អាស៊ាន​ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ​

ចាប់​តាំង​ពី​យោធា​បាន​ផ្ដួល​រំលំ​មេដឹកនាំ​ស៊ីវិល​អ្នកស្រី Aung San Suu Kyi ​នៅ​ក្នុង​រដ្ឋប្រហារ​យោធា​កាល​ពី​ថ្ងៃទី១ ​ខែកុម្ភៈ​មក ​មីយ៉ាន់ម៉ា​មាន​ការ​ធ្វើ​បាតុកម្ម​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ ​និង​មាន​ចលនា​ស៊ីវិល​មិន​ស្ដាប់​បង្គាប់​នៅ​ទូទាំង​ប្រទេស​ផង​ដែរ។ ​

កង​កម្លាំង​សន្ដិសុខ​បាន​ប្រើ​គ្រាប់​កាំភ្លើង​ពិត​ដើម្បី​បង្ក្រាប​លើ​ហ្វូង​បាតុករ ​ដែល​បាន​សម្លាប់​ប្រជាជន​ជាង ​៧៤០ ​នាក់​នៅ​ក្នុង​ការ​បង្ក្រាប​យ៉ាង​សាហាវ​ឃោរឃៅ។ នេះ​បើ​យោង​តាម​អង្គការ​ឃ្លាំ​មើល​ក្នុង​ស្រុក​មួយ ​ដែល​មាន​ឈ្មោះ​ថា​សមាគម​ជំនួយ​សម្រាប់​អ្នក​ទោស​មនសិការ​ (AAPP)។​

កិច្ចប្រជុំ​អាស៊ាន​នេះ​បាន​សម្រេច​គ្នា​ថា នឹង​មាន​«ការ​បញ្ឈប់​ជា​បន្ទាន់​នូវ​អំពើ​ហិង្សា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា»។ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សមាគម​នេះ​កាល​ពី​ថ្ងៃ​សៅរ៍។ ​

សមាគម​នេះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ​អាស៊ានក៏​នឹង​មាន​បេសកជន​ពិសេស​មួយ​ដើម្បី​«សម្រប​សម្រួល​ដល់»​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ផង​ដែរ ​ហើយ​អ្នក​តំណាង​រូប​នោះ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា។ ​

ប៉ុន្តែ​ខណៈ​ដែល​ពួកគេ​«ស្នើ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទោស​មនសិការ​ទាំង​អស់»​ ​ការ​ប្ដេជ្ញា​ដោះលែង​ឲ្យ​ពួកគេ​មាន​សេរីភាព​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​នោះ​ទេ។ ​

អ្នក​នាំពាក្យ​ម្នាក់​មក​ពី​រដ្ឋាភិបាល​ស្រមោល​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ (NUG) ​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ឲ្យ​ដឹង​ថា​ សេចក្ដី​ថ្លែង​ការណ៍​របស់​អាស៊ាន​គឺ​ជា​«ដំណឹង​ដ៏​គួរ​ឲ្យ​លើកទឹកចិត្ត​មួយ»។​

លោក​ Sasa ​រដ្ឋមន្ត្រី​សហប្រតិបត្តិការ​អន្តរជាតិ​របស់​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ ដែល​បច្ចុប្បន្ន​នេះ​កំពុង​តែ​លាក់​ខ្លួន​ជាមួយ​នឹង​តំណាងរាស្ត្រ​ដទៃ​ទៀត​បាន​ថ្លែង​ថា៖​ «យើង​ទន្ទឹង​រង់ចាំ​មើល​សកម្មភាព​តឹងរ៉ឹង​របស់​អាស៊ាន​ក្នុង​ការ​តាមដាន​លើ​ការ​សម្រេច​របស់​ខ្លួន ​និងការ​ស្ដារ​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​យើង ​និង​សេរីភាព​របស់​ប្រជាជន​យើង​ និង​សម្រាប់​តំបន់​នេះ​ឡើង​វិញ»។ ​

ក្រុម​អ្នក​តំណាងរាស្ត្រ ​ដែល​ភាគច្រើន​គឺ​ជា​សមាជិក​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​លោកស្រី​ Suu Kyi ​កំពុង​ត្រូវ​បាន​យោធា​តាម​ចាប់​ខ្លួន​ពីបទក្បត់ជាតិ​កម្រិត​ខ្ពស់។​

ប្រធាន​គោល​នយោបាយ​ការ​បរទេស​សហភាព​អឺរ៉ុប​លោក ​Josep Borrell ​បាន​ថ្លែង​ថា ​សហភាព​អឺរ៉ុប​នឹង​បន្ដ​ស្នើ​ឲ្យ​ដោះលែង​អ្នក​ទោស​មនសិការ។ ​

រូបឯកសារ៖ រូបភាពផ្សព្វផ្សាយដោយស្ថាប័ន Dawei Watch កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ បង្ហាញសកម្មភាពតវ៉ារបស់ក្រុមពលរដ្ឋមីយ៉ាន់ម៉ាដែលប្រឆាំងនឹងរបបយោធា នៅក្រុង Dawei មីយ៉ាន់ម៉ា។ (Photo by Handout / DAWEI WATCH / AFP)
រូបឯកសារ៖ រូបភាពផ្សព្វផ្សាយដោយស្ថាប័ន Dawei Watch កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ បង្ហាញសកម្មភាពតវ៉ារបស់ក្រុមពលរដ្ឋមីយ៉ាន់ម៉ាដែលប្រឆាំងនឹងរបបយោធា នៅក្រុង Dawei មីយ៉ាន់ម៉ា។ (Photo by Handout / DAWEI WATCH / AFP)

«ស្ថានភាព​នៅ​ដដែល»​

ខណៈ​ដែល​មីយ៉ាន់ម៉ា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​របប​យោធា​អស់​រយៈពេល​ជិត​បី​ខែ​ហើយ​នោះ ​អំពើ​ហិង្សា​ដែល​បង្ក​ឡើង​កាន់​តែ​ខ្លាំង​ដោយ​កងកម្លាំង​សន្ដិសុខ​មីយ៉ាន់ម៉ាជាពិសេស​នៅ​តាម​ទីប្រជុំជន​ក្នុង​ទីក្រុង ​បាន​ធ្វើ​ឲ្យ​ក្រុម​បាតុករ ​និង​សកម្មជន​សំខាន់ៗ​នាំ​គ្នា​លាក់​ខ្លួន។ ​

យោធា​ក៏​បាន​បង្អាក់​ដល់​ការ​ទាក់ទង​គ្នា​នៅ​ទូទាំង​ប្រទេស​ផង​ដែរ ​ដោយ​បាន​បិទ​ខ្ទប់​ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​ពេល​យប់​រយៈពេល​ ៧០ ​ថ្ងៃ ​និង​រឹតត្បិត​ការ​ប្រើប្រាស់​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​ដៃ​ដល់​កម្រិត​ទាប​បំផុត។

គិត​ត្រឹម​ថ្ងៃ​សៅរ៍ ទី២៤ ខែមេសា កន្លង​ទៅ​នេះ​ ចំនួន​អ្នក​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​បាន​កើនឡើង​ដល់​ ៣.៣៨៩ នាក់។​ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សមាគម​ជំនួយ​សម្រាប់​អ្នក​ទោស​មនសិការ។

បណ្ដាញ​ព័ត៌មាន​ឯករាជ្យ ​ដែល​មាន​ឈ្មោះ​ថា ​The Irrawaddy ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ អតីត​ការី​និពន្ធ​របស់​បណ្ដាញ​ព័ត៌មាន​នេះ​គឺ ​លោក Thu Thu Tha​ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ក្រុង​ Thanlyin ​ដែល​ជា​ក្រុង​កំពង់ផែ​ស្ថិត​នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ដង​ទន្លេ​ទល់មុខ​ទីក្រុង​រ៉ង់ហ្គូន ដែលជា​ទីក្រុង​ពាណិជ្ជកម្ម។​

លោក Aung Zaw ​ស្ថាបនិក​បណ្ដាញ​ព័ត៌មាន​ឯករាជ្យ ​The Irrawaddy ​បាន​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន​ AFP ​ថា៖ ​«ទោះ​ជា​លោក​ Min Aung Hlaing ​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ក៏​ដោយ ​ក៏​ស្ថានភាព​[ក្នុង​ប្រទេស]​នៅ​តែ​ដដែល»។​ លោក​បាន​និយាយ​ទៀត​ថា ​បុគ្គលិក​របស់​លោក​ភាគច្រើន​កំពុង​តែ​លាក់​ខ្លួន។ ​

កាល​ពី​ថ្ងៃសៅរ៍ ​ខណៈ​ដែល​អគ្គ​មេបញ្ជាការ​យោធា​មីយ៉ាន់ម៉ា​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​បណ្ដា​មេដឹកនាំនិង​បណ្ដា​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ក្នុង​ទីក្រុង​ហ្សាការតា​នោះ ​ ទាហាន​និង​ប៉ូលិស​បាន​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​បាតុករ​នៅ​ក្បែរ​រដ្ឋធានី​ណៃពិដោ​នៃ​ប្រទេស​មីយ៉ាន់ម៉ា។ ​

បាតុករ​ម្នាក់​វ័យ ​៥០​ឆ្នាំ​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន ​ហើយ​បន្ទាប់​មក​ត្រូវ​បាន​ទាហាន​បាញ់​ស្លាប់។ ​នេះ​បើ​តាម​សាក្សី​ម្នាក់​ដែល​បាន​ប្រាប់ AFP។

ទោះ​ជា​មាន​ការ​គំរាមកំហែង​ដោយ​អំពើ​ហិង្សា​ក៏​ដោយ ក៏​ក្រុម​បាតុករ​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​តែ​បន្ដ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃអាទិត្យ ​ចាប់​ពី​ក្រុង​ប៉ែក​ខាង​ជើង Hpakant ​ដែល​ជា​ក្រុង​ជីករ៉ែ ​រហូត​ដល់​រដ្ឋ​ប៉ែក​ខាង​កើត​ Karenni។

នៅ​ក្នុង​ក្រុង​ Myingyan ​ដែល​ស្ថិត​នៅ​កណ្ដាល​ប្រទេស​ ដែលការ​បង្ក្រាប​យ៉ាង​សាហាវ​ឃោរឃៅ​បាន​បង្ខំ​ឲ្យ​អ្នក​ស្រុក​លាក់​ខ្លួន​នៅ​តាម​ភូមិ​ដែល​នៅ​ក្បែរ​ខាង​ ក្រុម​បាតុករ​បាន​នាំ​គ្នា​គូស​ថ្នាំ​ពណ៌​ក្រហម​នៅ​តាម​អគារ​មួយ​ចំនួន​ក្នុង​ក្រុង​នេះ​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​បង្ហូរ​ឈាម។​

គំនូស​ថ្នាំ​ពណ៌​ក្រហម​មួយ​នៅ​លើ​ផ្លូវ​ថ្មើរ​ជើង​ក្នុង​ក្រុង​នេះ​បាន​សរសេរ​ថា៖ ​«ផ្ដល់​អំណាច​ដល់​ប្រជាជន​វិញ»។ ​

រូបឯកសារ៖ ព្រះសង្ឃនិងក្រុមអ្នកតវ៉ាប្រឆាំងយោធា បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅទីក្រុងម៉ាន់ដាឡេ ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១។
រូបឯកសារ៖ ព្រះសង្ឃនិងក្រុមអ្នកតវ៉ាប្រឆាំងយោធា បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅទីក្រុងម៉ាន់ដាឡេ ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១។

«តើ​ការ​សម្លាប់​នេះ​នឹង​បញ្ឈប់​ដែរ​ឬ​ទេ?»

កាសែត​New Light of Myanmar​ របស់​រដ្ឋ​មីយ៉ាន់ម៉ា​ កាល​ពី​ថ្ងៃ​អាទិត្យ​បាន​រាយ​ការណ៍​អំពី​ទស្សនកិច្ច​របស់​លោក​ Min Aung Hlaing ​ទៅ​កាន់​ទីក្រុង​ហ្សាការតា ​និង​ថា ​លោក​បាន​ពិភាក្សា​អំពី​«ការ​ផ្លាស់ប្ដូរ​នយោបាយ»​នៅ​ក្នុង​ប្រទេស។

ប៉ុន្តែ​កាសែត​នេះ​មិន​បាន​ចុះផ្សាយ​អំពី​សេចក្ដី​សម្រេច​រួម​របស់​អាស៊ាន​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​នោះ​ទេ។

ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ លោក Tom Andrews ​បាន​ថ្លែង​ថា ​យើង​នៅ​រង់ចាំ​មើល​នៅ​ឡើយ​ថា តើ​ការ​ចូលរួម​របស់​អាស៊ាន​នេះ​នឹង​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា​នោះ។ ​

លោក ​Andrews ​បាន​បង្ហោះសារ​លើ ​Twitter​ កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖​ «លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នឹង​ត្រូវ​បង្ហាញ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​មិនមែន​តែ​នៅ​លើ​ក្រដាស​នោះ​ទេ»។ ​

លោក​បាន​សរសេរ​ទៀត​ថា៖​ «តើ​ការ​កាប់​សម្លាប់​នេះ​នឹង​បញ្ឈប់​ដែរ​ឬ​ទេ? តើ​ការ​បំភិត​បំភ័យ​នៅ​តាម​សហគមន៍​នឹង​ត្រូវ​បញ្ចប់​ទេ? ​តើ​មនុស្ស​រាប់​ពាន់​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នឹង​ត្រូវ​បាន​ដោះលែង​វិញ​ឬ​ទេ?»។​

យោធា​បាន​ហៅ​ការ​ដណ្ដើម​អំណាច​របស់​ខ្លួន​ថា ​ជា​មធ្យោបាយ​មួយ​ដើម្បី​ការពារ​លទ្ធិ​ប្រជា​ធិបតេយ្យ ​ដោយ​ចោទ​ប្រកាន់​ថា​ មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​នៅ​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ខែ​វិច្ឆិកា ​ដែល​គណបក្ស​នយោបាយ​របស់​អ្នកស្រី​ Suu Kyi ​ទទួល​បាន​ជ័យ​ជម្នះ​ភ្លូកទឹកភ្លូកដី៕​

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG