ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានអំពាវនាវឲ្យមានបេសកជនពិសេសអាស៊ានទទួលបន្ទុកកិច្ចការប្រទេសមីយ៉ាន់ម៉ា ដើម្បីទាក់ទងជាមួយនឹងភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលកំពុងតែញាំញីដោយសារវិបត្តិ។
លោក Widodo ស្នើដូច្នេះនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់មេដឹកនាំសមាជិកអាស៊ាននានានៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរ៍។
លោក Widodo ដែលគេស្គាល់ជាទូទៅថា Jokowi បាននិយាយថា មេដឹកនាំទាំងអស់បានឯកភាពគ្នាលើបញ្ហាមីយ៉ាន់ម៉ា។ លោកក៏បានអំពាវនាវផងដែរឲ្យមានការបើកច្រកបញ្ជូនជំនួយ និងឲ្យមីយ៉ាន់ម៉ាដោះលែងអ្នកទោសនយោបាយទាំងអស់។
លោក Jokowi បាននិយាយដូច្នេះនៅក្រោយកិច្ចប្រជុំរបស់អាស៊ានអំពីវិបត្តិមីយ៉ាន់ម៉ា ដែលមានគោលបំណងបញ្ចុះបញ្ចូលនាយឧត្តមសេនីយ៍មីយ៉ាន់ម៉ាលោក Min Aung Hlaing ឲ្យធ្វើយ៉ាងណាបញ្ចប់អំពើហិង្សា។ លោក Min Aung Hlaing គឺជាអ្នកដឹកនាំការធ្វើរដ្ឋប្រហារយោធាកាលពីខែកុម្ភៈដែលបង្កឲ្យមានភាពចលាចលនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
កិច្ចប្រជុំនេះគឺជាកិច្ចប្រឹងប្រែងអន្តរជាតិដែលមានការសម្របសម្រួលដំបូងបង្អស់នៅក្នុងការបន្ធូរបន្ថយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីអ្នកស្រី Retno Marsudi បាននិយាយកាលពីថ្ងៃសុក្រថា កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងឲ្យឃើញអំពី «ក្ដីបារម្ភជ្រាលជ្រៅអំពីស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការតាំងចិត្តរបស់អាស៊ាននៅក្នុងការជួយឲ្យមីយ៉ាន់ម៉ាចេញផុតពីស្ថានការណ៍ពិបាកនេះ»។
វាជាភាពខុសពីធម្មតា ដែលមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ានដូចនេះ ដោយជាទូទៅ ប្រទេសមីយ៉ាន់ម៉ាមានអ្នកតំណាងចូលរួមដែលជាមន្ត្រីដែលមានឋានៈទាបជាងនេះ ឬក៏អ្នកតំណាងដែលជាមន្ត្រីស៊ីវិល។
មន្ត្រីការទូត និងមន្ត្រីរដ្ឋាភិបាលមួយចំនួនដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា មេដឹកនាំសមាជិកអាស៊ានជាច្រើនចង់ឲ្យលោក Min Aung Hlaing ប្ដេជ្ញារារាំងកងកម្លាំងសន្តិសុខរបស់លោកកុំឲ្យប្រើអំពើហិង្សា។
អ្នកតាមដានស្ថានការណ៍បាននិយាយថា កន្លងមក កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានសម្លាប់មនុស្សអស់ ៧៤៥ នាក់ តាំងពីមានចលនាតវ៉ាទ្រង់ទ្រាយធំរបស់ពលរដ្ឋដើម្បីប្រឆាំងទៅនឹងការធ្វើរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់អ្នកស្រី Aung San Suu Kyi កាលពីថ្ងៃទី ១ ខែកុម្ភៈមក។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Teddy Locsin បានសរសេរនៅលើ Twitter ថា៖ «ប្រទេសមីយ៉ាន់ម៉ាត្រូវតែជៀសវាងកុំឲ្យមានការបែកបាក់ខាងភូមិសាស្ត្រ នយោបាយ សង្គម និងជាតិ ទៅជាផ្នែកជាតិសាសន៍ដែលធ្វើសង្គ្រាមជាមួយគ្នា។ មីយ៉ាន់ម៉ាត្រូវតែស្វែងរកសន្តិភាពដោយខ្លួនឯងម្ដងទៀត»។
អាស៊ានមានគោលនយោបាយធ្វើសេចក្ដីសម្រេចរួមគ្នា និងគោលនយោបាយមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់សមាជិករបស់ខ្លួន ដែលក្នុងនោះមានទាំងប្រទេសមីយ៉ាន់ម៉ាផងដែរ។
ទោះបីជាករណីនេះធ្វើឲ្យអាស៊ានពិបាកនៅក្នុងការដោះស្រាយបញ្ហាជម្លោះនានាក៏ដោយ ក៏អាស៊ានត្រូវបានអង្គការសហប្រជាជាតិ ប្រទេសចិន និងសហរដ្ឋអាមេរិកយល់ថាជាស្ថាប័នដែលសក្ដិសមបំផុតនៅក្នុងការដោះស្រាយដោយផ្ទាល់ជាមួយនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។
កិច្ចប្រជុំដែលត្រូវបានស្នើឡើងដោយលោក Widodo កាលពីខែមុននេះ គឺជាអ្វីដែលខុសប្លែកពីកិច្ចប្រជុំរបស់បណ្ដាមេដឹកនាំសមាជិកអាស៊ានកន្លងមក ដែលជាទូទៅតែងតែមានការចាត់ចែងតឹងតែង។ នេះបើតាមការបញ្ជាក់របស់លោក Evan Laksmana អ្នកវិភាគផ្នែកសន្តិសុខនៅក្នុងទីក្រុងហ្សាការតា។
លោកលើកឡើងដូច្នេះថា៖ «មិនដែលមានករណីនេះកើតឡើងពីមុនមកទេ ជាពិសេសទាក់ទិនទៅនឹងគោលបំណងនៅក្នុងការពិភាក្សាអំពីបញ្ហារបស់ប្រទេសជាសមាជិកមួយរបស់ខ្លួន»។
អ្នកនាំពាក្យរដ្ឋាភិបាលឯកភាពជាតិរបស់ក្រុមប្រឆាំងនៃប្រទេសមីយ៉ាន់ម៉ា ដែលមិនបានចូលរួមនៅក្នុងកិច្ចប្រជុំនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមរបស់ខ្លួន បាន «ទាក់ទងជាមួយនឹងមេដឹកនាំរបស់សមាជិកអាស៊ាននានា»។
លោកបណ្ឌិត Sasa ដែលជាបេសកជនអន្តរជាតិរបស់រដ្ឋាភិបាលឯកភាពជាតិនេះ បាននិយាយថា អាស៊ានគួរតែទទូចឲ្យយោធាមីយ៉ាន់ម៉ាបញ្ឈប់ការសម្លាប់ជនស៊ីវិល បញ្ឈប់ការទម្លាក់គ្រាប់បែកលើភូមិក្នុងតំបន់ជាតិសាសន៍ភាគតិច ដោះលែងអ្នកទោសនយោបាយ និងប្រគល់អំណាចដល់រដ្ឋាភិបាលឯកភាពជាតិ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ