មេដឹកនាំស៊ីវិលនៃប្រទេសមីយ៉ាន់ម៉ាដែលត្រូវបានទម្លាក់ចេញពីអំណាចដោយរបបយោធានោះបានវិលត្រឡប់មកបន្ទប់សវនាការកាត់សេចក្តីក្នុងរដ្ឋធានីណៃពិដោកាលពីថ្ងៃចន្ទសម្រាប់សវនាការជុំថ្មីមួយទៀតទាក់ទិននឹងការចោទប្រកាន់រឿងពុករលួយដោយបានធ្វើឡើងដោយរបបយោធាដែលបានទម្លាក់រដ្ឋាភិបាលរបស់អ្នកស្រីក្នុងរដ្ឋប្រហារយោធាមួយកាលពីដើមខែកុម្ភៈកន្លងទៅ។
ក្រុមមេធាវីការពារក្តីរបស់អ្នកស្រី Suu Kyi បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា តុលាការបានស្តាប់សក្ខីកម្មរបស់សាក្សី២នាក់ជុំវិញការចោទប្រកាន់មួយដែលថា អ្នកស្រីបានរំលោភលើច្បាប់គ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់មីយ៉ាន់ម៉ា ដោយបំពានទៅលើការរឹតបន្តឹងជំងឺកូវីដ១៩ក្នុងអំឡុងពេលនៃយុទ្ធនាការរកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភាកាលពីឆ្នាំ២០២០កន្លងទៅ។
ក្នុងសវនាការលើកទី២របស់អ្នកស្រីដែលពាក់ព័ន្ធនឹងការរំលោភច្បាប់ទូរគមនាគមន៍នោះ ក្រុមមេធាវីទាំងសងខាងបានជជែកតឹងសរសៃកដាក់គ្នាលើការផ្តល់សក្ខីកម្មពីសាក្សីម្នាក់ក្នុងចំណោមសាក្សីបីនាក់។ សវនាការទី៣និងចុងក្រោយគឺពាក់ព័ន្ធនឹងករណីដែលអ្នកស្រីបំពានច្បាប់អាហរណ៍នីហរណ៍របស់ប្រទេសមីយ៉ាន់ម៉ា។ ពាក់ព័ន្ធនឹងបទចោទប្រកាន់នេះឯកសាររបស់ប៉ូលិសបង្ហាញថាប៉ូលិសរកឃើញវិទ្យុទាក់ទងចំនួន៦គ្រឿងក្នុងលំនៅដ្ឋានរបស់អ្នកស្រីក្នុងរដ្ឋធានីណៃពិដោដែលគ្មានចុះបញ្ជីនិងនាំចូលដោយខុសច្បាប់។
មុនសវនាការដែលទាក់ទិនអ្នកស្រី Suu Kyi សវនាការនោះបានធ្វើការចោទប្រកាន់ប្រធានាធិបតីដែលទម្លាក់ចេញពីតំណែងលោក U Win Myint ចំពោះការទាក់ទិននឹងការរំលោភច្បាប់គ្រប់គ្រងហន្តរាយ។
ក្រុមមេធាវីការពារក្តីរបស់អ្នកស្រីប្រាប់ក្រុមអ្នកសារព័ត៌មានថាគេរំពឹងថាសវនាក្តីនេះនឹងអាចប្រើពេលរហូតដល់ចុងខែកក្កដាទើបបញ្ចប់៕