នៅសប្តាហ៍នេះ តុលាការនឹងសម្រេចជោគវាសនារបស់ជនសង្ស័យជាអ្នករួមគំនិតនៅក្នុងការធ្វើឃាតមេធាវីកាន់សាសនាឥស្លាមដ៏ល្បីល្បាញម្នាក់របស់ប្រទេសមីយ៉ាន់ម៉ា។
ការកាត់ទោសបុរស៣នាក់ជាប្រវត្តិសាស្រ្តមួយដែលបានរងការចោទប្រកាន់ពីការធ្វើឃាតមេធាវីកាន់សាសនាឥស្លាមដ៏ល្បីល្បាញម្នាក់ នឹងខិតកាន់តែជិតឡើងនៅថ្ងៃសុក្រខាងមុខនេះ ជាង២ឆ្នាំចាប់តាំងពីការសម្លាប់នេះ បានធ្វើឲ្យរំជើបរំជួលទូទាំងប្រទេស។
លោកកូ នី ជាអ្នកជំនាញខាងរដ្ឋធម្មនុញ្ញហើយនិងជាទីប្រឹក្សាដ៏ជិតស្និទ្ធម្នាក់របស់លោកស្រី អង់ សានស៊ូជី កំពុងពរចៅប្រុសរបស់លោកនៅពេលដែលលោកបានរង់ចាំនៅខាងក្រៅព្រលានយន្តហោះក្រុងរ៉ង់ហ្គូនកាលពីខែមករា ឆ្នាំ២០១៧ ស្រាប់តែបុរសម្នាក់បានដើរខាងក្រោយលោក ហើយបានបាញ់ក្បាលលោកពីខាងក្រោយ។
មុនពេលលោកស្លាប់ លោកកូ នី បានធ្វើការលើផែនការដើម្បីបន្ធូរបន្ថយការក្តោបក្តាប់អំណាចរបស់ពួកយោធា។
តុលាការក្រុងរ៉ង់ហ្គូន នឹងសម្រេចថាតើនឹងត្រូវដាក់ទោស Kyi Linជាខ្មាន់កាំភ្លើង ដែលត្រូវថតបានតាមម៉ាស៊ីនថតទាំងកណ្តាលថ្ងៃ ដែលបានកេះកៃកាំភ្លើង ហើយនឹងសម្រេចជោគវាសនារបស់ពួកជនឃុបឃិតដែលរងការចោទប្រកាន់នោះ។
រដ្ឋអាជ្ញា បានអំពាវនាវឲ្យកាត់ទោសប្រហារជីវិតបុរសទាំង៣នាក់នោះ ទោះបីជា ជនទាំងនោះ ហាក់ដូចជានឹងមិនត្រូវប្រហារជីវិតក៏ដោយ។
មេធាវីការពារក្តី បានជជែកឲ្យហេតុផលចំពោះការបន្ថយទោសឲ្យ Kyi Lin ហើយនឹងឲ្យរួចទោសសម្រាប់បុរស២នាក់ទៀត ដែលអ្នកទាំង២ជាអតីតមន្រ្តីយោធា ហើយចុងចោទទី៤ បានរងការចោទប្រកាន់ពីការផ្តល់ទីជម្រកដល់ចុងចោទម្នាក់ក្នុងចំណោមជនទាំង៣។
ជនសង្ស័យជាមេគំនិតគឺ Aung Win Khine គឺជាអតីតវរសេនីយទោចូលនិវត្តន៍ ដែលរហូតមកទល់ពេលនេះមិនទាន់ត្រូវបានចាប់ខ្លួនទេ។
អ្នកស្រី Yin New Khine កូនស្រីបងបង្អស់របស់លោកកូ នី បាននិយាយថា ការកាត់ទោសនេះមានសារៈសំខាន់សម្រាប់ប្រទេសដែលឪពុករបស់អ្នកស្រី បានទទួលយុត្តិ ធម៌ ក៏ប៉ុន្តែ លទ្ធផលនៃការកាត់ទោសនោះ នឹងធ្វើឲ្យមានការផ្លាស់ប្តូរតិចតួចដល់ក្រុមគ្រួសាររបស់អ្នកស្រី។
អ្នកស្រីបាន VOA ថា៖ «ខ្ញុំចង់បានយុត្តិធម៌សម្រាប់ឪពុករបស់ខ្ញុំសម្រាប់មនុស្សគ្រប់រូបដែលប្រឈមបញ្ហាបែបនេះ។សម្រាប់មនុស្សទាំងអស់នៅក្នុងប្រទេសរបស់យើងដែលបានបាត់អ្នកជាទីស្រឡាញ់។ការកាត់ទោសនេះត្រូវតែក្លាយជាមុខមាត់សម្រាប់ប្រ ទេស សម្រាប់នីតិរដ្ឋនិងសម្រាប់សេចក្តីថ្លៃថ្នូររបស់ប្រទេសយើង»។
អ្នកស្រីនិយាយទៀតថា អ្នកស្រី មិនមានគម្រោងចូលរួមសវនាការនេះទេ។
លោកកូ នី បានប្រើជំនាញច្បាប់របស់លោកដើម្បីព្យាយាមជួយលោកស្រី អោងសានស៊ូជី ស្វែងរកមធ្យោបាយជុំវិញបញ្ហារដ្ឋធម្មនុញ្ញដែលព្រាងដោយពួកយោធាដែលបានអនុញ្ញាតឲ្យពួកឧត្តមសេនីយយោធារក្សាការត្រួតត្រាយ៉ាងតឹងរ៉ឹងលើអំណាចនៅពីក្រោយឆាកហើយនិងអនុញ្ញាតិឲ្យជនស៊ីវិលចូលរួមក្នុងនយោបាយ។
លោក បានរិះគិតការធ្វើវិសោធនកម្មឬការជំនួសធម្មនុញ្ញឆ្នាំ២០០៨ដោយចំហរដែលផ្តល់ការធានាដល់ពួកយោធាឲ្យបានទទួលអាសនៈ១ភាគ៣នៅក្នុងសភា ហើយនឹងមានសិទ្ធិបោះឆ្នោតវ៉េតូលើការកែប្រែរដ្ឋធម្មនុញ្ញ។
ការណ៍នេះ ក៏អនុញ្ញាតឲ្យពួកយោធាតែងតាំងកងទ័ពដែលបម្រើការងារកាន់កាប់តួនាទីក្រសួងសំខាន់ៗក្នុងកិច្ចការព្រំដែន មហាផ្ទៃនិងការពារប្រទេស។
លោកស្រី អោង សានស៊ូជី ត្រូវបានគេរារាំងមិនឲ្យក្លាយជាប្រធានាធិបតីតាមធម្មនុញ្ញ ប៉ុន្តែ ចាប់តាំងពីគណបក្សរបស់លោកស្រី បានកាន់អំណាចនៅឆ្នាំ២០១៦មក លោកស្រីបានដឹកនាំប្រទេសដោយមាន «អំណាចលើប្រធានាធិបតី»ជាទីប្រឹក្សារដ្ឋ ជាតួនាទីមួយដែលលោកកូ នី បានទទួលគុណសម្បត្តិពីការជួយ បង្កើត។
ឃាតកម្មនេះ ក៏បញ្ជាក់ពីស្ថានភាពមិនទៀតទាត់របស់អ្នកកាន់សាសនាឥស្លាមនៅក្នុងប្រទេស ដែលមានអ្នកកាន់ព្រះពុទ្ធសាសនាភាគច្រើនដែលត្រូវបានញាំញីដោយការតានតឹងខាងជាតិសាសន៍។
ស្ថានភាពរបស់លោកកូ នី ជាអ្នកកាន់សាសនាឥស្លាមដ៏ល្បីល្បាញដែលជាអ្នករិះគន់មិនសំចៃមាត់ដែរនោះ មានន័យថា លោកត្រូវបានគេចាត់ទុកថា ជា សត្រូវដោយពួកអ្នកកាន់ព្រះពុទ្ធសាសនាជាតិនិយមជ្រុល។ ភ្លាមៗបន្ទាប់ពីការស្លាប់របស់លោក ព្រះសង្ឃប្រឆាំងនឹងសាសនាឥស្លាមទុយ៌សម្នាក់មានឈ្មោះថា Wirathu បានអរគុណជាសាធារណៈចំពោះឃាតករនៅលើបណ្តាញសង្គមFacebook។
អ្នកស្រី Yin Nwe Khineបាននិយាយថា ក្រុមគ្រួសាររបស់អ្នកស្រី រំពឹងថា ការកាត់ក្តីនោះនឹងត្រូវចប់។
អ្នកស្រី បាននិយាយថា «យើង គ្រាន់តែចង់បានជីវិតផ្ទាល់ខ្លួនរបស់យើងត្រឡប់មកវិញ។យើងត្រូវបានគេដឹងឮជាសាធារណៈ ដែលការណ៍នេះធ្វើឲ្យយើងមានការតានតឹងក្នុងចិត្តបំផុត។ មនុស្ស សម្លឹងមើលខ្ញុំ។ ការណ៍នេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍មិនស្រួល»។
ក្រុមអ្នកសង្កេតការណ៍បានរិះគន់ដំណើរការខាងផ្លូវច្បាប់រយៈពេល ២ឆ្នាំ ដែលទាក់ទិនមនុស្សរាប់សិបនាក់មុនសវនាការកាត់ទោសថា មានភាពស្ពឹកស្រពន់ និងមានគុណវិបត្តិ។
គណៈកម្មការគណៈវិនិច្ឆ័យអន្តរជាតិកាលពីខែមុន បានចង្អុលបង្ហាញពីករណីជាច្រើននៃចម្លើយកសិណសាក្សី ដែលទំនងមិនពាក់ព័ន្ធហើយសាក្សីសំខាន់ៗមិនបានបង្ហាញខ្លួននៅតុលាការ។
ថ្វីបើ មានការរិះគន់ទាំងនេះ មេធាវីកាត់ក្តីលោក Nay La បានប្រាប់ VOA ថា លោកជឿថា ការកាត់ទោសនេះ «ជាការកាត់ទោសយុត្តិធម៌»។
លោក Zaw Htayអ្នកនាំពាក្យរដ្ឋាភិបាល បានបដិសេធពុំព្រមធ្វើអត្ថាធិប្បាយនៅពេលដែលទាក់ទងតាមទូរសព្ទកាលពីថ្ងៃអង្គារ។
លោក David Matiesonជាអ្នកវិភាគឯករាជ្យដែលមានទីតាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានប្រាប់VOA ថាដំណើរការកាត់ក្តីនេះ «មានភាពគួរឲ្យចង់សើច»។លោកបាននិយាយទៀតថា «ខ្ញុំគិតថា បន្ទាប់ពីសវនាការជាង១រយលើកហើយដោយមានអំពើក្រមិចក្រមើមចំឡែកនិងការមិនពាក់ព័ន្ធខ្លះបានត្រូវប្រើដោយមេធាវីការពារចុងចោទ មានការទាក់ទិននឹងរឿងនយោបាយជាមួយរឿងក្តីនេះទាំងមូល ខណៈដែលចៅក្រម បានត្រូវផ្លាស់ប្តូរដូចជាលេងសន្លឹកបៀរ អាចមិនមានសេចក្តីទុកចិត្តនៅក្នុងសាលក្រមចំពោះលទ្ធផលនៃការកាត់ទោសនេះ៕
ប្រែសម្រួលដោយជឹង ប៉ូជីន