ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

របាយការណ៍​ថា​អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា​កើន​ឡើង​តាម​កំណើន​ក្រុម​ការពារ​ខ្លួន​


រូប​ឯកសារ៖ បាតុករ​​មីយ៉ាន់ម៉ា​ដែល​ប្រឆាំង​រដ្ឋប្រហារ​ស្រែក​ពាក្យ​ស្លោក​ខណៈ​ពួក​គេ​​ដង្ហែ​​ក្បួន​តវ៉ា​នៅ​​សង្កាត់ Pabedan នៃ​ក្រុង ក្រុងរ៉ង់ហ្គូន កាល​​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២១។

អំពើ​ហិង្សា​នៅ​ក្រោយ​រដ្ឋប្រហារ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បាន​កើន​ឡើង​ខណៈ​កង​កម្លាំង​ស្វ័យការពារ​ប្រឆាំងរបប​យោធា​បាន​កើន​ឡើង។ នេះ​បើ​តាម​របាយ​ការណ៍​ថ្មីមួយ​ដែល​ព្រមាន​អំពី​ការ​បាត់​បង់​ជីវិត​មនុស្ស​ដ៏ច្រើន​ប្រសិន​បើ​របប​នេះ​ប្រើ​កម្លាំង​ពេញ​ទំហឹង​ក្នុង​ការ​បង្ក្រាប​ជា​បន្ត​បន្ទាប់ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយទីភ្នាក់ងារ​សារ​ព័ត៌មាន​ AFP។​

ប្រទេស​មីយ៉ាន់ម៉ា​មាន​ភាព​ច្របូក​ច្របល់​ចាប់តាំង​ពី​រដ្ឋ​ប្រហារ​ខែ​កុម្ភៈ​ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​របស់​អ្នកស្រី​ Aung San Suu Kyi​ ដោយ​មាន​មនុស្ស​ជាង​៨៨០​នាក់​ត្រូវ​បាន​សម្លាប់​នៅក្នុង​ការ​បង្ក្រាប​របស់​របប​យោធា​លើ​ក្រុម​ប្រឆាំង។​

នៅ​តំបន់​ខ្លះ​ប្រជាជន​ជា​រឿយៗ​ប្រើ​កាំភ្លើង​បាញ់សត្វ​ឬ​កាំភ្លើង​ផលិត​នៅ​រោងចក្រ​ចល័ត​ក្នុង​ព្រៃ​ដើម្បី​បង្កើត​ជា​កម្លាំង​ការពារ​ខ្លួន។​

ជា​ការ​ឆ្លើយតប​យោធា​បាន​ប្រើ​ឧទ្ធម្ភាគចក្រ​និង​កាំភ្លើង​ធំ​ប្រឆាំង​នឹង​ក្រុម​នានា​នៅ​រដ្ឋ​ Chin​ នៅ​ភាគ​ពាយព្យ​និង​តាម​បណ្តោយ​ព្រំដែន​ភាគខាង​កើត​ជាមួយ​ប្រទេស​ថៃ។​

អង្គការ ​International Crisis Group ​ដែល​ឃ្លាំមើល​វិបត្តិ​អន្តរជាតិ​ហើយ​ដែល​ព្យាយាម​បង្ការ​ជម្លោះនិយាយ​ក្នុង​របាយការណ៍​ថា៖​ «ដោយ​ប្រឈម​នឹង​ការ​បះបោរ​ប្រដាប់​អាវុធយោធា​មីយ៉ាន់ម៉ា​អាច​ត្រូវ​គេ​រំពឹង​ថា​នឹង​បញ្ចេញ​កម្លាំង​យោធា​ប្រឆាំង​នឹង​ជន​ស៊ីវិល»។​

របាយ​ការណ៍​នេះ​បន្ត​ថា៖ ​«ការ​បាត់បង់​ជីវិត​មនុស្ស​នឹង​មាន​ច្រើន​ជាពិសេស​ស្ត្រី​ កុមារ​និង​មនុស្ស​ចាស់​ដែល​ប្រឈម​នឹង​ការ​លំបាក​ខ្លាំង​បំផុត​នៃ​អំពើ​ហិង្សា​និង​ការផ្លាស់​ទីលំ​នៅ»។​

អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា​ប្រជាជន​ប្រមាណ​២៣​ម៉ឺន​នាក់​ត្រូវ​ផ្លាស់​ទីលំ​នៅ​ដោយ​សារ​ការ​ប្រយុទ្ធ​គ្នា​និង​អសន្តិសុខ៕

XS
SM
MD
LG