ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាលោក ធិន ច (U Htin Kyaw) ចាប់ផ្ដើមបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនៅប្រទេសកម្ពុជានៅថ្ងៃសុក្រនេះ។ នេះគឺជាទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកចាប់តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតី កាលពីខែមីនា ឆ្នាំ២០១៦។
ដំណើរទស្សនកិច្ចរបស់លោក ធិន ច ធ្វើឡើងតាមការអញ្ជើញរបស់ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី។
លោក ធិន ច បានមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃសុក្រនេះ ហើយនៅពេលរសៀលថ្ងៃដដែលលោកបានចូលគាល់ព្រះមហាក្សត្រនៅឯព្រះបរមរាជវាំង។
យោងតាមក្រសួងការបរទេសកម្ពុជា លោក ធិន ច នឹងជួបពិភាក្សា ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍ ។ នៅពេលរសៀល លោកនឹងធ្វើដំណើរទៅខេត្តសៀមរាប ជាទីដែលលោកនឹងបញ្ចប់ទស្សនកិច្ចរបស់លោក។
លោកប្រធានាធិបតីមីយ៉ាន់ម៉ារូបនេះ គ្រោងនឹងចាកចេញពីខេត្តសៀមរាប ហើយវិលត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញនៅថ្ងៃចន្ទ។
លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់VOA នៅថ្ងៃសុក្រនេះថា ទស្សនកិច្ចរបស់លោក ធិន ច គឺជាការរឹតបន្តឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺកម្ពុជា និងមីយ៉ាន់ម៉ា។
ប៉ុន្តែ លោកថា ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរ ពុំមានគម្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឬកិច្ចសហប្រតិបត្តិការណាមួយនោះទេ។
«ជាគម្រោង អត់មានទេបាទ! ហើយយ៉ាងម៉េចជាក់ស្ដែង ចាំមើលពេលក្រោយ ពេលជួបពិភាក្សាជាមួយនឹងសម្ដេចនាយករដ្ឋមន្ត្រី។ អាហ្នឹងក្រែងលោកមានការប្រែប្រួលយ៉ាងម៉េច ដែលខុសពីការគ្រោងទុក អាហ្នឹងខ្ញុំមិនដឹងទេណា៎!»
ទោះជាយ៉ាងណា លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីមីយ៉ាន់ម៉ានេះ បង្ហាញថា ចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ។
លោកបន្តថា ថ្នាក់ដឹកនាំប្រទេសទាំងពីរ នឹងពិភាក្សាគ្នាលើបញ្ហាមួយចំនួន ដែលក្នុងនោះអាចជាការពិភាក្សាពីកិច្ចសហប្រតិបត្តិការផ្លូវអាកាសផងដែរ។
«ក្រៅផ្លូវការទេ ខ្ញុំឮមានការជជែកគ្នាច្រើន... មានដូចជាទំនាក់ទំនងផ្លូវអាកាសអីហ្នឹង ប៉ុន្តែគ្រាន់តែជាការចាប់ផ្ដើមនិយាយគ្នាក្រោយឆាកទេអាហ្នឹង តាមខ្ញុំមើលទៅ»។
លោក ផៃ ស៊ីផាន បន្តថា ជំនួបរវាងថ្នាក់ដឹកនាំទាំងពីរ ក៏ជាឱកាសនៃការចែករំលែកបទពិសោធន៍ក្នុងការធ្វើកំណែទម្រង់រដ្ឋាភិបាលផងដែរ។
លោកបន្តថា មីយ៉ាន់ម៉ា គឺជាប្រទេសដែលទើបតែផ្លាស់ប្ដូរចេញពីរបបយោធានិងកំពុងរៀបចំរដ្ឋាភិបាលថ្មី ហើយកម្ពុជាមានបទពិសោធន៍ក្នុងការរៀបចំរដ្ឋាភិបាលថ្មីក្រោយសង្គ្រាមស៊ីវិល។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយក្នុងស្រុកយល់ថា ទស្សនកិច្ចរបស់លោក ធិន ច គ្រាន់តែជាទស្សនកិច្ចនិមិត្តរូបប៉ុណ្ណោះ ដោយលោកថា អំណាចនៃការដឹកនាំប្រទេសមីយ៉ាន់ម៉ាគឺនៅក្រោមឥទ្ធិពលរបស់លោកស្រី អង់សាន ស៊ូជី។
លោកបន្តថា ដំណើរទស្សនកិច្ចនេះ មិនមានលទ្ធផលអ្វីធំដុំសម្រាប់ប្រទេសទាំងពីរ ក្រៅពីការពង្រឹងចំណងមិត្តភាពរវាងប្រទេសជាសមាជិកអាស៊ានដូចគ្នានោះទេ។
«ខ្ញុំមើលទៅ ទំនាក់ទំនងកម្ពុជា-មីយ៉ាន់ម៉ា មិនសូវមានអីធំដុំផ្នែកនយោបាយក៏ដោយ ផ្នែកសន្តិសុខក៏ដោយ ផ្នែកសេដ្ឋកិច្ចក៏ដោយ មិនទាន់មានអីធំដុំទេ។ អ៊ីចឹងខ្ញុំមើលទៅគ្រាន់ជាការរាប់អានអ្នកជិតខាង ហើយជាសមាជិក២នៅក្នុងតំបន់អាស៊ាន។ ខ្ញុំមើលទៅការយកចិត្តទុកដាក់គ្នាទៅវិញទៅមកហ្នឹងគឺល្អ»។
លោក ធិន ច ក្លាយជាប្រធានាធិបតីប្រទេសមីយ៉ាន់ម៉ាកាលពីខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីគណបក្សរបស់លោកស្រី អង់សាន ស៊ូជី បានឈ្នះឆ្នោត ក៏ប៉ុន្តែច្បាប់រដ្ឋធម្មនុញ្ញរបស់មីយ៉ាន់ម៉ាដែលតាក់តែងដោយរបបយោធា បានរារាំងលោកស្រីមិនឲ្យទទួលតំណែងខ្ពស់នេះបាន ដោយសារលោកស្រីមានស្វាមីជាជនបរទេស៕