ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​មីយ៉ានម៉ា​បាន​ឃុំខ្លួន​អ្នក​កាសែត​២​នាក់​ដែល​បាន​បង្ហោះ​ Drone ​លើ​បរិវេណ​សភា


រូបឯកសារ៖ សមាជិក​រដ្ឋ​សភា​មីយ៉ាន់ម៉ា​ មក​ដល់​រដ្ឋ​សភា​នៅ​ទីក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា។
រូបឯកសារ៖ សមាជិក​រដ្ឋ​សភា​មីយ៉ាន់ម៉ា​ មក​ដល់​រដ្ឋ​សភា​នៅ​ទីក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា។

ប៉ូលិស​មីយ៉ាន​ម៉ា​កាល​ពី​ថ្ងៃ​សៅរ៍និយាយ​ថា ​ពួក​គេ​បាន​ឃុំ​ខ្លួន​អ្នក​កាសែត​បរទេស​២​នាក់​ ដែល​បាន​បម្រើ​ការ​ឲ្យ​បណ្តាញ​ព័ត៌មាន​រដ្ឋ​តួកគី​ចំពោះ​ការ​បង្ហោះ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក ​Drone ​លើ​បរិវេណ​សភា​នៅ​ក្នុង​រដ្ឋ​ធានៅ​ណៃ​ពីដោ។

ការ​ឃុំ​ឃាំង​ពួកគេ​បាន​កើត​មាន​ឡើង​នៅ​ពេល​ដែល​មាន​ការ​តាន​តឹង​យ៉ាង​ខ្លាំង​រវាង​មីយ៉ាន​ម៉ា​និងតួកគី​ ដែល​បាន​រិះគន់​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ចំពោះ​ការ​ធ្វើ​បាប​ជន​ជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម។

ប្រធានា​ធិបតី ​Recep Tayyip Erdogan នៃ​ប្រទេស​តួកគី​បាន​ចោទ​ប្រកាន់​មីយ៉ាន​ម៉ា​កាល​ពី​ខែ​កញ្ញា​ ពីការ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា ​ការ​ចោទ​ប្រកាន់​នោះ​ត្រូវ​បាន​មីយ៉ានម៉ា​បដិសេធ។

អ្នក​កាសែត​ដែល​ធ្វើ​ការ​ឲ្យ​បណ្តាញ​ទូរទស្សន៍​រដ្ឋ TRT បាន​ត្រូវ​គេ​ប្រាប់​ឈ្មោះ​ថា Lau Hon Meng មក​ពី​ប្រទេស​សិង្ហបូរី​ ហើយ​និង​ឈ្មោះ​ Mok Choy Linមក​ពី​ប្រទេស​ម៉ាឡេស៊ី។ អ្នក​ទាំង២​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​បាន​ធ្វើ​ការ​ជាមួយ​លោក ​Aung Naing Soe ​អ្នកកាសែត​មីយ៉ានម៉ា។ បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា ​ពួកអាជ្ញាធរ​បាន​ឆែកឆេរ​ផ្ទះ​របស់​លោក Aung Naing Soe នៅ​ក្នុង​ទីក្រុង​រ៉ង់​ហ្គូន​កាលពី​យប់​ថ្ងៃ​សុក្រ។

ប៉ូលិស​បាន​និយាយថា ​ពួកគេ​រំពឹង​ថា​នឹង​បាន​ទទួល​ការអនុញ្ញាត​ពី​តុលាការ​ដើម្បី​ឃុំខ្លួន​អ្នកកាសែតទាំង​២​នាក់​នោះ​រហូត​ដល់​១៥​ថ្ងៃ​ខណៈ​ដែល​ពួកគេ​ប្រុង​ប្រៀប​រៀប​ចំ​ធ្វើ​ការ​ចោទ​ប្រកាន់​ពួក​គេ​ពី​ការ​នាំ​យន្តហោះ​គ្មាន​មនុស្ស​បើក Drone ​ចូល​ក្នុង​ប្រទេស​នោះ​ដោយ​គ្មាន​ការ​អនុញ្ញាត​ដែល​ជាការ​រំលោភ​មួយ​ដែល​អាច​នាំ​ឲ្យ​កាត់​ទោស​ជាប់​ពន្ធនា​គារ​រយៈ​ពេល​៣ឆ្នាំ៕

XS
SM
MD
LG