ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាជិក​សភា​សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​មាន​ចំណាត់​ការ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា


រូបភាព​ឯកសារ៖​ ប៉ូលិស​មីយ៉ាន់ម៉ា​ឈរ​យាម​ខណ​ដែល​អ្នក​សារព័ត៌មាន​បាន​មក​ដល់​ភូមិ Shwe Zar ភាគ​ខាងជើង​នៃ​ខេត្ត​ Rakhine កាលពី​ថ្ងៃទី​០៦ កញ្ញា ២០១៧។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​កំពុង​អំពាវនាវ​ឲ្យ​មាន​ការ​ចេញចូលបានរបស់​ពួក​អ្នក​កាសែត​និង​បុគ្គលិក​ផ្តល់​ជំនួយ​ទៅ​កាន់​រដ្ឋ Rakhineដែល​មាន​ចលាចល​នៅ​ក្នុង​ប្រទេស​មីយ៉ានម៉ា។

លោក​តំណាងរាស្រ្តEd Royceប្រធាន​គណៈ​កម្មាធិការកិច្ចការបរទេស​បាន​និ​យាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា «ការណ៍​នេះ​មាន​សារៈ​សំខាន់​បំផុត​ដែល​យើង​មាន​អ្នក​យក​ព័ត៌មាន​នៅទី​កន្លែង​នោះ។ ​ហើយ​ក៏មាន​សារៈ​សំខាន់​ដែរ​ដែលយើង​មាន​ទី​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក USAID នៅ​ទី​នោះ​។​ ពីព្រោះ​ដរាប​ណា​មាន​វត្ត​មាន​របស់​ពួកគេ​នៅ​ទី​នោះ ​ពួកគេ​អាច​ពិនិត្យ​មើល​អំពើ​ព្រៃផ្សៃ​ទាំង​នោះ‍បាន»។

​លោក​តំណាង​រាស្រ្ត Royce ​បាន​មាន​ប្រសាសន៍​ទៀត​ថា រដ្ឋបាល​របស់​ប្រធានា​ធិបតី​ ត្រាំ ​បាន​សន្យា​ផ្តល់​ប្រាក់ជំនួយ៣២​លាន​ដុល្លារ ហើយ​២៨​លាន​ដុល្លា​រ​នៃ​ប្រាក់​ជំនួយ​នោះ​នឹង​ឲ្យ​ទៅ​ប្រទេស​បង់ក្លាដែស ​ដែល​នៅ​ទី​នោះ​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ាចំនួន​៥០ម៉ឺននាក់​បាន​រត់​ឆ្លងកាត់​ព្រំ​ដែន​ចាប់តាំង​ពី​ខែ​សីហា​មក។

លោក Patrick Murphy មន្រ្តី​ជាន់​ខ្ពស់សហរដ្ឋ​អាមេរិកទទួល​បន្ទុក​តំបន់​អាស៊ី​អាគ្នេយ៍និយាយ​ថាសហរដ្ឋ​អាមេរិក​បាន​ស្នើ​ពួក​មន្រ្តី​ស៊ីវិល​និង​យោធារបស់​មីយ៉ានម៉ា​ឲ្យ​ចាត់​វិធានការណ៍​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា ​ហើយ​លោក​តំណាង រាស្រ្ត​ជាន់​ខ្ពស់ Eliot Engel ខាង​គណបក្ស​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​គណៈ​កម្មាធិការ​នោះ ​បាន​និយាយ​ថា​សហរដ្ឋ​អាមេរិក​ត្រូវតែ​ពិចារណា​ពីការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ពួក​យោធា​មីយ៉ានម៉ា។

សមាជិក​សភា​ទាំងនោះ​ក៏បន្ទរ​តាមស្នងការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជា ជាតិ​ដោយ​និយាយថា ​អំពើ​ហិង្សា​ប្រឆាំង​នឹង​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​បាន​នាំឲ្យ​មាន​ការរត់​គេចខ្លួន​យ៉ាង​ច្រើន​នោះ​បណ្តាល​មក​ពី​ការ​បោស​សម្អាត​ខាង​ជាតិ​សាសន៍៕

XS
SM
MD
LG