ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​រដ្ឋ​មន្ត្រី​ Tillerson៖​ យើង​នឹង​ធ្វើ​ឲ្យ​ពួកមេ ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​ទទួល​ខុសត្រូវ​ចំពោះ​វិបត្តិ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា


លោក​រដ្ឋ​មន្ត្រី​ការបរទេស Rex Tillerson ថ្លែង​សុន្ទរកថា​នៅ​មជ្ឈមណ្ឌល​សិក្សា​អន្តរជាតិ និង​យុទ្ធសាស្ត្រ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក Rex Tillerson ​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​លោក​នឹង​ធ្វើ​ឲ្យ​មេដឹកនាំ​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ទទួល​ខុសត្រូវ​ចំពោះ​វិបត្តិ​ជន​ភៀស​ខ្លួន​នៅ​ពេល​បច្ចុប្បន្ន​នេះ​ដែល​កំពុង​ប៉ះពាល់​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​ប្រទេស​នោះ។

ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ជាង​កន្លះ​លាននាក់​បាន​ឆ្លង​ព្រំ​ដែន​ចូល​ក្នុង​ប្រទេស​បង់ក្លាដែស​ដែល​ជា​ប្រទេស​ជិតខាង​ក្នុង​រយៈពេល​ប៉ុន្មាន ​សប្តាហ៍​ថ្មីៗ​នេះ​ដើម្បី​គេច​ចេញ​ពី​ការ​បង្ក្រាប​ទៅ​លើ​សហគមន៍​ជន​ជាតិ​ភាគ​តិច​របស់​ខ្លួន​ដោយ​យោធា​មីយ៉ាន់ម៉ា​បន្ទាប់​ពី​ពួក​ជន​សកម្ម​ប្រយុទ្ធ​រ៉ូហ៊ីងយ៉ា​បាន​ចាប់​ផ្តើម​វាយ​ប្រហារ​ទៅលើ​កងកម្លាំង​សន្តិសុខ​រដ្ឋ​មក។

ការ​បង្ក្រាប​ដែល​បាន​នាំ​ឲ្យអំពើ​ព្រៃផ្សៃ​រាលដាល ​បាន​ជំរុញ​ឲ្យ​មានការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ពី​អន្តរជាតិ ​ទោះ​ជាយ៉ាង​នៅ​ក៏​ដោយ ​ពួកមន្ត្រី​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​តែ​បន្ត​បដិសេធ​ពី​ការ​មាន​វិបត្តិ​នេះ។

លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Tillerson បាន​មាន​ប្រសាសន៍​ទៀត​ថា «យើង​ប្រាកដ​ធ្វើ​ឲ្យ​មេដឹកនាំ​យោធា​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅរដ្ឋRakhineនោះ។ អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​យើង​គឺថា ពិភពលោកមិន​អាច​ឈរ​មើល​ ហើយ​មើល​អំពើ​ឃោរឃៅ​ដែល​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​តំបន់​នោះ​ទេ‍»។

អត្ថាធិប្បាយ​របស់​លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Rex Tillerson បាន​កើត​មាន​ឡើង​បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​មក​ពី​សកម្មជន​សិទ្ធិ​មនុស្ស​របស់​អង្គការ​សិទ្ធិ​មនុស្ស Amnesty International ​ថា ​កងកម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​បាន​រង​ការចោទ​ប្រកាន់​ពី​ការ​បោស​សម្អាត​ជា​ប្រព័ន្ធ​ដល់​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា៕

XS
SM
MD
LG