ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឆាំង​​នៅ​មីយ៉ាន់ម៉ា​ស្វាគមន៍​ការ​ដក​មេដឹកនាំ​​យោធា​ចេញ​ពី​​អាស៊ាន​និង​ស្នើសុំ​ឱ្យ​អញ្ជើញ​ពួកគេ​ជា​តំណាង​កិច្ច​ប្រជុំ​កំពូល


រូបឯកសារ៖ បាតុករ​ប្រឆាំង​ការ​ធ្វើ​រដ្ឋប្រហារ​កាន់​បដា​ដែលសរសេរ​ថា «យើងគាំទ្រ​រដ្ឋាភិបាល​រួបរួម​ជាតិ»​ ពេល​ពួកគេ​ធ្វើបាតុកម្ម​តាម​ដងផ្លូវ​កាលពី​ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅ​ទីក្រុង​ Yangon ប្រទេស​មីយ៉ាន់ម៉ា។ (AP)

រដ្ឋាភិបាល​ស្រមោល​មីយ៉ាន់ម៉ា​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ប្រឆាំង​នឹង​ក្រុម​យោធា​ដែល​កំពុង​កាន់​អំណាច​បាន​ស្វាគមន៍​ការ​ដក​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing ចេញ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ពេល​ខាង​មុខ និង​ថា​ រដ្ឋាភិបាល​ស្រមោល​នេះ​គួរ​តែ​ជា​តំណាង​ស្រប​ច្បាប់​របស់​មីយ៉ាន់ម៉ា។

ក្រុម​ប្រឆាំង​ក៏​លើក​ឡើង​ថា ខ្លួន​នឹង​ទទួល​យក​ការ​អញ្ជើញ​អ្នក​តំណាង​មីយ៉ាន់ម៉ា​ផ្សេង​ដែល​មាន​អព្យាក្រឹត្យ​ពិត​ប្រាកដ​ ដូច​ការ​សម្រេច​ដោយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន។

អាស៊ាន​នឹង​អញ្ជើញ​អ្នក​តំណាង​មិន​មែន​ជា​អ្នក​នយោបាយ​មក​ពី​មីយ៉ាន់ម៉ា​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ពី​ថ្ងៃទី២៦ ដល់​ថ្ងៃទី២៨ ខែតុលា​ខាង​មុខ។ ការ​ធ្វើ​បែប​នេះ​ជា​ការ​មិន​អើពើ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ចំពោះ​មេដឹកនាំ​យោធា​ដែល​នៅ​ពី​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី Aung San Suu Kyi កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​មុន។

រដ្ឋាភិបាល​រួបរួម​ជាតិ​ (NUG) ដែល​ជា​ក្រុម​ប្រឆាំង និង​ត្រូវ​បាន​របប​យោធា​ចាត់​ទុក​ថា​ជា​ក្រុម​ខុស​ច្បាប់​បាន​និយាយ​ថា បុគ្គល​ដែល​មិន​មែន​ជា​អ្នក​នយោបាយ​ និង​ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​មិន​ត្រូវ​ជា​អ្នក​តំណាង​ឱ្យ​របប​យោធា​តាមរយៈ​ការ​ក្លែងបន្លំ​នោះ​ទេ។ ​

លោក​បណ្ឌិត Sasa អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល NUG បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា «ការ​ដែល​អាស៊ាន​ដក​លោក Min Aung Hlaing ជា​ជំហាន​ដ៏​សំខាន់​មួយ ប៉ុន្តែ​យើង​សូម​សំណូមពរ​ថា ពួកគេ​គួរ​ទទួល​ស្គាល់​ពួកយើង​ជា​អ្នក​តំណាង​ត្រឹមត្រូវ»។

ការ​សម្រេច​នេះ​ជា​ជំហាន​ដ៏​កម្រ​ប្រកប​ដោយ​ហានិភ័យ​សម្រាប់​ប្លុក​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​ការ​យល់ព្រម​ជា​កុងសង់ស៊ីស​នេះ ហើយ​ជា​ប្រពៃណី ប្លុក​នេះ​គាំទ្រ​ដល់​គោលនយោបាយ​ចូលរួម និង​មិន​មាន​ការ​ជ្រៀតជ្រែក។

ប្រទេស​ព្រុយណេ ដែល​ជា​ប្រធាន​អាស៊ាន​នា​ពេល​បច្ចុប្បន្ន​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ ដោយ​លើក​ឡើង​ពី​ការ​ខ្វះ​ការ​វិវត្ត​នៃ​ការ​អនុវត្ត​តាម​ផែនទី​បង្ហាញ​ផ្លូវ​ដែល​របប​យោធា​បាន​យល់ព្រម​ជាមួយ​អាស៊ាន​ក្នុង​ខែមេសា​ដើម្បី​ស្តារ​សន្តិភាព​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ឡើង​វិញ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​បាន​បន្ទោស «ការ​អន្តរាគមន៍​បរទេស» ចំពោះ​សេចក្តី​សម្រេច​នេះ​ និង​អះអាង​ថា វា​ប្រឆាំង​នឹង​គោលបំណង​របស់​អាស៊ាន ធម្មនុញ្ញ​អាស៊ាន និង​គោលការណ៍​អាស៊ាន។​

ប្រទេស​មីយ៉ាន់ម៉ា​ស្ថិត​ក្នុង​ភាព​ចលាចល​ចាប់តាំង​ពី​រដ្ឋប្រហារ​កាលពី​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​មុន​ ដែល​បាន​បញ្ចប់​កំណែ​ទម្រង់​សេដ្ឋកិច្ច និង​ប្រជាធិបតេយ្យ​ដែល​បាន​កសាង​អស់​រយៈពេល​មួយ​ទសវត្សរ៍។ ក្រុម​ប្រឆាំង​រាប់​ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន រួម​ទាំង​អ្នកស្រី Suu Kyi ផង​ដែរ។

កងកម្លាំង​សន្តិសុខ​បាន​សម្លាប់​មនុស្ស​ជាង ១.១០០ នាក់។ នេះ​បើ​យោង​តាម​សមាគម​ផ្តល់​ជំនួយ​ដល់​អ្នក​ទោស​នយោបាយ (AAPP) ដែល​ជា​ក្រុម​សកម្មជន​តាមដាន​ការ​ចាប់​ខ្លួន និង​ការ​សម្លាប់​អ្នក​ទោស​នយោបាយ។ ក្រុម​យោធា​បាន​ហៅ​ក្រុម​ប្រឆាំង​នឹង​ខ្លួន​ថា ជា​ក្រុម​ភេរវករ​ប្រឆាំង៕

XS
SM
MD
LG