ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ី​សង្ឃឹម​ថា បណ្ដា​ប្រទេស​អាស៊ាន​មាន​ការ​ឯកភាព​គ្នា​ទាក់ទិន​នឹង​រឿង​កិច្ច​ព្រមព្រៀង AUKUS


រូបឯកសារ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​ម៉ាឡេស៊ី​លោក Hishammuddin Hussein ចាកចេញ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​ នៅ​ស្នាក់ការ​កណ្តាល​អង្គការ UMNO នៅទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ (Reuters)
រូបឯកសារ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​ម៉ាឡេស៊ី​លោក Hishammuddin Hussein ចាកចេញ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​ នៅ​ស្នាក់ការ​កណ្តាល​អង្គការ UMNO នៅទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។ (Reuters)

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​ម៉ាឡេស៊ី​សង្ឃឹម​ថា​មាន​ការ​ឯកភាព​គ្នា​ច្បាស់លាស់​មួយ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាក់ទិន​នឹង​រឿង​កិច្ច​ព្រមព្រៀងAUKUS ដែល​ជា​កិច្ច​ព្រមព្រៀង​សន្តិសុខ​ថ្មី​សម្រាប់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​រវាង​ប្រទេស​អូស្ត្រាលី សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

កិច្ច​ព្រមព្រៀង AUKUS ដែល​បាន​ប្រកាស​កាលពី​ខែ​មុន​នេះ នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​អូស្ត្រាលី​ទទួល​បាន​បច្ចេកវិទ្យា​ដើម្បី​បង្កើត​នាវា​មុជ​ទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ។ ចំណុច​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ដែល​មាន​បំណង​ឆ្លើយតប​ទៅ​នឹង​ឥទ្ធិពល​កើនឡើង​របស់​ប្រទេស​ចិន ជាពិសេស​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ជា​តំបន់​យុទ្ធសាស្ត្រ​សំខាន់។

កិច្ច​ព្រមព្រៀង​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​បណ្ដា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍។ ប្រទេស​ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី​បាន​ព្រមាន​ថា វា​អាច​នាំឲ្យ​មាន​ការ​ប្រជែង​ខាង​សព្វាវុធ​ក្នុង​ចំណោម​មហា​អំណាច​នានា​នៅ​ក្នុង​តំបន់ ចំណែក​ឯ​ប្រទេស​ហ្វីលីពីន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​វិញ បាន​គាំទ្រ​កិច្ច​ព្រមព្រៀង​នេះ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ម៉ាឡេស៊ី​លោក Hishammuddin Hussein បាន​ប្រាប់​រដ្ឋសភា​ម៉ាឡេស៊ី​នៅ​ថ្ងៃ​អង្គារ​នេះ​ថា កិច្ច​ប្រជុំ​ជាមួយ​សមភាគី​របស់​លោក​មកពី​សមាគម​អាស៊ាន (ASEAN) ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​នេះ នឹង​បង្ហាញ​ពី​ឱកាស​សម្រាប់​សមាគម​នេះ​នៅ​ក្នុង​ការ​ឯកភាព​គ្នា​លើ​ការ​ឆ្លើយតប​ជា​រួម​ចំពោះ​កិច្ច​ព្រមព្រៀង AUKUS នេះ។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «គោល​បំណង​ចុងក្រោយ​របស់​យើង​គឺ​ជានិច្ចកាល​ធានា​ឲ្យ​មាន​ស្ថិរភាព​នៅ​ក្នុង​តំបន់ ដោយ​មិន​ខ្វល់​អំពី [ការ​ប្រជែង] តុល្យភាព​អំណាច​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន​នោះ​ទេ»។

កន្លង​មក ប្រទេស​ចិន​បាន​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង AUKUS នេះ​មាន​ហានិភ័យ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។ ប៉ុន្តែ សហរដ្ឋ​អាមេរិក​បាន​លើកឡើង​ថា កិច្ច​ព្រមព្រៀង​នេះ​មិន​បង្ក​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នោះ​ទេ ហើយ​គ្មាន​គោល​បំណង​សំដៅ​លើ​ប្រទេស​ណា​មួយ​នោះ​ឡើយ៕

XS
SM
MD
LG