ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​ បន្ទោស​ក្រុម​ប្រឆាំង​រឿង​ភាព​ចលាចល​នៅ​មីយ៉ាន់ម៉ា


រូបឯកសារ៖ ​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing ចូលរួម​នៅក្នុង​សន្និសីទ IX Moscow ស្តីពី​សន្តិសុខ​អន្តរជាតិ​នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា របប​យោធា​ដែល​កំពុង​កាន់​អំណាច​ បាន​តាំងចិត្ត​ដើម្បី​សន្តិភាព​និង​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​ថា សមាគម​អាស៊ាន (ASEAN) គួរតែ​ពិចារណា​លើ​ការ​បង្កហេតុ​ និង​អំពើ​ហិង្សា​ដែល​ប្រព្រឹត្តិ​ឡើង​ដោយ​ក្រុម​ប្រឆាំង​នៅ​មីយ៉ាន់ម៉ា។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នៅ​ក្នុង​ការ​លើកឡើង​លើក​ដំបូង​របស់​លោក ចាប់​តាំងពី​ពេល​ដែល​បណ្តា​ប្រទេស​អាស៊ាន ​បាន​សម្រេច​ដក​លោក​ចេញពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅពេល​ខាង​មុខ ដោយសារ​លោក​ខ្វះ​ការ​តាំងចិត្ត​ក្នុង​ការ​ធ្វើ​តាម​ផែនការ ៥ ចំណុច​ដែល​លោក​បាន​យល់ព្រម​ជាមួយ​អាស៊ាន​មក លោក Min Aung Hlaing បាន​បញ្ជាក់​ឡើង​វិញ​អំពី​ផែនការ ៥ ដំណាក់កាល​នេះ​ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ។

លោក Min Aung Hlaing ដែល​បាន​ដឹកនាំ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ មិន​បាន​និយាយ​អំពី​ការ​សម្រេច​របស់​អាស៊ាន​ទេ ក៏​ប៉ុន្តែ​បាន​ស្នើ​ថា រដ្ឋាភិបាល​ឯកភាព​ជាតិ (National Unity Government (NUG)) ដែល​ខ្លួន​ចាត់ទុក​ថាមិន​ស្របច្បាប់​និង​ក្រុម​ជាតិសាសន៍​ភាគតិច​ប្រដាប់​អាវុធ​ បាន​ព្យាយាម​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ដំណើការ​សន្តិភាព​ដែល​ដឹកនាំ​ដោយ​អាស៊ាន។

លោក Min Aung Hlaing បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា៖ «អំពើ​ហិង្សា​កាន់តែ​ច្រើន ​បាន​កើតឡើង​ដោយសារតែ​ការ​បង្កហេតុ​របស់​ក្រុម​ភេរវកម្ម។ មិន​មាន​នរណា​ម្នាក់​ខ្វាយខ្វល់​អំពី​អំពើ​ហិង្សា​របស់​ពួកគេ​ទេ ហើយ​គិតតែ​ទាមទារ​ឱ្យ​យើង​ដោះស្រាយ​បញ្ហា​នេះ។ អាស៊ាន​ គួរតែ​ធ្វើការ​លើ​បញ្ហា​នេះ»។

អាស៊ាន​ បាន​សម្រេច​អញ្ជើញ​អ្នក​តំណាង​ដែល​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​មកពី​ប្រទេស​មីយ៉ាន់ម៉ា​ឱ្យ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ពី​ថ្ងៃ​ទី ២៦ ដល់​ថ្ងៃ​ទី ២៨ ខែ​តុលា​ខាង​មុខ។ ការ​ធ្វើ​ដូច្នេះ ​គឺ​ជា​ការ​ធ្វើ​ព្រងើយ​កន្ដើយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ចំពោះ​ក្រុម​មេដឹកនាំ​យោធា​ដែល​ស្ថិត​នៅ​ពី​ក្រោយ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​អ្នកស្រី Aung San Suu Kyi៕

XS
SM
MD
LG