ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​យោធា​មីយ៉ាន់ម៉ា​គាំទ្រ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន


រូបឯកសារ៖ លោកឧត្តម​សេនីយ៍​ Zaw Min Tun អ្នកនាំពាក្យ​ក្រុមប្រឹក្សា​យោធា​មីយ៉ាន់ម៉ា។
រូបឯកសារ៖ លោកឧត្តម​សេនីយ៍​ Zaw Min Tun អ្នកនាំពាក្យ​ក្រុមប្រឹក្សា​យោធា​មីយ៉ាន់ម៉ា។

មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​គាំទ្រ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន ដែល​ធ្វើ​ឲ្យ​មីយ៉ាន់ម៉ា​ខុស​ពី​ប្រទេស​ភាគច្រើន​ក្នុង​សហគមន៍​ពិភពលោក​ ដែល​ថ្កោលទោស​សកម្មភាព​យោធា​របស់​រុស្ស៊ី ហើយ​ងាកទៅ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​នេះ។​

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​នឹង​ VOA ​ភាសា​ភូមា ​លោក​ឧត្តម​សេនីយ៍​ Zaw Min Tun អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​យោធា​មីយ៉ាន់ម៉ា​ បាន​លើកឡើង​ពី​ហេតុផល​ដែល​រដ្ឋាភិបាល​យោធា​គាំទ្រ​ចំណាត់​ការ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោកVladimir Putin។

លោក​បាន​ថ្លែងថា៖«ទីមួយ​គឺថា​រុស្ស៊ី​បាន​ធ្វើការ​ដើម្បី​បង្រួប​បង្រួម​អធិបតេយ្យភាព​របស់​ខ្លួន។ ខ្ញុំគិតថា​នេះ​គឺ​ជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវ​ធ្វើ។ ទី២​គឺត្រូវ​បង្ហាញ​ពិភពលោក​ថា រុស្ស៊ី​គឺជា​មហាអំណាច​ពិភពលោក»។

ដោយ​ប្រឆាំង​នឹង​របប​យោធា​មីយ៉ាន់ម៉ា ​រដ្ឋាភិបាល​និរទេស​មីយ៉ាន់ម៉ា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​គាំទ្រ​អ៊ុយក្រែន​កាលពី​ថ្ងៃសុក្រ ដោយ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម Twitterថា៖«រដ្ឋាភិបាល​រួបរួម​ជាតិ​នៃ​សាធារណៈរដ្ឋ​សហភាព​មីយ៉ាន់ម៉ា​ថ្កោលទោស​ចំពោះ​សកម្មភាព​សង្គ្រាម​ដោយ​គ្មាន​ហេតុផល​របស់​រុស្ស៊ី​ប្រឆាំង​នឹង​អ៊ុយក្រែន​និង​ពលរដ្ឋ​ប្រទេសនេះ»។

រដ្ឋាភិបាល​ស្រមោល​នេះ​បាន​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា «គួរ​ឲ្យ​ភ័យខ្លាច» ហើយ​ថា​«ស្ថានភាព​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​គឺជា​ការ​បំពាន​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ​និង​ច្បាប់​អន្តរជាតិ​ ហើយ​ថា​ជា​គំរូមិនល្អ​នៅ​ក្នុង​សតវត្សរ៍​ទី២១នេះ។ ជាង​នេះ​ទៅ​ទៀត​ ទង្វើ​នេះ​នឹង​ជា​ឧបសគ្គ​ធំ​មួយ​ក្នុង​ការ​រក្សា​សន្តិភាព​អន្តរជាតិ ​សន្តិសុខ​ និង​ការអភិវឌ្ឍមនុស្ស​ជាតិ។ មីយ៉ាន់ម៉ា​ឈរ​សាមគ្គីភាព​ជាមួយ​នឹង​ពលរដ្ឋ​អ៊ុយក្រែន»។

មេដឹកនាំ​រដ្ឋប្រហារ​លោក Min Aung Hlaing បាន​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​កាលពី​ខែ​មិថុនា​ ឆ្នាំ​មុន​ ហើយ​មាន​ទំនាក់​ទំនង​រឹងមាំ​រវាង​យោធា​ភូមា​និង​រុស្ស៊ី។ រុស្ស៊ី​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​តូច​ដែល​គាំទ្រ​ក្រុមប្រឹក្សា​យោធា​មីយ៉ាន់ម៉ា​ដែល​បាន​ដណ្តើម​អំណាច​កាលពី​ថ្ងៃ​ទី១​ ខែ​កុម្ភៈ ​ឆ្នាំ​២០២១​ ដោយ​ធ្វើ​រដ្ឋប្រហារ​ផ្តួល​រំលំ​រដ្ឋាភិបាល​ស៊ីវិល​ និង​ចាប់​ខ្លួន​មេដឹកនាំដែល​ជាប់​ឆ្នោតតាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​អ្នកស្រី Aung San Suu Kyi និង​មន្ត្រី​ជាន់​ខ្ពស់​ដទៃ​ទៀត។

ចាប់​តាំង​ពី​ពេល​នោះ​មក អង្គការ​សហប្រជាជាតិ​និង​អ្នក​ជំនាញ​ភូមា​បាន​អំពាវនាវ​ម្តងហើយ​ម្តងទៀត​ឲ្យ​ហាម​ឃាត់​ការ​លក់​អាវុធ​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​យោធា​មីយ៉ាន់ម៉ា ​ប៉ុន្តែ​រុស្ស៊ី​មិនខ្វល់​ពី​ការអំពាវនាវ​នេះទេ។

ហេតុផល​នៃ​ការ​ចូល​កាន់​កាប់​អំណាច​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន​ ក្រុម​មន្ត្រី​យោធា​បាន​អះអាង​ពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ច្រើន​សន្ធឹក​សន្ធាប់​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​២០២០ ដែល​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អ្នកស្រី Suu Kyi បាន​ឈ្នះ​យ៉ាង​ភ្លូក​ទឹក​ភ្លូកដី។ អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ទាំងជាតិ​និង​អន្តរជាតិ​បាន​បញ្ជាក់​ថា​ការ​បោះឆ្នោត​ឆ្នាំ​២០២០​គឺ​សឹងតែ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌ ​លើក​លែង​តែ​ចំណុច​ខ្វះ​ខាត​តិច​តួច​តែ​ប៉ុណ្ណោះ។

អ្នកស្រី​ Suu Kyi ​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ជាច្រើន​ ចាប់តាំង​ពី​អ្នកស្រី​ត្រូវ​បាន​ឃុំ​ខ្លួន​ នៅ​ពេល​យោធា​ច្បាម​យក​អំណាច។ អ្នកស្រី​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ៦ឆ្នាំ បន្ទាប់​ពី​ត្រូវ​បាន​កាត់ទោស​ពីបទ​នាំ​ចូលវិទ្យុទាក់ទងwalkie talkies ខុស​ច្បាប់​ និង​ការ​បំពាន​បម្រាម​ការពារ​វីរុស​កូរ៉ូណា។

អ្នកស្រី​ក៏​ត្រូវបាន​កាត់ទោស​ពីបទ​ចោទ​ប្រកាន់រឿង​បំពាន​ច្បាប់​សម្ងាត់​ផ្លូវការ ​ដែល​អាច​មាន​ទោស​ជាប់​ពន្ធនាគារ​អតិបរមា​១៤ឆ្នាំ​ផង​ដែរ។ លោក​ Sean Turnell ​សេដ្ឋវិទូ​អូស្ត្រាលី​ដែល​ជា​ទីប្រឹក្សា​របស់​អ្នកស្រី​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ជាមួយ​អ្នកស្រី​ផងដែរ។

ក្នុង​គម្រប់​ខួប​មួយឆ្នាំ​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​ដោយ​យោធា​មីយ៉ាន់ម៉ា ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថែមទៀត​ទៅ​លើ​បុគ្គល​ឬ​អង្គភាព​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​របប​នេះ។ ក្នុង​ចំណោម​អ្នក​ទាំងនោះ​មាន​អ្នកស្រី Thida Oo ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក​Tun Tun Oo ប្រធាន​តុលាការ​កំពូល ​និង​លោក ​Tin Ooដែល​ជា​ប្រធាន​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ។ អង្គភាព​ចំនួន​២​ដែលត្រូវ​បាន​ដាក់​ទណ្ឌកម្ម​រួម​មាន​ក្រុមហ៊ុន​ KT Services & Logistics Company Limited ​និង​នាយកដ្ឋាន​លទ្ធកម្ម​នៃ​អគ្គមេបញ្ជាការ​នៃ​សេវាកម្ម​ការពារ​ជាតិ​ ដែល​អាមេរិក​ថា​គាំទ្រ​ដល់​របប​យោធា​មីយ៉ាន់ម៉ា។

មីយ៉ាន់ម៉ា​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេស​អង់គ្លេស​កាលពី​ឆ្នាំ១៩៤៨។ ប្រទេស​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​ពី​ឆ្នាំ១៩៦២ ដល់​ឆ្នាំ២០១១ ​នៅ​ពេល​ដែល​រដ្ឋាភិបាល​ថ្មី​ចាប់​ផ្តើម​ងាក​ទៅ​គ្រប់​គ្រង​តាម​បែប​ស៊ីវិល៕

XS
SM
MD
LG