របបយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់អ្នកស្រី Aung San Suu Kyi ថា បានប្រព្រឹត្តិអំពើលួចបន្លំនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាការចោទប្រកាន់ថ្មីចុងក្រោយមួយក្នុងចំណោមការចោទប្រកាន់ជាច្រើនប្រឆាំងនឹងរូបអ្នកស្រី ចាប់តាំងពីគណបក្សអ្នកស្រីឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីនោះមក។ នេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សាយព័ត៌មានរដ្ឋមីយ៉ាន់ម៉ានៅថ្ងៃអង្គារ ហើយដែលត្រូវបានដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ។
ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ទៅក្នុងភាពវឹកវរចាប់តាំងពីក្រោយថ្ងៃរដ្ឋប្រហារយោធាកាលពីដើមខែកុម្ភៈកន្លងទៅ ដែលបណ្តាលឲ្យមានបាតុកម្មប្រឆាំងតវ៉ា់នៅទូទំាងប្រទេស និងការបង្ក្រាបយ៉ាងបង្ហូរឈាមពីសំណាក់អាជ្ញាធរមីយ៉ាន់ម៉ាទៅលើក្រុមអ្នកប្រឆាំង។
អ្នកស្រី Suu Kyi ដែលមានអាយុ ៧៦ឆ្នាំ ត្រូវបានរបបយោធាមីយ៉ាន់ម៉ាចាប់ឃុំក្នុងផ្ទះតាំងពីក្រោយថ្ងៃរដ្ឋប្រហារមក និងត្រូវបានចោទប្រកាន់ពីបទមានវិទ្យុទាក់ទងដោយខុសច្បាប់ ដឹកនាំការបះបោរ ប្រព្រឹត្តិអំពើពុករលួយ ដែលត្រូវប្រឈមនឹងការជាប់ពន្ធនាគារជាច្រើនទសវត្សរ៍ ប្រសិនបើត្រូវកាត់ទោសថា មានកំហុសមែននោះ។
អ្នកស្រី Suu Kyi នៅពេលនេះ ថែមទាំងត្រូវបានរបបយោធាមីយ៉ាន់ម៉ាចោទប្រកាន់មួយករណីបន្ថែមទៀត គឺ «ការលួចបន្លំសន្លឹកឆ្នោត និងសកម្មភាពខុសច្បាប់ផ្សេងទៀត»។ នេះ បើតាមការចេញផ្សាយរបស់កាសែត Global New Light of Myanmar ដែលគ្រប់គ្រងដោយរដ្ឋមីយ៉ាន់ម៉ា។ កាសែតនេះមិនបាននិយាយថា តើនៅពេលណា ទើបករណីចោទប្រកាន់ថ្មីនេះ នឹងត្រូវបើកសវនាការកាត់ទោសនោះទេ។
កាសែតនោះបន្ថែមទៀតថា មន្ត្រីមីយ៉ាន់ម៉ាចំនួន១៥នាក់ផ្សេងទៀត ដែលរួមមានអតីតប្រធានាធិបតីមីយ៉ាន់ម៉ាលោក Win Myint និងអតីតប្រធានគណៈកម្មការរៀបចំការបោះឆ្នោតផងដែរ ដែលប្រឈមនឹងការចោទប្រកាន់ដូចគ្នានោះ។
អ្នកស្រី Suu Kyi នឹងដឹងអំពីសាលក្រមរបស់តុលាការលើអ្នកស្រី ពីបទធ្វើឲ្យមានអំពើញុះញង់ប្រឆាំងនឹងក្រុមយោធានៅថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ។ នេះ បើតាមប្រភពមួយ ដែលបានដឹងអំពីរឿងនេះ ហើយបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ។
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់អ្នកស្រី Suu Kyi មានសំឡេងគាំទ្រកើនឡើងខ្លាំងនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០ បើប្រៀបធៀបទៅនឹងការបោះឆ្នោតក្នុងឆ្នាំ២០១៥ ដែលធ្វើឲ្យគណបក្សដែលគាំទ្រដោយរបបយោធាទទួលបរាជ័យយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតនោះ។
ប៉ុន្តែរបបយោធា បានលើកយកហេតុផលពីការលួចបន្លំការបោះឆ្នោត ធ្វើជាមូលហេតុក្នុងការធ្វើរដ្ឋប្រហារយោធា ដណ្តើមអំណាច និងបញ្ចប់នូវការដឹកនាំគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ៕