ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​​គ្រោង​តែងតាំង​បេក្ខភាព​ថ្មី​ជា​​ប្រេសិត​​អាស៊ាន​​លើ​​បញ្ហា​​ភូមា​ឱ្យ​ចូល​កាន់​តំណែង​ឆ្នាំក្រោយ


រូបឯកសារ៖ នៅ​ក្នុង​រូបថត​កាល​ពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បង្ហាញ​ពី​ទង់ជាតិ​របស់​ប្រទេស​មួយ​ចំនួន​ដែល​ជា​សមាជិក​អាស៊ាន នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣ ក្នុង​ប្រទេស​សិង្ហបុរី។ (AP)
រូបឯកសារ៖ នៅ​ក្នុង​រូបថត​កាល​ពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បង្ហាញ​ពី​ទង់ជាតិ​របស់​ប្រទេស​មួយ​ចំនួន​ដែល​ជា​សមាជិក​អាស៊ាន នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣ ក្នុង​ប្រទេស​សិង្ហបុរី។ (AP)

កម្ពុជា​ដែល​នឹង​ក្លាយ​ជា​ប្រធាន​អាស៊ាន​នៅ​ខែមករា​ឆ្នាំ២០២២​ខាង​មុខ​តទៅ​ ប្រកាស​ថា ប្រេសិត​អាស៊ាន​ស្ដីពី​បញ្ហាភូមា ​លោក ​Erywan Yusof នឹង​បន្ត​កាន់​តំណែង​របស់​លោក​រហូត​ដល់​អាណត្តិ​ជា​ប្រធាន​អាស៊ាន​របស់​ព្រុយណេ​ចប់​នៅដំណាច់​ខែធ្នូ​ខាង​មុខ​នេះ។

លោក កុយ គួង ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រាប់​វីអូអេ​ថា ​ទាំង​អាណត្តិ​ប្រធាន​របស់​ព្រុយណេ​និង​តំណែង​ជា​ប្រេសិត​ពិសេស​របស់​អាស៊ានលើ​បញ្ហា​ភូមា​របស់​លោក Erywan Yusof អនុ​រដ្ឋមន្ត្រី​ការបរទេស​ព្រុយណេ​ត្រូវ​បញ្ចប់​នៅ​ដំណាច់​ឆ្នាំ​នេះ។

អ្នកការទូត​កម្ពុជា​រូបនេះ​ថា ក្នុងនាម​ជា​ប្រធាន​អាស៊ាន ​ទីក្រុង​ភ្នំពេញ​នឹង​តែង​តាំង​បេក្ខភាពថ្មី​ ធ្វើ​ជា​ប្រេសិត​ពិសេស​បន្ត​ពី​លោក ​Erywan Yusof។

ការ​ថ្លែង​នេះ​កើត​មាន​នៅ​ក្រោយ​ពី​មាន​ការ​ស្នើ​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ម៉ាឡេស៊ី ​Saifuddin Abdullah ​ចង់​ឱ្យ​មាន​ការ​រក្សា​ទុក​លោក Erywan Yusof ​ជា​ប្រេសិត​ពិសេស​ដដែល ក្នុង​ពេលដែល​អាស៊ាន​ត្រូវ​ប្ដូរ​មក​ក្រោម​ការ​ធ្វើជា​ប្រធាន​របស់​កម្ពុជា​ឆ្នាំ២០២២។​

ត្រង់​ការ​ស្នើនេះ​ លោក កុយ គួង ​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖

«យោបល់​របស់​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី ស្តីពី​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​នេះ អាច​លើក​ជា​សំណួរ​អំពី​ការ​ធ្វើ​បុរេ​វិនិច្ឆ័យ​របស់​គាត់​លើ​ការ​ប្តេជ្ញា​ចិត្ត​និង​បុព្វសិទ្ធិ​របស់​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ២០២២ ក្នុង​ការ​ដោះស្រាយ​បញ្ហា​មីយ៉ាន់ម៉ា»។

អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា​រូប​នេះ​បាន​បន្ត​ថា៖​

«ឯកឧត្ដម Erywan Yusof ពិត​ជា​បាន​ខិតខំ​បំពេញ​តួនាទី​របស់​គាត់​ដ៏​គួរ​អោយ​កោត​សរសើរ​ក្នុង​នាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន។ ... ក្នុងនាម​ជា​ប្រធានអាស៊ាន​ឆ្នាំ២០២២ កម្ពុជា​នឹង​ខិតខំ​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​រួម​សាមគ្គី​គ្នា​អនុវត្ត​ការ​ព្រម​ព្រៀង​គ្នា​ជា​ឯកច្ឆ័ន្ទ​៥​ចំនុច​ស្តីពី​ប្រទេស​មីយ៉ាន់ម៉ា​និង​ពង្រឹង​សាមគ្គីភាព​និង​មជ្ឈភាព​របស់​អាស៊ាន»។

លោក Erywan Yusof ត្រូវ​បាន​តែងតាំង​ជា​ប្រេសិត​ពិសេស​របស់​អាស៊ាន​ស្ដី​ពី​បញ្ហា​ភូមា កាល​ពី​ខែសីហា ឆ្នាំ២០២១ ដើម្បី​ជា​ដើរ​តួនាទី​របស់​អង្គការ​ថ្នាក់​តំបន់​មួយ​នេះ ឆ្លើយ​តប​នឹង​វិបត្តិ​ក្រោយ​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​ភូមា ដែល​បាន​កើត​ឡើង​នៅ​ខែកុម្ភៈ។

យ៉ាងណា​ក៏ដោយ​ក្រោយ​ត្រូវ​បាន​តែង​តាំង លោក Erywan Yusof មិន​ទាន់​បានធ្វើ​ដំណើរ​ទៅ​ភូមា​នៅ​ឡើយ។ លោក​បាន​លុប​ចោល​បេសកកម្ម​ទៅ​ភូមា​កាលពី​ខែតុលា ក្រោយ​របប​សឹក​ភូមា​បាន​បដិសេធ​សំណើ​របស់​លោក សុំ​ជួប​អ្នកស្រី Aung San Suu Kyi។

ទីភ្នាក់ងារ​ព័ត៌មាន Nikkei Asia របស់​ជប៉ុន​បាន​ដកស្រង់​សម្ដី​មន្ត្រី​កម្ពុជា​ថា​ បេក្ខភាព​ប្រេសិតបន្ទាប់​អាច​ជា​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស​របស់​កម្ពុជា​តែ​ម្ដង។ លោក កុយ​ គួង បាន​បដិសេធ​ឆ្លើយ​សំណួរ​អំពី​បេក្ខភាព​ប្រេសិតថ្មី ដោយ​ថា​គេ​«នឹង​ដឹង​នៅ​ពេល​វេ​លា​មក​ដល់»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG