ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​​សិទ្ធិ​មនុស្ស៖ របប​យោធា​​មីយ៉ាន់ម៉ា​​​​រារាំង​ជំនួយ​​​ទៅ​​ក្រុម​គ្រួសារ​​ខ្ចាត់ព្រាត់​​​​ដោយសារ​​ការប្រយុទ្ធ​គ្នា​ក្រោយ​រដ្ឋប្រហារ​


រូប​ឯកសារ៖ ក្រុមគ្រួសារ​ដែល​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែង​ដោយ​សារ​ការ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ពាយព្យ​មីម៉ាន់ម៉ា កំពុង​ស្នាក់​នៅ​ក្នុង​ជំរំ​មួយ​នៅ​ក្នុង​រដ្ឋ Chin កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១។
រូប​ឯកសារ៖ ក្រុមគ្រួសារ​ដែល​ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សំបែង​ដោយ​សារ​ការ​ប្រយុទ្ធ​គ្នា​នៅ​ភាគ​ពាយព្យ​មីម៉ាន់ម៉ា កំពុង​ស្នាក់​នៅ​ក្នុង​ជំរំ​មួយ​នៅ​ក្នុង​រដ្ឋ Chin កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១។

ក្រុម​ការពារ​សិទ្ធិ​មនុស្សនិយាយថារបប​យោធាមីយ៉ាន់ម៉ារឹត​បន្តឹងលំហូរ​ជំនួយ​មនុស្សធម៌​ទៅកាន់​ក្រុម​គ្រួសារ​រាប់ពាន់​ដែល​បាន​ចាក​ចេញ​ពី​ផ្ទះ​ពួក​គេដោយសារ​ការ​ប្រយុទ្ធគ្នា​ចាប់តាំង​ពី​រដ្ឋ​ប្រហារ​កាល​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ​ដែល​នាំឱ្យក្រុម​ជន​ស៊ីវិលគ្មាន​ការ​ផ្គត់ផ្គង់​សម្រាប់​ជួយ​ជីវិត​ដោយ​ក្រុម​យោធាព្យាយាម​កម្ទេចការ​តស៊ូ​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​ក្រុម​យោធា។​

អង្គការ​សហប្រជាជាតិ (អ.ស.ប.)​ និយាយ​ថា​ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​យោធា​និងក្រុម​ប្រដាប់​អាវុធចាស់​និង​ថ្មីមួយ​ចំនួន​ជំរុញឱ្យមានគ្រួសារ​កាន់​តែ​ច្រើន​ឡើងចេញ​ពី​ទីក្រុង​និង​ភូមិ​ជា​រៀង​រាល់​ខែ​ដោយ​មាន​មនុស្ស​ជាង​២៨៤.០០០​នាក់​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សំបែង​ដោយ​អំពើ​ហិង្សាក្រោយ​រដ្ឋប្រហារបើ​គិត​មក​ដល់ដើម​ខែ​ធ្នូ។​

ក្រុម​គ្រួសារ​ទាំង​នេះ​ភាគច្រើនឋិត​ក្នុង​តំបន់​យ៉ាប់យ៉ឺន​និងដាច់​ស្រយាលក្នុង​ផ្នែកពាយព្យ​និង​អាគ្នេយ៍ប្រទេសដែល​នៅ​ទី​នោះ​ការ​តស៊ូ​ប្រដាប់អាវុធ​ដោយ​កងទ័ព​ជនជាតិ​ភាគ​តិចនិង​អ្វី​ដែល​ហៅ​ថា​កង​កម្លាំង​ការពារ​របស់​ប្រជារាស្ត្រ​នោះ​មានភាព​សាហាវ​ជាង​មុន។​

អង្គការ​សប្បុរស​ធម៌​ជាតិ​និង​អន្តរជាតិ​ព្រម​ទាំងក្រុមផ្តល់​ជំនួយ​កំពុង​ព្យាយាម​ផ្តល់ស្បៀង​អាហារ​និង​ឱសថ​ឱ្យបាន​ទៅដល់​គ្រួសារ​ទាំង​នោះដើម្បីទប់ទល់​នឹង​ជំងឺ​និង​ការ​ស្រេកឃ្លាន។​តែ​ក្រុម​ការពារសិទ្ធិ​មនុស្ស​និយាយ​ថា​ក្រុម​ទាហាននិង​ពួក​ប៉ូលិសបាន​ធ្វើ​ឱ្យ​មាន​ការ​ពិបាកជាង​មុន​ដោយ​រាំង​ខ្ទប់​ផ្លូវ​រឹបអូស និង​បំផ្លាញគ្រឿង​ផ្គត់ផ្គង់និង​ចាប់​ខ្លួន​អ្នក​ធ្វើការ​ខាងផ្តល់​ជំនួយ។​

អ្នកស្រី ​Emerlynne Gil ​ជា​នាយិកា​រងខាង​ការ​ស្រាវជ្រាវ​ក្នុង​តំបន់​នៃ​អង្គការ​Amnesty International។ អ្នកស្រី​បាននិយាយ​ប្រាប់​វីអូអេ​ថា៖​«អ្វីដែល​យើង​ឃើញ​នៅ​ពេល​នេះ​គឺ​ក្នុង​ការ​ប្រឹងប្រែង​កាត់​ផ្តាច់​ជំនួយ​ទៅ​ឱ្យ​កង​កម្លាំងប្រដាប់អាវុធ​ជនជាតិ​ភាគ​តិច​និង​កងកម្លាំងការពាររបស់​ប្រជារាស្ត្រ​ដែលពួក​គេកំពុង​មាន​ជម្លោះជា​មួយ​នោះ​ពួក​យោធា​ក៏កាត់ផ្តាច់ការ​ផ្គត់ផ្គង់​ចាំ​បាច់​ដល់​ប្រជារាស្ត្រ​ដែរ។ ហើយ​គ្រឿង​ផ្តត់​ផ្គង់ទាំង​នេះ​ជា​របស់របរធម្មតា​ជាវត្ថុត្រូវ​ការ​ជា​មូល​ដ្ឋាន»។​

អង្គការ​ Amnesty International ​បានចេញផ្សាយរបាយ​ការណ៍​ខ្លីមួយអំពី​ការ​រឹតបន្តឹង​ជំនួយ​កាល​ពី​ថ្ងៃ​សុក្រ​ទី១៧​ ខែធ្នូ​ដោយផ្អែក​លើសេចក្តី​សម្ភាសន៍​ជា​មួយគ្រួសារ​ខ្ចាត់ព្រាត់​ក្រុម​អ្នក​ធ្វើការ​ខាង​ជំនួយ​ក្នុង​មូលដ្ឋាន​និង​ក្រុមអ្នកស្ម័គ្រ​ចិត្ត។​

នៅ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​របស់​ខ្លួន​អំពីស្ថានភាព​មនុស្សធម៌នៅប្រទេស​មីយ៉ាន់ម៉ា​កាលពី​សប្តាហ៍​ទី​ពីរខែធ្នូអ.ស.ប.​បាន​និយាយ​ថា​ការ​ពន្យារ​ពេល​និង​ការ​បដិសេធ​របស់​អាជ្ញាធរ​មិន​ឱ្យធ្វើ​ដំណើរ​និង​កំណើន​ការ​ពិនិត្យ​ពិច័យ​ការ​ផ្គត់ផ្គង់​ជំនួយ​និង​បុគ្គលិក​ជំនួយនោះបាន​«បង្អាក់​កិច្ច​ប្រតិបត្តិការនិង​បាន​ធ្វើ​ឱ្យ​ការរង​ទុក្ខ​វេទនាអូស​បន្លាយត​ទៅ​ទៀត»។​

ក្រុម​ការពារ​សិទ្ធិ​មនុស្សក្នុងស្រុក​និង​អន្តរជាតិបញ្ជាក់​ថា​ពិតជា​មាននិន្នាការ​នេះមែន។​

អ្នកស្រី​ Shayna Bauchner​ ដែល​ជា​អ្នក​ស្រាវជ្រាវ​អំពី​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្សHuman Rights Watch ​បានថ្លែង​ថា៖​«តំបន់​ទាំង​នេះ​ជា​ច្រើន​ដែលរបប​យោធាបង្កើន​វត្តមាន​កំពុងប្រឈម​នឹងកំណើន​សកម្មភាព​យោធាដូច្នេះមាន​កន្លែង​ឆែកឆេរ​ច្រើន​ជាងមុន​ដែល​មាន​ន័យ​ថា​ក្រុមអ្នក​ធ្វើការ​ខាងផ្តល់​ជំនួយ​និងក្រុម​ជំនួយ​ក្នុង​ប្រទេស​នៅ​តំបន់ទាំង​នោះ​ប្រឈម​នឹង​ការ​យាយីច្រើនជាង​មុន។ ក្រុម​អ្នក​ធ្វើកា​រខាងផ្តល់ជំនួយ​ត្រូវ​បាន​ឃាត់​ខ្លួន​និង​ឃុំឃាំង​ហើយក្បួន​ឡាន​ត្រូវបញ្ជា​ឱ្យ​ត្រឡប់​ក្រោយ​វិញហើយវត្ថុ​ផ្គត់ផ្គង់​ត្រូវ​បាន​រឹប​អូស​យក»។​

អ្នកស្រីបានបន្ថែម​ថា៖ ​«ភាគ​ច្រើន​នៃ​វិធាន​ការ​ទាំង​អស់​នេះ​ត្រូវ​បានប្រើប្រាស់តាំងពី​មុន​មាន​រដ្ឋប្រហារ។តែ​វិធានការ​ទាំង​នេះ​បាន​ឡើង​ដល់​កម្រិត​ថ្មី​មួយ​ទៀត​ចាប់​តាំង​ពី​មាន​រដ្ឋ​ប្រហារនិង​កាល​ពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ»។​

ក្រុម​ការពារ​សិទ្ធិ​មនុស្សនិយាយ​ថា ​តាម​រយៈ​ការរារាំង​ជំនួយ​នេះ ក្រុម​យោធាមីយ៉ាន់ម៉ា​ប្រើ​វិធី​«កាត់ផ្តាច់​បួន​យ៉ាង»មិន​ឱ្យ​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ទទួល​បាន​ស្បៀង​អាហារ​ប្រាក់កាស ​ព័ត៌មាន​ពីអ្នកស៊ើប​ការណ៍​សម្ងាត់​និង​ការកេណ្ឌ​យុទ្ធជន​ថ្មីៗដោយ​កាត់​ផ្តាច់​សហគមន៍​នៅ​ជិតខាង​ដែល​មានសមានចិត្ត​ជា​មួយ​ក្រុម​ប្រឆាំងនិង​គាំទ្រ​ពួក​គេ។​

រូប​ឯកសារ៖ រូបថត​ផ្តល់​ឱ្យ​ដោយ​ Mandalay Strike Force នេះ​បង្ហាញ​ពី​ក្រុម​បាតុករ​ដើរ​តាម​ផ្លូវ​នៅ​ទី​ក្រុងMandalay ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា​ ឆ្នាំ​២០២១។
រូប​ឯកសារ៖ រូបថត​ផ្តល់​ឱ្យ​ដោយ​ Mandalay Strike Force នេះ​បង្ហាញ​ពី​ក្រុម​បាតុករ​ដើរ​តាម​ផ្លូវ​នៅ​ទី​ក្រុងMandalay ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា​ ឆ្នាំ​២០២១។

អ្នកស្រី ​Bauchner ​បានថ្លែង​ថា​វិធី​នេះ​មិន​មែន​គ្រាន់តែធ្វើឱ្យ​ក្រុម​ជន​ស៊ីវិល​មាន​ការ​ខាត​បង់​ប៉ុណ្ណោះ​ទេ​តែក៏​ធ្វើ​ឱ្យ​ពួកគេ​ក្លាយ​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​ផង​ដែរ។​

អ្នកស្រីបាន​ពោល​ថា៖​ «ទោះជាពួក​មេដឹកនាំ​ក្រុម​ប្រឹក្សា​យោធា​ប្រើ​ឬ​មិន​ប្រើ​ពាក្យ​ថាកាត់​ផ្តាច់​បួន​យ៉ាង​ក៏​ដោយ​តែ​វា​ច្បាស់​ណាស់​ថា​វិធានការ​ទាំង​នេះ​ជាកិច្ច​ប្រឹងប្រែង​ដាក់​ទណ្ឌកម្ម​ក្រុម​ជនស៊ីវិល។​ខ្ញុំ​យល់​ថា​វា​ជាវិធានការ​ជាក់លាក់​មួយ​នៃ​វិធានការអរិភាពរបស់​ក្រុម​ប្រឹក្សា​យោធាចំពោះ​ប្រជារាស្ត្រ​មីយ៉ាន់ម៉ា​ហើយ​ការ​ធ្វើដូច្នេះ​ជាការ​ចាត់​ទុកជំនួយស្រោចស្រង់​ជីវិត​មនុស្ស​ជា​គ្រឿង​អាវុធ»។​

ការប្រយុទ្ធ​គ្នា​ខ្លាំងៗ​ខ្លះ​កើត​មាន​ឡើង​នៅ​ក្នុង​រដ្ឋ​ Chin ​និង​រដ្ឋ​ Sagaing​ នា​ប៉ែក​ខាង​លិច​ប្រទេសជិត​ព្រំដែន​មីយ៉ាន់ម៉ា​ជាមួយប្រទេស​ឥណ្ឌា។​អ.ស.ប.​និយាយ​ថាការ​ប៉ះ​ទង្គិច​គ្នានៅ​ទី​នោះបាន​បណ្តាល​ឱ្យ​មនុស្ស​ជាង​៨​ម៉ឺន​នាក់​ត្រូវ​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សំបែង​ចាប់​តាំង​ពី​មាន​រដ្ឋ​ប្រហារ​មក។​

លោក ​Salai Za Uk Ling ​នាយក​រង​នៃ​អង្គការ​សិទ្ធិ​មនុស្ស​Chin​បាន​ថ្លែង​ថា​កង​កម្លាំង​សន្តិសុខ​បាន​កាត់ផ្តាច់​ផ្នែក​នានា​នៃ​រដ្ឋ​Chin​កាលពី​ពីរ​បី​ខែ​មុន​នេះ​បណ្តាល​ឱ្យរាំង​ស្ទះ​ការ​ផ្តល់​ជំនួយ​ពី​ខាង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​លោក​បានពោល​ថាអាជ្ញាធរ​បានអនុញ្ញាតឱ្យ​អ.ស.ប.ដឹក​ជញ្ជូនជំនួយ​ទៅ​កាន់​ក្រុង​ធំៗ​មួយ​ចំនួន​តែ​បាន​ប្រកែក​មិន​អនុញ្ញាត​ឱ្យ​ក្រុម​បុគ្គលិក​ធ្វើ​ដំណើរ​ទៅ​កាន់ភ្នំនៅ​ជុំវិញ​ទី​នោះ​ដែល​ពួក​គេត្រូវ​ទៅ​ដើម្បី​ជួបជា​មួយក្រុម​គ្រួសារដែល​បាន​គេច​ខ្លួន​ចេញ​ពីផ្ទះ​ពួក​គេ។​លោក​បាន​បន្ថែម​ថា​ក្រុម​សប្បុរស​ធម៌​ក្នុង​មូលដ្ឋាន​បានសុំការ​អនុញ្ញាត​ពី​អាជ្ញាធរ​ដើម្បី​ទៅ​ជួប​គ្រួសារ​ទាំង​នេះ​ក៏​ប៉ុន្តែ​មិន​ទទួល​បានការយល់ព្រម​ទេ។​ក្រុម​ជន​ដែលព្យាយាម​យក​ជំនួយ​ទៅ​កាន់​គ្រួសារ​ទាំង​នេះដោយចៀស​ពី​កន្លែង​ឆែកឆេរ​ត្រូវ​បាន​ចាប់​ខ្លួន​ឬបាត់​ខ្លួន។​

លោក​Salai Za Uk Ling ​បាននិយាយ​ថា៖​ «ការ​ធ្វើ​វិធាន​ការ​នេះ​មានបំណងធ្វើ​ឱ្យ​ប្រជារាស្ត្រ​អត់ឃ្លាន​និង​ធ្វើឱ្យសហគមន៍​មិន​អាច​ធ្វើ​អ្វី​កើត...​ធ្វើឱ្យ​ពួក​គេ​មិន​អាច​គាំទ្រ​ក្រុម​អ្នក​តស៊ូ​បាន។​ក្រុម​យោធា​ព្យាយាមដាក់​កំហិត​គោល​នយោបាយ​ទូទៅលើ​អ្នក​ស្រុក​ក្នុង​តំបន់​នោះ​ទាំងមូល»។​

ដោយ​អន្ទះសារ​ចង់ជួយ​ប្រជាជន​ដែល​ខ្វះ​ខាត​ក្រុម​របស់​លោក​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​នេះ​បាន​ចាប់ផ្តើម​យក​អង្ករ​សណ្តែកនិង​ប្រេងចម្អិន​អាហារទៅ​ឱ្យក្រុមគ្រួសារ​ខា្ចត់​ព្រាត់​ពី​លំនៅដ្ឋាននៅ​ជ្រក​កោន​ជិត​ព្រំដែន​ជា​មួយ​ប្រទេស​ឥណ្ឌា​ដែល​ជា​វិធី​តែ​មួយ​គត់​ដែលពួក​គេអាច​ធ្វើ​បានដោយយក​ជំនួយទាំង​នេះ​តាម​រយៈ​ប្រទេស​ឥណ្ឌា។​

តែលោក​បានថ្លែង​ថា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ពួក​គេ​«ជា​តំណក់​ទឹកមួយ​ក្នុង​មហា​សមុទ្រ»​ហើយ​ថាអ្នក​ខ្លះ​នៃជន​ខ្ចាត់ព្រាត់​ពី​ផ្ទះដោយសារការ​ប្រយុទ្ធ​គ្នា​បាន​ស្លាប់​ទៅ​ហើយ​ពី​ព្រោះពួក​គេ​មិន​អាច​ប្រថុយ​ប្រថាន​ធ្វើ​ដំណើរ​ទៅ​កាន់មន្ទីរពេទ្យ​ឬគ្លីនិក​នៅជិតទី​នោះ​ហើយ​ដោយសារ​កង​កម្លាំង​សន្តិសុខមិន​អនុញ្ញាត​ឱ្យ​យកស្បៀង​អាហារនិងថ្នាំ​ពេទ្យ​ទៅ​ឱ្យ​ពួក​គេ​ឡើយ។​

លោកបាននិយាយ​ថា៖​ «បើ​និយាយ​អំពី​ការ​ថែ​ទាំ​ខុសភាព​គ្មាន​មន្ទីរពេទ្យ​ឬ​កន្លែងដែល​ពួក​គេ​អាច​ទៅ​នោះ​ទេ​ដូច្នេះ​មនុស្ស​ចាស់ៗ​ជា​ច្រើន​បាន​ស្លាប់​ទៅ​ហើយ។​មនុស្ស​ដែល​មិន​គួរ​ស្លាប់​បាន​ស្លាប់ដោយសារ​ជំងឺ​ដែល​អាច​ព្យាបាល​បាន»។​

អ្នកស្រី ​Gil ​នៃ​អង្គការ ​Amnesty International ​បានព្រមាន​ថា​ចំនួន​មនុស្ស​បាត់បង់​ជីវិត​នឹង​កើន​ច្រើន​ថែមទៀត​បើ​ការ​រឹតត្បិតជំនួយ​ដោយក្រុម​ប្រឹក្សា​យោធា​មិន​ត្រូវ​បាន​លុប​ចោល។​

អ្នកស្រីបាន​និយាយ​ថា៖ ​«មនុស្សកាន់​តែ​ច្រើន​ឡើង​នឹងស្លាប់​មិនមែនដោយសារ​តែការ​ស្រេក​ឃ្លាន​ប៉ុណ្ណោះ​ទេ​តែ​ក៏​ដោយសារ​មិន​អាច​ទទួល​បានសេវា​ចាំបាច់​ការថែទាំ​សុខភាព​បន្តពូជ​និង​សូម្បី​តែសេវា​ជា​មូលដ្ឋាន​ក៏​គ្មាន​គឺ​អ្វីៗ​ដែលមនុស្ស​នៅ​ក្រៅ​ប្រទេសមីយ៉ាន់ម៉ាសន្និដ្ឋាន​ថាមាន»។​

ការ​ព្យាយាម​ទាក់ទង​សុំការ​អត្ថាធិប្បាយ​ពី​អ្នកនាំ​ពាក្យ​ម្នាក់​របស់​ក្រុម​ប្រឹក្សា​យោធា​មិនអាច​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ៕

ប្រែ​សម្រួល​ដោយ​លោក ​ឈឹម សុមេធ

XS
SM
MD
LG