ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​មីយ៉ាន់ម៉ា​ពន្យារ​ពេល​សាលក្រម​​នៃ​​ការ​កាត់ទោស​ចុងក្រោយ​ចំពោះ​អ្នកស្រី Aung San Suu Kyi


រូបឯកសារ៖ បុរសម្នាក់កាន់បដាដែលមានរូបអ្នកស្រី Aung San Suu Kyi នៅពេលចូលរួមបាតុកម្មទាមទារឲ្យមានការដោះលែងអ្នកស្រីនិងមេដឹកនាំស៊ីវិលដទៃទៀត ក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ បុរសម្នាក់កាន់បដាដែលមានរូបអ្នកស្រី Aung San Suu Kyi នៅពេលចូលរួមបាតុកម្មទាមទារឲ្យមានការដោះលែងអ្នកស្រីនិងមេដឹកនាំស៊ីវិលដទៃទៀត ក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

សាលក្រម​នៅ​ក្នុង​ការកាត់ទោស​ចុងក្រោយលើមេដឹកនាំ​ដែល​គេ​បណ្តេញ​ចេញ​ពី​តំណែង​អ្នក​ស្រី Aung San Suu Kyi ត្រូវ​បានពន្យារ​ពេល​រហូត​ដល់​ថ្ងៃ​ទី២៧ ខែ​ធ្នូ។ នេះបើ​តាម​ការ​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទរបស់​មន្ត្រី​ច្បាប់​ម្នាក់​ដែល​បាន​ដឹង​ពី​ការចោទ​ប្រកាន់​ប្រឆាំង​អ្នកស្រី។

តុលាការ​ដែល​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​ណៃពិដោ ដើម​ឡើយ​គ្រោងធ្វើ​ការ​សម្រេច​ការ ចោទប្រកាន់​ពី​ការ​មាន​វិទ្យុ​ទាក់ទង​អៃកូម (Walkie-talkie)។ អ្នកស្រី Aung San Suu Kyi អាយុ​ ៧៦ឆ្នាំ​បាន​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ចំនួន​៣ឆ្នាំ​និង​ការជាប់​ពន្ធនាគារ​មួយ​ឆ្នាំ​នៅ​ក្នុង​ការ​ចោទប្រកាន់​នីមួយៗ​នៃ​ការ​ចោទប្រកាន់​ទាំង​នោះ ។

ទោះ​ជា​យ៉ាង​ណាក៏ដោយ ចៅក្រម​បាន​សម្រេច​ពន្យារ​ពេល​សាលក្រម​នោះ។ ប្រភព​នៃ​ព័ត៌មាន​នេះ​ដែល​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​ការ​ភ័យ​ខ្លាច​ពី​ការធ្វើ​ទុក្ខទោស​ដោយ​ពួក​អាជ្ញាធរ បាន​និយាយ​ថា ចៅក្រម​មិន​បាន​ផ្តល់​ពី​មូលហេតុ​ទេ។

បន្ទាប់​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី១ ខែ​កុម្ភៈ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​របស់​អ្នក​ស្រី Aung San Suu Kyi មក ពួក​យោធា​មីយ៉ាន់ម៉ា បាន​ដណ្តើម​កាន់កាប់​ត្រួតត្រា​ប្រទេស​ហើយ​បាន​ចាប់​ខ្លួន​អ្នក​ស្រី។ គេហដ្ឋាន​របស់​អ្នកស្រី បាន​ត្រូវ​គេ​ឆែកឆេរ ហើយ​វិទ្យុ​ទាក់ទង​បាន​ត្រូវ​គេ​រកឃើញ​នៅ​ទ្វារ​ចេញចូល​គេហដ្ឋាន​របស់​អ្នកស្រី​និង​នៅ​កន្លែង​យាម​ល្បាត​របស់​អង្គរក្ស​អ្នកស្រី។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។ វិទ្យុ​ទាក់ទង​នោះ ជា​ចំណុច​ស្នូល​ក្នុង​ការ​កាត់ទោស​អ្នក​ស្រី។

អ្នកស្រី Suu Kyi ដំបូង​ឡើង​បាន​រងការ​ចោទប្រកាន់​ពី​ការ​នាំចូល​ខុស​ច្បាប់វិទ្យុ​ទាក់ទង​អៃកូម​ហើយ​នឹង​ការប្រើប្រាស់​វិទ្យុ​ទាំង​នោះ​ដោយ​គ្មាន​ការ​អនុញ្ញាត ដែល​ជា​ការ​រំលោភ​ច្បាប់នាំចេញ​នាំ​ចូលឆ្នាំ​២០១២។ ពួក​អាជ្ញាធរ​បាន​ប្រើ​ការ​ចោទប្រកាន់​ទាំង​នេះ​ធ្វើ​ការ​ឃុំឃាំង​អ្នក​ស្រី។ នៅ​ខែ​បន្ទាប់ អ្នក​ស្រី​បាន​រង​ការចោទប្រកាន់​ពី​ការ​មាន​វិទ្យុ​ខុស​ច្បាប់។

មេធាវី​របស់​អ្នកស្រី បាន​បដិសេធ​ថា អ្នកស្រី​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ ដោយ​បាន​ជជែក​ឲ្យ​ហេតុផល​ថា វិទ្យុ​ទាក់ទង​នោះ មិន​មែន​ជា​របស់​អ្នក​ស្រី​ទេ ក៏ប៉ុន្តែ​ផ្ទុយ​ទៅវិញ​បាន​ត្រូវ​គេ​ប្រើប្រាស់​ដើម្បី​រក្សា​សន្តិសុខ​ផ្ទាល់​ខ្លួន​របស់​អ្នកស្រី។ ទោះ​ជាយ៉ាង​ណាក៏ដោយ តុលាការ​បាន​បដិសេធ​ដោយ​មិន​បាន​ច្រានចោល​ការចោទប្រកាន់​ទាំង​នោះ​ទេ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទី​ភ្នាក់ងារ​ព័ត៌មាន AP និង ​Reuters។

XS
SM
MD
LG