ក្រុមទាហានមីយ៉ាន់ម៉ាមួយក្រុមដែលបានផ្តាច់ខ្លួនចេញពីជួរយោធារដ្ឋាភិបាលតាំងពីរដ្ឋប្រហារខែកុម្ភៈ បានចាប់ដៃរួមគ្នាជាមួយក្រុម២ផ្សេងទៀតក្នុងគោលបំណងបញ្ចុះបញ្ចូលក្រុមផ្តាច់ខ្លួនផ្សេងៗដែលមានបំណងដូចគ្នាមករួមផ្តុំគ្នា និងបញ្ជូនពួកគេទៅចងក្រងជាក្រុមប្រដាប់អាវុធតស៊ូប្រឆាំងដ៏ធំមួយ។
ក្រុមទាហាននេះ មានឈ្មោះថា ទាហានប្រជាជន និងការពារប្រជាជន (the People’s Soldiers and the People’s Embrace) កំពុងធ្វើយុទ្ធនាការអូសទាញកងប្រដាប់អាវុធនានាឱ្យផ្តាច់ខ្លួនចេញពីជួរយោធារដ្ឋាភិបាល។
លោក Nyi Thuta អតីតអនុសេនីយ៍ឯកដែលជាសហស្ថាបនិកក្រុមទាហានប្រជាជនបង្កើតឡើងកាលពីខែមីនា បានប្រាប់វីអូអេថា៖ «យើងគាំទ្រលើកទឹកចិត្តឱ្យកងទ័ពដើរលើផ្លួវត្រឹមត្រូវ។ ហើយនៅពេលដែលពួកគេដឹងថា កំពុងដើរលើផ្លូវត្រូវហើយ យើងក៏នៅតែគាំទ្រលើកទឹកចិត្តឱ្យពួកគេដើរលើផ្លូវត្រូវនោះដដែល។ យើងធ្វើដូចនេះ គឺដើម្បីប្រាប់ពួកគេថាយើងធ្លាប់ឆ្លងកាត់ការលំបាកកាលនៅជាទាហាន ពីព្រោះខ្លួនយើងផ្ទាល់ធ្លាប់ស៊ូទ្រាំឆ្លងកាត់អស់ហើយ យើងមកតាំងទីនៅទីនេះ គឺដើម្បីមកជួយពួកគេ»។
ក្នុងប្រទេសមីយ៉ាន់ម៉ាទាហានរត់ចោលជួរ អាចប្រឈមនឹងទោសប្រហារជីវិត ប៉ុន្តែជារឿយៗត្រូវបានកាត់ទោសឱ្យត្រឹមជាប់ពន្ធនាគារអស់មួយជីវិត។
ក្រុមទាហានប្រជាជននេះ អះអាងថា ខ្លួនមានសមាជិកប្រហែល១០០នាក់ក្នុងប្រទេសមីយ៉ាន់ម៉ា និងកំពុងធ្វើយុទ្ធនាការឃោសនា រៃអង្គាសប្រាក់ និងស្វែងរកជំនួយផ្សេងៗបែបលាក់លៀមនៅឡើយ។ ពួកគេមួយចំនួនកំពុងធ្វើសកម្មភាពតាមបណ្តោយព្រំដែនដាច់ស្រយ៉ាលដែលជាទីតាំងរបស់ក្រុមបះបោរជនជាតិដើមភាគតិចកំពុងប្រយុទ្ធជាមួយយោធារដ្ឋាភិបាលទាមទារស្វ័យភាពអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ការផ្សព្វផ្សាយដំណឹង
លោក Nyi Thuta ដឹងខ្លួនថា អ្វីដែលលោកកំពុងនិយាយទាក់ទងនឹងការផ្តាច់ខ្លួនចេញពីរដ្ឋាភិបាល និងការចុះចូលជាមួយក្រុមប្រឆាំង។ លោកសម្រេចបោះបង់ចោលមុខតំណែងដែលមានអនាគតល្អក្នុងអង្គភាពឃោសនាការដែលមានតួនាទីសរសេរសុន្ទរកថាជូនអគ្គមេបញ្ជាការ និងជាមេដឹកនាំរដ្ឋប្រហារលោក Min Aung Hlaing កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលក្រុមយោធាបានបង្រ្កាបបង្ហូរឈាមលើក្រុមបាតុករអហិង្សាប្រឆាំងទាមទារពុំបានសម្រេច។
ក្រុមការពារសិទ្ធិមនុស្ស បានបញ្ជាក់ថា ក្រុមកងទ័ព និងប៉ូលិសបានសម្លាប់ជនស៊ីវិលជាង១.០០០នាក់ចាប់តាំងពីថ្ងៃរដ្ឋប្រហារ ជនរងគ្រោះភាគច្រើនជាអ្នកតវ៉ាគ្មានអាវុធក្នុងដៃ ប៉ុន្តែរដ្ឋាភិបាលយោធា បានបដិសេធលើតួលេខអ្នកស្លាប់ទាំងនេះ។
លោក Nyi Thuta បាននិយាយថា៖ «សម្រាប់មេដឹកនាំយោធាទាំងនោះ ពួកគេគិតតែពីរឿងសម្លាប់ប្រជាជនជាជាងការពារប្រជាជន។ មេដឹកនាំយោធាទាំងនោះមិនបានបណ្តុះបណ្តាលនិងហ្វឹកហ្វឺនយោធាឱ្យក្លាយជាយោធាវិជ្ជាជីវៈឡើយ ដូច្នេះយោធាគួរកុំគោរពតាមបទបញ្ជានិងផ្តាច់ខ្លួនចេញទៅ»។
លោកបានបញ្ជាក់ថា ក្រុមរបស់លោកបញ្ជូនសារចេញតាមរយៈបណ្តាញសង្គម ថតសំឡេងនៃការប្រជុំនិងផ្សព្វផ្សាយដើម្បីចុះផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុករបស់បណ្តាញសារព័ត៌មានពេញនិយមក្នុងស្រុក។ ពេលខ្លះក៏មានការបង្ហោះផ្សាយសារផ្ទាល់របស់ទាហានដែលនៅមិនទាន់ដាច់ស្រេចលើរឿងផ្តាច់ខ្លួនចេញពីរដ្ឋាភិបាល និងចុះចូល ហើយខិតខំស្វះស្វែងរកការប្រឹក្សាយោបល់។
ក្រុមទាហានប្រឆាំងនឹងរបបយោធាមានយ៉ាងហោចណាស់១.៥០០នាក់ រាប់ចាប់ពីថ្នាក់ពលទោរហូតដល់ថ្នាក់វរសេនីយ៍ បានចុះចូលជាមួយក្រុមតស៊ូគិតចាប់តាំងពីពេលរដ្ឋប្រហារមក។ ចំនួននេះគ្រាន់តែជាចំណែកតូចមួយនៃចំនួនកងយោធាដែលមានប្រមាណ៣០០.០០០ ទៅ៤០០.០០០នាក់ ប៉ុន្តែលោក Nyi Thuta បាននិយាយថាចំនួននៃការផ្តាច់ខ្លួនចេញជារៀងរាល់ខែ ក៏ចេះតែកើនឡើងដែរ។
ស្វាគមន៍អ្នកចុះចូលថ្មី
សម្រាប់អ្នកដែលហ៊ានផ្តាច់ខ្លួន ក្រុមទាហានប្រជាជនបញ្ជាក់ថា ក្រុមគេជួយទំនុកបំរុងអតីតយោធាផ្តាច់ខ្លួននិងក្រុមគ្រួសារជាប្រាក់ឧបត្ថម្ភប្រចាំខែ ចំណីអាហារ លំនៅដ្ឋាន និងការហ្វឹកហ្វឺនជំនាញការងារសមរម្យ។ ថវិការៃអង្គាសរួមផ្សំគ្នា បានត្រឹមប្រមាណពីរ-បីរយដុល្លារប៉ុណ្ណោះត្រឹមពេលនេះ ដូច្នេះប្រភពថវិកាភាគច្រើនបានមកពីការចូលរួមចំណែកពីប្រជាជនក្នុងមូលដ្ឋាន។
អតីតពលទោមួយរូបដែលបានផ្តល់បទសម្ភាសន៍ជាមួយវីអូអេក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បាននិយាយថា គាត់ចាកចេញពីមូលដ្ឋានទ័ពនៅភាគកណ្តាលតំបន់ Bago ដែលជាកន្លែងផលិតអាវុធសម្រាប់យោធាកាលពីខែកញ្ញា។ លោកជឿជាក់ថា ធ្វើសកម្មភាពទៅតាមមនសិការ បន្ទាប់ពីបានស្តាប់ការផ្សាយព័ត៌មាន និងបានចូលមើលគេហទំព័រក្រុមកងទ័ពប្រជាជន។
លោកបាននិយាយថា៖ «ពេលដែលឃើញក្រុមយោធាសម្លាប់ជនស៊ីវិលគ្មានទោសពៃរ៍នឹងកាំភ្លើងដែលខ្ញុំចូលរួមផលិត ធ្វើឱ្យខ្ញុំទ្រាំឈរអោបដៃមើលមិនបានទេ»។
លោកបានបន្ថែមថា៖ «ជាពិសេសទៅទៀតនោះ បន្ទាប់ពីបានស្តាប់លោកអនុសេនីយ៍ឯក និយាយអំពីបទពិសោធន៍គាត់រួចមក រឹតតែធ្វើឱ្យខ្ញុំចង់ផ្តាច់ខ្លួនចុះចូលជាមួយប្រជាជនថែមទៀត»។
ក្រោយពេលបានទៅដល់តំបន់ដែលគ្រប់គ្រងដោយក្រុមបះបោរតាមបណ្តោយព្រំដែនថៃ លោកបានប្រាប់ថា ក្រុមទាហានប្រជាជនបានផ្តល់កន្លែងស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែ។
លោកបានបន្ថែមថា៖ «ខ្ញុំអាចនឹងវង្វេងផ្លូវ និងគ្មានកន្លែងស្នាក់នៅបើគ្មានការជួយពីក្រុមទាហានប្រជាជន។ មានក្រុមទាហានប្រជាជន ខ្ញុំមានអ្វីៗគ្រប់យ៉ាង»។
ល្បែងតួលេខ
លោក Nyi Thuta បាននិយាយថា ក្រុមរបស់លោកពុំទាន់បំពាក់អាវុធនៅឡើយទេ ដោយជឿជាក់លើសារបញ្ចុះបញ្ចូល ហើយក្រុមលោកនឹងបញ្ជូនអ្នកដែលចង់ប្រយុទ្ធតបតទៅចូលរួមជាមួយនឹងក្រុមសេនាជនស៊ីវិលដែលបានកកើតឡើងនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីថ្ងៃរដ្ឋប្រហារ។ ក្រុមរបស់លោក ក៏បានណែនាំប្រាប់ពីយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំងដល់ក្រុមប្រដាប់អាវុធថ្មីៗផងដែរ និងក៏បានចែករំលែកនូវព័ត៌មានអំពីកងកម្លាំងយោធារដ្ឋាភិបាលក្នុងតំបន់នេះផងដែរ។
លោកបានបន្ថែមថា៖ «យើងក៏បានប្រាប់ក្រុមទាំងនោះឱ្យដឹងពីចំណុចខ្សោយរបស់ក្រុមយោធារដ្ឋាភិបាល ភាពទន់ខ្សោយផ្នែកអាវុធរបស់គេ ភាពទន់ខ្សោយនៃរចនាសម្ព័ន្ធចាត់តាំង ដូច្នេះពួកគេអាចយកព័ត៌មាន និងចំណេះដឹងទាំងនេះមកប្រើដើម្បីឱ្យសម្រេចគោលដៅ»។
លោក Min Zaw Oo នាយកវិទ្យាស្ថានមីយ៉ាន់ម៉ាសម្រាប់សន្តិភាពនិងសន្តិសុខ ដែលជាស្ថាប័នក្រុមអ្នកជំនាញផ្តល់ប្រឹក្សាយោបល់ក្នុងស្រុក និយាយថា ក្រុមទាហានដែលចុះចូលនឹងក្រុមតស៊ូប្រដាប់អាវុធអាចមានព័ត៌មានសម្ងាត់ ប៉ុន្តែវាលំបាកណាស់ដើម្បីយកឈ្នះលើទឹកចិត្តពលរដ្ឋដែលអាក់អន់ចិត្តយ៉ាងចាក់ស្រេះចំពោះក្រុមយោធារដ្ឋាភិបាល និងម្យ៉ាងទៀត គឺការសង្ស័យថា ពួកគេអាចជាចារបុរសរបស់រដ្ឋាភិបាលក៏ថាបាន។
ក្រុមអ្នកវិភាគនិយាយថា ចំនួនយោធានិងតំណែងតួនាទីយោធាផ្តាច់ខ្លួនស្ថិតនៅកម្រិតទាបនៅឡើយដែលមិនអាចធ្វើឱ្យរបបយោធាមានការព្រួយបារម្ភនៅឡើយទេនៅពេលនេះ។
លោកបានបញ្ជាក់ថា៖ «តាមរបាយការណ៍ដែលយើងបានអានឃើញថា មានការផ្តាច់ខ្លួនជាលក្ខណៈបុគ្គល ប៉ុន្តែពុំទាន់មានជាលក្ខណៈអង្គភាពទេ។ ប្រសិនបើមានជាលក្ខណៈអង្គភាព នោះ គឺជាសញ្ញាបង្ហាញថា មានបញ្ហាធំក្នុងជួរយោធារដ្ឋាភិបាល»៕
ប្រែសម្រួលដោយលោក កោះ សុគន្ធី