ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក ពិនិត្យមើល​វិធានការ​បន្ថែម​ដើម្បី​ដាក់​សម្ពាធ​លើ​ពួកមេដឹកនាំ​យោធា​មីយ៉ាន់ម៉ា


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​ទៅ​កាន់​បុគ្គលិក​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​២០២១។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ថ្លែង​ទៅ​កាន់​បុគ្គលិក​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ​២០២១។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា វាជា​ការ​ចាំបាច់​ដើម្បី​ពិនិត្យ​មើល​ការ​អនុវត្ត​វិធានការ​បន្ថែម​ប្រឆាំង​នឹង​ប្រទេស​មីយ៉ាន់ម៉ា​ ដោយលោក​ថា រយៈ​ពេល​១០ខែ​ បន្ទាប់​ពី​រដ្ឋប្រហារ​យោធាមក ​«វិបត្តិ​នេះ​កាន់តែអាក្រក់​ឡើង»។

ថ្លែង​ទៅកាន់​ពួក​អ្នក​យកព័ត៌មាន​នៅ​ក្បែរ​រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​លោក Saifuddin Abdullah ក្នុង​អំឡុង​ពេល​នៃ​ទស្សនកិច្ច​នៅ​រាជធានី​គូឡាឡាំពួ លោក Blinken បាន​មាន​ប្រសាសន៍​ថា គោលដៅ​នៃ​ចំណាត់ការ​ដោយ​ប្រទេស​និមួយៗ ​ឬ​ការ​ខំប្រឹងប្រែង​រួម​ គឺ​ដើម្បី​«ដាក់​ការ​គាបសង្កត់​លើ​របប​នោះ​ឲ្យ​ដាក់​ប្រទេស​លើ​មាគ៌ាឆ្ពោះ​ទៅកាន់​ប្រជាធិបតេយ្យ​ឡើង​វិញ»។

លោក​រដ្ឋមន្ត្រី​បាន​និយាយ​សំដៅ​ដល់​គោលដៅ​ជាក់លាក់​ជា​ច្រើន រួម​ទាំង​ការ​បញ្ចប់​អំពើ​ហិង្សា ការ​ដោះលែង​អ្នក​ទោស ហើយ​នឹង​ការ​អនុញ្ញាត​ឲ្យ​បុគ្គលិក​ផ្តល់​ជំនួយ​ចេញចូល​បាន។

លោក Blinken បាន​មាន​ប្រសាសន៍​ថា៖ «អាស៊ាន​មាន​ផែនការ​មូលមតិ​៥​ចំណុច​ដែល​ពួក​យោធា បាន​យល់ព្រម​ហើយ​បាន​ចុះ​ហត្ថលេខា។ ផែនការ​នោះ ចាំបាច់​ត្រូវតែ​អនុវត្ត»។

រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​លោក Saifuddin បាន​មាន​ប្រសាសន៍​ថា ស្ថានភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា នឹង​ក្លាយជា​ផ្នែក​សំខាន់មួយ​នៃ​របៀបវារៈ នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជួប​គ្នា​នៅ​ខែ​ក្រោយ​ ហើយ​ថា ផែនការ​លម្អិតជាង​នេះ​សម្រាប់​ផែនទី​បង្ហាញ​ផ្លូវនេះ​ ជា​ការចាំបាច់។

លោក Blinken នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ​នៅ​ថ្ងៃព្រហស្បតិ៍៕

អ្នកស្រី Nike Ching អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​វីអូអេ​ប្រចាំ​នៅ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក រួម​ចំណែក​ដល់​សេចក្តី​រាយការណ៍​នេះ​ពី​ទី​ក្រុង​គូឡាឡាំពួ។

XS
SM
MD
LG