ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​មីយ៉ាន់ម៉ា​កាត់ទោស​មេដឹកនាំ​សាសនា​ជនជាតិ​ភាគតិច​ ​Kachin នៅ​តំបន់​សង្រ្គាម​ភាគ​ខាងជើង​​


កូនទាហាន​កងទ័ព​ឯករាជ្យ​ Kachin ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ការ​ហ្វឹកហាត់នៅ​ទីស្នាក់ការកណ្តាល KIA ក្នុង​ទីក្រុង​ Laiza ប្រទេស​មីយ៉ាន់ម៉ាកាលពីខែ​តុលា។

មេដឹកនាំ​សាសនា​ចំនួន​ពីរនាក់​មកពី​ក្រុម​ជនជាតិ​ភាគតិច​​ Kachin ត្រូវ​បាន​ជាប់ទោស​ពី​បទ​ផ្តល់​ជំនួយ​ឲ្យ​ក្រុមបះបោរ​ នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ក្តី​មួយ​ដែល​ត្រូវ​បាន​រិះ​គន់​ដោយ​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស។​​​

Dumdaw Nawng​ ​Lat មាន​អាយុ​៦៧​ឆ្នាំជាជំនួយការ​គ្រូគង្វាល​នៃវិហារKachin Baptist Convention (KBC)​ និង​លោក Langjaw Gam Seng ជាមេដឹកនាំ​យុវជន​ នៃ​វិហារKBC មានអាយុ​៣៥​ឆ្នាំ ត្រូវ​បាន​កាត់ទោស​អនុលោម​តាម​ច្បាប់​ស្តី​ពី​ការធ្វើ​សម្ព័ន្ធភាព​ដោយ​ខុសច្បាប់ឬunlawful Associations Act។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Fortify Rights បានបញ្ជាក់ពី​ការ​កាត់ទោស​ដែល​បាន​ធ្វើឡើង​ដោយ​តុលាការក្រុង​ Lashio ក្នុង​រដ្ឋShan ​ស្ថិតនៅភាគ​ខាងជើង។

លោក​ Nawng Lat ដែលត្រូវ​ជាប់ទោស​ពី​បទ​បរិហាកេរ្តិ៍​យោធា ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​បួន​ឆ្នាំ​បី​ខែ ហើយ​លោក Gam Seng ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពីរឆ្នាំ​និង​បី​ខែ។ ការ​កាត់ទោស​នោះក៏​បាន​រួមបញ្ចូលពីទោសប្រើ​ប្រាស់​ម៉ូតូ​គ្មាន​អាជ្ញាប័ណ្ណ​ផងដែរ។

ការ​ចោទប្រកាន់​ភាគ​ច្រើន​គឺ​មាន​ដូចជា​ ការ​ផ្តល់​បទសម្ភាសន៍​ជាមួយ​នឹង​ក្រុម​អ្នក​សារព័ត៌មាន មាន​ដូចជា​សំឡេង​សហរដ្ឋអាមេរិក​ (VOA) ​ដែល​បាន​ចោទ​ប្រកាន់​ថា​វាយប្រហារ​តាម​អាកាសបាន​បំផ្លិចបំផ្លាញ​ព្រះវិហារ​មួយ​កន្លែង​និងបាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ផ្សេងៗ​ទៀតដែលស្ថិតនៅ​ភាគ​ខាងជើងរដ្ឋ Shan កាលពី​ចុង​ឆ្នាំ​២០១៦​កន្លងមក។ ​បុរស​ទាំង​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​ធ្នូ​ ភ្លាមៗ​បន្ទាប់​ពី​រូប​ភាព​នៃ​ការ​បំផ្លិច​បំផ្លាញ​នោះ​បាន​លេច​ឡើង​តាម​សារព័ត៌មាន។​

មីយ៉ាន់ម៉ា​ជា​ប្រទេសមានពលរដ្ឋភាគច្រើន​កាន់​សាសនា​ព្រះពុទ្ធ ប៉ុន្តែ​ក្រុម​សាសនា​គ្រិស្ត​ដែល​មាន​និកាយ​ផ្សេងៗគឺ​ជា​សាសានា​ធំទីពីរ​ក្នុង​ប្រទេស​នេះ ដែល​មាន​ចំនួន​ច្រើន​ជាង​៦ភាគ​រយ​នៃ​ចំនួន​ប្រជាជន​សរុប។

អង្គការ Fortify Rights និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយកាលពី​ថ្ងៃទី​២៧ តុលា​កន្លង​ទៅ​នេះ ដោយ​បានអំពាវនាវ​ឲ្យ​បញ្ឈប់​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់​លើ​បុរស​ទាំង​ពីរ​នាក់​នោះ។

លោក​ David Baulk អ្នក​ជំនាញ​នៃ​អង្គការ​ Fortify Rights​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​ VOA​ថា ​ករណី​ចោទប្រកាន់​ទៅ​លើ​បុរស​ទាំង​ពីរ​នោះ​គឺ «មិន​មែន​លក្ខណៈ​គ្រប់គ្រាន់​នោះ​ទេ»។
លោក​បាន​និយាយ​ថា​៖

«វា​បាន​បង្ហាញ​យ៉ាងច្បាស់​ ចាប់តាំង​ពី​ថ្ងៃទី​មួយ​មក​ម្លេះ​ថា​ បុរស​ទាំងពីរនាក់​នោះ​ត្រូវ​បាន​គេ​កំណត់​រួច​មក​ហើយ​ ដោយ​ចោទ​ពី​បទ​ឧក្រិដ្ឋ​របស់​ក្រុម​យោធា​មីយ៉ាន់ម៉ា។ ពួកគេ​សហការ​ជាមួយ​នឹង​សារព័ត៌មាន​ដើម្បី​បកអាក្រាត​ពីការ​បំផ្លិចបំផ្លាញ​ដោយ​សារការវាយប្រហារ​របស់​យោធា​នៅភាគ​ខាងជើងរដ្ឋ Shan។ ហេតុដូច្នេះ​ហើយ​បាន​ជា​មាន​ការបញ្ជា​ឲ្យ​បំបាត់​សំឡេង​ពួកគេ​ទាំង​ពីរ​នេះ​»។ ​
លោក​ Baulk បាន​និយាយ​បន្ត​ថា​បុរស​ទាំង​ពីរនាក់​នោះ​ត្រូវ​បានឃុំឃាំង​មិន​ឲ្យ​ទាក់ទង​ជាមួយ​អ្នក​ខាង​ក្រៅអស់​ជា​ច្រើន​សប្តាហ៍​ បន្ទាប់​ពី​ត្រូវ​បាន​គេ​ចាប់​ខ្លួន​និង​សួរ​ចម្លើយ​ជា​ច្រើន​ដង​រួច​មក​នោះ។ អាជ្ញាធរ បន្ទាប់​មក​បានបង្កើត​សេចក្តី​ថ្លែង​មួយដែល​បាន​ចុះ​ហត្ថាលេខា​ដោយ​បុរស​ទាំងពីរ​នោះ​ ដោយ​ក្នុង​នោះ និយាយ​ថា​ពួកគេ​បាន​គាំទ្រ​កងទ័ព​ឯករាជ្យ​របស់​ជនជាតិ​ភាគ​តិចKachin ដែល​ជា​ក្រុម​មួយក្នុង​ចំណោម​ក្រុម​ជនជាតិ​ភាគ​តិច​ប្រដាប់​អាវុធ​ប្រយុទ្ធ​ដើម្បី​ស្វ័យភាព​នៅ​ភាគខាងជើង​ប្រទេស​មីយ៉ាន់ម៉ា។

កាលពី​ខែ​ធ្នូ ទស្សនាវដ្តី​ព័ត៌មាន Irrawaddy បាន​ដកស្រង់​សម្តី​របស់​លោក​អាចារ្យ​ម្នាក់​របស់​ព្រះវិហារ​ក្នុង​តំបន់ ដោយ​លោក​បាន​លើក​ឡើង​ថា​ មាន​មន្រ្តី​ទាហាន​ម្នាក់​បាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​តាម​អាកាស​នេះ​ ប៉ុន្តែ​ទី​បំផុត ​ក្រុម​យោធាបាន​ទម្លាក់​កំហុស​លើ​ក្រុម​បះបោរ​ទៅវិញ។​

មាន​ក្រុម​យោធា​ឯករាយជ្យ​ជាច្រើន ​រួម​ទាំង​កងទ័ពឯករាជ្យ​ Kachinផងដែរ បាន​ចូលរួម​នៅ​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​នឹង​ កងកម្លាំង​ប្រដាប់អាវុធ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថាជា​ក្រុម Tatmadaw។

ព័ត៌មានទំនាក់ទំនង​របស់​ដើមបណ្តឹង​មិនទាន់អាច​ទទួល​បាន​ទេនៅពេលនេះ។ ហើយ​កាលពី​សប្តាហ៍​ចុង​ក្រោយ​ក្នុង​ខែ​តុលា មន្រ្តី​ប៉ូលិស​ម្នាក់​ក្នុងទីក្រុង ​Muse Township​ រដ្ឋ Shan បាន​ប្រាប់សារព័ត៌មាន ​Myanmar Times​ ថា​ «យើង​មិន​អាច​លូក​ដៃ​ក្នុង​ការ​វិនិច្ឆ័យ​របស់​តុលាការ​បាន​ទេ»។ ​

ច្បាប់​ស្តី​ពី​ការចូល​សម្ព័ន្ធភាព​ខុសច្បាប់​ត្រូវ​បាន​ប្រើ​ប្រាស់ដើម្បីផ្តាច់​ក្រុម​ជនជាតិ​ភាគតិច​ប្រដាប់អាវុធពី​ពលរដ្ឋ​ស៊ីវិល។ កាលពី​ខែ​មិថុនា អ្នក​កាសែត​ចំនួន​បី​រូប​ ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​រំលោភ​បំពាន​លើ​ច្បាប់​នោះ​បន្ទាប់ពី​បានរាយការណ៍​នៅ​ក្នុង​តំបន់​ជម្លោះនេះ។ ពួកគេ​ត្រូវ​បាន​ដោះ​លែង​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ។ ​

ចំណាប់អារម្មណ៍​ពី​ពិភពលោក​ភាគ​ច្រើន​គឺ​ផ្តោត​លើ​វិបត្តិ​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា និង​ការ​ចំណាក​ស្រុកទ្រង់ទ្រាយ​ធំ​នៃក្រុម​ជនជាតិ​ភាគតិចមូស្លីមគ្មាន​រដ្ឋ​ទៅ​កាន់​ប្រទេស​បង់ក្លាដែស។ ប៉ុន្តែ​ការ​ប្រយុទ្ធ​នៅតែ​បន្ត​នៅ​ភាគ​ខាងជើង​ប្រទេស​មីយ៉ាន់ម៉ា​ ខណៈដែល​ដំណើរ​ការ​សន្តិភាព​ដែល​ចាប់​ផ្តើម​ដោយ​មេដឹកនាំ​មីយ៉ាន់ម៉ា​ អ្នកស្រី​អង់សាន ស៊ូជី បានជាប់គាំង។ ប្រជាជន​ជិត​មួយសែន​នាក់​ត្រូវ​បាន​ផ្លាស់ប្តូរ​ទីលំនៅ​នៅ​ក្នុងរដ្ឋ Kachin និង​រដ្ឋ Shan ស្ថិតនៅ​ភាគ​ខាងជើង​ នេះ​បើយោង​តាម​តួលេខពី​អង្គការ​ជំនួយនានា។

លោក​ Baulk នៃ​អង្គការ​ Fortify Rights បាន​និយាយប​ន្តទៀត​ថា៖ «នៅ​ពេល​ដែល​ពិភពលោក​មើល​រំលងបញ្ហា​ដែល​កំពុង​កើត​ឡើង​នេះ​ យោធា​នៃ​ប្រទេស​នេះ​បន្ត​រំលោភពាន​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​ជនស៊ីវិល​ដែល​រស់នៅ​ភាគខាងជើង​ប្រទេស​មីយ៉ាន់ម៉ា។ ការ​ប្រយុទ្ធ​រវាង​យោធា​មីយ៉ាន់ម៉ា​ និង​អង្គការ​ជនជាតិ​ភាគតិច​ប្រដាប់អាវុធ​កំពុង​បន្ត​សម្លាប់និង​ ធ្វើ​ឲ្យ​របួសដល់​ពលរដ្ឋ ​រួម​ទាំង​បង្ក​ឲ្យ​សហគមន៍​នៅ​ទីនោះ​ផ្លាស់ទី​លំនៅផងដែរ។ គ្រាន់តែ​ប៉ុន្មាននេះខែ​ប៉ុណ្ណោះ​ យើងឃើញយ៉ាង​ជាក់ច្បាស់​ថា​ មាន​ប្រជាជន​រាប់ពាន់នាក់​បានភៀស​ខ្លួន​នៅទូទាំង​រដ្ឋ Kachin និង​រដ្ឋ Shan»។

ក្រុម​អង្គការជំនួយមនុស្ស​ធម៌​នានា​ក៏​បាន​រាយការណ៍​ពី​ផល​លំបាក​ក្នុង​ការ​បញ្ជូន​ជំនួយ​ទៅកាន់​តំបន់​ដែល​ត្រូវ​បាន​ប៉ះពាល់​ទាំង​នេះ​ផងដែរ។

កាលពី​ខែ​មិនា អង្គការ​សហប្រជាជាតិ​បាន​បង្កើត​បេសកកម្ម​ស្វែង​រក​ការពិត​មួយ​ដើម្បី​ស៊ើបអង្កេត​ពីការ​រំលោភបំពាន​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់ជម្លោះ​នានា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ប៉ុន្តែ​រដ្ឋាភិបាល​បាន​និយាយ​ថា​ខ្លួន​នឹងបិទ​ទិដ្ឋាការ​របស់​អ្នក​ស៊ើបអង្កេត​ទាំងនោះ​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា៕

ប្រែសម្រួលដោយ ទុំ ម្លិះ

XS
SM
MD
LG