ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កង​កម្លាំង​សន្តិសុខ​របស់​មីយ៉ាន់ម៉ា​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ផ្លូវ​ភេទ​ធ្វើ​ជា​យុទ្ធសាស្ត្រ​បន្លាច

  • Cindy​ Saine​

ជន​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម រង់ចាំ​ដើម្បី​ទទួល​យក​ជំនួយ​នៅ​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ក្រុង Ukhiya ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក​ Rex Tillerson​ អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯក​រាជ្យ​មួយ​ដើម្បី​ទទួល​បាន​នូវ​អ្វី​ដែល​លោក​ហៅ​ថា​ជា​ «របាយការណ៍​ដែល​អាច​ជឿ​ជាក់​បាន»​ ដើម្បី​រាយការណ៍​អំពី​អំពើ​ដ៏​ឃោរឃៅ​ទាំង​ឡាយ​ដែល​កង​កម្លាំង​សន្តិសុខ​របស់​មីយ៉ាន់ម៉ា​បាន​ប្រព្រឹត្ត​ទៅ​លើ​ពួក​​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម។ អំឡុង​ពេល​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​លោក​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ដែល​កាល​ពី​មុន​ត្រូវ​គេ​ស្គាល់​ថា​ជា​ភូមា​ លោក Tillerson​ បាន​ជួប​មេបញ្ជាការ​កង​ទ័ព​ប្រទេស​មីយ៉ាន់ម៉ា​ហើយ​បាន​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​ជាមួយ​នឹង​ទីប្រឹក្សា​រដ្ឋ​លោក​ស្រី​ អង់​សាន​ ស៊ូជី។ ទស្សនកិច្ច​នេះ​បាន​ធ្វើ​ឡើង​មុន​ពេល​ដែល​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ចេញ​របាយការណ៍​មួយ​ដែល​មាន​៣៧​ទំព័រ​រាយការណ៍​ពី​តំបន់​ បាន​ចោទ​ប្រកាន់​កងកម្លាំង​សន្តិសុខ​របស់​មីយ៉ាន់ម៉ា​បាន​រំលោភ​បំពាន​ផ្លូវ​ភេទ​ទៅ​លើ​ស្ត្រី​និង​ក្មេងស្រីៗ​ជា​ច្រើន​នាក់​ ដែល​ពួក​គេ​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​ក្នុង​យុទ្ធនាការ​បោសសម្អាត​ជាតិសាសន៍​ទៅ​លើ​ពួក​រ៉ូហ៊ីង​យ៉ា​កាន់​សាសនា​ឥស្លាម​នៅ​រដ្ឋ​ Rakhine។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​រក​ឃើញ​ថា​កងកម្លាំង​សន្តិសុខ​បាន​ប្រើ​ប្រាស់​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ដើម្បី​បំភ័យ​ស្ត្រី ក្មេង​ស្រី​ និង​សហគមន៍​រ៉ូហ៊ីងយ៉ា​ទាំង​មូល។

អ្នក​ស្រាវជ្រាវ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ អ្នកស្រី​ SKYE WHEELER​ បាន​ថ្លែង​ថា៖

«ស្ត្រី និង​ក្មេងស្រីៗ​ជា​ច្រើន​ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ​ត្រូវ​បាន​គេ​រំលោភ​បំពាន​ផ្លូវ​ភេទ​ជា​ក្រុម​ ពេល​ខ្លះ​ពួក​គេ​ត្រូវ​បាន​ឧក្រិដ្ឋជន​ពី​៩​ទៅ​១០​នាក់​បំពាន ​ដែល​ច្រើន​ជា​ទាហាន»។

វីដេអូ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ផ្សាយ​ពី​ស្ត្រី​រ៉ូហ៊ីងយ៉ា​ចែក​រំលែក​ពី​រឿង​រ៉ាវ​របស់​ពួក​គេ។

ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​គេ​រំលោភ​បំពាន​បាន​និយាយថា៖

«ខ្ញុំ​មាន​ប្អូន​ស្រី​ម្នាក់។​ ពួក​យើង​ព្យាយាម​រត់​ប៉ុន្តែត្រូវ​បាន​ក្រុម​ទាហាន​ចាប់យើង​ទៅ​រំលោភ។​ ខ្ញុំ​មាន​អារម្មណ៍​ដូច​ស្លាប់»។

របាយការណ៍​នោះ​បាន​ចេញ​ផ្សាយ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​ Rex Tillerson​ ធ្វើ​ទស្សនកិច្ច​ដំបូង​ទៅ​កាន់​ប្រទេស​មី​យ៉ាន់​ម៉ា។ ​លោក​មិន​បាន​ប្រើ​ពាក្យ​ «បោស​សម្អាត​ជាតិ​សាសន៍»​ ប៉ុន្តែបាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពីការ​បំពាន​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរទៅ​លើ​ជនជាតិ​ភាគ​តិច។

​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក​ Rex Tillerson​ បាន​មាន​ប្រសាសន៍ថា៖

«អាមេរិក​ស្វាគមន៍​ការប្តេជ្ញា​របស់​រដ្ឋាភិបាល​ដែល​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លួន​ត្រឡប់​មក​វិញ​ដោយ​ស្ម័គ្រ​ចិត្ត​ហើយ​អនុម័តការណែនាំ​របស់​គណៈកម្មការ​ប្រឹក្សា​យោបល់​របស់​រដ្ឋ​ Rakhine​ ដើម្បី​បង្កើត​សន្តិភាព​យូរអង្វែងគាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​គោរព​សិទ្ធិ​មនុស្ស​នៅ​រដ្ឋ​ Rakhine​ រួម​ទាំង​អ្នក​ដែល​បាន​ផ្លាស់​ទី​ជម្រក​ហើយ​ក៏ដោយ។ រួម​ទាំង​ការ​ផ្តល់​សញ្ញាតិ​ដែល​ទទួល​ស្គាល់​ដោយ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់»។

លោកស្រី​ អង់សាន ស៊ូ​ជី បដិសេធ​ចំពោះ​ការ​រិះគន់​ថា​លោក​ស្រី​នៅ​ស្ងៀម​មិន​ខ្វល់​ពី​ភាព​ឈឺចាប់​របស់​ពូក​រ៉ូហ៊ីងយ៉ា។

ប្រធាន​ក្រុម​ប្រឹក្សារដ្ឋ​ប្រទេស​មីយ៉ាន់​ម៉ា​ លោកស្រី​ អង់សាន ស៊ូ​ជី​ បាន​ថ្លែង​ថា៖

«យើង​មិន​ត្រូវ​ភ្លេច​ថា​មាន​សហគមន៍​ច្រើន​នៅ​ក្នុង​រដ្ឋ Rakhine។​ យើង​មិន​អាច​ឲ្យ​ពួក​គាត់​ប្រឆាំង​គ្នា​ក្នុង​ពេល​ឥឡូវ​នេះ​ទេ។ យើង​មិន​អាច​ធ្វើ​សេច​ក្តី​ថ្លែង​ការណ៍​ណា​ដែល​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​បែក​បាក់​គ្នា​នោះ​ទេ»។

លោក​ Tillerson​ បាន​ថ្លែង​ថា​លោក​មិន​គិត​ថា​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​ប្រទេស​ទាំង​មូលគឺ​ជា​អ្វី​ដែល​គួរ​ធ្វើ​ទេ​ ក៏​ប៉ុន្តែ​លោក​នឹង​ពិនិត្យ​ឲ្យ​បាន​ម៉ត់​ចត់​ទៅ​លើ​ច្បាប់​ដែលសភា​កំពុង​ពិចារណា។ បើសិន​ជាច្បាប់​នោះ​ត្រូវ​អនុម័ត​ អាមេរិក​នឹង​បញ្ចប់​ការ​ហ្វឹកហ្វឺន​យោធា​និង​ការ​ហ្វឹកហ្វាត់​ក្នុង​តំបន់​ជាមួយ​នឹង​មីយ៉ាន់ម៉ា​ទាំង​អស់ ហើយ​នឹង​ដាក់​បំរាម​ទៅ​លើ​ពាណិជ្ជកម្ម​ត្បូង​ជាថ្មី​ម្តង​ទៀត​ ដែល​បំរាម​នេះ​ត្រូវ​បាន​បញ្ចប់រួច​ទៅ​ហើយ​កាល​ពី​ឆ្នាំ​មុន​ដោយ​អតីត​ប្រធានាធិបតី​ លោក​ បារ៉ាក់​ អូបាម៉ា៕

ប្រែសម្រួល​ដោយ លឹម​ ហ្គេចហៀង

XS
SM
MD
LG