ប្រទេសភូមាបានចាប់ផ្តើមដោះលែងអ្នកទោសនយោបាយមួយចំនួនដូចដែលលោកស្រីអង់សាន ស៊ូជី មេដឹកនាំគណបក្សគ្រប់គ្រងប្រទេសបានសន្យាកាលពីថ្ងៃព្រហស្បតិ៍។
បណ្តាញផ្សាយព័ត៌មានជាភាសាភូមាបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសមីយ៉ាន់ម៉ា ឬភូមាបានដោះលែងពួកនិស្សិតសកម្មជន៦៩នាក់ដែលបានជាប់ឃុំឃាំងកាលពីឆ្នាំទៅមិញ ហើយដែលរង់ចាំការកាត់ក្តី។
ក្រុមគ្រួសារពួកអ្នកទោសនយោបាយទាំងនេះបានប្រមូលផ្តុំគ្នានៅឯពន្ធនាគារនៃប្រទេសភូមាចាប់តាំងពីពេលដែលលោកស្រី អង់សាន ស៊ូជី បានធ្វើសេចក្តីប្រកាសនេះ។ ពួកគេរង់ចាំដំណឹងអំពីពួកជនជាទីស្រឡាញ់របស់ពួកគេឬរង់ចាំការជួបជុំគ្នានៅពេលពួកអ្នកទោសទាំងនេះបានត្រូវដោះលែង។
លោកស្រី អង់សាន ស៊ូជី បានជំរុញឱ្យមានការដោះលែងពួកអ្នកទោសនយោបាយនិងពួកនិស្សិតជាសកម្មជននៅក្នុងប្រទសនេះនៃទ្វីបអាស៊ីអាគ្នេយ៍។លោកស្រីបានមានប្រសាសន៍ថា នឹងមានការលើកលែងទោសជាផ្នែកមួយនៃការប្រារព្ធពីធីបុណ្យចូលឆ្នាំថ្មីព្រះពុទ្ធសាសនានៅពាក់កណ្តាលខែមេសានេះ។
សមាគមផ្នែកផ្តល់ជំនួយដល់ពួកអ្នកទោសនយោបាយក្នុងប្រទេសភូមាដែលជាអង្គការមិនគិតកម្រៃមួយបាននិយាយថា ប្រទេសភូមាមានអ្នកទោសនយោបាយប្រមាណ៥០០នាក់ដែលបានត្រូវវិនិច្ឆ័យទោសរួចហើយឬមួយកំពុងរង់ចាំការកាត់ក្តី។
នៅក្នុងសេចក្តីថ្លែងការណ៍ដំបូងរបស់លោកស្រីចាប់តាំងពីពេលដែលលោកស្រីទទួលមុខនាទីជាទីប្រឹក្សារដ្ឋ លោកស្រី អង់សាន ស៊ូជី មេដឹកនាំនៃគណបក្សគ្រប់គ្រងប្រទេស គឺគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានមានប្រសាសន៍ថា៖ «ខ្ញុំនឹងខិតខំព្យាយាម...ធ្វើឱ្យមានការដោះលែងជាបន្តបន្ទាន់នូវក្រុមអ្នកទោសនយោបាយ ពួកសកម្មជនខាងនយោបាយនិងក្រុមនិស្សិតដែលប្រឈមមុខនឹងការកាត់ក្តីទាក់ទិននឹងរឿងនយោបាយ»។
ក្នុងសប្តាហ៍នេះ ពួកសមាជិកសភានៃប្រទេសភូមាបានបោះឆ្នោតបង្កើតតំណែងទីប្រឹក្សារដ្ឋដែលជាវិធានការមួយធ្វើឱ្យលោកស្រីអង់សាន ស៊ូជី ក្លាយទៅជាមេដឹកនាំតាមព្រឹត្តន័យរបស់ប្រទេសភូមា ទោះណាជាមានការហាមប្រាមមិនឱ្យលោកស្រីកាន់តំណែងជាប្រធានាធិបតីរបស់ប្រទេសនេះក៏ដោយ។
នៅក្នុងរដ្ឋាភិបាលថ្មីនៃប្រទេសភូមាដែលបានស្បថសច្ចាប្រណិធានចូលកាន់តំណែងកាលពីសប្តាហ៍មុន មានសកម្មជនប្រជាធិបតេយ្យច្រើននាក់ដែលបានជាប់ឃុំឃាំងក្នុងពន្ធនាគារជាច្រើនឆ្នាំនៅក្រោមអតីតរដ្ឋាភិបាលយោធាគ្រប់គ្រងប្រទេស។ លោកស្រី អង់សាន ស៊ូជី បានជាប់ឃុំឃាំងនៅក្នុងផ្ទះក្នុងរយៈពេលភាគច្រើននៃរយៈកាល១៥ឆ្នាំ៕