ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទាហាន​មីយ៉ាន់ម៉ា​ដែល​ផ្ដាច់​ខ្លួន​សារភាព​ក្នុង​វីដេអូ​អំពី​ការ​សម្លាប់​រង្គាល


រូបឯកសារ៖ មន្ត្រី​ប៉ូលិស​មីយ៉ាន់ម៉ា​ម្នាក់​កំពុង​ឈរ​ នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន បាន​ទៅ​ដល់​ភូមិ Shwe Zar នៅ​ជាយ​ក្រុង Maungdaw ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ឆ្នាំ ២០១៧។

ទាហាន​មីយ៉ាន់ម៉ា​២នាក់​ដែល​ផ្តាច់​ខ្លួន​ពី​យោធា​មីយ៉ាន់ម៉ា​ដែល​គេ​រាយការណ៍​ថា​ពេល​នេះ​កំពុង​ស្ថិត​នៅ​ទីក្រុង​ឡាអេ​ អាច​ក្លាយ​ជា​សាក្សី​នៅ​ក្នុង​នីតិវិធី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ អំពី​បទ​ប្រល័យ​ពូជសាសន៍ដោយ​យោធា​មីយ៉ាន់ម៉ា។

ទាហាន​មីយ៉ាន់ម៉ា​ដែល​ផ្ដាច់​ខ្លួន​សារភាព​ក្នុង​វីដេអូ​អំពី​ការ​សម្លាប់​រង្គាល
ទាហាន​ពីរ​នាក់​ដែល​ផ្តាច់​ខ្លួន​ពី​យោធា​មីយ៉ាន់​បាន​សារភាព​អំពី​អំពើ​ឃោរឃៅ​របស់​ខ្លួន​ដោយ​បង្ហាញ​អាម្មណ៍​ក្ដុកក្ដួល​បន្តិច​បន្តួច ឬ​គ្មាន​ទាល់​តែ​សោះ។ ចម្លើយ​របស់​ពួកគេ​ប្រហែល​ជា​ត្រូវ​បាន​ហាត់​សម​និយាយ ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​និយាយ​នោះ​គឺ​សាហាវ​ឃោរឃៅ។ អតីត​ទាហាន​ថ្មើរជើង​២​រូប ដែល​បច្ចុប្បន្ន​នេះ​ជា​អ្នករត់​ចោលជួរ​នៃ​យោធា​មីយ៉ាន់ម៉ា និយាយ​នៅ​ក្នុង​ការ​សារភាព​តាម​វីដេអូ​ដែល​ត្រូវ​បាន​ថតទុកថា ពួក​គេ​បាន​ចូលរួមប្រព្រឹត្តិ​បទ​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​យង់ឃ្នង ដែល​រួម​មាន​ទាំង​ការ​សម្លាប់​រង្គាល និង​ការ​បំផ្លិច​បំផ្លាញ​ភូមិ​ទាំង​ស្រុង ក្រោមបញ្ជា​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​ពួក​គេ។

កូន​ទាហាន​ថ្នាក់​ទាប​បំផុត​ម្នាក់​ឈ្មោះ Myo Win Tun​ ថ្លែង​ក្នុងវីដេអូ​មួយ​ថា វរសេនីយឯក​មួយរូប​បាន​បញ្ជា​ឲ្យ​កង​វរសេនាតូច​របស់​លោក​ «បាញ់​សម្លាប់មនុស្ស​ទាំង​អស់ដែល​បាន​ឃើញ​និង​ឮ» មុន​នឹង​ក្រុមទាហាន​របស់​លោកបាន​សម្លាប់​ជន​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ចំនួន ៣០ នាក់ ហើយ​បាន​កប់​ពួក​គេ​នៅ​ក្នុង​រណ្ដៅ​សាក​សព​រួម​ដ៏​ធំ​មួយ។

Zaw Naing Tun ដែល​ជា​ទាហាន​រត់​ចោល​ជួរ​ម្នាក់​ទៀត​មក​ពី​កង​វរសេនាតូច​ផ្សេង​មួយ​ទៀត​បាន​និយាយ​ថា ​វរសេនីយ៍ទោ​ម្នាក់​បាន​បញ្ជា​ឲ្យ​លោក​និង​ទាហាន​ដទៃ​ទៀត​សម្លាប់​មនុស្ស​ប្រហែល​ ៨០ នាក់ ដោយ​រួម​មាន​ទាំង​កូន​ក្មេង ក៏​ដូច​ជា​មនុស្ស​ចាស់​ទាំង​ប្រុស​ទាំង​ស្រី​ផងដែរ។

អតីត​ទាហាន​ទាំង​ពីរ​នាក់​នេះ​បាន​ប្រាប់​លម្អិត​អំពី​ការ​កាប់​សម្លាប់​មួយ​ចំនួន ហើយ​ក៏​បាន​បង្ហាញ​អត្តសញ្ញាណកង​វេសនា​តូច​ដែល​ជាប់​ពាក់​ព័ន្ធ​ ប្រាប់​ឈ្មោះ​មន្ត្រី​ជាន់​ខ្ពស់​ ឈ្មោះ​ភូមិ​ដែល​ត្រូវ​បាន​ដុត​កម្ទេច និង​ទីតាំង​នៃ​រណ្ដៅ​សាក​សព​រួម ដែល​ពួក​គេ​បានយក​សាក​សព​ជន​រងគ្រោះ​ទៅ​ទម្លាក់​ចោល។

ការ​សារភាព​ទាំង​នេះ​ត្រូវ​បាន​ថត​ទុក​ដោយ​កង​ទ័ព Arakan ដែល​ជា​ក្រុម​បះបោរដែល​កំពុងប្រយុទ្ធ​ជាមួយ​នឹងយោធា​មីយ៉ាន់ម៉ា នៅ​ក្នុង​រដ្ឋ​ Rakhine នៃ​ប្រទេស​នេះ។ កាសែត The New York Times និង​បណ្ដាញ​ផ្សាយ​ព័ត៌មាន​កាណាដា​គឺ​ជា​បណ្ដាញ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​មុន​គេ។ បន្ទាប់​មក​ VOA បាន​ពិនិត្យ​មើលវីដេអូ​ទាំង​នេះ ប៉ុន្តែ​មិន​ទាន់​អាច​ផ្ទៀង​ផ្ទាត់​ថា​តើ​វីដេអូ​នោះ​ត្រូវ​បាន​ថតក្នុង​ស្ថានភាព​ដូច​ម្ដេច​នោះទេ។

រូបឯកសារ៖ រូបថត​កាល​ពី​ឆ្នាំ​២០១៧ បង្ហាញ​ទាហាន​មីយ៉ាន់ម៉ា​ល្បាត​នៅ​វាល​ក្បែរ​ក្រុង Maungdaw នៅ​រដ្ឋ Rakhine។
រូបឯកសារ៖ រូបថត​កាល​ពី​ឆ្នាំ​២០១៧ បង្ហាញ​ទាហាន​មីយ៉ាន់ម៉ា​ល្បាត​នៅ​វាល​ក្បែរ​ក្រុង Maungdaw នៅ​រដ្ឋ Rakhine។

អង្គការ​ Fortify Rights ដែល​ជា​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​និង​បាន​ស៊ើប​អង្កេត​ទៅ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​នានា​ដែល​សង្ស័យ​ថា​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​យោធា​មីយ៉ាន់ម៉ា ​បាន​វិភាគទៅ​លើ​វីដេអូ​ទាំង​នោះ ហើយ​បាន​និយាយ​ថា ពាក្យ​សម្ដី​របស់​អតីត​ទាហាន​ទាំង​នេះ​អាច​ជឿ​ជាក់​បាន។

លោក Matthew Smith នាយក​ប្រតិបត្តិ​នៃ​អង្គការ​ Fortify Rights បាន​ថ្លែង​ថា៖«បុគ្គល​ទាំង​ពីរ​រូប​នេះ គឺ​ជា​អ្នក​ដែល​មានប្រតិបត្តិការ​ក្នុង​តំបន់​ទាំង​ពីរ​នេះ នៅ​ភាគ​ខាង​ជើង​រដ្ឋ​ Rakhine នៅ​ក្នុង​អំឡុង​ពេល​ប្រហាក់​ប្រហែល​គ្នា ហើយ​ពួក​គេ​ទទួលបាន​នូវ​បទ​បញ្ជា​ស្រដៀង​គ្នា​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជ​សាសន៍ ហើយ​វា​ក៏​បញ្ជាក់​ពី​ការ​សម្រួល​ដោយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​កង​យោធា​មីយ៉ាន់ម៉ា។ ការ​ដែល​(យើង)​បាន​ឮ​ការ​ថ្លែង​ដោយ​ផ្ទាល់​ពី​សំណាក់​ទាហាន​ដែល​ជា​អ្នក​ទទួល​បញ្ជា​នោះ​ គឺ​ជារឿង​មាន​សារៈសំខាន់​ខ្លាំង​ណាស់»។

ការ​សារភាព​របស់​ទាហាន​ទាំង​ពីរ​នាក់​នេះ បន្ថែម​ទម្ងន់​ទៅ​លើ​កំណត់​ហេតុ​ដែល​ត្រូវ​បាន​ផ្ដល់​ដោយ​ជនរងគ្រោះ​ជា​ច្រើន​នាក់​ផ្សេង​ទៀត ក៏​ដូច​ជា​អ្នក​ស៊ើបអង្កេត ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​តាំង​ពី​ខែ​សីហា ឆ្នាំ ២០១៧ នៅ​ពេលដែល​យោធា​នៃ​ប្រទេស​នេះ​បាន​បើក​ការ​បង្ក្រាប​ដ៏​ប្រល័យ​មួយ​ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​យុទ្ធជន​រ៉ូហ៊ីងយ៉ា ​ទៅ​លើ​ប៉ុស្តិ៍​សន្តិសុខ​មីយ៉ាន់ម៉ា

ក្រុម​អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សហប្រជាជាតិ​បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​ជន​រ៉ូហ៊ីងយ៉ា​ចំនួន​មួយ​ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់ ហើយ​ផ្ទះសម្បែង​ប្រមាណ​ ២០០ កន្លែង​ត្រូវ​បាន​បំផ្លិច​បំផ្លាញ។ បើ​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាតិ​ យុទ្ធនាការ​នេះ​បង្ក​ឲ្យ​ជន​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ជាង៧សែន​នាក់​រត់​គេច​ខ្លួន​ចូល​ទៅ​ប្រទេស​បង់ក្លាដែស​ដែល​នៅ​ជិត​ខាង។ បច្ចុប្បន្ន​នេះ ពួក​គេ​កំពុង​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួនដែល​មាន​ស្ថានភាព​គគ្រិច​ខ្លាំង​ ហើយ​ពឹង​អាស្រ័យ​ទៅ​លើ​តែ​ជំនួយ​មនុស្សធម៌ដើម្បីរស់។

ក្រុមជន​ភៀស​ខ្លួន​បាន​ចង​ចាំ​នូវ​ព្រឹត្តិការណ៍​ដ៏​ឈឺចាប់​ដោយ​សារ​តែ​មាន​ការ​រំលោភ​ជាក្រុម​ ហើយ​ក៏​មាន​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​ចាក់​សោរ​នៅ​ក្នុង​ផ្ទះ​ហើយ​ត្រូវ​ដុត​កម្ទេច​ចោល។ ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សហប្រជាជាតិ​និយាយ​ថា ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​ជន​ជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ដែល​គ្មាន​រដ្ឋ​ច្បាស់​លាស់នេះ​ គឺ​ជាចេតនា​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍។

រូបឯកសារ៖ ជន​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ដោយ​មាន​ដៃ​ត្រូវ​គេ​ចង​ទៅ​ក្រោយ ខណៈ​ដែល​កង​សន្តិសុខ​មីយ៉ាន់ម៉ា​យាម​នៅ​ភូមិ Inn Din កាល​ពី​ខែ​កញ្ញា ២០១៧។
រូបឯកសារ៖ ជន​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ដោយ​មាន​ដៃ​ត្រូវ​គេ​ចង​ទៅ​ក្រោយ ខណៈ​ដែល​កង​សន្តិសុខ​មីយ៉ាន់ម៉ា​យាម​នៅ​ភូមិ Inn Din កាល​ពី​ខែ​កញ្ញា ២០១៧។

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ តែង​តែ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ម្ដង​ហើយ​ម្ដង​ទៀត។ នៅ​ពេល​ឡើង​ផ្ដល់​សក្ខីកម្ម​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC កាល​ពី​ធ្នូ​ឆ្នាំ​មុន ទីប្រឹក្សា​រដ្ឋ​ គឺ​លោក​ស្រី អង់សាន ស៊ូជី (Aung San Suu Kyi) ដែល​ជា​មេដឹកនាំ​ស៊ីវិល​ជាន់​ខ្ពស់​បំផុត​នៃ​ប្រទេស​នេះ​ បាន​បដិសេធ​ថា មិន​មាន​យុទ្ធនាការ​ណា​មួយ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាលដើម្បី​បំផ្លិច​បំផ្លាញ​ជន​រ៉ូហ៊ីងយ៉ា​នោះ​ទេ។

យោធា​មីយ៉ាន់ម៉ា​បាន​លើកឡើង​ថា មាន​ទាហាន​ទុច្ចរិត​មួយ​ចំនួន​តូច​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ទាំង​នោះ។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​វីដេអូ​នេះ លោក​ឧត្តមសេនីយ៍ទោ​ Zaw Min Tun អ្នក​នាំពាក្យ​យោធា​មីយ៉ាន់ម៉ា​ បាន​ហៅ​កងទ័ព​បះបោរ Arakan ដែល​ជា​ក្រុម​បះបោរ​ហើយ​បាន​ថត​វីដេអូ​នេះ​ថា​ជា​អង្គការ​ភេរវកម្ម​ ហើយ​ថា​អតីត​ទាហាន​ទាំង​នេះ ប្រហែល​ជា​ត្រូវ​បាន​គេ​បង្ខិត​បង្ខំ​ឲ្យ​ផ្ដល់​នូវ​សេចក្ដី​ថ្លែងការណ៍​នេះ។

លោក​ក៏​បាន​ថ្លែង​ដែរ​ថា ប្រទេស​មីយ៉ាន់ម៉ា​មាន​យន្ត​ការ​របស់​ខ្លួន​ក្នុង​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដែលគេ​បាន​ចោទ​ប្រកាន់។ ក៏​ប៉ុន្តែ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​ចោទ​ប្រកាន់​ជាយូរ​មក​ហើយ​ថា យោធា​បាន​លាក់​បាំង​ឧក្រិដ្ឋកម្ម​ទាំង​នេះ ហើយ​បាន​ដាក់​ទណ្ឌកម្ម ស្រាលៗ​ទៅ​លើ​អ្នក​ដែល​នៅ​ថ្នាក់ទាប។

លោក Matthew Smith នៃ​អង្គការ Fortify Rights ថ្លែង​បន្ត​ដូច្នេះ​ថា៖«យោធា​បាន​ព្យាយាម​បង្ហាញ​ថា យ៉ាងណា​ក៏​ដោយ​ ​ពួក​គេ​បាន​អនុវត្ត​នូវ​យន្តការ​យុត្តិធម៌​នានា​របស់​ពួក​គេ​ដែរ។ វា​ច្បាស់​ណាស់​ថា យន្តការ​ទាំង​នោះ​ខ្វះ​ភាព​ជឿ​ទុក​ចិត្ត​បាន»

អតីត​ទាហាន​ទាំង​២​រូប​នេះ បច្ចុប្បន្នត្រូវ​បាន​គេ​រាយការណ៍​ថា ​កំពុង​ស្ថិត​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ដែល​ជា​មូលដ្ឋាន​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​ដែលពួកគេអាច​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ចូលរួម​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ឃោរឃៅ ហើយ​ពួក​គេ​ក៏​អាច​នឹង​ផ្ដល់​នូវ​សក្ខីកម្ម​ក្នុង​ដំណើរ​ការ​ក្ដីក្រោម​កិច្ច​ការ​ពារ​ក្នុងនាម​ជា​សាក្សីផង​ដែរ។

តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ICC កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​បណ្ដេញ​ចេញ​ជន​រ៉ូហ៊ីងយ៉ា​ដោយ​បង្ខំទៅ​កាន់​ប្រទេស​បង់ក្លាដែស​ ដោយ​សង្ស័យ​ថា​ អំពើ​បែប​នេះ​គឺ​ជា​ឧក្រិដ្ឋកម្មប្រឆាំង​មនុស្ស​ជាតិ ក៏​ដូច​ជា​ការ​ធ្វើ​ទុក​បុកម្នេញ​ និង​ទង្វើ​អមនុស្សធម៌​ផ្សេង​ទៀត។ តុលាការ​នេះ​ជា​ទូទៅ​កាត់​ទោស​អ្នកដែល​មាន​ឋានៈ​ខ្ពស់​ដែល​ជាប់​ចោទ​ពី​ការប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដ៏​អាក្រក់​ រូម​មាន​អំពើ​ប្រល័យ​ពូជសាសន៍ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។ តុលាការ​នេះ​ជា​ទូទៅ​មិន​កាត់​ទោស​ទាហាន​ដែលមានឋានៈតូច​ទាបនោះ​ទេ ដែល​រួមមាន​ទាហាន​រត់​ចោល​ជួរ​ទាំង​ពីរ​នាក់​នេះ​ផង។

ប្រភព​ព័ត៌មាន​២​ដែល​ស្ថិត​ក្នុង​តំណែង​ជាន់​ខ្ពស់​បាន​ប្រាប់ VOA ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​រៀបចំ​ឲ្យ​មាន​ការ​នាំ​យក​អតីត​ទាហាន​ទាំង​ពីរ​នាក់​នេះទៅ​កាន់​ទីក្រុង​ឡាអេ បន្ទាប់​ពី​អ្នក​ស៊ើប​អង្កេត​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​សម្ភាស​ពួក​គេ​នៅ​ប្រទេស​បង់ក្លាដែស។ ប៉ុន្តែ​តុលាការ​នេះ​មិន​ទាន់​បាន​បញ្ជាក់ថា ​ព័ត៌មាន​នេះ​ជា​ព័ត៌មាន​ពិត​ឬ​យ៉ាង​ណា​នោះ​ទេ។

អង្គការ​សិទ្ធិ​មនុស្ស Fortify Rights បាន​ឲ្យ​ដឹង​ថា ទាហាន​ទាំង​ពីរ​នាក់​នេះ​បាន​មក​ដល់​ព្រំដែន​ប្រទេស​បង់ក្លាដែស​ នៅ​ពាក់​កណ្ដាល​ខែ​សីហា ដោយ​បាន​សុំ​ឲ្យ​អាជ្ញាធរ​បង់ក្លាដែស​ការពារ​ពួក​គេ។ បន្ទាប់​មក​ ប្រទេស​បង់ក្លាដែស​បាន​ជូន​ដំណឹង​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

នៅ​ពេល​និយាយ​ដល់​ការ​វាយ​ប្រហារ​របស់​កងវរសេនាតូច​របស់​លោក​ទៅ​លើ​ជន​ស៊ីវិល​រ៉ូហ៊ីងយ៉ា ទាហាន​ឈ្មោះ Myo Win Tun និយាយ​នៅ​ក្នុងវីដេអូ​នោះ​ថា៖ «យើង​បាញ់​មនុស្ស​ទាំង​អស់​ដោយ​មិន​រើស​មើស​មុខ»។ ទាហានរូបនោះបាន​បន្ថែម​ថា វរសេនីយ៍ឯក​ម្នាក់​បាន​បញ្ជា​ឲ្យ​កង​ទ័ព​«សម្លាប់​ពួក​ kalar ទាំង​អស់»។ ពាក្យ «Kalar» ត្រូវ​បាន​ចាត់ទុកថា​ជា​ភាសា​រើសអើងសំដៅ​ទៅ​លើ​ជន​ដែល​មាន​ដើម​កំណើត​នៅ​តំបន់​អាស៊ី​ខាង​ត្បូង។ ទាហាន​ឈ្មោះ Myo Win Tun ក៏​បាន​សារភាព​ដែរ​ថា ខ្លួន​បាន​រំលោភ​ស្ត្រី​ម្នាក់។

ចំណែក​ទាហានថ្នាក់​ទាប​ម្នាក់​ទៀត​ឈ្មោះ Zaw Naing Tun និយាយ​នៅ​ក្នុងវីដេអូ​នោះ​នៅ​ចំណុច​មួយ​ថា លោក​ជាមួយ​និង​សមាជិក​ផ្សេង​ទៀត​នៅ​ក្នុងកង​វរសេនាតូច​នោះ បាន​ចាប់​ជន​កាន់​សាសនា​ឥស្លាម​ ១០ នាក់ ដែល​សង្ស័យ​ថា​ មាន​ចំណង​ទាក់​ទង​ជាមួយក្រុមយុទ្ធជន។ ទាហាន Zaw Naing Tun និយាយ​ថា ពួក​គេបាន​ចង​មនុស្ស​ទាំង​ ១០ នាក់​នោះ ហើយ​សម្លាប់​ពួក​គេ​ទាំង​អស់។

លោក Phil Robertson នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch បាន​ថ្លែង​ដូច្នេះ​ថា៖ «នេះ​ជា​ការ​បែក​បាក់​ពិត​ប្រាកដ​នៅ​ក្នុង​យោធា​មីយ៉ាន់ម៉ា។ វា​បង្កើត​បាន​ជា​ចរន្ត​មួយ​ដែល​អាច​មាន​មនុស្ស​ច្រើន​ទៀត​ចេញ​មក​បង្ហាញ​រឿង​រ៉ាវ​បែប​នេះ។ ប្រហែល​ជា​មាន​ទាហាន​រត់​ចោល​ជួរ​ផ្សេង​ទៀត​កំពុង​ចាក​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា ដើម្បី​ផ្ដល់​នូវ​សក្ខីកម្ម»។

លោក Robertson បន្ថែម​ថា ទាហាន​ទាំង​២​នាក់​នេះ អាច​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ស៊ើប​អង្កេត​ដោយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ និង​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ដែលមីយ៉ាន់ម៉ា​កំពុង​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជ​សាសន៍។

«ក្នុង​នាម​ជា​សាក្សី​ ពួកគេ​មាន​សក្ដានុពល​យ៉ាង​ខ្លាំង​ក្នុង​ការ​បញ្ជាក់​កាន់​តែ​ច្បាស់​ថែម​ទៀត​អំពី​ស្ថានភាព​ដែល​យោធា​មីយ៉ាន់​ធ្វើ​ប្រតិបត្តិការ។ វា​ជា​ប្រភេទ​យោធា​ដែល​ដុត​និង​បំផ្លិច​បំផ្លាញ​ដ៏​លោភ​លន់​ ដែល​មាន​កំណត់​ត្រា​រំលោភ​បំពាន​ជន​ស៊ីវិល​ជា​យូរ​ណាស់​មក​ហើយ»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG