កញ្ញា មាន ព្រេជរីតា ពិធីការិនីទូរទស្សន៍ MyTV បានអះអាងថា នាងជាជនរងគ្រោះពិតប្រាកដនៃការប៉ុនប៉ងរំលោភសេពសន្ថវៈពីឧកញ៉ា ហេង សៀ ហើយបានបំភ្លឺថា នាងប្រើកាំបិតដើម្បីការពារខ្លួនតែប៉ុណ្ណោះ។ នេះបើយោងតាមសេចក្តីបំភ្លឺដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍។
កញ្ញាបានចោទលោកឧកញ៉ា ហេង សៀ ថាបានប្រឌិតរឿងស្នេហាលួចលាក់ជាមួយនាង ហើយបានទាមទារឲ្យតុលាការទម្លាក់ការចោទប្រកាន់លើរូបនាងពីរឿងលួចទូរស័ព្ទនិងការប្រើកាំបិតចាក់ទៅលើឧកញ៉ា ហេង សៀ ដែលបានប្តឹងនាងពីដំបូងឡើយ រហូតដល់មានការប្តឹងតបវិញពីពិធីការិនីទូរទស្សន៍រូបនេះ ទាក់ទងនឹងការប៉ុនប៉ងរំលោភសេពសន្ថវៈក្នុងរថយន្ត។
កាលពីសប្តាហ៍មុន លោក ហេង សៀ អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូននិងនាំចេញនាំចូលគ្រឿងសំណង់ ហេង ស្រេងហុង និងក្រុមហ៊ុនលក់កញ្ចក់ Cambopura Glass បានលើកឡើងក្នុងកំណត់ហេតុបណ្តឹងរបស់លោកថា លោកមានទំនាក់ទំនងស្នេហាជាមួយនាង មាន ពេជ្ររីតា ហៅយូប៊ី អាយុ២០ឆ្នាំ តាមរយៈទៅជួបគ្នានៅផ្ទះសំណាក់ ដោយជួបម្តងក្នុងតម្លៃ ២០០ ទៅ ៣០០ដុល្លារអាមេរិក។
កំណត់ហេតុបណ្តឹងនេះកើតមានឡើង ក្រោយជម្លោះរវាងលោក ហេង សៀ និងនាង ពេជ្ររីតា ក្នុងរថយន្តមួយដែលភាគីលោក ហេង សៀ ថានាង រីតា បានឲ្យលោកបើករថយន្តចុះឡើង ២ ទៅ ៣ បក ក្នុងខណ្ឌទួលគោក នៅពេលនាង រីតា រង់ចាំមិត្តរបស់នាងម្នាក់ទៀត។ ដល់គ្រាមួយនៅកន្លែងស្ងាត់ក្នុងសង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោកនោះ លោក ហេងសៀ ចោទនាង រីតា ថាបានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួចមកចាក់លើក្បាលពោះខាងស្តាំរបស់លោកចំនួន ២ កាំបិត និងយកទូរស័ព្ទរបស់លោកមួយគ្រឿងម៉ាក Iphone 12 ProMax នៅពេលនាង រីតា ចេញបើកទ្វារចេញពីរថយន្ត។
ក្រោយមកទៀតលោក ហេង សៀ បានចេញលិខិតបំភ្លឺដល់សាធារណជនថា លោកមានលួចលាក់ស្នេហាជាមួយនាង មាន ពេជ្ររីតា ហើយរឿងរ៉ាវប្តឹងផ្តល់គ្នាធ្វើឲ្យលោកសោកស្តាយបំផុត។ លោកបន្ថែមទៀតថា ជម្លោះកើតឡើងដោយសារនាង រីតា ទាមទារប្រាក់សុំផ្តាច់ចំណងស្នេហាច្រើនហួសប្រមាណ ប៉ុន្តែលោកមិនបានបញ្ជាក់ចំនួននោះទេ។
ប៉ុន្តែនាង មាន ពេជ្ររីតា បានច្រានចោលការចោទប្រកាន់ទំនាក់ទំនងស្នេហា ដែលនាងថា «មានអាយុដូចជាចៅនិងជីតា»។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុកចំនួនពីរ គឺទូរទស្សន៍ CNC និងអង្គភាព Fresh News ដែលបានចុះផ្សាយការបំភ្លឺរបស់នាង។
នាង មាន ពេជ្ររីតា បកស្រាយថា ការដាក់កូនកាំបិតក្នុងកាបូបនោះ គឺនាងដាក់ជាប់ជាប្រចាំសម្រាប់ប្រើប្រាស់ពេលមានតម្រូវការ ហើយនេះជាទម្លាប់របស់មនុស្សស្រី។ នាងរំឭកឡើងវិញថា លោក ហេង សៀ បានព្យាយាមលូកលាន់រាងកាយរបស់នាងជាបន្តបន្ទាប់។ ប៉ុន្តែពេលមួយនោះ នាងក៏ប្រឹងទាញយកកាំបិតពីកាបូបមកក្រវាសចុះឡើងក្នុងបំណងការពារខ្លួន និងបានរើសយកទូរស័ព្ទដែលជ្រុះធ្លាក់ក្នុងរថយន្ត ដោយនឹកស្មានថាជាទូរស័ព្ទរបស់នាង។
សេចក្តីបំភ្លឺរបស់នាងដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានមានអត្ថន័យថា៖ «រាល់ការចោទប្រកាន់ថា នាងខ្ញុំជាស្រីរកស៊ីលក់ខ្លួនម្តង ២០០$ ឬ៣០០$ និងថាធ្លាប់បានរួមភេទជាមួយនាងខ្ញុំពីរបីដង និងថានាងខ្ញុំជាស្រីចិញ្ចឹមលួចលាក់ គឺជាការមួលបង្កាច់ដោយព្រៃផ្សៃថោកទាប និងមើលងាយដល់ស្ត្រីភេទទន់ខ្សោយ អមនុស្សធម៌បំផុតរបស់បុគ្គលល្មោភកាម ហេង សៀ នេះ»។
លោក គី តិច ប្រធានក្រុមមេធាវីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានក្រុមការងារជួយការពារនាង ពេជ្ររីតា បានបដិសេធមិនផ្តល់ការអធិប្បាយលើសំណួរពាក់ព័ន្ធនឹងសេចក្តីបំភ្លឺ របស់នាងជាមួយសារព័ត៌មានខាងលើ។ លោកក៏មិនទាន់អាចបញ្ជាក់ថា តើក្រុមមេធាវីបានដាក់សំណើទៅតុលាការសុំលើកលែងការចោទប្រកាន់ឬយ៉ាងណា។
អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក ប្លង់ សុផល ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ចៅក្រមស៊ើបសួររបស់សាលាដំបូងកំពុងបន្តធ្វើការរឿងក្តីនេះ តែលោកមិនទាន់ដឹងថាតើក្រុមមេធាវីបានដាក់សំណើសុំទម្លាក់ការចោទប្រកាន់ឬយ៉ាងណា។
លោកបញ្ជាក់ថា៖ «ខាងអយ្យការយើងខ្ញុំមិនទាន់បានទទួលពាក្យហ្នឹង ប៉ុន្តែក្រែងលោគាត់អាចដាក់តាមរយៈរដ្ឋបាលរបស់សាលាដំបូងដែលជាសមត្ថកិច្ចរបស់លោកចៅក្រមស៊ើបសួរក៏មិនដឹង។ ខ្ញុំអត់បានទទួលព័ត៌មានហ្នឹងទេបាទ»។
កន្លងទៅ នាង ពេជ្ររីតា ត្រូវបានតុលាការបានសម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោយរឿងចម្រូងចម្រាសនេះបានលេចឮដល់សាធារណជន។
វីអូអេនៅមិនទាន់អាចសុំការអធិប្បាយពីគូភាគីទំនាស់ក្នុងសំណុំរឿងនេះបានទេ គិតត្រឹមថ្ងៃសុក្រនេះ។
បើតាមសេចក្តីបំភ្លឺរបស់នាងពេជ្ររីតា គឺកាលពីព្រឹកថ្ងៃទី ៨ ខែឧសភា នាងត្រូវបាននគរបាលជាបុរសៗ ៧ នាក់ នាំខ្លួនដោយពុំមានដីកា ដោយនិយាយថាឲ្យនាងទៅបំភ្លឺតែមួយភ្លែតទេនៅប៉ុស្តិ៍នគរបាលខណ្ឌទួលគោក។ នាងបញ្ជាក់ថា នគរបាលជាបុរស ៣ នាក់បាន «បង្ខំសាកសួរ» យកចម្លើយអស់រយៈពេល ៣ ថ្ងៃ ៣ យប់ ដោយមិនឲ្យនាងត្រឡប់មកផ្ទះវិញទេ និងបានបញ្ជូននាងមកតុលាការសាកសួរចម្លើយជាបន្តបន្ទាប់។
នាងបញ្ជាក់ថា៖ «ស្ថិតនៅក្នុងស្ថានភាពភ័យខ្លាច តក់ស្លុត អត់ងងុយ និងអារម្មណ៍មិននឹងនរ នាងខ្ញុំមានការភ្លេចភ្លាំង រកនឹកអ្វីមិនឃើញ មិនដឹងថាមានអ្វីកើតឡើងនោះទេ ធ្វើឲ្យនាងខ្ញុំពុំអាចផ្តល់ចម្លើយ និងពុំទាន់ផ្ដល់ចម្លើយជូនចៅក្រមស៊ើបសួរបានគ្រប់ជ្រុងជ្រោយនិងច្បាស់លាស់នៅឡើយ»។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកស្រី ចក់ សុភាព មានប្រសាសន៍ថា ទោះបីមានការឆ្លើយឆ្លងគ្នារវាងគូទំនាស់ ចៅក្រមដែលទទួលការដោះស្រាយសំណុំនេះត្រូវបន្តនីតិវិធីច្បាប់ ដោយផ្តល់យុត្តិធម៌ដល់ភាគីទាំងសងខាង។
លោកស្រីបញ្ជាក់ថា៖ «ទោះបីមានការអះអាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ទិដ្ឋភាពនៃការណ៍ដែលមានការចោទប្រកាន់ពាក់ព័ន្ធនឹងការរំលោភបំពាននេះ គឺនៅតែមាន។ អីចឹងហើយគឺស្ថាប័នតុលាការហ្នឹង លោកត្រូវពិនិត្យពិច័យទៅលើសំណុំរឿងនេះទៅលើអង្គហេតុ ហើយនិងភស្តុតាងនានាដែលពាក់ព័ន្ធហ្នឹង»។
ចំណែកនាយិកាអង្គការក្លាហានដែលធ្វើការលើសិទ្ធិស្ត្រី កញ្ញា បុណ្យ រចនា បង្ហាញក្តីបារម្ភថា មានពេជ្ររីតាមិនទទួលបានកាត់ការសេចក្តីត្រឹមត្រូវ ព្រោះថាតាំងពីដើមទីមក នាងរងគ្រោះជាងគេ ពោលគឺត្រូវបានឃាត់ខ្លួនមកសួរនាំទាំងពុំមានដីកានាំខ្លួន និងត្រូវឃុំខ្លួនបណ្តោះអាសន្នទៀតផង។
យ៉ាងណាក៏ដោយ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា ក្រសួងយុត្តិធម៌បន្តឃ្លាំមើលសំណុំរឿងនេះ ហើយថា អង្គការសង្គមស៊ីវិលក៏គួររង់ចាំមើលសេចក្តីសម្រេចរបស់តុលាការ ជាជាងការបញ្ចេញប្រតិកម្មផ្សេងៗ៕