ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​រិះគន់​ចំណាត់ការ​តុលាការ​ក្នុង​សំណុំ​រឿង​ឧកញ៉ា ​ហេង សៀ ខណៈ​មាន​ការ​ចាប់សួរ​និង​ដោះ​លែង​បុគ្គល​ពាក់​ព័ន្ធ​ឆាប់​រហ័ស


លោក​ឧកញ៉ា ហេង សៀ ដែល​ត្រូវបាន​ពិធី​ការិនី​ទូរ​ទស្សន៍​ម្នាក់ឈ្មោះ មាន ពេជ្ររីតា ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ​ចុះ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ២០២១ ពី​បទ​«ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ»។ (រូបថតពីបណ្តាញសង្គម)
លោក​ឧកញ៉ា ហេង សៀ ដែល​ត្រូវបាន​ពិធី​ការិនី​ទូរ​ទស្សន៍​ម្នាក់ឈ្មោះ មាន ពេជ្ររីតា ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ​ចុះ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ២០២១ ពី​បទ​«ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ»។ (រូបថតពីបណ្តាញសង្គម)

សំណុំ​រឿង​ដ៏​ចម្រូងចម្រាស​រវាង​លោក​ឧកញ៉ា ហេង​ សៀ និង​ពិធីការិនី​ស្ថានីយ៍​ទូរទស្សន៍​ MyTV​ នាង មាន​ ពេជ្ររីតា ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​និង​សង្ស័យ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​កូន​ប្រសា​របស់​លោក ហេង​ សៀ និង​កូនស្រី​របស់​លោក​ផង​ដែរ។

កូន​ប្រសា​របស់​លោក ហេង សៀ គឺ​លោក ​ឃន​ ឈុនដារ៉ា អាយុ​៣២ឆ្នាំ​ ត្រូវ​គេ​ស្គាល់​ថា​ជា​ម្ចាស់​ហាង​កាហ្វេ​ល្បី​ឈ្មោះ​ The Koi និង Tube Cafe និង​ជា​ស្វាមី​របស់​លោកស្រី តាំង​ គឹមហៀង ដែល​ជា​កូនស្រី​របស់​លោក ហេង សៀ។

លោក ហេង សៀ និង​នាង មាន​ ពេជ្ររីតា បាន​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ជម្លោះ​មួយ​ដែល​បាន​កើតឡើង​កាល​ពី​កន្លង​ទៅ​និង​បែក​ធ្លាយ​កាល​ពី​សប្តាហ៍​មុន។ បើ​តាម​បណ្តឹង​របស់​នាង​មាន ពេជ្ររីតា ជម្លោះ​គឺ​បាន​កើតឡើង​ក្នុង​រថយន្ត​បើកបរ​ដោយ​លោក ហេង សៀ ហើយ​ជម្លោះ​នេះ​បាន​ក្លាយ​ជា​ដើម​ចម​នាំ​ទៅ​ដល់​ការ​ចាប់​ខ្លួន​ លោក ឃន​ ឈុនដារ៉ា និង​លោក​ស្រី​ តាំង គឹមហៀង ដែល​បាន​ប្រាប់​តុលាការ​ថា​ ពួកគេ​បាន​ប្រតិដ្ឋ​វីដេអូ​ឃ្លីប​នៃ​ជម្លោះ​រវាង​លោក ​ហេង សៀ និង​នាង ​មាន​ ពេជ្ររីតា ដើម្បី​ធ្វើ​ជា​ភស្តុតាង​រក​ការ​ពិត​នៅ​ពី​ក្រោយ​ជម្លោះ​នោះ។

តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដោះលែង​លោក ​ឃន​ ឈុន​ដារ៉ា​ ក្រោយ​លោក​បាន​សារភាព​រឿង​រ៉ាវ​នេះ។ ម្ចាស់​ហាង​កាហ្វេ​រូប​នោះ​ ក៏​អះអាង​ថា​លោក​មិន​បាន​ជួល​មនុស្ស​ពីរ​នាក់​ដែល​មាន​ភិន​ភាគ​ដូច​លោក​ ហេង​ សៀ និង​នាង​ មាន​ ពេជ្ររីតា មក​ថត​រូប​អាសអាភាស​ ឬ​ចែក​រំលែក​រូបភាព​ដ៏ចម្រូងចម្រាស ដើម្បី​បង្ខូច​កិត្តិយស​នាង​មាន ពេជ្ររីតា​ដែរ។

គេ​មិន​ទាន់​ដឹង​ថា​ជម្លោះ​រវាង​នាង​មាន​ ពេជ្ររីតា​ និង​លោក ហេង​ សៀ ​គ្រាន់​តែ​ជា​ទំនាស់​ដែល​ផ្តើម​ចេញ​ពី​ស្នេហា​រវាង​អ្នក​ទាំង​ពីរ​ឬ​ក៏​ជា​ទំនាស់​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។

ក្រុម​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ការ​ការពារ​សិទ្ធិមនុស្ស​ និង​ស្ត្រី​លើកឡើង​នូវ​ការ​ស្រងាក​ចិត្ត​ចំពោះ​វិធានការរបស់​តុលាការ​ដែល​សម្រេច​ឲ្យ​លោក ឃន​ ឈុនដារ៉ា និង​ភរិយា​របស់​លោក​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ភ្លាមៗ ក្រោយ​ការ​ស៊ើបសួរ​ក្នុង​សំណុំរឿង​ដែល​ដំបូង​ឡើយ​មាន​ការចោទ​ប្រកាន់​ធ្ងន់ធ្ងរ​ពី​ភាគី​ម្ខាង​គឺ​នាង ពេជ្ររីតា ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ។ ​

នាយិកា​អង្គការ​ក្លាហាន កញ្ញា បុណ្យ រចនា បាន​ចោទ​សួរ​ពី​តួនាទី​របស់​កូន​ប្រសា​របស់​លោក ហេង សៀ ​ក្នុង​ការ​បង្កើត​វីដេអូ​ឃ្លីប​បង្ហាញ​សកម្ម​ភាព​ត្រាប់​តាម​ទំនាស់​រវាង​លោក ហេង​ សៀ និង​កញ្ញា​ពេជ្ររីតា ​ធ្វើ​ជា​តម្រុយតាម​រក​ការពិត។

លោក ​ឃន​ ឈុនដារ៉ា អាយុ​៣២ឆ្នាំ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម្ចាស់​ហាង​កាហ្វេ​ល្បី​ឈ្មោះ​ The Koi និង Tube Cafe និង​ជា​ស្វាមី​របស់​លោកស្រី តាំង​ គឹមហៀង ដែល​ជា​កូនស្រី​របស់​លោក ហេង សៀ។ (រូបថត​ពី Facebook/ChhunDara Khorn)
លោក ​ឃន​ ឈុនដារ៉ា អាយុ​៣២ឆ្នាំ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម្ចាស់​ហាង​កាហ្វេ​ល្បី​ឈ្មោះ​ The Koi និង Tube Cafe និង​ជា​ស្វាមី​របស់​លោកស្រី តាំង​ គឹមហៀង ដែល​ជា​កូនស្រី​របស់​លោក ហេង សៀ។ (រូបថត​ពី Facebook/ChhunDara Khorn)

កញ្ញា​និយាយ​ថា​ការ​ចាប់ខ្លួន​ និង​ដោះលែង​ជនសង្ស័យ​ភ្លាមៗ ​កំពុង​លើក​ឡើង​នូវ​មន្ទិល​នៃ​ភាព​មិន​លម្អៀង​ក្នុង​ការ​ដោះស្រាយ​ក្តីក្តាំ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​រវាង​បុគ្គល​អ្នក​មាន​ទ្រព្យ​សម្បត្តិ​និង​ពលរដ្ឋ​ទូទៅ​ ជាពិសេស​គឺ​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មូលដ្ឋាន​ផ្សេង​ៗ​ដែល​សុំ​នៅ​ក្រៅ​ឃុំ​ តែ​ត្រូវ​តុលាការ​បដិសេធ។

កញ្ញា​បញ្ជាក់​ថា៖ «អីចឹង​ កន្លែង​ហ្នឹង​ខ្ញុំ​ហាក់​ដូច​ជា​ មើល​ឃើញ​ថាការ​អនុវត្ត​ហ្នឹង​ អត់​មាន​ស្តង់​ដារ​មួយ​ដែល​ស្មើ​គ្នា រវាង​អ្នក​ដែល​អត់​មាន​អំណាច​ អត់​មាន​ប្រាក់ អត់​មាន​បក្ខ​អត់​មាន​ពួក​ ហើយ​និង​អ្នក​ដែល​មាន​ឥទ្ធិ​ពល»។ ​

ចំណែក​នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លោកស្រី ចក់​ សុភាព ជំរុញ​ឲ្យ​តុលាការ​សិក្សា​ករណី​របស់​លោក​ឧកញ៉ា​ ហេង​ សៀ ដែល​ជា​អគ្គ​នាយក​ក្រុមហ៊ុន​នាំ​ចូល​និង​ដឹកជញ្ជូន​គ្រឿង​សំណង់​ ហេង​ ស្រេងហុង និង​ក្រុមហ៊ុន​លក់​កញ្ចក់ CamboPura Glass ឲ្យ​ត្រឹម​ត្រូវ​ទៅ​តាម​នីតិវិធី​ច្បាប់ ដើម្បី​បង្ហាញ​ពី​តម្លាភាពដល់​សាធារណ​ជន។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «ក្នុង​ករណី​នេះ​ ខ្ញុំ​យល់​ថា​ តុលាការ​ត្រូវ​ពិនិត្យ​ពិច័យ​ ហើយ​និង​បង្ហាញ​នូវ​ការ​អនុវត្ត​នូវ​គោលការណ៍​មួយ​ដែល​ស្មើភាព​ចំពោះ​ពលរដ្ឋ​គ្រប់​រូប​ មិន​មែន​ដោយ​សារ​តែ​ស្ថានភាព​ឋានៈ​នៅ​ក្នុង​សង្គម​ ឬក៏​ដោយ​សារ​គោរមងារ​ជា​ឧកញ៉ា​អី​ជាដើម​ហ្នឹង​ ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ផ្សេង​ពី​ពលរដ្ឋ​ទូទៅ»។​

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា​តុលាការ​គួរ​ពិនិត្យ​លើបញ្ហា​សីលធម៌​ទាក់ទង​នឹងការ​សារភាព​របស់​កូនប្រសា​លោក ​ហេង សៀ អំពី​ការ​ចែក​រំលែក​រូប​អាសអាភាស។

លោក​បញ្ជាក់​ថា៖ «ការ​សារភាព​អី​បែប​ហ្នឹង​ អាហ្នឹង​ខ្ញុំ​គិត​ថា​គួរ​តែ​មាន​ការ​ដាក់​ទោស​ទណ្ឌ​ដែរ ​ដើម្បីកុំ​ឲ្យ​មាន​អំពើ​បែប​ហ្នឹង​ចេះ​តែ​កើត​មាន​ឡើង ហើយ​វា​សាប​ព្រោះ​នូវ​រឿង​មួយ​ដែល​មិន​ល្អ​ ហើយ​សង្គម​មាន​ការ​ស្អប់​ខ្ពើម​ទៅ​នឹង​អំពើ​អសីលធម៌ ហើយ​គ្មាន​គុណធម៌​បែប​ហ្នឹង»។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា​ គឺ​ពីរ​ថ្ងៃ​ក្រោយ​ការ​ឃាត់​ខ្លួន​នោះ លោក ឃន​ ឈុនដារ៉ា បាន​ចេញ​លិខិត​បំភ្លឺ​សារភាព​ថា​លោក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចែក​រំលែក​រូបភាព​មិន​សមរម្យ​ពោល គឺ​រូប​អាសអាភាស​មួយ​សន្លឹក​ តែ​លោកមិន​បញ្ជាក់​លម្អិត​ថា​ជា​រូប​បុគ្គល​ណា​ទេ​និង​មិន​ដឹង​មាន​ប្រភព​មក​ទី​ណា​ទេ។

បើ​តាម​លិខិត​បំភ្លឺ​នោះ​ លោក ឃន​ ឈុនដារ៉ា​ ដែល​មាន​ងារ​ជា​ឧកញ៉ា​ផង​នោះ​បាន​លើកឡើង​ក្នុង​ន័យ​ដើម​ថា៖ «ខ្ញុំ​ពិត​ជា​មាន​ការ​សោកស្តាយ​ ដោយ​បាន​ចែក​រំលែក​រូបភាព​មិន​សមរម្យ​នេះ។ ប្រសិន​បើ​រូបភាព​នេះ​ អាច​បង្កើត​ឲ្យ​មាន​ការ​ភាន់ច្រឡំ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​កញ្ញា មាន​ ពេជ្ររីតា​ ខ្ញុំ​សូម​អភ័យទោស​ចំពោះ​ការ​ចែក​រំលែក​រូបភាព​មិន​សមរម្យ​នេះ​ និង​សន្យា​ថា​នឹង​មិន​ឲ្យ​ករណី​នេះ​ កើត​មាន​ជា​ថ្មី​ទៀត​ឡើយ»។

កញ្ញា មាន ពេជ្ររីតា ដែល​ជា​ពិធី​ការិនី​ទូរ​ទស្សន៍​ម្នាក់ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ​ប្រឆាំង​នឹង​លោក​ឧកញ៉ា ហេង សៀ ចុះ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ២០២១ ពី​បទ​«ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ» តប​នឹង​ពាក្យ​បណ្តឹង​របស់​ឧកញ៉ា​រូប​នោះ។ (រូបថត៖ My TV Plus និង​ពី​បណ្ដាញ)
កញ្ញា មាន ពេជ្ររីតា ដែល​ជា​ពិធី​ការិនី​ទូរ​ទស្សន៍​ម្នាក់ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលា​ការ​ប្រឆាំង​នឹង​លោក​ឧកញ៉ា ហេង សៀ ចុះ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ២០២១ ពី​បទ​«ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ» តប​នឹង​ពាក្យ​បណ្តឹង​របស់​ឧកញ៉ា​រូប​នោះ។ (រូបថត៖ My TV Plus និង​ពី​បណ្ដាញ)

ក្នុង​លិខិត​នោះ​លោក​អះអាង​ថា​រូបភាព​មិន​សមរម្យ​នោះ​ គឺ​លោក​ទទួល​បាន​ពី​គេ​ដែរ​តាម​ទូរស័ព្ទ និង​ចែក​រំលែក​ទៅ​មនុស្ស​៧​នាក់​តាម​ប្រព័ន្ធ​ WhatsApp និង​ប្រព័ន្ធ​ Telegram។

ងាក​មក​រឿង​ថត​វីដេអូ​មក​ធ្វើ​ជា​ភស្តុតាង​នោះ​ អ្នក​ជំនួញ​វ័យ​ក្មេង​រូបនេះ​រៀបរាប់​ថា​ការ​ជ្រើសរើស​មនុស្ស​២​នាក់​ដែល​ម្នាក់​មាន​ភិនភាគ​ប្រហាក់ប្រហែល​នឹង​កញ្ញា មាន ពេជ្ររីតា​ និង​ម្នាក់​ទៀត​មាន​ភិនភាគ​ប្រហាក់​ប្រហែល​នឹង​ឪពុក​ក្មេក​របស់​លោក​នោះ ​«គឺ​មាន​គោលបំណង​ដើម្បី​ថត​ជា​វីដេអូ​ឃ្លីប​ធ្វើ​ត្រាប់​តាម​អង្គហេតុ​ដែល​បាន​កើត​ឡើង​ក្នុង​រថយន្ត​នេះ​ប៉ុណ្ណោះ ​ប៉ុន្តែ​ខ្ញុំ​សូម​បញ្ជាក់​ថា​ការជ្រើស​រើស​មនុស្ស​ទាំង​ពីរ​នាក់​នេះ​ ពុំ​មែន​ដើម្បី​ផលិត​វីដេអូ​អាស​អាភាស​នោះ​ទេ»។

ក្រោយ​ចេញ​លិខិត​បំភ្លឺ​របស់​លោក​ ឃន ឈុនដារ៉ា​ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បក​ស្រាយ​នូវ​អ្វី​ដែល​ជា​ការ​សារភាព​របស់​លោក​ ឃន ឈុនដារ៉ា​ និង​ភរិយា​លោក​គឺ​លោកស្រី តាំង​ គឹមហៀង។

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តល់​ការ​ពន្យល់​ថា​អាជ្ញាធរ​ពាក់ព័ន្ធ​រក​មិន​ឃើញ​ភស្តុតាង​ណា​មួយ​អំពី​ការ​ផលិត​ជា​វីដេអូ​ឃ្លីប​អាសអាភាស​ ឬ​រូបភាព​អាសអាភាស​ ដែល​ត្រូវ​បាន​ចែក​ចាយ​ក្នុង​បណ្តាញ​សង្គម​ឡើយ។

ក្នុង​ការ​បិទ​បញ្ចប់​សេចក្តីថ្លែងការណ៍​របស់​ខ្លួន អយ្យការ​រាជធានី​ភ្នំពេញ​លើក​ឡើង​ខ្លួន«បាន​ទទួល​ពិនិត្យ​យ៉ាង​ហ្មត់​ចត់​នូវ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ករណី​ខាង​លើ​នេះ​ និង​បាន​សម្រេច​ដោះលែង​ឈ្មោះ​ ឃន​ ឈុនដារ៉ា និង​ឈ្មោះ​ តាំង​ គឹមហៀង​ និង​សម្រេច​បន្ត​ការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​ប្រភព​នៃ​ការ​ផលិត​រូបភាព​អាសអាភាស...»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក ប្លង់ សុផល ​អ្នក​នាំ​ពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។ វីអូអេ​ក៏​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​ភាគី​ពាក់ព័ន្ធ​ក្នុង​ជម្លោះនេះ​បាន​ដែរ។

លោកស្រី ចក់​ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ជំរុញ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ឲ្យ​ច្បាស់​លាស់​ ក្នុង​បញ្ហា​ផលិត ​និង​ចែកចាយ​រូបភាព​អាសអាភាស​នេះ ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ។

រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន​ ម៉ាលីន​ ច្រាន​ចោល​ការ​រិះគន់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​ជំហរ​តុលាការ​ ក្នុង​ការ​ដោះស្រាយ​ក្តីក្តាំ​របស់​អ្នក​មាន​លុយ​និង​សកម្មជន ដោយ​ថាពួកគេប្រតិកម្ម​មិន​ផ្អែក​លើ​ហេតុ​ផល​របស់​ស្ថាប័ន​តុលាការ។

«គាត់​វិនិច្ឆ័យ​យុត្តិធម៌​មិន​យុត្តិធម៌​ទៅ​លើ​ថា​បុគ្គល​ហ្នឹង​ជា​អ្នកណា​ អ្នក​មាន ឬ​អ្នកក្រ សកម្មជន​ ឬ​មិន​សកម្ម​ជន ក៏​ប៉ុន្តែ​ហេតុផល​មូលដ្ឋាន​ផ្លូវ​ច្បាប់​ ទឡ្ហីករណ៍​អី​ គាត់​អត់​មាន​ខ្វាយ​ខ្វល់​រវីរវល់​យក​ភ្នែក​មើល​សោះ។ អាហ្នឹង​គឺ​ទម្លាប់​របស់​សង្គម​ស៊ីវិល​យើង​ដែល​ខុស​ប្លែក​ ហើយ​ជា​ទម្លាប់​មួយ​ដែល​ចម្លែក»។

ក្នុង​សំណុំ​រឿង​ស្មុគស្មាញ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២៦​ក៏​បាន​ចេញ​លិខិត​ចំហ​មួយ​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ចំនួន​៣​រូប ​គឺ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ​ក្រសួង​កិច្ចការ​នារី ​និង​ក្រសួង​យុត្តិធម៌ ​ដោយ​ស្នើ​សុំ​ឲ្យ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ទំនាស់​រវាង​លោក​ឧកញ៉ា ហេង សៀ ​និង​នាង​ មាន ពេជ្ររីតា ដែល​ជា​និស្សិត​ឆ្នាំ​ទី​ពីរ​ ផ្នែក​ជំនួញ​ពាណិជ្ជកម្ម៕

XS
SM
MD
LG