ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមឧទ្ទាមម៉ូស្លីមកំពុងសំងំប្រមូលកម្លាំងនៅហ្វីលីពីនក្រោយចាញ់សង្គ្រាមដែលមានរយៈពេល៥ខែ


រូបឯកសារ៖ ទាហានរដ្ឋាភិបាល​ហ្វីលីពីន និង​រថពាស​ដែក​កំពុង​តម្រង់​ទៅ​កាន់​​ស្ពាន​ Mapandi ក្រោយ​ពេល​ប្រយុទ្ធ​គ្នា​អស់​រយៈ​ពេល​១០០​ថ្ងៃ​ជាមួយ​ក្រុម​ឧទ្ទាម Maute ដែល​ធ្លាប់​បាន​កាន់​កាប់​មួយ​ផ្នែក​នៃ​​​ទីក្រុង​ Marawi នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ហ្វីលីពីន។
រូបឯកសារ៖ ទាហានរដ្ឋាភិបាល​ហ្វីលីពីន និង​រថពាស​ដែក​កំពុង​តម្រង់​ទៅ​កាន់​​ស្ពាន​ Mapandi ក្រោយ​ពេល​ប្រយុទ្ធ​គ្នា​អស់​រយៈ​ពេល​១០០​ថ្ងៃ​ជាមួយ​ក្រុម​ឧទ្ទាម Maute ដែល​ធ្លាប់​បាន​កាន់​កាប់​មួយ​ផ្នែក​នៃ​​​ទីក្រុង​ Marawi នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ហ្វីលីពីន។

ក្រុម​ឧទ្ទាម​ម៉ូស្លីម​មួយ​ក្រុម​កំពុង​សំងំ​ប្រមូល​កម្លាំង​ក្នុង​ប្រទេស​ហ្វីលីពីន​ សម្រាប់​អ្វី​មួយ​ដែល​អាច​ឈាន​ដល់​ការ​ប្រយុទ្ធ​គ្នា​សារ​ជា​ថ្មី​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ បន្ទាប់​ពី​មាន​សង្គ្រាម​ដែល​អូស​បន្លាយ​អស់​រយៈ​ពេល​៥​ខែ​កាល​ពី​ឆ្នាំ​មុន។

សមាជិក​នៃ​ក្រុម​ Maute ដែល​ជា​ក្រុម​គាំទ្រ​ក្រុម​រដ្ឋ​ឥស្លាម​និង​ជាក្រុម​រណសិរ្ស​ឧទ្ទាម​ម៉ូស្លីម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ដែល​បាន​បង្ក​សង្គ្រាម​នៅ​ទីក្រុង ​Marawi ដែល​ជា​ទីក្រុង​ភាគ​ខាង​ត្បូង បាន​បំបែក​ខ្លួន​ទៅ​ជា​ក្រុម​តូចៗ​ចំនួន​១០​ក្រុម ចាប់​តាំង​ពី​ការ​ប្រយុទ្ធ​គ្នា​បាន​បញ្ចប់​កាល​ពី​ខែ​តុលា។ នេះ​បើ​យោង​តាម​គេហទំព័រ​ព័ត៌មាន​ Rappler ​របស់​ហ្វីលីពីន ដែល​បាន​រាយការណ៍​កាល​ពី​ដើម​ខែ​មីនា។ សារព័ត៌មាន​នេះ​រាយការណ៍​ថា ក្រុម​នេះ​មាន​គ្នា​ប្រហែល​៣០០​នាក់។​

កង​ទ័ព​ហ្វីលីពីន​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​វាយ​ប្រហារ​បន្ថែម​ទៀត។ កាល​ពី​ថ្ងៃ​ទី​៣០​ខែ​មករា កង​កម្លាំង​ប្រដាប់​អាវុធ​បាន​បង្កើតជំរំ​មួយ​នៅ​ទីក្រុង ​Marawi «ដើម្បី​បង្កើត​មូលដ្ឋាន​យុទ្ធសាស្ត្រ​នៅ​ទី​ក្រុង​នេះ​ ក្នុង​គោល​បំណង​ចង់​រារាំង​ការ​វិល​ត្រឡប់​ចូល​មក​វិញ​របស់​ក្រុម​ Maute ​ដែល​គាំទ្រ​ក្រុម​រដ្ឋ​ឥស្លាម»។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​លោក​ប្រធានាធិបតី។

បុរស​ម្នាក់​ប្រើ​ទូរស័ព្ទ​នៅ​ពេល​កំពុង​បិទ​ទ្វារ​តូប​លក់​អីវ៉ាន់ ដែល​នៅ​លើ​ទ្វារ​មាន​ឈ្មោះ​ក្រុម​ «MAUTE-ISIS» នៅ​ទីក្រុង​ Marawi ​ប្រទេស​ហ្វីលីពីន។
បុរស​ម្នាក់​ប្រើ​ទូរស័ព្ទ​នៅ​ពេល​កំពុង​បិទ​ទ្វារ​តូប​លក់​អីវ៉ាន់ ដែល​នៅ​លើ​ទ្វារ​មាន​ឈ្មោះ​ក្រុម​ «MAUTE-ISIS» នៅ​ទីក្រុង​ Marawi ​ប្រទេស​ហ្វីលីពីន។

សង្គ្រាម​កាល​ពី​ឆ្នាំ​មុន​បាន​សម្លាប់​សមាជិក​សំខាន់ៗ​នៃ​ក្រុម​ Maute​ ក៏​ដូច​យុទ្ធជន​ឈាន​មុខ​របស់​ខ្លួនចំនួន​ប្រហែល​៩០០​នាក់​ ក្នុង​ចំណោម​អ្នក​ដែល​បាន​ស្លាប់​ចំនួន ១១២៧​នាក់​ ប៉ុន្តែ​អ្នក​ជំនាញ​ជឿ​ថា សង្គ្រាម​នេះ​បាន​បន្សល់​ទុក​នូវ​អ្នក​រស់​រាន​មាន​ជីវិត​ដែល​ពោរពេញ​ដោយ​កំហឹង។ ការ​លេច​មុខ​ឡើងវិញ​នៃ​ក្រុម​នេះ​បង្ហាញពី ការ​មិន​សប្បាយ​ចិត្ត​ទៅ​លើ​ការ​គ្រប់​គ្រង​នយោបាយ​នៅ​លើ​កោះ Mindanao ដែល​ជា​ទីតាំង​ប្រវត្តិសាស្ត្រ​របស់​ពួក​ម៉ូស្លីម​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ដែល​មាន​អ្នក​កាន់​សាសនា​គ្រិស្ត​ភាគ​ច្រើន​នោះ ​ដែល​កំពុង​មាន​សភាព​កាន់​តែ​យ៉ាប់យ៉ឺន​ខ្លាំង​ឡើង​ បើ​ទោះ​ណា​ជា​មាន​ការ​វាយ​ប្រហារ​អស់​ជា​ច្រើន​ទសវត្សរ៍​ក៏​ដោយ​ក្តី។ មាន​មនុស្ស​ប្រមាណ​ ១២១.០០០ នាក់​ហើយ​ដែល​បាន​ស្លាប់​ដោយ​សារ​ជម្លោះ​នៅ​កោះ ​Mindanao គិត​ចាប់​ពី​ទសវត្សរ៍​១៩៦០​មក។

លោក Eduardo Araral សាស្ត្រាចារ្យ​នៅ​សាលា​គោល​នយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ​ជាតិ​សិង្ហបុរី ឬ ​National University of Singapore បាន​ថ្លែង​ថា៖ «ការ​ពិត​គឺ​ថា បើ​ទោះ​បីជា​ក្រុម​មេ​ដឹក​នាំ​របស់​ពួក​ឧទ្ទាម​ត្រូវ​បាន​កម្ចាត់​ក៏​ដោយ​ ក៏​នៅ​តែ​មាន​ពួក​អ្នក​គាំទ្រ អ្នក​ដែល​នៅ​សេស​សល់​ជា​ច្រើន​ទៀត​ អ្នក​ដែល​ស្ថិត​ក្នុង​ជួរ​ទី​២​និង​ទី​៣ ហើយ​ពួក​គេ​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា​ ពួក​គេ​ហ៊ាន​ពលី​ខ្លួនចំពោះ​មនោគមវិជ្ជា​ ហើយ​ពួក​គេ​ផ្សារ​ភ្ជាប់​ខ្លួន​ទៅ​នឹង​ក្រុម​នោះ»។

លោក​បាន​បន្ថែម​ថា៖«ពេល​វេលា​នឹង​បញ្ជាក់​រឿង​នេះ ពីព្រោះ​មាន​ក្រុម​ផ្សេងៗ​ជាច្រើន​នៅ​ជុំវិញ​កោះ​ Mindanao ដែល​អាច​ប្រមូល​គ្នា​ក្រោម​ទង់​ជាតិ​របស់​ពួក​រដ្ឋ​ឥស្លាម ​Maute»។

ការ​ប្រមូល​ផ្តុំ​គ្នា​ឡើង​វិញ​ក្រោយ​សង្គ្រាម

នៅ​ពេល​ដែល​ក្រុម ​Maute ដែល​មាន​អាយុ​កាល​៥​ឆ្នាំ​នេះ បាន​ចូល​ដៃ​ជាមួយ​ក្រុម ​Abu Sayyaf ដែល​ជា​ក្រុម​ត្រូវ​បាន​គេ​ដឹង​ថា​ បាន​ចាប់​ជម្រិត​និង​កាត់​ក្បាល​ភ្ញៀវ​ទេសចរ​បរទេស​នោះ​ កង​កម្លាំង​ប្រដាប់​អាវុធ​បាន​ចាប់​ផ្តើម​សង្គ្រាម​នៅ​ខែ​ឧសភា​ ឆ្នាំ​២០១៧។ យ៉ាង​ហោចណាស់​មាន​មនុស្ស​២សែន​នាក់​បាន​រត់​គេច​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេ​ នៅពេលដែល​ការ​វា​ប្រហារ​ទាំង​នោះ​ធ្វើ​ឲ្យ​ទីក្រុង​ដែល​មាន​សាកល​វិទ្យាល័យ​ជាប់​មាត់​បឹងមួយ​នេះ​មិន​អាច​រស់​នៅ​បាន​ត​ទៅ​ទៀត។ ក្រុម​រដ្ឋ​ឥស្លាម​បាន​ជ្រើស​រើស​យកមេ​ក្រុម Abu Sayyaf ជា​មេដឹកនាំ​របស់​ពួក​គេនៅ​អាស៊ី​អាគ្នេយ៍ ដែល​បាន​ធ្វើ​ឲ្យ​មាន​កម្រិត​គ្រោះ​ថ្នាក់​កាន់​តែ​មាន​ភាព​ខ្លាំង​ឡើងសម្រាប់​ក្រុម​មន្ត្រី​ហ្វីលីពីន។

ទិដ្ឋភាព​នៃ​បន្ទាយ​របស់​ក្រុម Maute ដោយ​មាន​ទង់​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ទីក្រុង Marawi ប្រទេស​ហ្វីលីពីន។
ទិដ្ឋភាព​នៃ​បន្ទាយ​របស់​ក្រុម Maute ដោយ​មាន​ទង់​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ទីក្រុង Marawi ប្រទេស​ហ្វីលីពីន។

អ្នក​ដែល​គាំទ្រ​ក្រុម Maute​ ម្នាក់​ក្នុង​ចំណោម​២​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពីដើម​ខែ​មីនា​នៅ​ទីក្រុង​ម៉ានីល​ បាន​ដឹក​នាំ​ការ​វាយ​ប្រហារ​ប្រឆាំង​នឹង​កម្លាំង​សន្តិសុខ​ស៊ីវិល​ម្នាក់កាល​ពី​ឆ្នាំ​មុន នៅ​ខេត្ត Lanao Del Sur។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​គេហទំព័រ​ព័ត៌មាន​ក្នុង​ស្រុកមួយ​ឈ្មោះ​ថា​ ABS-CBN។

ក្រុម​អ្នក​ដែល​មិន​ទទួល​យក​ក្រុម ​Maute ​នៅ​ពេល​នេះ​នឹង​ព្យាយាម​ស្វែង​រក​ថ្នាក់​ដឹកនាំ​ថ្មី ដែល​នេះ​ប្រហែល​ជា​ផ្ដល់​នូវ​តួនាទី​ដល់​បង​ប្អូន​ជីដូន​មួយ​របស់​ស្ថាបនិក​ក្រុម​នេះ​ដែល​ត្រូវ​បានគេ​លួច​បាញ់​សម្លាប់។ នេះ​បើ​តាម​លោក Herman Kraft សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ Philippines Diliman ក្នុង​តំបន់​ទីក្រុង​ម៉ានីល។

លោក​ Herman Kraft បាន​ថ្លែង​ថា៖ «នឹងមាន​ការ​តស៊ូ​បន្ត​កើត​មាន​ ថា​តើ​អ្នក​ណា​នឹង​ដឹកនាំ​ទៅ​លើ​ក្រុម​នេះ​ទាំង​មូល។ ដូច្នេះ​ មនុស្ស​គ្រប់​គ្នា​ដែល​កំពុង​បំបែក​គ្នា​ ប្រហែល​ជានៅ​បែក​គ្នា​ក្នុង​រយៈ​ពេល​ពីរ​បី​ខែ​ទៀត»។

ទំនាក់​ទំនង​ជាមួយ​ក្រុម​ឧទ្ទាម​ផ្សេង​ទៀត

ក្រុម​អ្នក​វិភាគ​ជឿ​ថា ក្នុង​ចំណោម​ក្រុម​ឧទ្ទាម​ម៉ូស្លីម​ទាំង​១៩​ក្រុម​នៅ​ជុំវិញ​កោះ Mindanao និង​តំបន់​សមុទ្រ ​Sulu ដែល​នៅ​ជាប់​នោះ កង​កម្លាំង​របស់​ក្រុមMaute ដែលបាន​រស់​ឡើង​វិញ​នឹង​សម្រេច​ចិត្ត​ចូល​រួម​ជាមួយ​ក្រុម​ណា​មួយ​ដើម្បី​ចាប់​ផ្តើម​ការ​វាយ​ប្រហារ​សារ​ជា​ថ្មី។

ក្រុម​ឧទ្ទាម​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សន្តិសុខ​តំបន់​ស្វ័យយ័ត​របស់​ជន​ម៉ូស្លីម​នៅ​កោះ ​Mindanao ដែល​ជា​កោះ​សម្រាប់​ធ្វើ​ចម្ការ​និង​ជីក​យក​រ៉ែ​ មាន​ចំនួន​ប្រជាជន​២១​លាន​នាក់​ និង​មាន​ធន​ធាន​ផ្សេង​ទៀត​សម្រាប់​ពលរដ្ឋ​ម៉ូស្លីម​ដែល​ក្រីក្រ។

ក្រុម​កង​ទ័ព​ប្រជាជន​ថ្មី (New People's Army) ដែល​ជា​អង្គភាព​ប្រដាប់​អាវុធ​នៃ​ក្រុម​បះបោរ​បែប​កំម្មុយនីស្ត​ ប្រហែល​ជា​ជួយ​ក្រុម Maute នេះ។ នេះ​បើ​តាម​សម្តី​លោក Enrico Cau និស្សិត​ថ្នាក់​បណ្ឌិត​ផ្នែក​ការ​សិក្សា​កិច្ច​ការ​និង​យុទ្ធសាស្ត្រ​អន្តរជាតិ​ នៅ​សាកល​វិទ្យាល័យ​ Tamkang University នៅ​កោះ​តៃវ៉ាន់។

លោក Enrico Cau បាន​ថ្លែង​ដោយ​ប្រើ​ប្រាស់​ពាក្យ​ដែល​សំដៅ​លើ​ជន​ម៉ូស្លីម​នៅ​ហ្វីលីពីន​ដែល​ភាគ​ច្រើន​មក​ពី​ក្រុម​ជនជាតិ​ភាគតិច​នោះ​ថា៖«ខ្ញុំ​គិត​ថា ពួក​គេ​នឹង​សម្រេច​កិច្ច​ព្រម​ព្រៀង​មួយ​(modus vivendi)​ជាមួយ​ជន​ម៉ូស្លីម​ Moros ​ដែល​រស់​នៅ​ហ្វីលីពីន ពី​ព្រោះ​ពួក​គេ​ជា​មិត្ត​ល្អ​នឹង​គ្នា។ បើ​សិន​អ្នក​ប្រើ​ច្បាប់​សង្គម​និយម​ឬ​បទ​បញ្ញត្តិ​ឬ​គោល​ការណ៍​ទៅ​លើ​សាសនា​ឥស្លាម ច្បាប់​ទាំង​នោះ​ដំណើរ​ការ​បាន​ល្អ​ណាស់»។

ក្រុម​កង​ទ័ព​និង​ប៉ូលិស​កំពុង​ជំរុញ​ឲ្យ​សមាជិក​ក្រុម ​New People's Army ចុះចាញ់​ នេះ​បើ​តាម​សម្តី​ប្រធានាធិបតី​ហ្វីលីពីន​លោក Duterte ដែល​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​លោក​ប្រធានាធិបតី។ លោក Duterte សង្ឃឹម​ថា«កង​កម្លាំង​ប្រដាប់​អាវុធ​អាច​បំផ្លាញ​ក្រុម​ឧទ្ទាម​នេះ​បាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»។

ទាហាន​រដ្ឋាភិបាល​នៅ​លើ​ឡាន​ដែល​បើក​បរ​នៅ ​Amai Pakpak នៅ​ពេល​មាន​ការ​វាយ​ប្រហារ​ពី​ក្រុម ​ Maute កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​ទីក្រុង Marawi។
ទាហាន​រដ្ឋាភិបាល​នៅ​លើ​ឡាន​ដែល​បើក​បរ​នៅ ​Amai Pakpak នៅ​ពេល​មាន​ការ​វាយ​ប្រហារ​ពី​ក្រុម ​ Maute កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​ទីក្រុង Marawi។

ក្រុម​ជន​បរទេសដែល​គាំទ្រ​ពួករដ្ឋ​ឥស្លាម ​ដែល​ក្រុម​នេះ​ជា​ក្រុម​ភេរវជន​អន្តរជាតិ​រង​ការ​វាយ​ប្រហារ​ឲ្យ​ចុះ​ខ្សោយ​កាល​ពី​ឆ្នាំ​មុន​នៅ​ជិត​បន្ទាយ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី ​ក៏​ប្រហែល​ជា​ចូល​មក​ប្រទេស​ហ្វីលីពីន​ម្តង​ទៀត​ដើម្បី​ជួយ​ដល់​ពួក​ឧទ្ទាម។ មន្ត្រី​ហ្វីលីពីន​មាន​ការ​សង្ស័យ​ថា ជន​ជាតិ​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី បាន​មក​ដល់​កោះ Marawi កាល​ពី​ឆ្នាំ​មុន​ដើម្បី​ជួយ​ក្រុម​ឧទ្ទាម Maute។

លោក​បាន​ថ្លែង​ថា៖«ទុក្ខ​សោក​កម្រិត​ខ្ពស់​ដែល​មិន​ត្រូវ​បាន​ដោះ​ស្រាយ​ ធ្វើ​ឲ្យ​មាន​ឱកាស​កាន់​តែ​ច្រើន​ក្នុង​ការ​ទទួល​បាន​ជោគ​ជ័យ​នៅ​ប្រទេស​ហ្វីលីពីន»។

លោក Araral បាន​ថ្លែង​ថា ក្រុម Maute ដែល​នៅ​រស់​រាន​មាន​ជីវិត​ប្រហែល​ជា​មិន​មាន​កម្លាំង​ដើម្បី​វាយ​ប្រហារ​ក្នុង​រូបភាព​ជា​សង្គ្រាម​ទាំង​ស្រុង​ទេ ប៉ុន្តែ​ពួក​គេ​អាច​ជ្រើស​រើស​យក​សកម្មភាព​ភេរវកម្ម​ប្រឆាំង​នឹង​«គោល​ដៅ​ទន់» ដូច​ជា​សាលា​រៀន និង​ហាង​លក់​ទំនិញ នៅ​ក្នុង​ទីក្រុង​ធំៗ​លើ​កោះ Mindanao។

លោក Cau បាន​ថ្លែង​ថា រដ្ឋាភិបាល​ត្រូវ​តែ​ផ្តល់​សម្បទាន​ដល់​ក្រុម​ម៉ូស្លីម​ទាំង​នោះ​ដើម្បី​សម្រួល​ជៀស​វាង​កុំ​ឲ្យ​មាន​ការ​វាយ​ប្រហារ​រយៈ​ពេល​វែង។

គណៈ​កម្មការ​របស់​រដ្ឋា​ភិបាល​កំពុង​ធ្វើ​ការ​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​ច្បាប់​ស្វ័យភាព​ ក្រោយ​ពេល​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​មួយ​ជាមួយ​ក្រុម​ឧទ្ទាម​ដែល​មាន​ភាព​រឹង​មាំ​មួយ​ក្នុង​ចំណោម​ក្រុម​ឧទ្ទាម​ជា​ច្រើន​ គឺ​ក្រុម រណសិរ្ស​រំដោះ​ឥស្លាម​ Moroក្នុង​ប្រទេស​ហ្វីលីពីន (The Moro Islamic Liberation Front)៕

ប្រែ​សម្រួល​ដោយ​ នៀម ឆេង

XS
SM
MD
LG