ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោក Zeid Ra'ad al Hussein បាននិយាយថា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិត្រូវតែមានជំហររឹងមាំប្រឆាំងនឹងអ្វីដែលលោកហៅថាជាការប្រមាណទៅលើអ្នកជំនាញការសិទ្ធិមនុស្ស រួមមាន អ្នកស្រី Agnes Callamard អ្នករាយការណ៍ពិសេសស្ដីពីការសម្លាប់ក្រៅប្រព័ន្ធតុលាការនៅក្នុងប្រទេសហ្វីលីពីន។ លោក Zeid និយាយថាការនិយាយប្រមាណបែបនេះត្រូវតែបញ្ឈប់។
លោក Zeid Ra’ Ad Al Hussein បានប្រសាសន៍ថា៖ «នេះគឺជាការអាម៉ាស់ខ្លាំងណាស់ ដែលប្រធានាធិបតីនៃប្រទេសមួយអាចនិយាយ ដោយប្រើប្រាស់ភាសាយ៉ាងអាក្រក់បំផុតបែបនេះចេញមករួច មកលើប្រេសិតម្នាក់ ដែលជាមនុស្សដ៏គួរឲ្យគោរព។ ហើយការណ៍នេះពិតជាធ្វើឲ្យគេជឿថា ប្រធានាធិបតីហ្វីលីពីនចាំបាច់ត្រូវតែទៅជួបគ្រូពេទ្យចិត្តសាស្រ្តដើម្បីឲ្យគេធ្វើរោគវិនិច្ឆ័យលើរូបលោក»។
លោក Duterte បានវាយប្រហារតាមរយៈពាក្យសម្ដីទៅលើអ្នកស្រី Agnes Callamard ចំពោះការ លើកឡើងពីការព្រួយបារម្ភរបស់អ្នកស្រី ទៅលើការសម្លាប់ជនសង្ស័យជាច្រើនពាន់នាក់ នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក Duterte។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានប៉ាន់ប្រមាណថា យ៉ាងហោចណាស់មានជនសង្ស័យ ៧,០០០ នាក់ ដែលជាអ្នកប្រើប្រាស់ និងជាអ្នកជួញដូរថ្នាំញៀន ត្រូវបានសម្លាប់ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦មក។ លោក Zeid Ra’ Ad Al Hussein ក៏បានរិះគន់រដ្ឋអាជ្ញាហ្វីលីពីន ចំពោះការចេញញត្តិមួយកាលពីខែមុន ដោយប្រកាសហៅអ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិជនជាតិដើមភាគតិច អ្នកស្រី Victoria Tauli-Corpus និងអ្នកជំនាញជនជាតិហ្វីលីពីនលើផ្នែកនេះពីរនាក់ទៀតថាជាភេវរករ។
លោក Zeid Ra’ Ad Al Hussein បានប្រសាសន៍ថា៖
«ការណ៍នេះពិតជាមិនអាចទទួលយកបាននោះទេ ចំពោះអ្នករាយការណ៍ពិសេសម្នាក់ ដែលតំណាងឲ្យសហគមន៍អន្តរជាតិ និងជាអ្នកមានជំនាញម្នាក់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ត្រូវទទួលនូវរងទង្វើបែបនេះនោះ ។ »
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Alan Peter Cayetano បានឆ្លើយតបទៅនឹងសេចក្ដីថ្លែងការណ៍របស់លោក Zeid Ra’ Ad Al Hussein ថាជា «ប្រតិកម្មដែលមិនបានថ្លឹងថ្លែងមួយ»។
លោក Zeid Ra’ Ad Al Hussein និយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបង្ក្រាបកាន់តែខ្លាំងទៅៗ និងការគំរាមកំហែងដែលកំពុងកើនឡើង ទៅលើបុគ្គល និងក្រុមអ្នកប្រឆាំងនៅក្នុងប្រទេសហ្វីលីពីន៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា