ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ក្រុងភ្នំពេញ បើក​ការស៊ើបអង្កេត​បទញុះញង់​លើ​មេដឹកនាំ និង​សកម្មជន​សហជីព​ណាហ្គាវើលដ៍​៩នាក់


រូបឯកសារ៖ ​​​សន្តិសុខ​របស់​កាស៊ីណូ ណាហ្គាវើលដ៍ (Naga World) ពីរ​នាក់ កំពុង​ឈរ​​មើល​ការ​ធ្វើ​កូដកម្ម​របស់​បុគ្គលិក​​ក្រុមហ៊ុន ណាហ្គា​វើសដ៍ នៅ​ខាង​មុខ​កាស៊ីណូ​ ណាហ្គាវើសដ៍ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/វីអូអេ)

តុលាការ​ក្រុង​ភ្នំពេញ​ សម្រេច​បើក​ការ​ស៊ើបសួរ​លើ​ថ្នាក់​ដឹកនាំ​ និង​សកម្មជន​សហជីព​ចំនួន​៩​នាក់ ​ទាក់ទិន​«សកម្មភាព​បំផុស​បំផុល»​ក្រុម​អតីត​បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពីការងារ​ ឲ្យ​បង្ក​ចលាចល​ដល់​សណ្តាប់​ធ្នាប់​របៀប​រៀបរយ​សាធារណៈ។ នេះ​ បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ។​

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​សកម្មជន​សហជីព​ខាង​លើ​នេះ​ពី​បទ​ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ​តាម​មាត្រា​ ៤៩៤ ​និង​មាត្រា ​៤៩៥​ នៃ​ក្រម​ព្រហ្មទណ្ឌ។​

ថ្នាក់​ដឹកនាំ​ និង​សកម្មជន​ទាំង​ប្រាំ​បួន​រូប​នោះ ​រួមមាន​ឈ្មោះ​ ឈឹម ស៊ីថរ ​ឈ្មោះ វី សុវណ្ឌឌី​ ឈ្មោះ ​សុន ស្រីពេជ្រ ​ឈ្មោះ​ ហៃ សុភាព ​ឈ្មោះ ​ឃ្លាំង សុបិន្ត ​ឈ្មោះ​ ទូច សិរីមាស ​ឈ្មោះ​ ឈឹម សុខន ​ឈ្មោះ​ សុខ ណារិទ្ធ និង​ សុខ គង្គា។​

ចំណាត់​ការ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ​ គឺ​ធ្វើ​ឡើង​ បន្ទាប់​ពី​ថ្នាក់​ដឹកនាំ​ ​សកម្មជន​ និង​សមាជិក​សហជីព​យ៉ាង​ហោច​ណាស់ ​២៤​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​មន្ត្រី​នគរបាល​ក្នុង​ទីក្រុង​ភ្នំពេញ​ បន្ទាប់​ពី​ពួក​គេ​ បាន​ធ្វើ​កូដកម្ម​នៅ​មុខ​កាស៊ីណូ​ណាហ្គាវើលដ៍​ អស់​រយៈ​ពេល​ប្រមាណ​ពីរ​សប្តាហ៍​កន្លង​ទៅ​នេះ។​ នេះ​ បើ​តាម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ដែល​បាន​ឃ្លាំ​មើល​កូដកម្ម​របស់​កម្មករ​និយោជិត​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។​

អាជ្ញាធរ​រាជធានី​ចោទ​កូដកម្ម​នោះ​ថា​ ជាកូដកម្ម​ខុស​ច្បាប់ ​និង​ថា​ សកម្មភាព​កូដកម្ម​នោះ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សុវត្ថិភាព​ សណ្តាប់​ធ្នាប់​ និង​របៀប​រៀបរយ​សាធារណៈ ​និង​សិទ្ធិ​ស្រប​ច្បាប់​របស់​ក្រុមហ៊ុន​ ជា​ពិសេស​ ក្រុម​អ្នក​តវ៉ា​មិន​ចូលរួម​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩។​

មេ​ដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ កញ្ញា​ ឈឹម ស៊ីថរ ​បាន​ប្រាប់​វីអូអេ​តាម​សារ​ជា​សំឡេង​ កាលពី​ល្ងាច​ថ្ងៃចន្ទ​ថា ​ អតីត​បុគ្គលិក​កម្មករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ នឹង​បន្ត​ធ្វើ​កូដកម្ម​ រហូត​ដល់​មាន​ដំណោះ​ស្រាយ​សមស្រប​ បើ​ទោះ​បីត្រូវ​ប្រឈម​នឹង​ការ​ចាប់ខ្លួន​ពី​អាជ្ញាធរ​ក៏​ដោយ។ ​

កញ្ញា​បាន​ថ្លែង​ថា៖ ​«ពាក់ព័ន្ធ​ជាមួយ​នឹង​ខាង​បងប្អូន​កម្មករ​និយោជិតជា​ជំហរ​ គឺ​ពួក​គាត់​នឹង​បន្ត​ធ្វើការ​ទាមទារ​តវ៉ា​រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ​ បើ​ទោះបីជា​មាន​ការ​ចាប់ខ្លួន​ថ្នាក់​ដឹកនាំ​ ឬ​ក៏​សកម្មជន​ក៏​ដោយ ​ពីព្រោះ​ យើង​បាន​ធ្វើការ​ព្យាករ​ណ៍ទុក​មុន​ហើយ​ថា​ អាច​នឹង​មាន​ការ​ចាប់​ខ្លួន​អី​ទាំងអស់​ហ្នឹង។ ​ដោយឡែក​ការ​ចាប់​ខ្លួន​នេះ ​គឺ​គេ​ចង់​បំបាក់​ស្មារតី​អ្នក​ទាមទារ»។​

នៅ​ក្នុង​សារ​ឆ្លើយ​តប​នឹង​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង ​WhatsApp អ្នក​នាំពាក្យ​ក្រសួង​ការងារ ​លោក​ ហេង សួរ​ បាន​លើក​ឡើង​ថា ​តុលាការ​ គឺ​ជា​ជម្រើស​ដំណោះ​ស្រាយ​បន្ទាប់​មួយ​ក្នុង​ករណី​វិវាទ​មាន​ភាព​ជាប់គាំង។​

លោក​ប្រាប់​វីអូអេ​កាលពី​ល្ងាច​ថ្ងៃចន្ទ​ក្នុង​ន័យ​ដើម​ថា៖​ «ក្នុង​ករណី​មិន​សះជា​ គឺ​ត្រូវ​បញ្ជូន​សំណុំ​រឿង​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល។ ​ក្រោយ​ពេល​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ចេញ​សេចក្តី​បង្គាប់ ​និង​ក្រោយ​ពេល​អនុវត្ត​វិធាន​វិវាទ​ការងារ​ គឺ​មាន​តែ​តុលាការ​ទេ ​ដែល​ជា​អ្នក​មាន​សិទ្ធិ​កំណត់​គុណវុឌ្ឍ​នៃ​វិធាន​វិវាទ​ការងារ​នេះ​ថា ​ ស្រប​ ឬ​មិន​ស្រប​ច្បាប់។ ​ចាប់​ពី​ដំណាក់​កាល​នេះ​ត​ទៅ​ ភាគី​វិវាទ​ គឺ​ត្រូវ​ដាក់​ពាក្យ​ទៅ​តុលាការ​ដើម្បី​បើក​សវនាការ​ និង​បញ្ចប់​វិវាទ​ការងារ​នេះ»។​

បើ​តាម​សារ​ដដែល​នោះ​ លោក​ ហេង សួរ ​បាន​បន្ត​ថា ​ការ​ធ្វើ​កូដកម្ម​ គឺ​ជា​សិទ្ធិ​របស់​កម្មករ​ ប៉ុន្តែ​ ការ​បន្ត​កូដកម្ម​ ឬ​បញ្ឈប់​កូដកម្ម​ គឺ​ត្រូវ​ពិនិត្យ​លើ​ដីកា​របស់​តុលាការ។​លោក​បន្ថែម​ថា​ បើសិន​ជា​តុលាការ​ចាត់​ទុក​កូដកម្ម​ជា​កូដកម្ម​ខុសច្បាប់​ ភាគី​វិវាទ​ដែល​មិន​សុខ​ចិត្ត​នឹង​ដីកាតុលាការ​ គឺ​ត្រូវ​រួសរ៉ាន់​ប្តឹង​ជំទាស់​ទៅ​តុលាការ​វិញ​ក្នុង​រយៈ​ពេល​កំណត់​ណា​មួយ។​

រូបឯកសារ៖ កញ្ញា ម៉ឺន សៀកហៀង អតីត​បុគ្គលិក​ផ្នែក​កាស៊ីណូប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​អស់រយៈពេល​ពីរ​ឆ្នាំ​មក​នេះ និង​ជា​កូដករ​មួយរូប​ ចូលរួម​ក្នុង​កូដកម្ម​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)
រូបឯកសារ៖ កញ្ញា ម៉ឺន សៀកហៀង អតីត​បុគ្គលិក​ផ្នែក​កាស៊ីណូប្រចាំ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​អស់រយៈពេល​ពីរ​ឆ្នាំ​មក​នេះ និង​ជា​កូដករ​មួយរូប​ ចូលរួម​ក្នុង​កូដកម្ម​នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

កូដកម្ម​ដែល​បាន​ធ្វើ​ឡើង​ចំនួន​១៤​ថ្ងៃ​មក​ហើយ​នៅ​មុខ​ទីតាំង​កាស៊ីណូ​ណាហ្គាវើលដ៍​ទី១ ​និង​ទី២​នោះ​ មាន​ការ​ទាម​ទារ​៩​ចំណុច​សំខាន់ៗ​ ក្នុង​នោះ​ គឺ​ការ​ទូទាត់​ប្រាក់​អតីត​ភាព​ការងារ​ ការ​ប្រើប្រាស់​កិច្ច​សន្យា​កម្ម​សិក្សា​ដែល​ខុស​ច្បាប់​ការ​ស្នើ​សុំ​ដំឡើង​ប្រាក់​ឈ្នួល​ និង​ការ​មិន​គោរព​ច្បាប់​ការងារ​។

ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​លោក​ Hein Dames​ បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ នៅ​ថ្ងៃ​អង្គារ​នេះ។

ប៉ុន្តែ​នៅ​ក្នុង​លិខិត​ជូន​ដំណឹង​ចុះ​ថ្ងៃទី​៤ ​ខែមករា​ ឆ្នាំ​២០២២​នេះ​ លោក​ Hein Dames​ បាន​អំពាវនាវ​ឱ្យ​កម្មករ​និយោជិត​ដែល​បន្ត​អវត្តមាន​នៅ​កន្លែង​ការងារ​ឲ្យ​ចូល​ធ្វើការ​វិញ។ ​នេះ​ ជា​ការ​ជូន​ដំណឹង​លើក​ចុង​ក្រោយ​ឱ្យកម្មករ​និយោជិត​វិលចូល​មក​កន្លែង​ធ្វើការ។​

សេចក្តី​ជូន​ដំណឹង​របស់​ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​លើក​ឡើង​តាម​ន័យដើម​ថា៖ ​«ក្នុង​ករណី​បើ​បង​ប្អូន​នៅ​តែ​មិន​ត្រឡប់​ចូល​មក​បម្រើ​ការងារ​វិញ​ទេ​ បង​ប្អូន​នឹង​ទទួល​រង​នូវ​វិធាន​ការ​វិន័យ​ស្របតាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន​ និង​ច្បាប់​ស្តីពី​ការងារ​ជាធរមាន»។​ ​

នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ លោក ​អំ សំអាត ​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​បញ្ហា​ពាក់ព័ន្ធ​នឹង​វិវាទ​រវាង​បុគ្គលិក​និយោជិត​ និង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ គឺ​កាន់​តែ​មាន​សភាព​ដុនដាប​ខ្លាំង​ នៅ​ពេល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​មេ​ដឹកនាំ ​និង​តំណាង​សហជីព​ជា​បន្តបន្ទាប់​ដែល​លោក​ចាត់ទុក​សកម្មភាព​នេះ​ថា​ ជាការ​រំលោភ​សិទ្ធិ​សេរីភាព​ជាមូលដ្ឋាន។​

លោក​បាន​ថ្លែង​ថា៖ ​«អ៊ីចឹង​ខ្ញុំ​មើល​ទៅ​ដំណោះ​ស្រាយ​នៃ​ការ​ឃាត់​នៃ​ការ​ចាប់​ខ្លួន​នេះ​ វា​ហាក់បី​ដូចជាមិនមែន​ដំណោះ​ស្រាយ​មួយ​ល្អ​ទេ។​ វា​ជា​ដំណោះ​ស្រាយ​មួយ​ដែល​នឹង​ទទួល​បាន​ការ​រិះគន់​អំពី​ការ​រំលោភ​សិទ្ធិ​បុគ្គលិក​ណាហ្គាវើលដ៍​រំលោភ​សិទ្ធិ​ការងារ ​រំលោភ​សិទ្ធិ​សហជីព​ និង​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​វិញ​ទេ»។​

ដំណាល​គ្នា​នេះ​ដែរ​ លោក​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បន្ត​កាន់​ខ្ជាប់​នូវ​ការ​ចរចា​ដោះស្រាយ​ដោយ​សន្តិវិធី​ និង​ស្រប​តាម​ច្បាប់​ការងារ។​

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ ដែល​គេ​សង្កេត​ឃើញ​មាន​តែ​បណ្តាញ​ព័ត៌មាន​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​ចូល​រួម ​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​លោក ​សាន សុខសីហា​ អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​បាន​លើក​ឡើង​ថា ​មក​ទល់​ពេល​នេះ​ មាន​ការ​ចាប់ខ្លួន​មនុស្ស​តែ​១៧​នាក់​ប៉ុណ្ណោះ ​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​កូដកម្ម។​

ក្រុមហ៊ុន​ណាហ្គាវើលដ៍​ជា​សាខា​របស់​ក្រុមហ៊ុន​ NagaCorp ​និង​បាន​ចុះ​បញ្ជី​នៅ​ផ្សារហ៊ុន​ទីក្រុង​ហុងកុង​ មាន​ប្រតិបត្តិការ​កាស៊ីណូ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ។​

កាល​ពី​ចុង​ខែ​មេសា​ ឆ្នាំ​២០២១ ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ត្រូវ​សហជីព​នៅ​ក្រុមហ៊ុន​នេះ​ចោទ​ប្រកាន់​ថា​ ​បាន​កាត់​បុគ្គលិក​ចេញ​ពី​ការងារ​ជាង​១៣០០​នាក់​ទាំង​បង្ខំ​ ដោយ​មិន​ផ្តល់​អត្ថប្រយោជន៍​ផ្សេង​ទៀត​ ក្នុង​នោះ​ ក៏​មាន​ប្រាក់​អតីត​ភាព​ការងារ​ផង​ដែរ។ ​ក្នុង​ចំណោម​បុគ្គលិក​ជាង​១៣០០​នាក់​នោះ​ មាន​បុគ្គលិក​ចំនួន​ប្រមាណ​២៧៩​នាក់​ ដែល​ជា​ថ្នាក់​ដឹកនាំ​ សកម្ម​ជន​សហជីព​ និង​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​កំពុង​ទាម​ទារ​ឲ្យ​បាន​ចូល​ធ្វើ​ការ​វិញ៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG